សកម្មជន​​ភៀស​ខ្លួន​នៅ​ម៉ាឡេស៊ី ថា ប៉ូលិស​ប៉ុនប៉ង​ចាប់ខ្លួន​ពួកគាត់ តាម​សំណើ​របស់​អាជ្ញាធរ​ខ្មែរ

ដោយ ច័ន្ទ ដារ៉ូ
2023.12.03
សកម្មជន​​ភៀស​ខ្លួន​នៅ​ម៉ាឡេស៊ី ថា ប៉ូលិស​ប៉ុនប៉ង​ចាប់ខ្លួន​ពួកគាត់ តាម​សំណើ​របស់​អាជ្ញាធរ​ខ្មែរ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ន ផល្លា បង្ហាញ​ម្រាម​ដៃ​បន្ទាប់​ពី​លាង​ជម្រះ​ទឹក​ថ្នាំ​ខ្មៅ នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៧។
RFA File

ជនភៀសខ្លួន​របស់​គណបក្ស​ប្រឆាំង​នឹង​នាំគ្នា​ដាក់ពាក្យ​ប្តឹង​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​រដ្ឋាភិបាល​ម៉ាឡេស៊ី​ឱ្យ​ជួយ​ការពារ​សុវត្ថិភាព ក្រោយ​ពេល​ប៉ូលិស​ប្រទេស​នេះ​មួយ​ក្រុម​តាម​គំរាមកំហែង និង​ប៉ុនប៉ង​ចាប់​ពួកគេ​តាម​ការ​ស្នើ​របស់​អាជ្ញាធរ​ក្រុងភ្នំពេញ​។ មន្ត្រី​សិទ្ធិមនុស្ស​ទទូច​ឱ្យ​អាជ្ញាធរ​បញ្ឈប់​រូបភាព​ធ្វើទុក្ខបុកម្នេញ​លើ​សកម្មជន​ទាំងនោះ ហើយ​រដ្ឋាភិបាល​ងាក​មក​បើក​លំហ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើងវិញ។

ជនភៀសខ្លួន​នយោបាយ​លើកឡើង​​ថា ទោះបី​ប្រទេស​ម៉ាឡេស៊ី​មាន​រដ្ឋាភិបាល​ថ្មី​ជា​អ្នក​ប្រជាធិបតេយ្យ​យ៉ាង​ណា​ក្តី តែ​ប៉ូលិស​មួយ​ចំនួន​នៅ​ប្រទេស​នេះ​មាន​ទំនាក់ទំនង​ស្អិតល្មួត​ជាមួយ​អាជ្ញាធរ​ក្រុងភ្នំពេញ​ក្នុង​ការ​ដើរ​បំភិតបំភ័យ ឬ​ធ្វើទុក្ខបុកម្នេញ​លើ​ជនភៀសខ្លួន​ផ្នែក​នយោបាយ។

ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​រាជធានី​ភ្នំពេញ លោក ម៉ន ផល្លា ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ម៉ាឡេស៊ី ឱ្យ​ដឹង​ថា​អាជ្ញាធរ​មូលដ្ឋាន និង​ប៉ូលិស​ជិះ​២​ឡាន​គ្រឿង​បាន​ឈប់​មុខ​ផ្ទះ​ជួល​រស់​លោក​នៅ​តំបន់​កាឡាំបុ័ង (Kalumpang) រដ្ឋ​សេឡាងហ្គ័រ (Selanggor) កាល​ពី​យប់​ថ្ងៃ​២៧ ខែវិច្ឆិកា​។ លោក​បន្ត​ថា ហេតុការណ៍​នេះ​កើតឡើង​មួយថ្ងៃ​បន្ទាប់​ពី​ប៉ូលិស​មាន​គ្នា​៤​នាក់ ជិះឡាន​អង្គភាព​មួយ​គ្រឿង​បាន​បង្ហាញ​រូបថត​មាន​លោក និង​សកម្មជន​ផ្សេងទៀត​ថត​ជាមួយ​លោក សម រង្ស៊ី ឱ្យ​កូន​របស់​លោក​មើល​ដោយ​ចោទ​ថា ជា​ក្រុម​ឧទ្ទាម​រស់នៅ​ម៉ាឡេស៊ី ដែល​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ចាប់ខ្លួន​។ លោក​យល់​ថា ការ​ដែល​ប៉ូលិស​មាន​រូបថត​នៅ​ក្នុង​ដៃ និង​ចោទ​ប្រកាន់​បែប​នេះ​កំពុង​គំរាមកំហែង​ដល់​សុវត្ថិភាព​របស់​ពួក​លោក។

