អ្នកវិភាគ និង​មន្ត្រី​សង្គម​ស៊ីវិល​ថា កម្ពុជា​គាំទ្រ​សេចក្តី​សម្រេច​របស់​UN​ថ្កោលទោស​រុស្ស៊ី គឺ​ជា​រឿង​ត្រឹមត្រូវ

0:00 / 0:00

អ្នកវិភាគ​នយោបាយ និង​មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា កម្ពុជា​ចូលរួម​បោះឆ្នោត​ថ្កោលទោស​លើ​ប្រទេស​រុស្ស៊ី (Russia) ដែល​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន (Ukraine)​នោះ គឺជា​រឿង​ត្រឹមត្រូវ។ការ​លើកឡើង​នេះ គឺ​បន្ទាប់ពី​ប្រទេស​ចំនួន​១៤១ ក្នុង​នោះ​រួមមាន​កម្ពុជា​ផង កាលពី​ថ្ងៃទី​២ ខែមីនា បាន​បោះឆ្នោត​គាំទ្រ​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ (UN )​ថ្កោលទោស​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន និង​ទាមទារ​ឱ្យ​ដក​កងទ័ព​ចេញ​ជាបន្ទាន់ និង​ទាំងស្រុង។

​អ្នកវិភាគ​នយោបាយ និង​មន្ត្រី​សង្គម​ស៊ីវិល​ភ្ញាក់​ផ្អើល និង​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា ដែល​ចូលរួម​គាំទ្រ​សេចក្តី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ ថ្កោលទោស​ចំពោះ​ទង្វើ​ឈ្លានពាន​របស់​រុស្ស៊ី លើ​ប្រទេស​អ៊ុយក្រែន ទោះបីជា​នៅ​តាម​វេទិកា​សាធារណៈ​ទាំង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រីជាន់ខ្ពស់​កម្ពុ​ជាមួយ​ចំនួន ហាក់​មិន​បាន​បង្ហាញ​ជំហរ​ច្បាស់​លាស់​ក្តី។

សហ​ស្ថាបនិក​នៃ​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា បណ្ឌិត រ៉ូ វណ្ណៈ ថ្លែង​ថា ការណ៍​ដែល​កម្ពុជា បោះឆ្នោត​គាំទ្រ​សេចក្តី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ ថ្កោលទោស​រុស្ស៊ី និង​ទាមទារ​ឲ្យ​រុស្ស៊ី​ដកទ័ព​ចេញពី​ប្រទេស​អ៊ុយក្រែន​ជា​បន្ទាន់​នេះ គឺជា​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ ហើយ​អាច​ទទួល​បាន​ការ​សាទរ​ពី​ប្រទេស​មួយ​ចំនួន​។ លោក​យល់​ថា ប្រសិនបើ​កម្ពុជា គាំទ្រ​ទង្វើ​ឈ្លានពាន​រុស្ស៊ី​វិញ​នោះ នឹង​ទទួល​រង​ការរិះគន់​និង​សម្ពាធ​នានា​ពី​សហគមន៍​អន្តរជាតិ៖ «ខ្ញុំ​យល់​ឃើញ​ថា ជា​ការ​សម្រេចចិត្ត​មួយ​ដែល​ត្រឹមត្រូវ​និង​ឆ្លាត​វៃ​នៅក្នុង​ការ​គាំទ្រ​នៃ​សេចក្តី​សម្រេច​របស់​អង្គការសហប្រជាជាតិ​ដើម្បី​ឲ្យ​រុស្ស៊ី​ដកទ័ព​ចេញពី​អ៊ុយក្រែន​ដែល​ជា​សង្គ្រាម​ឈ្លានពាន​លើ​រដ្ឋ​អធិបតេយ្យ​មួយ។ កម្ពុជា​បាន​បង្ហាញ​ពី​ឆន្ទះ​នៅ​ក្នុង​ការ​ដែល​ហៅថា ការពារ​ច្បាប់​អន្តរជាតិ ការពារ​អធិបតេយ្យ មិន​ឲ្យ​ប្រទេស​ធំ​ទៅ​ឈ្លានពាន​ប្រទេស​តូច ដែល​រំលោភ​លើ​ច្បាប់​អន្តរជាតិ​និង​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ»។

