«ឯកអគ្គរាជទូត​ខ្មែរ​ក្លាយ​ជា​ភ្នាក់ងារ​ពង្រឹង​បក្ស​កាន់​អំណាច​នៅ​ក្រៅ​ប្រទេស»

0:00 / 0:00

ឯក​អគ្គរាជ​ទូត​ខ្មែរ​ប្រចាំ​ប្រទេស​នានា បាន​ក្លាយ​ជា​សេនាធិការ​ជួយ​ពង្រឹង​គណបក្ស​កាន់អំណាច​នៅ​ក្រៅប្រទេស​ដ៏​មាន​ប្រសិទ្ធភាព ក្រោយ​ពេល​បក្ស​កាន់​អំណាច​ បាត់បង់​សំឡេង​គាំទ្រ​យ៉ាង​គំហុក ​ដូច​ស្តែង​ឲ្យ​ឃើញ​តាម​លទ្ធផល​បោះ​ឆ្នោត ​ចាប់តាំង​ពី​ឆ្នាំ២០១៣។ តំណាង​សហគមន៍​ខ្មែរ​នៅ​ឯ​នាយ​សមុទ្រ និង​អ្នក​ឃ្លាំ​មើល​រិះគន់​ថា សកម្មភាព​របស់​ឯក​អគ្គរាជ​ទូត​ កំពុង​ដើរ​​ផ្ទុយ​ពី​តួនាទី​ភារកិច្ច​ដែល​កំណត់​ដោយ​ច្បាប់។

ស្របពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា បាន​បង្ក្រាប​និង​ត្រួតត្រា​ប្រជា​ពលរដ្ឋ​ខ្មែរ​ក្នុងស្រុក​យ៉ាង​ណែន​ក្នុង​ដៃ​ហើយ​នោះ បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន កំពុងតែ​ពង្រីក​បណ្ដាញ​របស់​ខ្លួន​ដើម្បី​តាមដាន និង​ត្រួតត្រា​សហគមន៍​ខ្មែរ​នៅ ក្រៅ​ប្រទេស​ជាបន្តបន្ទាប់ ដើម្បី​ធានា​ឲ្យ​បាន​នូវ​ការ​បិទ​បញ្ចប់​​សំឡេង​រិះគន់​គ្រប់​ទីកន្លែង។ ការ​ពង្រាយ​បណ្ដាញ​របស់​បក្ស​កាន់​អំណាច​នៅ​ក្រៅ​ប្រទេស​នេះ ​ចាប់​ផ្តើម​តាំង​ពី​ឆ្នាំ២០១៥ ដោយ​ភាគច្រើន​ជា​មន្ត្រីជាន់ខ្ពស់​តាម​ក្រសួង​ស្ថាប័ន​រដ្ឋ​ដូចជា ឯកអគ្គរាជទូត​ មន្ត្រី​យោធា មន្ត្រី​ស៊ីវិល​ដែល​មាន​ទាំង​លុយ​និង​អំណាច ក្រោម​ការ​បង្គាប់​បញ្ជា​របស់​កូនប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​គឺ​លោក ហ៊ុន ម៉ាណែត ​ដែល​ត្រៀម​ស្នង​តំណែង​កំពូល​ត​ពី​ឪពុក។

