ការប្តេជ្ញាចិត្តពង្រឹងបន្ថែមយុទ្ធសាស្ត្ររបស់ចិននេះ ត្រូវលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញក្នុងពេលបើកវេទិកាបូអាវសម្រាប់អាស៊ី (BOAO FORUM FOR ASIA) ស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ របស់ចិន តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី២០ ខែមេសា។
ក្រៅពីថ្លែងសរសើរចិនថា បានយកចិត្តទុកដាក់ខ្ពស់ និងឈានមុខគេក្នុងការផ្តល់ថ្នាំពេទ្យ គ្រឿងបរិក្ខារវេជ្ជសាស្ត្រ និងវ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលលោកថា បង្ហាញពីភាពដឹកនាំសាកលរបស់ប្រទេសចិន លោក ហ៊ុន សែន ប្តេជា្ញចិត្តចូលរួមពង្រឹងយុទ្ធសាស្ត្ររបស់ចិននេះបន្ថែមទៀត៖ « ខ្ញុំមានចក្ខុវិស័យអំពីការពង្រឹងបន្ថែមទៀតនូវគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវដែលមានសមត្ថភាពក្នុងការនាំមកនូវសាមគ្គីភាពក្នុងចំណោមប្រទេសទាំងអស់ដើម្បីចូលរួមចំណែកដល់ដំណើរការស្តារឡើងវិញ។ សន្ទុះវិជ្ជមានដែលសម្រេចបានក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវចាប់តាំងពីការបង្កើតមក បានរួមចំណែកដល់ការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក លើហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ សេដ្ឋកិច្ច ពាណិជ្ជកម្ម កាលានុវត្តភាពវិនិយោគ ការផ្លាស់ប្តូរវប្បធម៌ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន »។
លោក ហ៊ុន សែន បន្តលើកសរសើរគម្រោងយុទ្ធសាស្ត្ររបស់ចិននេះថា បើទោះបីជាពេលនេះមានការធ្លាក់ចុះសេដ្ឋកិច្ចក៏ដោយ ក៏យុទ្ធសាស្ត្រនេះនៅតែជាកម្លាំងជំរុញដើម្បីបន្តពង្រីកកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសក្នុងតំបន់ និងពិភពលោកសម្រាប់បុព្វេហតុសន្តិភាព សន្តិសុខ វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនោះដែរ។
យ៉ាងណា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិ លោក ឯម សុវណ្ណារ៉ា មើលឃើញថា ការប្តេជ្ញាចិត្តរបស់កម្ពុជាបែបនេះ នឹងរឹតតែជំរុញឲ្យកម្ពុជាប្រឈមមុខកាន់តែខ្លាំងជាមួយក្រុមប្រទេសលោកខាងលិច៖ « កាលណាបើសិនជាកម្ពុជាប្តេជ្ញាចិត្ត ហើយឈរលើប៉ូលនយោបាយរបស់ចិន កម្ពុជាអាចប្រឈមនឹងភាពប្រឈមរបស់មហាអំណាចរបស់យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក ដែលមានសហរដ្ឋអាមេរិកជាមេធំមួយ ហើយអូស្ត្រាលី ជប៉ុន ឥណ្ឌាចូលរួម។ ដូច្នេះ កម្ពុជានឹងមានការប្រឈមលំបាក។ ចំណុចមួយទៀតគឺយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក ក៏ត្រូវបានមានការចាប់អារម្មណ៍ពីសហគមន៍អឺរ៉ុបដែលដាក់យុទ្ធសាស្ត្រថ្មីចូលទៅក្នុងតំបន់ដើម្បីទាក់ទាញ ឬក៏ការគាំទ្រទៅក្នុងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកមួយបែបសហគមន៍អឺរ៉ុបក្នុងតំបន់អឺរ៉ុប ហើយតំបន់នេះក៏អាចប្រឈមទៅនឹងចិនដែរ »
