សហគមន៍​ខ្មែរ គ្រោង​ដាក់​ញត្តិ​ស្នើ​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី ជជែក​រឿង​បញ្ហា​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ជាមួយ​លោក ហ៊ុន ម៉ាណែត

ដោយ ថា ថៃ
2024.02.15
សហគមន៍​ខ្មែរ គ្រោង​ដាក់​ញត្តិ​ស្នើ​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី ជជែក​រឿង​បញ្ហា​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ជាមួយ​លោក ហ៊ុន ម៉ាណែត (រូបឯកសារ)
រូប៖ ហ្វេសប៊ុកលោក ហុង លិម

ព្រះសង្ឃ និង​សហគមន៍ខ្មែរ នៅ​ទីក្រុងម៉ែលប៊ន (Melbourne) ប្រទេសអូស្ត្រាលី (Australia) គ្រោង​ដើរ​ហែ​ក្បួន​ធម្មយាត្រា​ដាក់​ញត្តិ​ជូន​សមាជិក​សភា​សហព័ន្ធ​អូស្ត្រាលី នៅ​ថ្ងៃ​ទី១៧ ខែកុម្ភៈ។ ការ​ដាក់​ញត្តិ​នេះ ពួក​គាត់​ស្នើសុំ​ឲ្យ​តំណាងរាស្ត្រ ជួយ​ជំរុញ​ទៅ​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី ឱ្យ​លើក​យក​បញ្ហា​ប្រជាធិបតេយ្យ និង​ការ​រំលោភ​សិទ្ធិមនុស្ស​ទៅ​ជជែក​ជាមួយ​លោក ហ៊ុន ម៉ាណែត ក្នុង​ពេល​ដែល​នាយក​រដ្ឋមន្ត្រី​ថ្មី​រូប​នេះ ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន-អូស្ត្រាលី នៅ​ដើម​ខែមីនា​ខាង​មុខ។

ព្រះសង្ឃ និង​សហគមន៍​ខ្មែរ នៅ​ទីក្រុងម៉ែលប៊ន គ្រោង​ធ្វើ​ធម្មយាត្រា​មួយ នៅ​ថ្ងៃ​ទី១៧ ខែកុម្ភៈ ដោយ​ដាក់​ឈ្មោះ​ថា ធម្មយាត្រា ដើម្បី​សន្តិភាព​នៅ​កម្ពុជា។ តាម​គម្រោង​នៃ​ធម្មយាត្រា​នេះ ពួកគាត់នឹងជួបជុំគ្នានៅម៉ោង១១ព្រឹកនៅផ្សារស្ព្រីងវែល(Springvale shopping Center) ហើយ​បន្ទាប់​មក​ពួក​គាត់​នឹង​ដើរ​ដង្ហែ​ក្បួន​ទៅ​ដាក់​ញត្តិ​ជូន​សមាជិក​សភា​សហព័ន្ធ​អូស្ត្រាលី លោក ជូលៀន ហ៊ីល (Julian Hill) នៅ​ការិយាល័យ​របស់​លោក នៅ​ក្រុងដែនឌឺណុង (Dandenong) នៅ​ម៉ោង ២រសៀល។ គោលបំណង​នៃ​ការ​ដាក់​ញត្តិ​នេះ គឺ​ព្រះសង្ឃ និង​ប្រជា​សហគមន៍​ខ្មែរ ស្នើសុំ​ឲ្យ​លោក ជូលៀន ហ៊ីល ជួយ​ជំរុញ​ទៅ​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី ឲ្យ​លើក​ឡើង​ពី​បញ្ហា​ប្រជាធិបតេយ្យ និង ការ​គោរព​សិទ្ធិមនុស្ស​ជាមួយ​លោក ហ៊ុន ម៉ាណែត ក្នុង​ពេល​លោក មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន-អូស្ត្រាលី នៅ​ទីក្រុងម៉ែលប៊ន (Melbourne) ចាប់​ពី​ថ្ងៃ​ទី៤ ដល់​ទី៦ ខែមីនា ឆ្នាំ២០២៤។