កាលពី​ថ្ងៃទី​២ ខែ​មីនា មហាសន្និបាត​អង្គការ​សហប្រជាជាតិ បាន​ចេញ​សេចក្តី​សម្រេច​មួយ​ថ្កោលទោស​ការឈ្លានពាន​របស់​ប្រទេស​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន​ហើយ​ទាមទារ​ឱ្យ​រុស្ស៊ី​បញ្ឈប់​ការ​វាយប្រហារ និង​ដកទ័ព​ចេញពី​អ៊ុយក្រែន​ជាបន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ​។ សេចក្តី​សម្រេច​ថ្កោលទោស​នេះ មាន​ការ​គាំទ្រ​​ពីរដ្ឋ​ជា​សមាជិក​ចំនួន​១៤១​ប្រទេស រួម​ទាំង​កម្ពុជា​ផង​ក្នុង​ចំណោម​សមាជិក​ទាំងអស់​១៩៣​ប្រទេស​។ ដោយឡែក ប្រទេស​ចំនួន​៥ បាន​បោះឆ្នោត​ប្រឆាំង​នឹង​សេចក្តី​សម្រេច​នេះ គឺ​ប្រទេស​រុស្ស៊ី និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន រួមមាន​បេឡារុស​(Belarus) ស៊ីរី (Syria)​កូរ៉េខាងជើង (North Korea) និង​អេរីត្រៀ (Eritrea)​។ ទន្ទឹមគ្នា​នេះ ប្រទេស​ចំនួន​៣៥​ទៀត បាន​បោះឆ្នោត​អនុប្បវាទ រួម​មាន ចិន​(China )​ឥណ្ឌា (india) វៀតណាម (Vietnam) និង​ឡាវ (Lao) ជាដើម។

ទាក់ទង​បញ្ហា​នេះ ក្រសួង​ការបរទេស​កម្ពុជា បញ្ជាក់​ថា មូលហេតុ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា ចូលរួម​ជា​សហ​ស្ថាបនិក​នៃ​សេចក្តី​សម្រេចចិត្ត​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ស្តីពី​ស្ថានការណ៍​នៅ​អ៊ុយក្រែន​នេះ ព្រោះ​កម្ពុជា ព្រួយបារម្ភ​ចំពោះ​ភាព​ធ្ងន់ធ្ងរ​នៃ​ស្ថានការណ៍​ដែល​កំពុង​កើនឡើង និង​លក្ខខណ្ឌ​មនុស្សធម៌​កាន់តែ​អាក្រក់​ឡើង ដែល​បណ្តាល​មក​ពី​អរិភាព​យោធា​នៅ​អ៊ុយក្រែន។ ក្រសួងការបរទេស​កម្ពុជា លើក​ឡើង​ក្នុង​សេចក្តី​ថ្លែងការណ៍​ចុះ​ថ្ងៃទី​៣ មីនា​ថា កម្ពុជា មាន​ជំនឿ​ចំពោះ​កិច្ច​សន្ទនា និង​ការទូត ដើម្បី​ទប់ស្កាត់​ស្ថានការណ៍ និង​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី ស្របតាម​ច្បាប់​អន្តរជាតិ និង​គោលការណ៍​នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​។ លើស​ពី​នេះ ក្រសួង​ការបរទេស​បន្ត​ថា កម្ពុជា រក្សា​ជំហរ​ម៉ឺងម៉ាត់​របស់​ខ្លួន​ថា រដ្ឋ​ជា​សមាជិក​ទាំងអស់​ត្រូវ​តែ​គោរព​អធិបតេយ្យភាព បូរណភាព​ដែនដី និង​ឯករាជ្យភាព​នយោបាយ​របស់​រដ្ឋ​ជា​សមាជិក​ផ្សេងទៀត​។ សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​កម្ពុជា​នេះ ហាក់ដូចជា​មានការ​ប្រុងប្រយ័ត្ន​ដោយ​មិន​ហ៊ាន​ប្រើ​ពាក្យ​ថា «​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន» នោះ​ទេ ខណៈ​នៅ​មុន​មហាសន្និបាត​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សុំ​ការ​យោគយល់​ពី​ប្រទេស​រុស្ស៊ី​ទៀត​ផង។

