មេដឹកនាំកម្ពុជាវៀតណាមសន្យារួមគ្នាបោះបង្គោលព្រំដែនឲ្យរួចនៅឆ្នាំ២០១៨
2017.11.12

មេដឹកនាំកម្ពុជា-វៀតណាម សន្យារួមគ្នាថា នឹងបញ្ចប់ការបោះបង្គោលព្រំដែន ឲ្យរួចរាល់នៅឆ្នាំ២០១៨ និងកសាងព្រំដែនរួមគ្នាមួយ ប្រកបដោយសន្តិភាព និងស្ថិរភាព។
ប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្ររដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឈ្មោះ ហ្រ្វេសញូវ (Fresh News) ឲ្យដឹងថា ការប្ដេជ្ញានេះ ធ្វើឡើងក្នុងជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន ស៊ុងហ៊្វុក (Nguyen Xuan Phuc) នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះ នៅខេត្តដាណាង ប្រទេសវៀតណាម។ ក្នុងជំនួបនោះ នាយករដ្ឋមន្ត្រីវៀតណាម សន្យាថា នឹងបង្កើនកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ កាន់តែរឹងមាំខ្លាំងឡើង ក្នុងវិស័យពាណិជ្ជកម្ម ទេសចរណ៍។ បន្ថែមពីនេះ មេដឹកនាំប្រទេសទាំងពីរ កោតសរសើរចំពោះខួប ៥០ឆ្នាំ នៃទំនាក់ទំនងការទូត និងជំរុញឲ្យមានការផ្លាស់ប្ដូរដំណើរទស្សនកិច្ចពីគ្រប់វិស័យ ព្រមទាំងរឹតចំណងមិត្តភាពរវាងប្រជាពលរដ្ឋកម្ពុជា និងវៀតណាមឲ្យកាន់តែប្រសើរឡើងទ្វេថែមទៀត។
នៅថ្ងៃទី១១ វិច្ឆិកា នេះដែរ លោក ហ៊ុន សែន ក៏បានជួបជាមួយប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ត្រាន់ ដាយក្វាន (Tran Dai Quang)។ ក្នុងជំនួបនោះ លោក ត្រាន់ ដាយក្វាន បានបញ្ជាក់ជាថ្មីថា រដ្ឋាភិបាល វៀតណាមនៅតែបន្តគោលនយោបាយដដែលរបស់ខ្លួន ក្នុងការពង្រឹង និងពង្រីកមិត្តភាព និងសហប្រតិបត្តិការនៃប្រទេសទាំងពីរ។
ជំនួបរវាងលោក ហ៊ុន សែន និងមេដឹកនាំវៀតណាមនេះ ធ្វើឡើងក្រៅផ្លូវការ ខណៈដែលវៀតណាម ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ស្ដីពីសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC)។ ក្នុងកិច្ចប្រជុំនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានជួបនឹងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) នោះទេ។
លោក ហ៊ុន សែន កាលពីថ្ងៃទី១០ វិច្ឆិកា បានអំពាវនាវឲ្យវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកទទួលយកប្រទេសកម្ពុជា ឡាវ និងភូមា ឬមីយ៉ាន់ម៉ា ធ្វើជាសមាជិក។
វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក បង្កើតឡើងក្នុងឆ្នាំ១៨៨៩ ដើម្បីបើកចំហបញ្ហា ពាណិជ្ជកម្ម។ រហូតដល់ពេលនេះ APEC មានសមាជិក ២១ប្រទេស នៅលើពិភពលោក៕