លោក ឯម សុវណ្ណារ៉ា ចង់ឃើញរដ្ឋាភិបាលកម្ពុជាដាក់ចេញគោលនយោបាយការបរទេសច្បាស់លាស់ និងចេះបត់បែនតាមសភាពការណ៍ជាជាងដើរតាមបន្ទាត់គោលនយោបាយរបស់ចិន ដើម្បីបញ្ចៀសការប្រឈមនឹងយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយរបស់ក្រុមប្រទេសលោកខាងលិច៖ « បើយើងនិយាយពីថវិការបស់អាមេរិកចាក់ចូលទៅក្នុងអង្គការសុខភាពពិភពលោក ក៏ច្រើនជាងចិនដែរ។ អញ្ចឹង ខ្ញុំគិតថា អត្ថប្រយោជន៍ដែលកម្ពុជាទទួលពី Belt and Road Initiative គឺវាតិចតួចជាង ឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិកទេ។ យន្តការនេះ គួរតែយើងឈរលក្ខណៈយ៉ាងម៉េចឲ្យមានលំនឹងរវាងប៉ូលនយោបាយសាកលលោក មហាអំណាចមានអាមេរិក មានចិនជាអាទិ៍ ជាចម្បងជាងគេ ហើយនឹងអឺរ៉ុបដែលកម្ពុជាបានអត្ថប្រយោជន៍ពាណិជ្ជកម្មច្រើន សេដ្ឋកិច្ច និងនយោបាយការបរទេសច្រើន »។
រីឯ អ្នកជំនាញសេដ្ឋកិច្ចនយោបាយ និងជាអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ University College London បណ្ឌិត យង់ សុភា វិញ លោកមើលឃើញថា ថ្វីត្បិតតែគម្រោងវិនិយោគគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន អាចចូលរួមជួយស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ១៩ក៏ដោយ ក៏ប៉ុន្តែបើប្រទេសដែលទទួលពីចិនគ្រប់គ្រងលុយមិនបានល្អ ក៏អាចធ្វើឲ្យប្រទេសទាំងនោះ ជាប់ជំពាក់បំណុលចិនកាន់តែច្រើនដែរ៖ « ដោយសារកូវីដ១៩ ចិនខ្លួនឯងក៏ការវិនិយោគទៅក្រៅប្រទេសមានការធ្លាក់ចុះដែរ ដូចជានៅអាព្រិកអីក៏មានការធ្លាក់ចុះ។ អញ្ចឹងធ្វើឲ្យសេដ្ឋកិច្ចនៅក្នុងប្រទេសទាំងអស់ក៏កាន់តែថយចុះទៅដែរ។ អញ្ចឹងបើមានទុនច្រើនក្នុងការវិនិយោគក្រោយវិបត្តិកូវីដ១៩ ក៏វាជាឱកាសល្អប្រសើរដល់ប្រទេសមួយៗ។ បើសិនជាយើងប្រើប្រាស់លុយហ្នុងបានល្អ វាអាចជួយពង្រឹងសេដ្ឋកិច្ចឲ្យងើបឡើងវិញបាន។ តែបើមិនល្អទេ វាអាចធ្វើឲ្យសេដ្ឋកិច្ចក៏មានបញ្ហា ហើយបំណុលក៏កាន់តែជំពាក់កាន់តែច្រើន »។
មហាយក្សចិនបានលាតត្រដាងយុទ្ធសាស្ត្រគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវជាលើកដំបូងកាលពីឆ្នាំ២០១៣ ក្រោមហេតុផលថា ដើម្បីផ្សារភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធសម្រួលការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសនៅទ្វីបអាស៊ី អាហ្វ្រិក និងអឺរ៉ុប ព្រមទាំងប្រទេសផ្សេងៗនៅលើពិភពលោក។ ក៏ប៉ុន្តែ គម្រោងការរបស់ចិនដែលអ្នកខ្លះហៅថាជា «វិថីសូត្រថ្មី» នេះ រងការរិះគន់ថា ជាមហិច្ឆតាប្រចាំសតវត្សរបស់ចិនដើម្បីពង្រីកឥទ្ធិពលសេដ្ឋកិច្ច ភូមិសាស្ត្រនយោបាយ និងវប្បធម៌របស់ខ្លួន។ ការសិក្សាជាបន្តបន្ទាប់របស់ស្ថាប័នស្រាវជ្រាវអន្តរជាតិនានាបានរកឃើញថា យុទ្ធសាស្ត្ររបស់ចិននេះ អាចលួចបង្កប់មហិច្ឆតាយោធា ធ្វើឲ្យប្រទេសម្ចាស់ផ្ទះបាត់បង់អធិបតេយ្យ ជាប់ផុងក្នុងអន្ទាក់បំណុល និងកើនឡើងអំពើពុករលួយជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
