ប្រធានតុលាការអន្តរជាតិក្រុងឡាអេ លោក ភីធើ ថមកា (Peter Tomka) ក៏បានប្រកាសថា ប្រទេសថៃ ត្រូវដកកងកម្លាំងប្រដាប់អាវុធ មានទាហាន ប៉ូលិស និងឆ្មាំប្រាសាទទាំងអស់ចេញពីបរិវេណជុំវិញប្រាសាទព្រះវិហារ។ លោកប្រធានតុលាការយុត្តិធម៌អន្តរជាតិ លោក ភីតធើ ថមកា ក៏បានប្រកាសថា សំណើរបស់កម្ពុជា ដែលស្នើអោយតុលាការបកស្រាយសាលក្រម ឆ្នាំ១៩៦២ ឡើងវិញនោះ ត្រូវបានតុលាការទទួលយក។
ការសម្រេចចិត្តរបស់តុលាការក្រុងឡាអេ ថាតុលាការមានយុត្តាធិការក្នុងការបកស្រាយនេះ សំអាងទៅលើហេតុផលមួយចំនួន មានជាអាទិ៍ តុលាការទទួលស្គាល់ថា ប្រាកដជាមានទំនាស់រវាងកម្ពុជា និងប្រទេសថៃ ទៅលើបីចំណុច គឺទីមួយ ទំនាស់ទាក់ទិនទៅនឹងបរិវេណដីជុំវិញប្រាសាទព្រះវិហារមែន។ ទីពីរ គឺមានទំនាស់ទៅនឹងអត្ថន័យ និងវិសាលភាពទាក់ទងទៅនឹងបរិវេណដីជុំវិញប្រាសាទព្រះវិហារ និងទីបី មានទំនាស់ទាក់ទងទៅនឹងការដកកងទ័ពថៃ ចេញតំបន់ជុំវិញប្រាសាទ។
លោកប្រធានតុលាការក៏បានបញ្ជាក់ថា តុលាការមានយុត្តាធិការក្នុងការបកស្រាយឡើងវិញចំពោះករណីនេះ បើផ្អែកលើមាត្រា៦០ នៃលក្ខន្តិកៈតុលាការយុត្តិធម៌អន្តរជាតិ។
មាត្រា៦០ នៃលក្ខន្តិកៈតុលាការយុត្តិធម៌អន្តរជាតិ ចែងថា សេចក្តីសម្រេចរបស់តុលាការ គឺជាការសម្រេចចុងក្រោយបង្អស់ តែក្នុងករណីដែលមានជម្លោះទាក់ទងនឹងអត្ថន័យ និងវិសាលភាពនៃសេចក្តីសម្រេចនោះ តុលាការនឹងបកស្រាយឡើងវិញតាមសំណើរបស់ភាគីណាមួយ។
កម្ពុជា បានដាក់ពាក្យទៅតុលាការយុត្តិធម៌អន្តរជាតិ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១១ សុំអោយតុលាការបកស្រាយសាលក្រមឆ្នាំ១៩៦២ ឡើងវិញ អំពីបរិវេណដីនៅជុំវិញប្រាសាទ ដែលថៃ ទាមទារបន្ទាប់ពីប្រាសាទព្រះវិហារត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។
កាលពីខែមេសា កន្លងទៅ តុលាការបានកោះហៅភាគីទាំងពីរ គឺកម្ពុជា និងថៃ ទៅបកស្រាយផ្ទាល់មាត់នៅទីក្រុងឡាអេ។ បន្ទាប់តុលាការដែលមានសមាជិកអង្គចៅក្រមចំនួន ១៧រូប ពិចារណាលើការបកស្រាយរបស់ភាគីទាំងសង្ខាង រួមទាំងពិនិត្យលើឯកសាររាប់ពាន់ទំព័រ ដែលភាគីទាំងពីរដាក់ជូនតុលាការអស់រយៈពេលជិត ៧ខែ តុលាការក៏សម្រេចថា បកស្រាយសាលក្រមតាមសំណើរបស់កម្ពុជា ហើយដោយយកផែនទីឧបសម្ពន្ធទី១ ដែលកម្ពុជា ដាក់ភ្ជាប់ជាមួយពាក្យបណ្ដឹងកាលពីឆ្នាំ១៩៥៩ នោះ គឺជាផែនទីផ្លូវការតែមួយគត់ក្នុងការបកស្រាយនេះ។
ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានប្រកាសមុនការប្រកាសការសម្រេចរបស់តុលាការក្រុងឡាអេ ថា នឹងទទួលយកការសម្រេចចិត្តរបស់តុលាការ ដើម្បីរក្សាទំនាក់ទំនងល្អរវាងប្រទេសជិតខាងទាំងពីរនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។