ថ្មីៗនេះ ឯកអគ្គរាជទូត​ចំនួន ១០​រូប ដែល​ទើប​ទទួល​បាន​ការ​តែងតាំង​ថ្មី និង​ត្រៀម​ចេញ​ដំណើរ​ទៅ​បំពេញ​បេសកកម្ម​នៅ​ប្រទេស​គោលដៅ​ បាន​ទៅ​ជួប​ប្រជុំ​ជាមួយ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ជាបន្តបន្ទាប់ ​ដើម្បី​ចែករំលែក​បទ​ពិសោធន៍ និង​យុទ្ធសាស្ត្រ​អូសទាញ​ពលរដ្ឋខ្មែរ​។ ឯកអគ្គរាជទូត​ទាំង ១០រូបនោះ រួមមាន៖ លោក កុយ គួង ជា​ឯកអគ្គរាជទូត​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌា លោក ហ៊ុន សារឿន ជា​ឯកអគ្គរាជទូត​ប្រចាំ​នៅ​ប្រទេស​ថៃ លោក ជឺនបូរាណ ច័ន្ទបុរី ជា​ឯកអគ្គរាជទូត ទូត​ប្រចាំ​នៅ​ប្រទេស​អូស្ត្រាលី និង​នូវែលហ្សេឡង់ លោក អ៊ិន តារា ជា​ឯកអគ្គរាជទូត​​ប្រចាំ​ប្រទេស​ស្វីស លោក លឹម ហុកសេង ជា​ឯកអគ្គរាជទូត​ប្រចាំ​នៅ​ប្រទេស​ប្រ៊ុយណេ និង​លោក អ៊ុក ចាន់ដារ៉ា ជា​ឯកអគ្គរាជទូត​ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី ​ជាដើម។

កាលពី​ថ្ងៃទី២៦​ ខែ​មករា ឯក​អគ្គរាជទូត​​បី​ជំនាន់​ប្រចាំ​នៅ​ប្រទេស​អូស្ត្រាលី និង​នូវែលហ្សេឡង់ គឺ​លោក កុយ គួង លោក ចាន់ រតនា និង​លោក ជឺនបូរាណ ច័ន្ទបុរី បាន​ជួប​ប្រជុំ​ជាមួយ​ក្រុម​ថ្នាក់​ដឹកនាំ​ជាង​១០រូប នៃ​ក្រុមការងារ​រៀប​ចំ​អង្គការ​ចាត់តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ប្រទេស​ទាំងពីរ រួមមាន​លោក គឹម សន្តិភាព ជា​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌។ ការ​រៀបចំ​រចនាសម្ព័ន្ធ​របស់​បក្ស​កាន់អំណាច​​ក្នុង​ការ​គ្រប់គ្រង​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី ​និង​នូវែលហ្សេឡង់​នេះ​ បែកចែក​ជា​៩តំបន់​ដែល​ហាក់​យក​លំនាំ​តាម​របប​ខ្មែរ​ក្រហម។

លោក ជឺនបូរាណ ច័ន្ទបុរី មិន​ខុស​ពី​ឯកអគ្គរាជ​ទូត​មុនៗ​ទេ ​គឺ លោក​ត្រូវ​ធ្វើការ​សហការ​ជាមួយ​លោក គឹម សន្តិភាព​ ដែល​តែង​តែ​ដើរ​​ហែហម​លោក ហ៊ុន ម៉ាណែត និង​ល្បី​រឿង​ប្រើ​ក្បាល​ខ្សែក្រវាត់​ធ្វើ​ពី​មាស​សុទ្ធ និង​ដាំ​ពេជ្រ​តម្លៃ​រាប់​ម៉ឺន​ដុល្លារ ​ទាំង​ដែល​លោក​មាន​ប្រាក់ខែ​រដ្ឋ​ជាង​៣​លាន​រៀល ឬ​ក្រោម​១​ពាន់​ដុល្លារ។

kimsantepheap2.JPG
ជំនួប​រវាងមន្ត្រី​គណបក្សប្រជាជន និងឯកអគ្គរាជទូត​ចំនួន ១០​រូប ដែល​ទើប​ទទួល​បាន​ការ​តែងតាំង​ថ្មី និង​ត្រៀម​ចេញ​ដំណើរ​ទៅ​បំពេញ​បេសកកម្ម​នៅ​ក្រៅ​ប្រទេស។ រូប៖ ហ្វេសប៊ុក​លោក គឹម សន្តិភាព (Vadhna Vey)

