ពលរដ្ឋអូស្ត្រាលីដើមកំណើតខ្មែរមួយរូប គឺលោក តាក់ ម៉េងហ៊ាង បន្តជាប់ឆ្នោតជាសមាជិកសភាមួយអាណត្តិទៀត នៅរដ្ឋវិចតូរីយ៉ា (Victoria) ។លោក ប្ដេជ្ញាបន្តខិតខំជួយដោះស្រាយបញ្ហាសហគមន៍ខ្មែរ និងសហគមន៍ជាតិសាសន៍ដទៃទៀត ឲ្យកាន់តែប្រសើរឡើងថែមទៀត។ តើលោក តាក់ ម៉េងហ៊ាង មានប្រវត្តិបែបណា និងបានធ្វើអ្វីខ្លះដើម្បីសហគមន៍ខ្មែរ?
ពលរដ្ឋអូស្ត្រាលីដើមកំណើតខ្មែរ លោក តាក់ ម៉េងហ៊ាង គឺជាអ្នកនយោបាយនៅក្នុងគណបក្សពលករ ឬលេប័រ(Labor party) ដ៏មានប្រជាប្រិយភាពមួយរូប។ រយៈពេលជិត១ខែនៃការឃោសនាបោះឆ្នោតជ្រើសរើសមេដឹកនាំ និងតំណាងរាស្ត្រ ក្នុងរដ្ឋវិចតូរីយ៉ា(Victoria) ដែលជារដ្ឋមានពហុជាតិសាសន៍រស់នៅច្រើននោះគេសង្កេតឃើញថា ផ្ទាំងប៉ាណូរូបថតធំៗរបស់លោក តាក់ ម៉េងហ៊ាង ត្រូវបានប្រជាពលរដ្ឋខ្មែរ និងពលរដ្ឋជាតិសាសន៍ដទៃទៀត ស្ម័គ្រចិត្តយកដាក់បង្ហាញព្រោងព្រាតនៅតាមមុខផ្ទះរបស់ពួកគេ ដើម្បីបង្ហាញពីការគាំទ្រ។
ការបោះឆ្នោតនៅក្នុងរដ្ឋវិចតូរីយ៉ា បានបញ្ចប់រួចរាល់ហើយ កាលពីល្ងាចថ្ងៃសៅរ៍ទី២៦ ខែវិច្ឆិកា។ លទ្ធផលបង្ហាញថា គណបក្សពលករ បានទទួលជ័យជម្នះលើសលុបជាថ្មីទៀត ក្នុងនោះ លោក តាក់ ម៉េងហ៊ាង ដែលឈរឈ្មោះក្នុងតំបន់ក្លារីនដា(Clarinda)ក៏បន្តជាប់ឆ្នោតជាសមាជិកសភាមួយអាណត្តិទៀតដែលមានរយៈពេល៤ឆ្នាំ។

តំណាងរាស្ត្រដើមកំណើតខ្មែររូបនេះរីករាយដែលបានជាប់ឆ្នោតនិងផ្ញើសារអរគុណដល់សហគមន៍ខ្មែរនិងសហគមន៍ជាតិសាសន៍ដទៃទៀតដែលបានគាំទ្ររូបលោក។ លោក បន្តថា ជ័យជម្នះរបស់លោកពីរអាណត្តិនេះ ជាការលើកទឹកចិត្តដល់ជនអន្តោប្រវេសន៍គ្រប់ជាតិសាសន៍រួមទាំងពលរដ្ឋខ្មែរថា គ្រប់គ្នា មិនមែនជាក្រុមជនជាតិភាគតិច ដែលគ្រាន់តែមកផ្ញើជីវិតនៅស្រុកគេនោះទេ ប៉ុន្តែគ្រប់គ្នា គឺជាពលរដ្ឋអូស្ត្រាលីមានសិទ្ធិរស់នៅស្មើមុខស្មើមាត់ និងមានឱកាសចូលរួមដោយពេញលេញក្នុងសង្គមអូស្ត្រាលី។លើសពីនេះ លោក ថា រឿងរ៉ាវរបស់លោក ក៏ជាការជំរុញលើកទឹកចិត្តដល់ពលរដ្ឋខ្មែរ ជាពិសេសយុវជនជំនាន់ក្រោយផងដែរ៖«ខ្ញុំសូមអរគុណដល់សហគមន៍ខ្មែរជាថ្មីដែលចង់ឃើញសំឡេងរបស់ខ្លួន និងកូនចៅរបស់ខ្លួននៅក្នុងសហគមន៍បានជាប់ឆ្នោតក្នុង សភារដ្ឋវិចតូរីយ៉ានេះ ដើម្បីបានជាសំឡេង និងដើម្បីបន្តកិច្ចខិតខំប្រឹងរបស់យើង ។ខ្ញុំយល់ថា ជាការសំខាន់ណាស់ដែលសហគមន៍ខ្មែររបស់យើង ជាពិសេសយុវជនជំនាន់ក្រោយ ដែល យើងគួរបន្តចូលរួមឲ្យបានសកម្មក្នុងកម្មវិធីទទួលខុសត្រូវនៅក្នុងសង្គម ដែលហៅថា ( Civic duty ) ។ ការថែរក្សាវប្បធម៌ប្រពៃណីរបស់យើងគឺជាការសំខាន់ និងថែរក្សាអ្វីដែលយើងមានហើយ។ ខ្ញុំមានមោទនភាព ដែលបានបន្តកិច្ចខិតខំប្រឹងប្រែងរបស់អ៊ំ ហុង លីម អ៊ំ ជា យូហ៊ន និងតំណាងសហគមន៍ខ្មែរយើងជាច្រើនទៀត » ។
ក្នុងពេលប្រកាសលទ្ធផលឆ្នោតនៅល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ប្រជាសហគមខ្មែរនិងប្រជាសហគមន៍ជាតិសាសន៍ផ្សេងៗរួមទាំងភូមាជាដើមបានជួបជុំគ្នានៅទីស្នាក់ការសមាគមខ្មែររដ្ឋវិចតូរីយ៉ាដើម្បីចូលរួមអបអរសាទរលោក តាក់ ម៉េងហ៊ាង។
ប្រធានសមាគមខ្មែរ លោក ជា យូហ៊ន ថ្លែងថា លោក ត្រេកអរដែលលោក តាក់ ម៉េងហ៊ាង ជាប់ឆ្នោតជាថ្មីនេះ ព្រោះមិនត្រឹមតែជួយលើកកិត្តិយសសហគមន៍ខ្មែរ នោះទេ លោក ថែមទាំងអាចជួយដោះស្រាយបញ្ហាសហគមន៍ខ្មែរ ក៏ដូចជាសហគមន៍ជាតិសាសន៍ដទៃទៀតបានច្រើន និងថែមទាំងអាចជួយទំនាក់ទំនងជាមួយសភាសហព័ន្ធបានជាដើម៖«បងប្អូនខ្មែរយើងនៅប្រទេសអូស្ត្រាលីនេះ គឺគេគាំទ្រ គ្នាយើងទាំងអស់ នរណាក៏គេគាំទ្រដែរ។ ដូច្នេះអណិកជនដែលមានកំណើតជាអាស៊ី ដូចជាចិន យួន និងសាសន៍ដទៃទៀតដូចជាឥណ្ឌា ក៏គាំទ្រលោក តាក់ ម៉េងហ៊ាង ដែរ។
ពលរដ្ឋខ្មែរម្នាក់ទៀត លោកស្រី អ៊ុំ សារ៉េត ថ្លែងក្នុងពិធីអបអរជ័យជម្នះរបស់លោក តាក់ ម៉េងហ៊ាងថា លោកស្រី សប្បាយចិត្តដែលកូនខ្មែរ មានឱកាសជាប់ឆ្នោតជាតំណាងរាស្ត្រនៅប្រទេសជឿនលឿនបែបនេះ៖« ខ្ញុំសប្បាយចិត្តណាស់ យកម្ហូបអោយគេចុះឡើង ។ ឃើញខ្មែរយើងជាប់ឆ្នោត គឺសប្បាយចិត្តណាស់ » ។

ក្រោយជាប់ឆ្នោត លោក តាក់ ម៉េងហ៊ាង ថ្លែងប្ដេជ្ញាថា លោក នឹងខិតខំបំពេញតួនាទីឲ្យបានល្អដើម្បីបម្រើសហគមន៍ចម្រុះជាតិសាសន៍ទូទៅក្នុងតំបន់របស់លោកទៅតាមការសន្យា និងគោលនយោបាយរបស់គណបក្សពលករដែលស្ថិតក្រោមការដឹកនាំរបស់លោក ដានីញ៉ែល អែនឌ្រូ (Daniel Andrew)។គោលនយោបាយអាណត្តិថ្មីនេះ ផ្ដោតសំខាន់លើការជួយដល់អ្នកជំនួញខ្នាតតូចរងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ ការបង្កើនសាងសងមន្ទីរពេទ្យ និងបង្កើនចំនួនគិលានុបដ្ឋាយិកា