ព្រះតេជព្រះគុណ ផុន សែនដារ៉ុង ដែល​នឹង​និមន្ត​ចូលរួម​ធម្មយាត្រា​នេះ​មាន​ថេរ​ដីកា​ថា មូលហេតុ​ដែល​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ ធ្វើ​ធម្មយាត្រា ដើម្បី​ដាក់​ញត្តិ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​តំណាងរាស្ត្រ​អូស្ត្រាលី​នេះ ដោយសារ​មក​ទល់​ពេល​នេះ ប្រទេស​កម្ពុជា ក្រោម​ការ​គ្រប់គ្រង​របស់​លោក ហ៊ុន ម៉ាណែត នៅតែ​មិន​បាន​ធ្វើ​ឲ្យ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ល្អ​ប្រសើរ​ឡើយ។ ព្រះសង្ឃអង្គ​នេះ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ចូលរួម​ធម្មយាត្រា នៅ​ថ្ងៃ​ទី១៧ ខែកុម្ភៈ​ខាង​មុខ​នេះ​ឲ្យ​បាន​ចំនួន​ច្រើន។

ព្រះតេជព្រះគុណ ផុន សែនដារ៉ុង៖ «ធម្មយាត្រានេះ មានសារៈសំខាន់ចំពោះខ្មែរយើង ព្រោះទី១ដើម្បីសន្តិភាពនៅកម្ពុជាហើយទាមទារឲ្យមានការដោះលែងអ្នកទោសនយោបាយខ្មែរយើងដែលជាប់ឃុំនៅស្រុកខ្មែរ ហើយដើម្បីឲ្យអ្នកដឹកនាំនៅស្រុកខ្មែរ ដឹកនាំប្រទេសប្រកបដោយលទ្ធិប្រជាធិបតេយ្យ»។

ខ្លឹមសារ​ញត្តិ​ដែល​ដាក់​គ្រោង​ដាក់​ជូន​សមាជិក​សភា​សហព័ន្ធ​អូស្ត្រាលីនោះ រៀបរាប់​ថា សហគមន៍​ខ្មែរ ព្រួយ​បារម្ភ​ជា​ខ្លាំង ខណៈ​ដែល​លោក ហ៊ុន ម៉ាណែត នឹង​មក​ចូលរួម​កិច្ចប្រជុំ​អាស៊ាន-អូស្ត្រាលី​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។ សហគមន៍​ខ្មែរ មើល​ឃើញ​ថា លោក ហ៊ុន ម៉ាណែត មាន​ចរិត​ដូច​ឪពុក​របស់​គាត់​ដែរ នឹង​ប្រើប្រាស់​ឱកាស​នេះ​ថតរូប​ជាមួយ​មេ​ដឹកនាំ​ផ្សេងៗ ដើម្បី​ឃោសនា​អួតអាង​ពី​តួនាទី​ជា​នាយក​រដ្ឋមន្ត្រី​ស្រប​ច្បាប់​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក បើ​ទោះ​ជា​ការ​បោះ​ឆ្នោត កាល​ពី​ឆ្នាំ​មុន ជា​ការ​បោះ​ឆ្នោត​ក្លែងក្លាយ គ្មាន​សេរី និង​យុត្តិធម៌​ក្ដី។

សហគមន៍​ខ្មែរ លើក​ឡើង​នៅ​ក្នុង​ញត្តិ​ទៀត​ថា នៅ​មុន​កិច្ចប្រជុំ​កំពូល​នេះ លោក ហ៊ុន ម៉ាណែត កំពុង​ប៉ុនប៉ង​បង្កើត​បណ្ដាញ​បង្ក​វិទ្ធង្សនា ដើម្បី​បំភ័ន្ត​មតិ​សាធារណៈ ការ​ដាក់​សម្ពាធ និង​បង្ខិតបង្ខំ​ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី ឲ្យ​ទៅ​ចូលរួម​សកម្មភាព​ជាមួយ​ពួក​គេ ដែល​ជា​ការ​បំពាន​ច្បាប់​ស្ដីពី​ការ​ជ្រៀតជ្រែក​ពី​បរទេស។ លើស​ពី​នេះ លោក ហ៊ុន ម៉ាណែត ដូច​ឪពុក​របស់​គាត់​ដែរ លោក នឹង​មាន​ពិធី​ជួបជុំ​ជាមួយ​មនុស្ស​រាប់​រយ​នាក់​ក្នុង​នោះ​បូករួម​ទាំង​មនុស្ស​មក​ពី​ស្រុក​ខ្មែរ​រាប់​សិប​នាក់​ជាមួយ​លោក ព្រមទាំង​អ្នក​ធ្វើ​ជំនួញ ដែល​តម្រូវ​ឲ្យ​មាន​ភាព​ស្មោះត្រង់​ជាមួយ​រដ្ឋាភិបាល តាម​រយៈ​ការ​ស៊ី​សំណូក និង​អំពើ​ពុករលួយ​ជា​ដើម។