លោក គឹម សន្តិភាព បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក(Facebook) ជា​បន្តបន្ទាប់​កាល​ពី​ចុង​ខែ​មករា​ថា ឯកអគ្គរាជទូត​ទាំង១០ ក៏បាន​ជួប​ប្រជុំ​ជាមួយ​លោក ហ៊ុន ម៉ាណែត ជា​ប្រធាន​យុវជន​គណបក្សប្រជាជន​កម្ពុជា​ថ្នាក់​កណ្តាល ​ក្នុង​ភោជនីយដ្ឋាន​ដ៏​ថ្លៃ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ ​កាល​ពីថ្ងៃ៣០ ​មករា។ នៅ​ថ្ងៃ​ដដែល​នោះ ​ឯកអគ្គរាជទូត​ទាំង​១០រូប​ក៏បាន​ជួប​ពិភាក្សា​ជាមួយ​​ប្រធាន​គណៈ​ចាត់តាំង​នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជាលោក សោម សឿន ​នៅ​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ។ បើ​ទោះ​បី​ជា លោក គឹម សន្តិភាព និង​លោក ហ៊ុន ម៉ាណែត ហាក់​បិទបាំង និង​បង្ហើប​យ៉ាង​ខ្លី​ពី​ជំនួប​គ្រាន់តែ​ផ្តល់​អនុសាសន៍​ឲ្យ​ឯកអគ្គរាជទូត​ទាំង​១០រូប ​ខិតខំ​បម្រើ​ជាតិ​មាតុភូមិ​ក្តី ក៏​អ្នកឃ្លាំមើល យល់ថា​ ពួកគេ គ្មាន​ជជែក​អ្វី​ក្រៅ​តែ​ពី​ការ​បម្រើ​ផល​ប្រយោជន៍​បក្ស​កាន់អំណាច ជាពិសេស​រៀបចំ​យុទ្ធសាស្ត្រ​បំបែក​សហគមន៍​ខ្មែរ​ឡើយ។

អតីត​តំណាង​រាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ ​លោក ហុង លីម ថ្លែង​ថា ​ឯកអគ្គរាជទូត​ខ្មែរ គឺជា​តំណាង​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងមូល ដែល​ត្រូវ​បំពេញ​តួនាទី បង្កើត​ទំនាក់​ទំនង​ល្អ​រវាង​ប្រទេស​ជា​ដៃគូ និង​បម្រើ​សេវា​ជូន​ពលរដ្ឋ​ដោយ​គ្មាន​ប្រកាន់​និន្នាការ ព្រមទាំង​ខិតខំ​ទាក់ទាញ​​វិនិយោគ រួម​ទាំង​ផ្សព្វ​ផ្សាយ​ប្រពៃណី​វប្បធម៌ ខ្មែរ​ឲ្យ​បាន​ទូលំទូលាយ​ជាដើម។ លោក​បន្ត​ថា ​ការ​បន្ថែម​តួនាទី​ឲ្យ​ឯកអគ្គរាជទូត​ជា​តំណាង​គណ​បក្ស​ប្រជាជន​កម្ពុជា គឺជា​រឿង​មិន​ត្រឹមត្រូវ​តាមច្បាប់​និង​ធ្វើឲ្យ​បាត់​តម្លៃ​ខ្លួន​ឯង និង​ខូច​ឈ្មោះ​ប្រទេសជាតិ​ថែម​ទៀត ដោយសារតែ​បក្ស​កាន់​អំណាច មាន​កេរ្តិ៍ឈ្មោះ​អសោច​រឿង​ពុករលួយ ​និង​ការ​រំលោភ​សិទ្ធិ​មនុស្ស ជាពិសេស​ការ​ធ្វើការ​នយោបាយ​បែប​ព្រៃផ្សៃ។ ម្យ៉ាង​វិញ​ទៀត លោក ហុង លីម បន្ត​ថា ​ប្រសិនបើ​នៅ​ពេល​ខាងមុខ​ មាន​ការ​រៀបចំ​ឲ្យ​ពលរដ្ឋខ្មែរ​មាន​សិទ្ធិ​បោះឆ្នោត នៅ​ក្រៅ​ប្រទេស ក្រោម​ការ​រៀប​ចំ​នៅ​តាម​ស្ថានទូត​នោះ គឺ​មិនអាច​ធ្វើឲ្យ​មាន​ការ​ជឿ​ទុកចិត្ត​លើ​ភាព​ត្រឹមត្រូវ​​និង​យុត្តិធម៌​ឡើយ។