លោក ម៉ន ផល្លា៖ «ខ្ញុំ​ពិតជា​មានការ​ភ្ញាក់ផ្អើល​ទាក់ទង​នឹង​ប៉ូលិស​មូលដ្ឋាន​នេះ​មាន​រូបថត​ពួក​យើង​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​នៅក្នុង​ដៃ​ពួកគេ ហើយ​ពួក​យើង​ក៏​មាន​ការ​ព្រួយបារម្ភ​ទាក់ទង​នឹង​ការ​ចាប់ខ្លួន​នៅ​ពេល​ណាមួយ​នៅ​ពេល​អន្តរាគមន៍​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច»។​

ជាមួយ​គ្នា​នេះ​ដែរ ប្រធាន​គណៈកម្មការ​សម្របសម្រួល​ជនភៀសខ្លួន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី លោក អៈម៉ាត់ ចាមាល ថ្លែង​ថា ចាប់​តាំង​ពី​លោក និង​សកម្មជន​គណបក្ស​ទៅ​ទទួល​ស្វាគមន៍​លោក សម រង្ស៊ី កាលពី​ចុងខែ​ឧសភា​មក ប៉ូលិស​ចារកម្ម​ម៉ាឡេស៊ី​មួយ​ក្រុម​បាន​តាម​គំរាម​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ប៉ុន្តែ​ករណី​នេះ​បាន​ស្ងប់ស្ងាត់​ទៅវិញ​មួយ​រយៈ​ក្រោយ​លោក​រាយការណ៍​ទៅ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ម៉ាឡេស៊ី​នៅ​ពេល​នោះ។ ទោះយ៉ាងណា​លោក​អះអាង​ថា ករណី​ដដែល​នេះ​បន្ត​កើតឡើង​សាជាថ្មី​ទៀត​រហូត​ដល់​លោក និង​គ្រួសារ​សកម្មជន​ផ្សេងទៀត​ព្រួយបារម្ភ​ពី​សុវត្ថិភាព ហើយ​អ្នកខ្លះ​ត្រូវ​ប្តូរ​កន្លែង​ស្នាក់នៅ ដោយ​បារម្ភ​ពី​ការ​ចាប់​ពង្រត់​ដូច​ជនភៀសខ្លួន​ភូមា​កាល​ពី​ពេល​ថ្មីៗ​នេះ។

លោក អៈម៉ាត់ ចាមាល៖ «ជន​ផ្ដាច់ការ​គឺ​លោក ហ៊ុន សែន មិន​ឱ្យ​យើង​រស់នៅ​ដោយ​សុវត្ថិភាព ឬក៏​ដោយ​ស្រួល​ទេ​របប​កុម្មុយនីស្ត​ហ្នឹង សូម​ឱ្យ​រដ្ឋាភិបាល​កម្ពុ​ជា​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត សព្វថ្ងៃ​ឈប់​ទៅ ពីព្រោះ​យើង​មិន​ចង់​ឈ្លោះ ឬ​ចង់​ធ្វើសង្គ្រាម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ យើង​គ្រាន់តែ​ចង់​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​វិញ​តែប៉ុណ្ណោះ»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​លោក អាន សុខឿន និង​អគ្គ​កុងស៊ុល​នៃ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី ដើម្បី​ឆ្លើយតប​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​២ ខែធ្នូ។យ៉ាងណា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា​រដ្ឋាភិបាល​ពុំ​មាន​បំណង​ធ្វើបាប ឬ​តាម​ចាប់​សកម្មជន​រត់​ភៀសខ្លួន​ដោយសារ​រឿង​នយោបាយ​ត្រឡប់​មក​កម្ពុជា​វិញ​នោះ​ទេ​។ ប៉ុន្តែ​លោក​ថា បើសិន​សកម្មជន​ទាំងនោះ​មាន​ដីកាចាប់ខ្លួន​ពី​តុលាការ ឬ​បម្រើ​សកម្មភាព​នយោបាយ​ឱ្យ​មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​នោះ​ពួកគេ​មិន​រួចខ្លួន​ឡើយ។

លោក សុខ ឥសាន៖ «អ្នកឯង​ចូល​ដៃ​ជាមួយ សម រង្ស៊ី ដែល​ជា​អ្នកនយោបាយ​ជ្រុលនិយម​ហើយ អាហ្នឹង​ខ្ញុំ​មិនដឹង​ទេ បើ​មានការ​ចោទប្រកាន់​ពី​តុលាការ អាហ្នឹង​គេច​មិន​រួច​ទេ បើ​អត់​មានការ​ចោទប្រកាន់​ពី​តុលាការ​ទេវា​អត់​មាន​បញ្ហា​អ្វី​ទេ ទោះបី​គាត់​ថតរូប​ជាមួយ​អ្នកនយោបាយ​ណាក៏ដោយ​អត់​មាន​បញ្ហា​អ្វី​ដែរ»