នៅ​ក្នុង​ញត្តិ​នោះ សហគមន៍​ខ្មែរ ស្នើសុំ​ឲ្យ​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី លោក អេនថូនី អាល់បានីស (Anthony Albanese) ជំរុញ​ទៅ​លោក ហ៊ុន ម៉ាណែត ឲ្យ​គោរព​តាម​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស ដោះលែង​អ្នក​ទោស​នយោបាយ រួមមាន មេ​បក្ស​ប្រឆាំង លោក កឹម សុខា សកម្មជន​សិទ្ធិ​ការងារ កញ្ញា ឈឹម ស៊ីថរ កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌ ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ និង​អនុញ្ញាត​ឲ្យ​មាន​ការ​បោះឆ្នោត ដោយសេរី និង​យុត្តិធម៌។ ក្រៅ​ពី​នេះ សហគមន៍​ខ្មែរ ស្នើ​ឲ្យ​លោក ហ៊ុន ម៉ាណែត បញ្ឈប់​បញ្ជូន​ភ្នាក់ងារ​មក​គំរាមកំហែង បង្ក​ការ​ភ័យ​ខ្លាច និង​បំបែកបំបាក់​សហគមន៍​ខ្មែរ​ក្នុង​ប្រទេស​អូស្ត្រាលី។ សហគមន៍​ខ្មែរ ក៏​ព្រួយ​បារម្ភ​អំពី​ការ​កសាង​មូលដ្ឋាន​ទ័ព​ចិន​នៅ​សមុទ្រ​រាម ដែល​នឹង​បង្ក​ឲ្យ​មាន​អស្ថិរភាព​ក្នុង​តំបន់។ ញត្តិ​នេះ ចុះ​ហត្ថលេខា​ដោយ​ប្រធាន​សហព័ន្ធ​ខ្មែរ​អូស្ត្រាលី​សាជីវកម្ម លោក ហុង លីម ប្រធាន​សហគមន៍​ខ្មែរ លោក ជា យូហ៊ន តំណាងរាស្ត្រ​ដើម​កំណើត​ខ្មែរ លោក តាក់ ម៉េងហ៊ាង តំណាង​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ិន ហេមរ៉ា តំណាង​អង្គការ​សម្ព័ន្ធ​ខ្មែរ ដើម្បី​កិច្ច​ព្រមព្រៀង​សន្តិភាព​ប៉ារីស​ស្ដីពី​កម្ពុជា លោក ជា ចាន់ថោង និង​តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម លោក ឡឹម ណារ៉ា។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ី​សេរី មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ រដ្ឋាភិបាល លោក ប៉ែន បូណា បាន​ទេ នៅ​ថ្ងៃ​ទី១៥ ខែកុម្ភៈ។ ចំណែក​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន ក៏​បដិសេធ​ឆ្លើយ​តប​រឿង​នេះ​ដែរ។

ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​អង្គការ​សម្ព័ន្ធ​ខ្មែរ ដើម្បី​កិច្ច​ព្រមព្រៀង​សន្តិភាព​ប៉ារីស​ស្ដីពី​កម្ពុជា លោក ជា ចាន់ថោង មាន​ប្រសាសន៍​ថា ការ​ដាក់​ញត្តិ​របស់​សហគមន៍​ខ្មែរ​នេះ ដើម្បី​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី បន្ត​ដឹង​ឮ​អំពី​រដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ​នេះ នៅតែ​រំលោភ​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ ការ​មិន​អនុវត្ត​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​តាម​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស ជាពិសេស រដ្ឋាភិបាល​កម្ពុជា​បន្ត​បញ្ជូន​ភ្នាក់ងារ មក​បំបែកបំបាក់​សហគមន៍​ខ្មែរ។ លោក​សង្កេត​ឃើញ​ថា ក្រុម​អ្នក​កាន់​អំណាច​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ ជា​ក្រុម​មនុស្ស​ផ្ដាច់ការ និង​ពុក​រលួយ​ជាង​មេ​ដឹកនាំ​ផ្ដាច់ការ​នៅ​ប្រទេស​ផ្សេងៗ ទៀត ដូចជា ប្រទេស​គុយបា (Cuba) ជា​ដើម។