Hong_Lim_screenshot.jpeg
តំណាងរាស្ត្រ​ខ្មែរ-អូស្ត្រាលី ប្រចាំ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) លោក ហុង លីម។ Screenshot

លោក ហុង លីម៖ «ពិសេស​គណបក្សប្រជាជន​កម្ពុជា​ និង​រដ្ឋាភិបាល ដែល​គេ​ស្អប់​អស់​មួយ​ផែនដី​ជាពិសេស​ពិភពលោក​សេរី ​ដោយសារ​អំពើ​ពុករលួយ ​បំផុត ឈ្លានពាន​ប្លន់​ទឹក​ប្លន់​ដី​គេ ប្លន់​សិទ្ធិមនុស្ស និង​ព្រៃផ្សៃ​ខាង​នយោបាយ។ ពេល​គាត់​ ( ឯកអគ្គរាជទូត )​ ធ្វើជា​​តំណាង​គណបក្ស គឺ​គ្រាន់តែ​យើង​ដើរ​ចូល​ទៅ​ជួប​គេ គេ​ខ្ពើម មិន​ចង់​មើល​មុខ​យើង​ទេ​គ្រាន់​តែ​គេ​គួរ​សម គេ​ចេះតែ​ចាប់​ដៃ​ទៅ។ ប៉ុន្តែ គេ​មើល​ងាយ​ គេ​ជ្រេញ​ហ្មង ព្រោះ​យើង​អត់មាន​កម្រិត​ជា​អន្តរជាតិ»។

អ្នក​ដែល​ចាប់ផ្តើម​បោះ​បង្គោល​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​លើ​ទឹកដី​បរទេស​នេះ ​គឺ​ឯកអគ្គរាជទូត ៧រូប ដែល​បាន​តែងតាំង​ពីឆ្នាំ២០១៥ ហើយ​ត្រូវ​ធ្វើការ​ជាមួយ​លោក ហ៊ុន ម៉ាណែត ដូច​ជា លោក កុយ គួង អតីត​ឯកអគ្គរាជទូត​ប្រចាំ​ប្រទេស​អូស្ត្រាលី និង​នូវែលហ្សេឡង់ និង​លោក ជុំ ប៊ុនរ៉ុង ឯកអគ្គរាជទូត​ប្រចាំ​សហរដ្ឋ​អាមេរិក​ជាដើម។ ឯកអគ្គរាជទូត​ទាំងអស់ ​សុទ្ធតែ​មាន​តួនាទី​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​ប្រទេស​ដែល​ពួកគេ​កំពុង​បំពេញ​បេសកកម្ម​ការទូត។ តួនាទី​ការងារ​បក្ស​នេះ នឹង​ផ្លាស់​ប្តូរ​ទៅ​ឲ្យ​ឯកអគ្គរាជទូត​ថ្មី​ដែល​ចូល​មក​ជំនួស។ ឯក​អគ្គរាជទូត​ទាំងនេះ ​មាន​តួនាទី​ចុះ​ពង្រឹង​បក្ស​ជា​ប្រចាំ​។ លើស​ពី​នេះ

