តំណាងរាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​ថា សារ​ព្រមាន​សម្លាប់​ដៃគូ​នយោបាយ​របស់​លោក ហ៊ុន សែន ជា​គំរូ​អាក្រក់​សម្រាប់​សង្គម

ដោយ សុជីវី
2023.06.02
តំណាងរាស្ត្រ​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​ថា សារ​ព្រមាន​សម្លាប់​ដៃគូ​នយោបាយ​របស់​លោក ហ៊ុន សែន ជា​គំរូ​អាក្រក់​សម្រាប់​សង្គម សមាជិក​សភា​អូស្ត្រាលី​នៅ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) ដើម​កំណើត​ខ្មែរ លោក តាក់ ម៉េងហ៊ាង។
រូប៖ ហ្វេសប៊ុកលោក តាក់ម៉េងហ៊ាង

តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ​ចាត់ទុក​សារ​ព្រមាន​របស់​លោក ហ៊ុន សែន ដែល​ចង់​ប្រើ​អាវុធ​បាញ់​សម្លាប់​លោក សម រង្ស៊ី ថា ជា​គំរូ​អាក្រក់​មួយ​ដល់​សង្គម និង​ស្នើ​ឱ្យ​អ្នក​នយោបាយ​គ្រប់​និន្នាការ​នៅ​កម្ពុជា គួរ​ប្រកាន់​យក​ការ​ប្រកួតប្រជែង​គ្នា​តាមរយៈ​គំនិត ទើប​ប្រទេស​ជាតិ​រីកចម្រើន​ទៅ​មុខ។ រីឯ​អ្នកវិភាគ​មើល​ឃើញ​ថា ការ​ព្យាយាម​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី ជា​ជម្រើស​មួយ ដើម្បី​ជួយ​ឱ្យ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​រស់​ឡើងវិញ។

សមាជិក​សភា​អូស្ត្រាលី​នៅ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) លោក តាក់ ម៉េងហ៊ាង បង្ហាញ​ការ​ព្រួយ​បារម្ភ​ជុំវិញ​ជោគវាសនា​នា​ពេល​អនាគត​នៃ​ប្រទេស​កំណើត​របស់​ខ្លួន បន្ទាប់​ពី​លោក ហ៊ុន សែន នៅតែ​បន្ត​ប្រើប្រាស់​សារ​គំរាមកំហែង​គ្រប់​រូបភាព ទាំង​ការ​ព្រមាន​បាញ់​សម្លាប់ និង​ការ​ចាប់ចង​អ្នក​នយោបាយ​ប្រឆាំង ដែល​កំពុង​តស៊ូ​ដើម្បី​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ​ដោយ​សន្តិវិធី​នៅ​កម្ពុជា។

លោក តាក់ ម៉េងហ៊ាង តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃទី​១ ខែ​មិថុនា ដោយ​ចាត់ទុក​សារ​គំរាម​របស់​លោក ហ៊ុន សែន ជាថ្មី​គំរាម​បាញ់សម្លាប់​មេដឹកនាំ​គណបក្សប្រឆាំង​លោក សម រង្ស៊ី ថា​អាច​ជា​ទម្រង់​ហិង្សា​ហួស​កម្រិត​នៃ​ការ​បញ្ចេញមតិ​នយោបាយ ហើយ​អាច​បង្កើត​វប្បធម៌​អាក្រក់​ដល់​សង្គម។ លោក​ចង់ឱ្យ​អ្នក​នយោបាយ​គ្រប់​និន្នាការ​ទាំងអស់ រក្សា​ផលប្រយោជន៍​ជាតិ និង​បង្កើត​វប្បធម៌​ប្រណាំងប្រជែង​គ្នា​ដើម្បី​វឌ្ឍនភាព​ជាតិ និង​ប្រជាជន ជាជាង​ការ​បញ្ចេញ​សារ​នយោបាយ​គំរាមកំហែង​គ្រប់​រូបភាព​ដើម្បី​កម្ទេច​គ្នា ដែល​អាច​នាំ​ឱ្យ​មាន​ផល​លំបាក​ដល់​សង្គម និង​ជា​គំរូ​ដ៏​អាក្រក់​មួយ​ទៅដល់​សង្គម។