លោក ជា ចាន់ថោង៖ «អ្វីៗដែលខ្ញុំមើលឃើញគឺថា កម្ពុជាយើង គឺកុម្មុយនិស្តមិនចំកុម្មុយនិស្ត សេរី ក៏មិនចំសេរី។ប្រទេសកម្ពុជាក្លាយជារបបមួយ ដែលគេហៅថារបបពុករលួយនិយមទៅវិញ។បណ្តាប្រទេសកុម្មុយនិស្តនានា គេក៏គិត អំពីផលប្រយោជន៍ជាតិគេ ច្រើនជាងបុគ្គល វណ្ណៈ ក្រុម បក្ខពួក គេមានយុត្តិធម៌ក្នុងសង្គមជាង។ ខ្ញុំលើកឧទាហរណ៍ថា ដូចជាប្រទេសគុយបាទៅចុះ បើនិយាយអំពីសុវត្ថិភាព សន្តិសុខវិញ គឺគេល្អជាងយើងហើយការប្រព្រឹត្តនូវអំពើ ពុករលួយក៏តិចជាងយើង។ឯកម្ពុជាយើងវិញ ធ្វើបាបប្រជាពលរដ្ឋ កេងប្រវ័ញ្ច ធ្វើឲ្យប្រជាពលរដ្ឋយំស្រែក ប្លន់ដីធ្លីអីហ្នឹង នៅប្រទេសទាំងអស់នោះ អត់មានទេ។យើង(រដ្ឋាភិបាលកម្ពុជា)ធ្វើនេះធ្វើវាខ្លាំងពេក ដែលខ្ញុំមិនអាចឱបដៃមើលបាន។ ការពិតទៅ ខ្ញុំចាំតែគាំទ្រតើបើសិនកាត់បន្ថយអំពើពុករលួយ បក្ខពួកនិយម គ្រួសារនិយម ឲ្យចេះគោរពច្បាប់ ជានីតិរដ្ឋពិតប្រាកដ ប៉ុន្តែខ្ញុំអត់ឃើញការដឹកនាំមុន រហូតដល់រដ្ឋាភិបាលក្រោយ វារឹតតែពុករលួយបក្ខពួកគ្រួសារនិយមកាត់តែខ្លាំងទៅទៀត»។

សមាជិក​សភា​អូស្ត្រាលី​មក​ពី​បក្ស​ពលករ លោក ជូលៀន ហ៊ីល (Jullian Hill) តែងតែ​ឈាន​មុខ​គេ​ក្នុង​ការ​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា ដែល​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​រំលោភ​សិទ្ធិមនុស្ស ព្រមទាំង​ការ​ជ្រៀតជ្រែក​សហគមន៍​ខ្មែរ​ជា​ដើម។

សហគមន៍​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី គូស​បញ្ជាក់​ថា ពួកគាត់ នៅតែ​បន្ត​លើក​ឡើង ពី​បញ្ហា​អវិជ្ជមាន​នៅ​កម្ពុជា ដើម្បី​បង្ហាញ​អំពី​ការ​សាមគ្គីភាព​ជាមួយ​ពលរដ្ឋ​ខ្មែរ​រងគ្រោះ និង​បន្ត​លើក​ឡើង​នូវ​អ្វី ដែល​បាន​សន្យា​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស។ ទន្ទឹម​គ្នា​នេះ ពួកគាត់ ក៏​នឹង​បន្ត​ជំរុញ​ទៅ​រដ្ឋាភិបាល​អូស្ត្រាលី ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ទាំង​នេះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។