ឯក​អគ្គរាជទូត​ប្រចាំ​ប្រទេស​មួយចំនួន​ ដូច​ជា​ប្រទេស​អូស្ត្រាលី​ជា​ដើម ​តែង​តែ​ដើរ​ជាមួយ​ក្រុម​ថ្នាក់ដឹកនាំ​បក្ស​កាន់​អំណាច ដែល​​ជិះ​យន្តហោះ​មក​ចំណាយ​លុយ​រាប់​ម៉ឺន​ដុល្លារ​រៀបចំ​កម្មវិធី​ជប់លៀង​​ដើម្បី​កៀរគរ​ពលរដ្ឋខ្មែរ​ឲ្យ​ងាក​ទៅ​គាំទ្រ​បក្ស​កាន់​អំណាច ​មិន​ថា​ថ្ងៃ​ចុង​សប្តាហ៍ ឬ​ដើម​សប្តាហ៍​នោះ​ទេ។ លើស​ពី​នេះ​ កន្លងមក លោក គឹម សន្តិភាព បាន​បង្ហោះ​សារ​បង្ហាញ​ពី​អតីត​ឯកអគ្គរាជទូត​ប្រចាំ​ប្រទេស​អូស្ត្រាលី លោក ចាន់ រតនា ​បាន​យក​ត្រា​ស្ថាន​ទូត​ដើម្បី​វាយ​ទិដ្ឋាការ ​ឬ​វីសា​(Visa )​ប្រភេទ​ពិសេស​ដល់​ពលរដ្ឋខ្មែរ​ដែល​ទៅ​ចូលរួម​កម្មវិធី​បក្ស​កាន់​អំណាច​ថែម​ទៀត។មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ ឯក​អគ្គរាជទូត​ខ្លះ​ ក៏​តែងតែ​យក​ទីតាំង​ស្ថានទូត​សម្រាប់​ប្រជុំ​បក្ស​ជាដើម ។ ទង្វើ​ទាំងនេះ​ផ្ទុយ​ពី​ច្បាប់​ស្តី​ពី​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ ​មាត្រា៨០ ​និង​មាត្រា៨២ ​ដែល​ហាម​មន្ត្រីរាជការ​ទាំងអស់ ​មិន​ឲ្យ​ប្រើ​ប្រាស់​អគារ ថវិកា និង​​សម្ភារៈ​ដែល​ជា​សម្បត្តិ​របស់​រដ្ឋ ដើម្បី​ធ្វើ​សកម្មភាព​ឃោសនា​ឲ្យ​គណបក្ស​ណា​មួយ ឬ​បេក្ខជន​ណា​ម្នាក់​ឡើយ។

​ទាក់ទង​រឿង​នេះ​ វិទ្យុ​អាស៊ីសេរី ​មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​លោក កុយ គួង ជា​ឯក​អគ្គរាជទូត​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌា និង​អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស លោក អាន សុខឿន ​បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ពុំ​មាន​អ្នក​ទទួល។

ប៉ុន្តែ​អ្នកនាំ​ពាក្យ​បក្ស​កាន់អំណាច​ លោក សុខ ឥសាន បកស្រាយ​ថា ឯកអគ្គរាជទូត ជា​មន្ត្រី​ដែល​ត្រូវ​បាន​តែង​តាំង​ចេញ​ពី​គណបក្ស​ឈ្នះ​ឆ្នោត​ ដូច្នេះ​ពួកគាត់ ​មាន​សិទ្ធិ​ធ្វើ​ការងារ​បក្ស​ផង​និង​ធ្វើ​ការងារ​ទូត​ផង។

Sok_Eysan_AFP.jpeg
អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា លោក សុខ ឥសាន។ AFP

លោក សុខ ឥសាន៖ «គេ​មាន​ច្បាប់ គេ​មិន​ដាច់​ខាត់​ថា ឱ្យ​តែ​អ្នកឯង​ធ្វើ​មន្ត្រី​រាជការ​ហើយ​អ្នកឯង​មិន​ធ្វើ​ការងារ​នយោបាយ គឺ​អត់ទេ។ គេ​មាន​ច្បាប់ ប៉ុន្តែ​គេ​កំណត់​លក្ខខណ្ឌ​ពេល​វេលា ។ ឧបមា​ថា ជា​មន្ត្រីរាជការ គេ​ធ្វើ​នយោបាយ​ក្រៅ​ម៉ោង​ស្នូល​នៃ​មន្ត្រីរាជការ មិន​ប្រើប្រាស់​មធ្យោបាយ​របស់​រដ្ឋ​ទៅ​បម្រើ​នយោបាយ របស់​គណបក្ស។ គេ​មាន​លក្ខខណ្ឌ​អ៊ីចឹង»។