លោក តាក់ ម៉េងហ៊ាង​៖ «​ដូច្នេះ ខ្ញុំ​សូម​អំពាវនាវ​ម្ដង​ហើយ​ម្ដងទៀត ឱ្យ​អ្នកនយោបាយ​គ្រប់​និន្នាការ​ទាំងអស់ សូម​យក​ការ​ប្រណាំង​ប្រជែង​គំនិត ហើយនឹង​ចំណេះ ដើម្បី​កសាង​ប្រទេស​ជាតិ ជាជាង​ការ​ប្រណាំង​ប្រជែង​ដោយ​ការ​គំរាមកំហែង​គ្រប់​រូបភាព​ទាំងអស់ ទៅ​ដល់​គូប្រកួត​ប្រជែង​នយោបាយ​នៅមុន​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ​នេះ»

ការ​លើកឡើង​របស់​លោក តាក់ ម៉េងហ៊ាង ធ្វើ​ឡើង​បន្ទាប់​ពី​លោក ហ៊ុន សែន បាន​ចេញ​សារ​ព្រមាន​ប្រើប្រាស់​អាវុធ​សង្គ្រាម​ប្រភេទ បេ ប៊ី​.​អឹម​២១ (BM21) ដើម្បី​បាញ់សម្លាប់​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី និង​អ្នកគាំទ្រ ប្រសិនបើ​ហ៊ាន​ឆ្លងដែន​ពី​ប្រទេស​ថៃ​ចូល​ដល់​ទឹកដី​កម្ពុជា​។ សារ​ព្រមាន​ជាថ្មី​របស់​លោក ហ៊ុន សែន នេះ កើតឡើង​បន្ទាប់ពី​លោក សម រង្ស៊ី និង​ភរិយា រួម​ទាំង​មន្ត្រី​ស្និទ្ធ​របស់​លោក បាន​ធ្វើ​ដំណើរ​ដ៏​ភ្ញាក់ផ្អើល​ចូល​ដល់​ប្រទេស​ម៉ាឡេស៊ី និង​បាន​ជួប​ជជែក​ពី​បញ្ហា​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ជាមួយ​ក្រុម​តំណាងរាស្ត្រ​ម៉ាឡេស៊ី​មួយចំនួន​។ ការ​ទទួល​ស្វាគមន៍​ឱ្យ​លោក សម រង្ស៊ី អាច​ជាន់​ទឹកដី​ម៉ាឡេស៊ី​ជាថ្មី​នេះ ជា​ការ​ធ្វើ​ឱ្យ​លោក ហ៊ុន សែន អាម៉ាស់មុខ និង​កើតឡើង​ស្រប​ពេល​លោក សម រង្ស៊ី ទើប​បាន​ប្រកាស​ថា លោក​នឹង​វិល​ចូល​កម្ពុជា​វិញ​ឆាប់ៗ។

នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ស្ពាន​បេតុង​ខ្សែកាប ឆ្លង​កាត់​ទន្លេសាប និង​ស្ពាន​អាកាស​ឫស្សីកែវ ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​៣១ ខែ​ឧសភា លោក ហ៊ុន សែន ព្រមាន​ថា​នឹង​ប្រើ​គ្រាប់​បេ​បាញ់​សម្លាប់​លោក សម រង្ស៊ី រួម​ទាំង​អ្នកវិភាគ​នយោបាយ​បណ្ឌិត សេង សារី ដែល​ផ្ដល់​គំនិត​ថា លោក សម រង្ស៊ី អាច​នឹង​វិល​ចូល​កម្ពុជា​វិញ​តាមរយៈ​ព្រំដែន​ប្រទេស​ថៃ នៅពេល​ប្រទេសជិតខាង​មួយ​នេះ មាន​រដ្ឋាភិបាល​ថ្មី ដែល​ទើប​ជាប់ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​កាល​ពី​ពេល​ថ្មីៗ​នេះ។