និងពេទ្យសង្គ្រោះបន្ទាន់ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋ ជាពិសេសពលរដ្ឋដែលរងផលប៉ះពាល់ផ្លូវចិត្តក្នុងអំឡុងពេលវិបត្តិកូវីដ-១៩៖« ប្រជាជនក្នុងរដ្ឋវិចតូរីយ៉ានេះ គាត់មិនដែលឆ្លងកាត់ ការលំបាកដូច្នេះពីរឆ្នាំនៃវិបត្តិកូវីដនេះ អាចធ្វើឲ្យប៉ះពាល់ច្រើនជំងឺផ្លូវចិត្តដូច្នេះរដ្ឋាភិបាលបានផ្តោតជួយខ្លាំង។ មួយទៀតការរស់នៅដែលមានអតិផរណា កំពុង ឡើងខ្ពស់ដូច្នេះហើយបានជា កម្មវិធីរបស់រដ្ឋាភិបាល ជាច្រើនបានផ្តោតទៅលើ ការថែរក្សាថវិកាក្នុងហោប៉ៅ បានន័យថា ការយកកូនដែលមានអាយុ៣ឆ្នាំទៅ ដាក់ នៅកន្លែងមើលថែ (Childcare ) គឺ មិនគិតថ្លៃ (Free) ឪពុកម្តាយមានឱកាសទៅធ្វើ ការបានឆាប់ហើយនឹងអ្នកដែលចង់ប្តូរការងារ គឺគាត់អាចទៅរៀននៅ TASK លើមុខវិជ្ជាជាច្រើន Free រួមទាំងមុខវិជ្ជាគិលានុបដ្ឋាយិកា (Nurse) គឺរដ្ឋាភិបាលបក្សពលករ នឹងផ្តល់អាហាររូបករណ៍ពេញតែម្តង ហើយពេលរៀនចប់គាត់ទទួលបាន កុងត្រាការងារពីរឆ្នាំបន្ថែមទៀត » ។
លោក តាក់ ម៉េងហ៊ាង ដែលបច្ចុប្បន្នមានវ័យ៤២ ឆ្នាំ គឺជាកូនរបស់គ្រួសារអន្តោប្រវេសន៍ ដើមកំណើតខ្មែរ នៅស្រុកឈូក ខេត្តកំពតមករស់ប្រទេសអូស្ត្រាលីនៅឆ្នាំ១៩៩៦។ ពូរបស់លោកគឺជាអ្នកធានាគ្រួសារទាំងមូលរបស់លោកមករស់នៅប្រទេសអូស្ត្រាលីតាមរយៈកម្មវិធីមនុស្សធម៌របស់រដ្ឋាភិបាលអូស្ត្រាលីបន្ទាប់ពីពូនិងម្តាយរបស់លោកដែលត្រូវជាបងប្អូនបង្កើនជាមួយគ្នាបានរកឃើញគ្នាវិញ ក្រោយពេលបែកបាក់គ្នាតាំងពីមុនសម័យខ្មែរក្រហម។ លោក តាក់ម៉េងហ៊ាង គឺជាកូនច្បងក្នុងចំណោមបងប្អូន៥នាក់។
នៅពេលលោកមកដល់អូស្ត្រាលីក្នុងវ័យ១៦ឆ្នាំនោះ លោក បានចូលរៀនសាលាភាសាអង់គ្លេសមួយរយៈពេលមុននឹងបន្តចូលរៀនថ្នាក់វិទ្យាល័យឡើងវិញ។ បន្ទាប់មក លោក បានបន្តចូលរៀននៅសកលវិទ្យាល័យវិចតូរីយ៉ា(Victoria University )រហូតទទួលបានសញ្ញាប័ត្របរិញ្ញាប័ត្រចំនួនពីរគឺផ្នែកច្បាប់និងវិទ្យាសាស្ត្រនយោបាយ។ នៅសកលវិទ្យាល័យនេះហើយជាទីដែលលោកបានជួបស្នេហានិងរៀបអាពាហ៍ពិពាហ៍ជាមួយភរិយារបស់លោកគឺអ្នកស្រី តេង ម៉ាណែត។ បច្ចុប្បន្ននេះ អ្នកទាំងពីរមានកូន៣នាក់ ប្រុសពីរ ស្រីមួយ។