បន្ថែម​ពី​នេះ លោក សុខ ឥសាន លើក​ឡើង​ថា ករណី​មន្ត្រី​ជាន់​ខ្ពស់​តាម​ក្រសួង​ស្ថាប័ន​ផ្សេង​ទៀត ​ដូច​ជា​ករណី​លោក គឹម សន្តិភាព ចំណាយ​ពេល​វេលា​ច្រើន ដើរ​ពង្រឹង​គណបក្ស​រហូត​ដល់​កន្លះ​ខែ​ក៏​មាន​នោះ ដោយសារ​ថ្នាក់​ដឹក​នាំ​ក្រសួង​បាន​អនុញ្ញាត​ច្បាប់ ​ហើយ​ការ​ចំណាយ​ផ្សេងៗ​ គឺជា​បន្ទុក​របស់​ខ្លួន និង​គណបក្ស​ផ្ទាល់។ ប៉ុន្តែ​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​រូប​នេះ ​មិន​សប្បាយ​ចិត្ត ចំពោះ​ការ​សួរនាំ​អំពី​ប្រភព​លុយ​សម្រាប់​ចំណាយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នៅ​ក្រៅ​ប្រទេស​នោះ​ទេ។

លោក សុខ ឥសាន៖ «អ្នក​ដែល​ចោទប្រកាន់ វា​អត់​យល់ ដូច​ជា​ឯកឧត្តម គឹម សន្តិភាព ជា​អ្នកនាំ​ពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ តែ​ពេល​ដែល​គាត់​មក​ធ្វើ​ការងារ​នយោបាយ​នៅ​អូស្ត្រាលី​នេះ គឺ​គាត់​សុំ​ច្បាប់​ក្រសួង។ រដ្ឋមន្ត្រី​អនុញ្ញាត​ច្បាប់​ឱ្យ​គាត់។ ដូច្នេះ​គាត់​ចង់​កន្លះ​ខែ​ក៏បាន ចង់​មួយ​ខែ​ក៏បាន ឱ្យ​តែ​ឯកឧត្តម​រដ្ឋមន្ត្រី​អនុញ្ញាត​ច្បាប់​ឱ្យ​គាត់​សម្រាក​ពី​ការងារ​ស្នូល»។

ប៉ុន្តែ​អតីត​តំណាង​រាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ អស់​សំណើច និង​ច្រាន​ចោល​ការ​យល់​ឃើញ​របស់​លោក សុខ ឥសាន នេះ។ លោក ហុង លីម បញ្ជាក់​ថា សកម្មភាព​របស់​ឯកអគ្គរាជទូត​និង​មន្ត្រី​រាជការ​ដែល​ចំណាយ​ពេល​វេលា​ដើរ ​ពង្រឹង​បក្ស​នៅ​ក្រៅ​ប្រទេស​នេះ​​ គឺជា​រឿង​មិន​ត្រឹមត្រូវ​ហើយ​ធ្វើឲ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ជាតិ ហើយ​ប្រសិន​បើ​ប្រទេស​ដែល​មាន​ប្រជាធិបតេយ្យ​និង​នីតិរដ្ឋ​ពិត​ប្រាកដ​វិញ គឺ​មន្ត្រី​បែប​នេះ​​ ​នឹង​ត្រូវ​ប្រឈម​ការ​បណ្តេញ​ចេញ​ពី​តួនាទី។

ជាមួយ​គ្នា​នេះ​ អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត និយាយ​ថា​ ឯកអគ្គរាជទូត ដែល​ត្រូវ​បាន​ព្រះមហាក្សត្រ តែងតាំង គឺ​ជា​តំណាង​ជាតិ​​ទាំងមូល ​ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ​និង​ផល​ប្រយោជន៍​ពលរដ្ឋ។ លោក​ចាត់​ទុក​ថា ករណី​ឯក​អគ្គរាជ​ទូត ​ក្លាយ​ជា​តំណាង​បក្ស គឺជា​ការ​​ដើរ​ផ្ទុយ​ពី​តួនាទី​ភារកិច្ច​របស់​ខ្លួន ហើយ​អាច​ធ្វើ​ឲ្យ​បាត់បង់​ផល​ប្រយោជន៍​ជាតិ​ និង​ធ្វើ​ឲ្យ​បែកបាក់​ក្នុង​ចំណោម​សហគមន៍​ខ្មែរ​ទៀត​ផង។