លោក ហ៊ុន សែន៖ «ហើយ​គេ​បាន​ប៉ុណ្ណឹង​ហើយ គេ​អួត​នោះ​អួត មិន​ត្រឹមតែ​អួត​បាន​មក​ជាន់​ទឹកដី​ម៉ាឡេស៊ី​ទេ អួត​បាន​មកដល់​ជាន់​ទឹកដី​ថៃ​ទៀត ចាំ​មើល៍ៗ វា​អួត​ដល់​ណា​ទៀត​។ ហើយ​បណ្ឌិត សេង សារី ថា សល់​តែមួយ​ទេ គឺ​ឆ្លង​កាត់​ដី​ថៃ​ចូល​មក​កម្ពុជា​តែម្ដង​។ នែ​! អា​ឱ្យ​យោបល់​ហ្នឹង​ល្អ​តើ អាហ្នឹង​ត្រូវ បេ​អឹម​២១ អញ​ផ្គុំ​បាញ់​រំបល់​យក៍​តែម្ដង កុំឱ្យ​វា​អាយ៉ៃ​អាយ៉ៃ​ពេក»

នេះ​មិនមែន​ជា​លើកដំបូង​ទេ ដែល​លោក ហ៊ុន សែន ព្រមាន​សម្លាប់​មនុស្ស​ជា​ក្រុម ដែល​គេ​ចាត់ទុកថា ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​ជា​ការ​រំលោភច្បាប់​ជាតិ​និង​អន្តរជាតិ​យ៉ាងធ្ងន់ធ្ងរ​។ ស្របពេល​លោក ហ៊ុន សែន ចូលចិត្ត​ព្រមាន​សម្លាប់​មនុស្ស​បែបនេះ គឺ​ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ជិត​៤០​ឆ្នាំ មាន​ករណី​ឃាតកម្ម​ធំៗ​ជាច្រើន បាន​កើត​ឡើង និង​គ្មាន​ការស៊ើបអង្កេត​រក​យុត្តិធម៌​ជួន​ជនរងគ្រោះ​និង​ក្រុម​គ្រួសារ​ជនរងគ្រោះ​ទាំងនោះ​ឡើយ។

ពាក់ព័ន្ធ​នឹង​ប្រតិកម្ម​ពី​តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ជុំវិញ​សារ​ព្រមាន​លោក ហ៊ុន សែន វិទ្យុ​អាស៊ីសេរី​មិនអាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន បានទេ​នៅ​ថ្ងៃទី​១ ខែ​មិថុនា។

ជុំវិញ​សារ​ព្រមាន​របស់​លោក ហ៊ុន សែន នេះ លោក សម រង្ស៊ី បាន​សរសេរ​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នៅ​ថ្ងៃទី​១ មិថុនា ដោយ​ចោទ​ជា​សំណួរ​ទៅ​អ្នកគាំទ្រ​របស់​លោក​ថា លោក ហ៊ុន សែន ដែល​តែង​ប្រកាស​ចង់​ចាប់​លោក ប៉ុន្តែ​ហេតុអ្វី នៅ​ពេល​លោក​ប្រកាស​វិល​ចូល​ស្រុក​វិញ លោក ហ៊ុន សែន បែរជា​ចង់​ប្រើ​បេ​បាញ់​មក​លើ​រូប​លោក ដែល​មាន​តែ​ដៃទទេ។ លោក សម រង្ស៊ី បន្ត​ថា មូលហេតុ​ដែល​នាយករដ្ឋមន្ត្រី​លោក អាន់វ៉ា អ៊ី​ប្រាហ៊ីម សន្យា​៤​ដង​មិន​ឱ្យ​លោក​ជាន់​ទឹកដី​ម៉ាឡេស៊ី គឺ​ដោយសារតែ​លោក ហ៊ុន សែន ទទូច​៤​ដង ឱ្យ​មេដឹកនាំ​ម៉ាឡេស៊ី​នេះ​សន្យា​ប៉ុណ្ណោះ។ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ ក៏បាន​ចោទ​ជា​សំនួរ​ទៀត​ថា ហេតុអ្វី​លោក ហ៊ុន សែន នៅ​ពេល​ជួប​ថ្នាក់ដឹកនាំ​ប្រទេស​ជិត​ខាង​ម្ដងៗ មិន​យក​រឿង​សំខាន់ៗ ទាក់​ទង​ផល​ប្រយោជន៍​ជាតិ មក​ជជែក ប៉ុន្តែ​បែរជា​លើក​តែ​ពី​ករណី សម រង្ស៊ី?

