ពលរដ្ឋខ្មែរប្រកាសនាំគ្នាតវ៉ាប្រឆាំងលោក ហ៊ុន សែន នៅមុខអគាររៀបចំវេទិកាចំណេះដឹងពិភពលោកក្នុងប្រទេសកូរ៉េខាងត្បូង
2024.09.09
ពលរដ្ឋខ្មែរនៅប្រទេសកូរ៉េខាងត្បូងប្រកាសនាំគ្នាតវ៉ាប្រឆាំងវត្តមានលោក ហ៊ុន សែន នៅពីមុខអគាររៀបចំវេទិកាចំណេះដឹងពិភពលោក ដែលលោកចូលរួមនៅថ្ងៃទី១០ ខែកញ្ញា ដែលក្រុមអ្នកតវ៉ាចាត់ទុកលោកថា ជាមេដឹកនាំផ្ដាច់ការ រំលោភសិទ្ធិមនុស្ស និងបំផ្លាញលទ្ធិប្រជាធិបតេយ្យ។ អ្នកឃ្លាំមើលយល់ថា លោក ហ៊ុន សែន គួរបើកចិត្តទទួលសំណើ ឬក្ដីកង្វល់ពលរដ្ឋខ្មែរយកទៅដោះស្រាយ ហើយងាកទៅផ្សះផ្សាផ្នែកនយោបាយនៅក្នុងប្រទេសខ្លួនជាមុន ទើបលោកមានគុណតម្លៃសម្រាប់ជាតិ និងពិភពលោក។
ប្រជាពលរដ្ឋខ្មែរនៅប្រទេសកូរ៉េលើកឡើងថា នឹងនាំគ្នាចេញតវ៉ានៅព្រឹកថ្ងៃអង្គារ ទី១០ ខែកញ្ញា នៅមុខច្រកចូលអគារ អ៊ីនស្ប៉ាយអើរ៍ អនធ័រធេនមិន រីសត (Inspire Entertainment Resort) ក្នុងទីក្រុងអ៊ីនឆន់ (Incheon) ជាកន្លែងដែលលោក ហ៊ុន សែន ចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី២៥ នៅប្រទេសកូរ៉េខាងត្បូង។
ប្រធានក្រុមប្រឹក្សាភិបាលនៃចលនាប្រជាធិបតេយ្យរួបរួមជាតិប្រចាំប្រទេសកូរ៉េខាងត្បូង លោក ស សុខេម ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៩ ខែកញ្ញាថា ពួកលោកនឹងឈរលើកបដាសម្ដែងមតិ នៅមុខច្រកចូលអគារនៃកិច្ចប្រជុំ អមដោយញត្តិមានហត្ថលេខាពីពលរដ្ឋខ្មែររស់នៅទីនោះ ដើម្បីទាមទារឱ្យលោក ហ៊ុន សែន ដកខេត្តខ្មែរចំនួន៤ ចេញពីគម្រោងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) ព្រមទាំងទាមទារឱ្យបើកលំហសេរីភាពពលរដ្ឋ និងដោះលែងអ្នកជាប់ឃុំដោយសារហេតុផលនយោបាយទាំងអស់ដោយឥតលក្ខខណ្ឌ។ ម្យ៉ាងទៀត លោកថា ការសម្ដែងមតិនេះ ក៏ជាសារសំខាន់មួយចង់បង្ហាញឱ្យមេដឹកនាំពិភពលោកមើលឃើញថា លោក ហ៊ុន សែន ដែលមានវត្តមាននៅលើវេទិកានោះ គឺជាមេដឹកនាំផ្ដាច់ការ ធ្វើបាបប្រជាពលរដ្ឋខ្មែរ និងបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា។
លោក ស សុខេម៖ «វត្តមានគាត់នៅក្នុងវេទិកានេះមិនស័ក្ដិសមទេ ពីព្រោះគាត់មិនមែនជាអ្នកនាំសុខដុមរមនាដល់ពិភពលោកទេ។ ដូចយើងឃើញជាក់ស្ដែងអ៊ីចឹង ការបំផ្លាញធនធានធម្មជាតិ ព្រៃឈើ គឺនាំឱ្យតែពិភពលោកក្ដៅក្រហាយទេ ហើយពលរដ្ឋក្នុងស្រុក ក៏ក្ដៅក្រហាយផងដែរ ដោយសារគាត់បានបំបាក់ បានបំផ្លាញគេ។ ខ្ញុំជឿជាក់ថា សារនេះយើងផ្ញើទៅលោក ហ៊ុន សែន សម្រាប់ពួកយើង គឺសារហ្នឹងសំខាន់ ហើយសម្រាប់រូបភាពយើងព្យាយាមឱ្យអស់លទ្ធភាពដោយសារដឹងថា គាត់មានវត្តមានផ្ទាល់ ហើយនៅកៀកយើងមែនទែន»។