Vorn_Chanlout_FB.JPG
អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត។ រូបពីហ្វេសប៊ុក (Vadhna Vey)

លោក វ៉ន ចាន់ឡូត៖ «គាត់ ( ឯកអគ្គរាជទូត​មិនមែន​ជា​អ្នកនយោបាយ​ដូច តំណាងរាស្ត្រ​ទេ កន្លែង​នេះ​ដែល​យើង​ត្រូវ​យល់​​តែ​ដោយសារ​មាន​ការ​បកស្រាយ ឬក៏​បក្ស​នយោបាយ មាន​ឥទ្ធិពល​ជាង​ឧត្តម​ប្រយោជន៍​របស់​ជាតិ ដូច្នេះ​ហើយ​ធ្វើឲ្យ​បុគ្គល​ទាំង​នោះ ត្រូវ​គិត​ឡើង​វិញ​អំពី​ការ​តម្កល់​ផល​ប្រយោជន៍​បក្ស និង​ការ​តម្កល់​ផល​ប្រយោជន៍​ជាតិ។ ប្រសិន​បើ​គាត់ ជា​បុគ្គល​ដើម្បី​​រក្សា​នូវ​ប្រយោជន៍​ជាតិ​ពេល ខ្លះ​វា​ផ្ទុយ​ពី​អ្វី​ដែល​បក្ស​ចង់​បាន ឬ​បក្ស​ដែល​បញ្ជូន​បុគ្គល​នីមួយៗ​ទៅនោះ មិន​ឃើញ​ថា មាន​ផល​អី​ចំណេញ​សម្រាប់​បក្ស​នយោបាយ​ហ្នុង​ទេ ពេលខ្លះ​វា​ប៉ះពាល់ ដល់​តួនាទី​របស់​គាត់​ដែរ»។

អ្នក​សិក្សា​ផ្នែក​ច្បាប់​រូប​នេះ​ បន្ត​ថា ​ចំពោះ​ករណី​មន្ត្រី​រាជការ​ដែល​ប្រើ​ពេលវេលា នៅក្នុង​ម៉ោង​ការងារ​រដ្ឋ ដើរ​ឃោសនា​ឲ្យ​បក្ស​កាន់​អំណាច ​គឺជា​រឿង​មិន​ត្រឹម​ត្រូវ​ឡើយ​ ទោះបីជា​មាន​ការ​អនុញ្ញាត​ពី​ថ្នាក់ដឹកនាំ​ស្ថាប័ន​ក៏ដោយ។ លោក​ស្នើ​ឲ្យ​ មន្ត្រី​បក្ស​កាន់អំណាច ​បែក​ចែក​ឲ្យ​ដាច់​កុំ​ឲ្យ​ឡូកឡំ​រវាង​ការងារ​រដ្ឋ និង​ការងារ​បក្ស។