អ្នកវិភាគ​នយោបាយ​បណ្ឌិត សេង សារី មើលឃើញ​ថា ច្រក​នៃ​ការប្រកួតប្រជែង​ក្នុង​សង្វៀន​ប្រជាធិបតេយ្យ​របស់​កម្ពុជា​ទាំងពីរ​ច្រក ត្រូវ​បាន​លោក ហ៊ុន សែន បិទ​ខ្ទប់​អស់​ហើយ រួមមាន​ច្រក​ធ្វើ​បាតុកម្ម​អហិង្សា​របស់​ពលរដ្ឋ​ដើម្បី​ទាមទារ​រក​យុត្តិធម៌ និង​ច្រក​ប្រកួតប្រជែង​អំណាច​តាម​ប្រជាធិបតេយ្យ បន្ទាប់ពី​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​ភ្លើងទៀន ចូលរួម​ការបោះឆ្នោត​។ លោក​បន្ថែម​ថា ដូច្នេះ គ្មាន​ជម្រើស​អ្វី​ផ្សេង ក្រៅពី​លោក សម រង្ស៊ី ត្រូវតែ​បង្ខំចិត្ត​វិល​មក​កម្ពុជា ដើម្បី​ធ្វើ​ឱ្យ​កម្លាំង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​រស់​ឡើងវិញ។

បណ្ឌិត សេង សារី៖ «កត្តា​ជំរុញ​ឱ្យ​លោក សម រង្ស៊ី ជ្រើសរើស​មធ្យោបាយ​ធ្វើ​មាតុភូមិ​និវត្តន៍ តាម​ច្រក​ប្រទេស​ថៃ គឺ​មិន​អាស្រ័យ​ទៅ​លើ​បទវិភាគ ឬ​មតិយោបល់ របស់​អ្នកវិភាគ​ណា​ម្នាក់​ទេ​។ ប៉ុន្តែ​សម្រាប់​ខ្ញុំ ខ្ញុំ​គិតថា ជម្រើស​នេះ គឺ​កើត​ឡើង​ដោយសារតែ​រដ្ឋាភិបាល ឬ​គណបក្ស​កាន់អំណាច បិទ​គ្រប់​ច្រក មិន​អាច​ឱ្យ​លោក សម រង្ស៊ី ត្រលប់​ចូល​សង្វៀន​ប្រកួត​គ្នា​តាម​បែប​ប្រជាធិបតេយ្យ​។ ដូច្នេះ អត់​មាន​ជម្រើស​អី​ក្រៅពី​លោក សម រង្ស៊ី ត្រូវ​បង្ខំចិត្ត​ត្រឡប់​មក​កម្ពុជា ដើម្បី​បំផុសបំផុល​កម្លាំង​គាំទ្រ​របស់​ខ្លួន​ឱ្យ​ងើប​តវ៉ា​ជាមួយ​រដ្ឋាភិបាល»

ចំណែក​អ្នកវិភាគ​នយោបាយ​លោក គឹម សុខ មើលឃើញ​ដែរ​ថា លោក ហ៊ុន សែន កំពុង​បារម្ភ​ខ្លាំង​ពី​សកម្មភាព​របស់​លោក សម រង្ស៊ី ដែល​កាន់តែ​ចូល​កៀក​ប្រទេស​កម្ពុជា​។ លោក​បន្ត​ថា មូលហេតុ​ដែល​លោក ហ៊ុន សែន បារម្ភ​ខ្លាំង ដោយសារ​លោក​កាន់តែ​មាន​វ័យ​ទ្រុឌទ្រោម ហើយ​នៅ​មិនទាន់​ជោគជ័យ​នៅឡើយ​ក្នុង​ការ​ផ្ទេរអំណាច​ទៅ​កូន ហើយ​ខ្លាច​លោក សម រង្ស៊ី ធ្វើ​ឱ្យ​ប៉ះពាល់​ដំណើរការ​ផ្ទេរអំណាច។ លោក គឹម សុខ បន្ត​ថា លោក សម រង្ស៊ី នៅតែ​ជា​មេដឹកនាំ​សម្ពន្ធភាព​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​ពលរដ្ឋ​គាំទ្រ​ជិត​កន្លះ​ប្រទេស ហើយ​ឥទ្ធិពល​របស់​លោក​ក៏បាន​ជួយ​ធ្វើ​ឱ្យ​គណបក្ស​ភ្លើងទៀន ទទួល​បាន​សំឡេង​គាំទ្រ​ជិត​២​លាន​នាក់​កាល​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០២២។