មុនចូលប្រឡូកក្នុងឆាកនយោបាយលោក តាក់ ម៉េងហ៊ាង ធ្លាប់ធ្វើជាមេធាវីរយៈពេល៥និងបន្ទាប់មក លោក បង្កើតជាក្រុមហ៊ុនផ្ទាល់ខ្លួនដែលផ្តល់សេវាផ្នែកច្បាប់។ ក្រៅពីនេះ លោកក៏ធ្លាប់ធ្វើជាអ្នកអត្ថាធិប្បាយនៅវិទ្យុSBSខ្មែររយៈពេល១០ឆ្នាំនិងធ្វើជាអ្នកបកប្រែភាសាផងដែរ៖« ពេលទៅបកប្រែអ៊ំពូ មា មីងនៅតាមមន្ទីរពេទ្យ តាមសាលារៀន និងតុលាការ គឺនៅពេលនោះឯងដែលខ្ញុំបានដឹងអំពីសេចក្តីត្រូវការ របស់សហគមន៍ខ្មែរយើង ដែលជាសហគមន៍មួយមកតាំងទីលំនៅប្រទេសអូស្ត្រាលីនេះ បន្ទាប់ពីបានឆ្លងកាត់នូវការលំបាកជាខ្លាំងជំនាន់ខ្មែរក្រហម និងមួយចំនួនធំបានឆ្លងកាត់រស់នៅតាមជំរុំ ដែលពួកគាត់ខ្លះមានវិបត្តិផ្ទាល់ខ្លួន ឬប៉ះពាល់ផ្លូវចិត្តដោយសារតែសំណល់ពីសង្គ្រាម និងការរស់នៅបែកបាក់គ្នាយូរពេក។ក្នុងពេលនោះឯង ដែលខ្ញុំតែងតែចូលរួមសកម្មភាពក្នុងសង្គម និងបានដឹង ច្រើនអំពីសេចក្តីត្រូវការរបស់សហគមន៍ខ្មែររបស់យើង » ។
ដោយមានការគាំទ្រនិងលើកទឹកចិត្តពីអតីតតំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរម្នាក់គឺលោក ហុង លីម និងប្រធានសមាគមខ្មែរលោក ជា យូរហ៊ន នោះ លោក តាក់ ម៉េងហ៊ាងបានចាប់ផ្តើមចូលប្រឡូកកិច្ចការនយោបាយ។ លោក បានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាក្រុងដែនឌឺណុង (Dandenong) ពីរអាណត្តិតាំងពី ឆ្នាំ២០១២ហើយឡើងធ្វើជាអភិបាលក្រុងមួយអាណត្តិនៅឆ្នាំ២០១៦ ។ បន្ទាប់មកនៅឆ្នាំ២០១៨ លោកបានលាឈប់ពីសាលាក្រុងហើយឈរឈ្មោះនិងជាប់ឆ្នោតជាតំណាងរាស្ត្របន្តវេនពីលោក ហុង លីមដែលជាតំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរដំបូងគេ។ ការបោះឆ្នោតកាលពីថ្ងៃទី២៦ខែវិច្ឆិកា ឆ្នាំ២០២២ លោក ក៏បានជាប់ឆ្នោតជាតំណាងរាស្ត្រមួយអាណត្តិទៀត៖« សហគមន៍ជាច្រើនដែលខ្ញុំបានស្គាល់នោះ គឺគាត់បានដឹងច្បាស់នូវបេក្ខភាព នៅរបៀបធ្វើការរបស់ខ្ញុំ ហើយខ្ញុំជឿជាក់ថា គាត់បានដឹងច្បាស់នូវអត្តចរិតរបស់ខ្ញុំផងដែរ » ។
លោក តាក់ ម៉េងហ៊ាង ថ្លែងថា ក្នុងនាមជាតំណាងរាស្ត្រអូស្ត្រាលី លោក មានតួនាទីបម្រើដល់សហគមន៍ទាំងអស់ក្នុងមណ្ឌលរបស់លោក។ ទោះជាយ៉ាងណា លោក មិនដែលភ្លេចមាតុភូមិកំណើតឡើយហើយលោក តែងតែចង់ឃើញកម្ពុជាដើរនៅលើផ្លូវប្រជាធិបតេយ្យនិងសិទ្ធិមនុស្សឲ្យបានត្រឹមត្រូវឡើងវិញ។ កន្លងមក លោក