លោក វ៉ន ចាន់ឡូត៖ «សកម្មភាព​ទាំង​អស់​នោះ វា​មិន​បាន​ផ្ដោត​ទៅ​លើ​ផល​ប្រយោជន៍​ជាតិ​ទេ ព្រោះ​អ្នកនយោបាយ​ទាំង​អស់​នោះ ងាកៗ​គាត់​ចេញ​បេសកកម្ម ទៅក្រៅ​ គាត់​បែរ​ជា​យក​ឱកាស​ហ្នឹង​ដើម្បី​តែ​ផ្សព្វផ្សាយ​អំពី​សមិទ្ធផល និង​រឿង​ល្អ​ៗ​របស់​ខ្លួន ។ គាត់​អត់​បាន​យក​ឱកាស​នៃ​ការ​ចេញ​បេសកកម្ម​ទៅ​ក្រៅ​ដើម្បី​ជួប​នូវ​ប្រទេស​អភិវឌ្ឍន៍​ទាំងអស់​ហ្នឹង​ថា តើ​ត្រូវ​ជជែក​យ៉ាង​ម៉េច​ដើម្បី​ឲ្យ​គេ​មាន​ឱកាស​មក​វិនិយោគ មក​បង្កើន​ការងារ ឬ​ក៏​ជំរុញ​ឲ្យ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រទេស​កម្ពុជា ដូចជា​កម្រ​ឃើញ​មាន​ណាស់​ ប៉ុន្តែ​អ៊ីចឹង​ហើយ​ដែល​ខ្ញុំ​មើល​ឃើញ​ថា រូបភាព​នយោបាយ​កំពុង​តែ​ដើរ​ប្រាស់​ចាក​អំពី​ផលប្រយោជន៍​របស់​ជាតិ»។​​

ច្បាប់​ស្តី​ពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ មាត្រា៨៣ ​ចែងថា បន្ទាប់​ពី​បញ្ចប់​ម៉ោង​ធ្វើការងារ​ឬ​ស្ថិត​នៅ​ក្រៅ​ម៉ោង​ការងារ ឬ​មិន​ស្ថិត​ក្នុង​ពេល​បំពេញ​ការងារ​​​ក្នុង​សមត្ថភាព​ផ្លូវការ​ ​ មន្ត្រីរាជការ​ទាំងអស់ ​អាច​ចូល​រួម​ក្នុង​សកម្មភាព​​ឃោសនា​គាំទ្រ​គណបក្ស​នយោបាយ​ឬ​បេក្ខជន​ណា​បាន ប៉ុន្តែ​មិន​ត្រូវ​ពាក់​ឯក​សណ្ឋាន និង​អាវុធ​ជាប់​នឹង​​ខ្លួន​ឡើយ។ ចំណែក​កំឡុង​ពេល​ម៉ោង​ធ្វើការ​មិន​បាន​អនុញ្ញាត​នោះ​ទេ។ ប៉ុន្តែ​អ្នកឃ្លាំមើល​​សង្កេត​ឃើញ​ថា មន្ត្រីរាជការ​មួយ​ចំនួន​រួម​ទាំង​លោក ហ៊ុន ម៉ាណែត តែង​ចុះ​ឃោសនា​រក​សំឡេង​ឆ្នោត​ឲ្យ​បក្ស​កាន់អំណាច​ ដោយ​មិន​ខ្វល់​នៅក្នុង​ម៉ោង​ការងារ​រដ្ឋ​ឡើយ។

ទោះជា​យ៉ាងណា​ អ្នកឃ្លាំមើល​យល់​ថា កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​​បក្ស​កាន់អំណាច ​ដែល​ប្រើប្រាស់​​គ្រប់​មធ្យោបាយ រួម​ទាំង​ប្រើប្រាស់​​ឯកអគ្គរាជទូត ដើម្បី​​អូសទាញ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ឲ្យ​ងាក​ទៅ​គាំទ្រ​បក្ស​កាន់​អំណាច​នេះ​ ​នឹង​កាន់តែ​ធ្វើ​សហគមន៍​ខ្មែរ​បែកបាក់​ប្រេះឆា​​ ហើយ​​មិនអាច​ទទួល​បាន​ការ​គាំទ្រ​ច្រើន​នោះ​ទេ ​ប្រសិន​បើ​មិន​មាន​ការ​ដោះ​ស្រាយ​បញ្ហា​នៅ​ក្នុង​សង្គម។ ពួកគាត់ មើល​ឃើញថា​​ ​​​ប្រជា​ពលរដ្ឋ និង​យុវជន មិន​ពេញ​ចិត្ត​គណបក្ស​ប្រជាជន​កម្ពុជា ដោយសារតែ​​អំពើ​អយុត្តិធម៌​សង្គម អំពើ​ពុក​រលួយ ការ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ជាតិ និង​ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។