អ្នកវិភាគ​រូប​នេះ បន្ថែម​ថា លោក សម រង្ស៊ី នៅ​សល់​កម្លាំង​គាំទ្រ​ច្រើន​ទៀត​ពី​ក្រុម​ពលករ​នៅ​ក្រៅ​ប្រទេស ជាពិសេស​នៅក្នុង​ប្រទេស​ថៃ​។ លោក គឹម សុខ យល់​ឃើញ​ថា លោក សម រង្ស៊ី អាច​ចូល​ដល់​ប្រទេស​ថៃ ឬ​អត់ អាស្រ័យ​លើ​ភាព​ប៉ិនប្រសប់​នៃ​ការ​ធ្វើ​នយោបាយ​ការបរទេស​របស់​លោក និង​អាស្រ័យ​លើ​សារ​នយោបាយ​របស់​លោក សម រង្ស៊ី ប្រសិនបើ​សារ​នោះ ចង់​ស្វែងរក​ការ​សម្របសម្រួល ផ្សះផ្សា​ជាតិ និង​លើកទឹកចិត្ត​ពលរដ្ឋ​ឱ្យ​ទាមទារ​យុត្តិធម៌ និង​លទ្ធិប្រជាធិបតេយ្យ​។ លោក​បញ្ជាក់​ទៀត​ថា នៅ​ពេល​នោះ សហគមន៍​អន្តរជាតិ ជាពិសេស​ក្រុម​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ធំៗ ជា​ម្ចាស់​ហត្ថលេខី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​នៅតែ​តាមដាន​ឃ្លាំមើល​សកម្មភាព​របស់​លោក សម រង្ស៊ី អាច​បោះដៃ​សហប្រតិបត្តិការ​កាន់តែ​ខ្លាំង​ជាមួយ​លោក សម រង្ស៊ី ដើម្បី​សម្របសម្រួល​ឱ្យ​លោក​វិល​ចូល​កម្ពុជា​វិញ​បាន។

លោក គឹម សុខ​៖ «អាច​មាន​លទ្ធភាព​បង្កើន​សក្ដានុពល​របស់​គាត់​(​លោក សម រង្ស៊ី​) ធ្វើ​នយោបាយ​ការ​ទូត​ចេញចូល​ម៉ាឡេស៊ី ចេញ​ចូល​ប្រទេស​ថៃ នៅ​ថ្ងៃក្រោយ ដែល​មាន​ព្រំដែន​ជាប់​កម្ពុជា ឥទ្ធិពល​របស់​គាត់​អាច​ហៀរ​ទៅដល់​សកម្មភាព​នៅ​លើ​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា តវ៉ា​រក​យុត្តិធម៌ និង​ការកែទម្រង់​តាម​បែប​ប្រជាធិបតេយ្យ តទល់​នឹង​អំណាច​ផ្ដាច់ការ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​។ ហើយ​កាលណា​រឿង​នេះ វា​ចេញ​ទៅជា​រូបរាង ផែនការ​អំណាច​របស់​ត្រកូល «​ហ៊ុន​» ក៏​ពិបាក​រក្សា​ដែរ»

អ្នកវិភាគ​នយោបាយ​លោក គឹម សុខ ចាត់ទុក​លោក ហ៊ុន សែន ដែល​ចូលចិត្ត​ប្រើ​សារ​ព្រមាន​សម្លាប់​មនុស្ស​ឬ​អ្នក​រារាំង​ការ​កាន់អំណាច​របស់​លោក ថា ដូច​ទៅ​នឹង​ក្រុម​ឧទ្ទាម​ដែល​មិន​ខ្វល់​នឹង​ការ​គោរព​ច្បាប់​ជាតិ និង​អន្តរជាតិ និង​នយោបាយ​ការទូត​ឡើយ ហើយ​ដោយសារតែ​ការ​ស្រេកឃ្លាន​អំណាច លោក ហ៊ុន សែន មិន​ខ្លាច​ធ្វើ​អ្វី​ទាំងនោះ ទោះ​ទង្វើ​ខុស​ទាំង​ច្បាប់​សាសនា​ក្ដី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សុន្ទរកថា លោក ហ៊ុន ម៉ាណែត គ្រោង​ថ្លែង​នៅ​អ.ស.ប ​គ្មាន​ទេ​ការ​លើកកម្ពស់​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។