លោក សម រង្ស៊ី និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​រូប​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​ម៉ាឡេស៊ី ដែល​ទទួល​ស្វាគមន៍ ដោយ​សកម្មជន និង​ពលរដ្ឋ​ខ្មែរឥស្លាម​នៅ​ព្រះ​លាន​យន្តហោះ នៅ​ទីក្រុង​កូឡាឡាំពួរ (Kuala Lumpur) កាល​ពី​ថ្ងៃទី​២៩ ខែឧសភា​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​លោក​បាន​ជួប​តំណាងរាស្ត្រ និង​មន្ត្រី​រដ្ឋាភិបាល​ម៉ាឡេស៊ី​មួយចំនួន​ជជែក​អំពី​បញ្ហា​លំហ​សេរីភាព និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ វត្តមាន​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​បាន​ធ្វើ​ឱ្យ​លោក ហ៊ុន សែន ផ្ទុះ​កំហឹង ហើយ​ប្រឌិត​ព័ត៌មាន​ថា រដ្ឋាភិបាល​ម៉ាឡេស៊ី​បណ្តេញ​លោក សម រង្ស៊ី ចេញ​ពី​ប្រទេស​ជាដើម។

ទាក់ទង​រឿង​នេះ អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា ការ​គំរាមកំហែង​លើ​សកម្មជន​នយោបាយ​ដែល​ជា​ជនភៀសខ្លួន និង​ទទួល​ស្គាល់​ដោយ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ​នេះ​នឹង​ធ្វើ​ឱ្យ​ពួកគេ​កាន់តែ​ប្រឈម​គ្រោះថ្នាក់ ដែល​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​ចាត់វិធានការ​ទប់ស្កាត់​ជា​បន្ទាន់​ដើម្បី​ការពារ​ពួកគេ។

លោក ស៊ឹង សែនករុណា៖ «វា​ជា​រឿង​ធ្វើ​ឱ្យ​យើង​មានការ​ព្រួយបារម្ភ​ចំពោះ​គាត់​ជា​អ្នកធ្វើនយោបាយ ជា​សកម្មជន​នយោបាយ​ដែល​មាន​ប្រកាន់​និន្នាការ ឬ​ទស្សន​ប្រឆាំង​ហ្នឹង​នឹង​អាច​រង​ការ​ធ្វើបាប ធ្វើទុក្ខបុកម្នេញ​ផ្សេងៗ​បន្ត​ទៀត បញ្ហា​ទាំងអស់​នេះ​ស្ថានភាព​នយោបាយ​មិនអាច​ធូរស្រាល​បានទេ បើ​ទស្សន​របស់​គណបក្ស​កាន់អំណាច​នៅតែ​ប្រកាន់​ជំហរ​ថា បក្ស​ប្រឆាំង​ជា​ខ្មាំង ជាស​ត្រូវ ជា​ក្រុម​ឧទ្ទាម​បែបនេះ»

បច្ចុប្បន្ន​មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជិត ២០​គ្រួសារ​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ម៉ាឡេស៊ី ដោយសារ​អាជ្ញាធរ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ធ្វើ​ទុក្ខបុកម្នេញ​។ អ្នកខ្លះ​មាន​ដីកា​ចាប់ខ្លួន​ពី​តុលាការ ឬ​ជាប់​ឈ្មោះ​នៅ​ក្នុង​បញ្ជីខ្មៅ​ត្រូវ​ចាប់​ខ្លួន​របស់​អាជ្ញាធរ​កម្ពុជា ដោយសារតែ​ពួកគាត់​បន្ត​គាំទ្រ​សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ ជាពិសេស​គាំទ្រ​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី កាលពី​ឆ្នាំ​២០១៩​។ ក្នុង​នោះ​មាន​សកម្មជន​មួយ​ចំនួន​បាន​ត្រឡប់​ទៅ​កម្ពុជា​វិញ​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច ហើយ​សកម្មជន​ពីរ​នាក់​ត្រូវ​បាន​ប៉ូលិស​ម៉ាឡេស៊ី​ចាប់ខ្លួន​បម្រុង​បញ្ជូន​ឱ្យទៅ​រដ្ឋាភិបាល​កម្ពុជា គឺ​លោក សេង សៀងលាង និង​កញ្ញា ងឹម គាថា តែ​ត្រូវ​បាន​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​នៅ​ប្រទេស​ម៉ាឡេស៊ី​ជួយ​ទាន់​ពេល នឹង​បាន​បញ្ជូន​ទៅ​ប្រទេស​កាណាដា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
មន្ត្រី​បក្ស​ប្រឆាំង​ថា លោក ហ៊ុន សែន បញ្ចេញ​សារ​រឿង​បដិសេធ​យុវជន​ម្នាក់​នៅ​ជប៉ុន​ស្នើ​សុំ​ធ្វើជា​ទីប្រឹក្សា​ជា​នយោបាយ​ប្រជាភិថុតិ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។