ថ្លែងការណ៍ជាច្រើនលើកនៅក្នុងរដ្ឋសភាអំពីបញ្ហារំលោភសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យទាំងនៅកម្ពុជានិងនៅប្រទេសភូមាដើម្បីឲ្យមានការកែលម្អឡើងវិញ។ លើសពីនេះ លោកតែងទាក់ទងជារឿយៗជាមួយសមាជិកសភាសហព័ន្ធឲ្យយកចិត្តទុកដាក់ជួយអន្តរាគមន៍រឿងរ៉ាវនៅកម្ពុជានិងភូមាដែរ ។ លោក បន្តថា លោក ក៏មិនពេញចិត្តចំពោះគណបក្សប្រជាជនកម្ពុជាដែលមកពង្រឹងឥទ្ធិពលនៅអូស្ត្រាលីដែលធ្វើឲ្យសហគមន៍ខ្មែរព្រួយបារម្ភនិងបែកបាក់គ្នានោះទេ៖« អំពាវនាវដល់រដ្ឋាភិបាល ដែលបញ្ជូនក្រុមខ្លួនដែល មានពាក់ផ្កាយពាក់អីមកនេះ ឲ្យចាត់ទុកប្រជាជននៅក្រៅប្រទេសនេះជាប្រជាជនមានដើមកំណើតរបស់ខ្លួន។ ពួកគាត់នៅទីនេះគ្រាន់តែចង់បាននូវភាពប្រសើរឡើងក្នុងប្រទេសកំណើតរបស់ខ្លួន ហើយការទាមទារទាំងអស់នេះ គឺអត់មានអ្វីខុសច្បាប់ទេ។បើសិនគាត់មកនេះជ្រៀតជ្រែង យើងហៅថា ជ្រៀតជ្រែកទៅចុះ ឬមកធ្វើការគំរាម កំហែង ដែលរូបខ្ញុំផ្ទាល់ ក៏ធ្លាប់ទទួលបានការគំរាមដែរ ដូច្នេះខ្ញុំបានដឹងអំពីការលំបាករបស់សហគមន៍ខ្មែរយើង ។យើងអត់ត្រូវការ ការបំបែកបំបាក់ អត់ត្រូវការ ការ ញាំញីអីនោះទេ យើងត្រូវការចាប់ដៃគ្នាដើម្បីឲ្យខ្មែរយើងមានមោទនភាព » ។
កន្លងមក លោក តាក់ ម៉េងហ៊ាង ក៏តែងតែរិះគន់ការដឹកនាំរបស់រដ្ឋាភិបាលលោក ហ៊ុន សែន និងធ្លាប់ចេញមុខធ្វើបាតុកម្មប្រឆាំងវត្តមានលោក ហ៊ុន សែន នៅប្រទេសអូស្ត្រាលីដែរកាលពីឆ្នាំ២០១៨ដើម្បីទាមទារឲ្យលោកស្ដារប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្ស។ ក្រោយការធ្វើបាតុកម្មនោះលោក តាក់ ម៉េងហ៊ាង និងតំណាងសហគមន៍ខ្មែរមួយចំនួនទៀតគឺលោក ហុង លីម លោក ជា យូហ៊ន ព្រមទាំងភរិយាបណ្ឌិតកែម ឡី ត្រូវបានជនមិនស្គាល់មុខផ្ញើលិខិតគំរាមសម្លាប់។
សម្រាប់អាណត្តិថ្មីនេះតំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែររូបនេះបញ្ជាក់ថា លោក នឹងបន្តធ្វើកិច្ចការជាមួយរដ្ឋាភិបាលអូស្ត្រាលីដើម្បីជំរុញឲ្យលោក ហ៊ុន សែន បើកលំហសេរីភាពនយោបាយសេរីភាពសង្គមស៊ីវិល សេរីភាពសហជីព សេរីភាពសារព័ត៌មាន និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើថ្នាក់ដឹកនាំសហជីពនិងក្រុមកូដករណាហ្គាវើលដ៍ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។