ប្រធានព្រឹទ្ធសភា និងជាឪនាយករដ្ឋមន្ត្រី គឺលោក ហ៊ុន សែន រួមជាមួយមន្ត្រីកម្ពុជាជាច្រើនរូប បានធ្វើដំណើរទៅដល់ប្រទេសកូរ៉េខាងត្បូងហើយនៅរសៀលថ្ងៃទី៩ ខែកញ្ញា ដើម្បីចូលរួមវេទិកា “ចំណេះដឹងពិភពលោកលើកទី២៥” ក្រោមប្រធានបទ “មាគ៌ាឆ្ពោះទៅរកសហត្ថិភាព” ឬហៅថា ដំណើរទៅរកការរួមរស់ជាមួយគ្នា និងអត់ឱនឱ្យគ្នា។
ជាមួយគ្នានេះ លោក ហ៊ុន សែន អះអាងនៅលើហ្វេសប៊ុកថា អំឡុងពេលទស្សនកិច្ចនៅប្រទេសកូរ៉េ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកញ្ញា លោកក៏នឹងជួបមេដឹកនាំកូរ៉េខាងត្បូង រួមមានប្រធានាធិបតី ប្រធានសភា និងជួបជាមួយតំណាងក្រុមហ៊ុនរបស់កូរ៉េ។ បន្ទាប់មក លោកនឹងទៅទទួលសញ្ញាប័ត្រកិត្តិយស “ភាពជាមេដឹកនាំ និងការកសាងសន្តិភាព” នៅខេត្តឃ្យុងសាងបុកដូ(Gyeongsangbuk-Do ) ដែលរៀបចំដោយសាកលវិទ្យាល័យដុងហ្គុក (Dongguk University)។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត មើលឃើញថា លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត មានវត្តមានដល់ទីណា ពលរដ្ឋខ្មែរនៅក្រៅប្រទេសតែងធ្វើបាតុកម្មប្រឆាំងដល់ទីនោះដោយសារអំណាចគ្រួសារត្រកូល ហ៊ុន អសមត្ថភាពដោះស្រាយបញ្ហាជាតិ និងរំលោភសិទ្ធិមនុស្ស។ លោក ម៉ែន ណាត យល់ថា រដ្ឋាភិបាលកម្ពុជាគួរតែពិចារណាចំពោះសំណើរបស់ក្រុមបាតុករខ្មែរទាំងនោះ ដើម្បីពិនិត្យរកដំណោះស្រាយឱ្យមានយុត្តិធម៌ និងការផ្សះផ្សាជាតិពិតប្រាកដទើបស័ក្ដិសមជាមេដឹកនាំលើកមុខមាត់ជូនជាតិ និងចែករំលែកចំណេះដឹងអំពីការរួមរស់ជាមួយគ្នា និងអត់ឱននៅក្នុងសង្គមនោះបាន។
លោក ម៉ែន ណាត៖ «បើលោក ហ៊ុន សែន ទៅតែប្រជុំហើយ រួចមកផ្សព្វផ្សាយអំពីដំណើរទស្សនកិច្ចរបស់ខ្លួន ភូតភរប្រជាពលរដ្ឋ ហ្នឹងវាមិនឆ្លុះបញ្ចាំងពីខ្លឹមសារ ដែលគាត់ចូលរួមប្រជុំហ្នឹងទេ ហើយគាត់នៅតែបន្តប្រព្រឹត្តអំពើសាហាវនៅក្នុងប្រទេសកម្ពុជា អាហ្នឹងរឹតតែធ្វើឱ្យប្រជាពលរដ្ឋខ្មែរនៅទូទាំងពិភពលោកកាន់តែខឹងសម្បារនាំគ្នាធ្វើបាតុកម្ម តវ៉ាទ្រង់ទ្រាយធំទៅៗ ដើម្បីឱ្យរដ្ឋាភិបាលទម្លាក់ចោលគំនិតទុច្ចរិតហ្នឹងចោល»។
ប្រជាពលរដ្ឋ និងយុវជនខ្មែរនៅប្រទេសកូរ៉េខាងត្បូងលើកឡើងថា ការណ៍ដែលលោក ហ៊ុន សែន ប្រកាសព័ត៌មានឱ្យដឹងតែមួយថ្ងៃនៅមុនពេលលោកធ្វើដំណើរទៅកាន់ប្រទេសកូរ៉េ ហាក់មានចេតនាចង់បិទបាំងព័ត៌មាន ទំនងដោយសារលោក ហ៊ុន សែន ខ្លាចពលរដ្ឋខ្មែរនៅប្រទេសកូរ៉េប្រមូលគ្នាធ្វើមហាបាតុកម្មលាតត្រដាងការពិត ធ្វើឱ្យលោករងភាពអាម៉ាស់ ចំពោះសហគមន៍អន្តរជាតិ ដោយសារការដឹកនាំប្រទេសផ្ដាច់ការ បំផ្លាញប្រជាធិបតេយ្យកន្លងមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។