ទោះជា​យ៉ាងណា នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​សម្រេចចិត្ត​របស់​កម្ពុជា​នៅ​ពេល​នេះ គឺជា​រឿង​ត្រឹមត្រូវ និង​គួរតែ​ទទួល​បាន​ការ​ស្វាគមន៍ ព្រោះ​ប្រទេស​ភាគច្រើន​លើ​ពិភពលោក សុទ្ធ​តែ​មាន​ជំហរ​ប្រឆាំង​អំពើ​ឈ្លានពាន​របស់​រុស្ស៊ី៖ «ការ​ប្រកាន់​ជំហរ​មួយ​ដែល​ចង់បាន​សុខ​សន្តិភាព​គ្រប់​បណ្តា​ប្រទេស​នៅក្នុង​ពិភពលោក គឺជា​រឿង​ត្រឹមត្រូវ​មួយ​ហើយ​បើ​យើង​ងាក​មកវិញ​យើង​ឃើញ​ហើយ​សូម្បី​តែ​ប្រទេស​ស្វីស ប្រទេស​ហូឡង់ ដែល​ប្រកាន់​គោល ជំហរ​គោលនយោបាយ​អព្យាក្រឹត្យ ក៏​ងាក​ទៅ​គាំទ្រ​អ៊ុយក្រែន ដើម្បី​សុំ​ឲ្យ​រុស្ស៊ី​ដកទ័ព​ចេញ​ផង​ដែរ​។ ប្រទេស​មួយ​ចំនួន​ទៀត​ដែល​បាន​ប្រកាន់​ជំហរ​អព្យាក្រឹត្យ ក៏​បាន​ផ្តល់​សព្វាវុធ​និង​សម្ភារៈ​ដល់​អ៊ុយក្រែន​ក្នុង​ការ​តទល់​ជាមួយ​រុស្ស៊ី ទ​ទៀត ដូច្នេះ​ខ្ញុំ​គិតថា គោល​នយោបាយ​កម្ពុជា​នៅ​ពេល​នេះ ត្រូវ​ឈរ​លើ​ជំហរ​មួយ​ចង់បាន​សុខ​សន្តិភាព​ទាំងអស់»។

ជុំវិញ​រឿង​នេះ សហរដ្ឋអាមេរិក ក៏បាន​បង្ហាញ​ការ​រីករាយ​ដោយ​ឃើញ​ប្រទេស​កម្ពុជា​និង​សិង្ហបុរី ចូលរួម​ជាមួយ​ប្រទេស​ដទៃទៀត​ក្នុង​ការ​ធ្វើជា​សហ​ស្ថាបនិក​នៃ​សេចក្តី​សម្រេចចិត្ត​ប្រឆាំង​នឹង​ភាព​គឃ្លើន​របស់​រុស្ស៊ី និង​ទាមទារ​ឱ្យ​បញ្ឈប់​នូវ​សង្គ្រាម​ប្រឆាំង​នឹង​អ៊ុយក្រែន។ ស្ថានទូត​សហរដ្ឋអាមេរិក បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook)​ផ្លូវការ​ថា សេចក្តី​សម្រេច​ចិត្ត​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​ប្រទេស​នៅ​អាស៊ាន​ភាគច្រើន ខណៈ​ដែល​ពិភពលោក​កំពុង​ចាត់វិធានការ​ឱ្យ​រុស្ស៊ី​ទទួល​ខុសត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន។ នៅ​មុន​ការបោះឆ្នោត​នៅ​ឯ​មហាសន្និបាត​អង្គការសហប្រជាជាតិ​នេះ​មួយ​ថ្ងៃ ឯកអគ្គរដ្ឋទូត​បារាំ​ង និង​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ បាន​ស្នើ​ដល់​កម្ពុជា​ឲ្យ​ចូលរួម​ក្នុង​ចលនា​អន្តរជាតិ ដើម្បី​គាំទ្រ​អ៊ុយក្រែន និង​ថ្កោលទោស​ការ​ឈ្លានពាន​របស់​រុស្ស៊ី។

កងទ័ព​រុស្ស៊ី​បាន​ចូល​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​ពេញ​ទំហឹង ចាប់តាំង​ពី​ថ្ងៃទី ២៤​កុម្ភៈ ឆ្នាំ​២០២២ ។​ការ​ឈ្លានពាន​របស់​រុស្ស៊ី​រយៈពេល​ជាង​មួយ​សប្ដាហ៍​មក​នេះ បាន​បណ្ដាល​ឱ្យ​ពលរដ្ឋ​អ៊ុយក្រែន​រាប់​រយ​នាក់​បាត់​បង់ជីវិត ក្នុង​នោះ​ក៏​រួម​ទាំង​កុមារ​ផង​ដែរ​។ ប្រទេស​ជាច្រើន​បាន​នាំ​គ្នា​ថ្កោលទោស​ទង្វើ​ឈ្លានពាន​របស់​រុស្ស៊ី និង​ដាក់ទណ្ឌកម្ម​ប្រឆាំង​នឹង​ប្រទេស​នេះ​ជា​បន្តបន្ទាប់ និង​ទទូច​ឱ្យ​រុស្ស៊ី​បញ្ឈប់​សង្គ្រាម​នេះ​ជាបន្ទាន់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។