ដូចបានគ្រោងទុក បាតុកម្មភ្លើងទៀនរបស់គណបក្ស សង្គ្រោះជាតិ នៅទីលានខាងមុខសាលាក្រុងក្វាងជូ (Gwangju) ប្រទេសកូរ៉េចាប់ផ្ដើមហើយ គឺចាប់តាំងពីម៉ោងជាង ៤ ម៉ោងនៅប្រទេសកូរ៉េ នៅថ្ងៃទី២០ មេសានេះ។
បាតុកម្មភ្លើងទៀនរៀបចំដោយចលនាយុវជនខ្មែរនៅក្នុងប្រទេសកូរ៉េខាងត្បូង និងដឹកនាំដោយលោក សម រង្សី ប្រធានស្ដីទីគណបក្ស សង្គ្រោះជាតិ នេះ គឺដើម្បីបង្ហាញឆន្ទៈប្រឆាំងរបបក្រុងភ្នំពេញដឹកនាំដោយលោក ហ៊ុន សែន ដែលបានរំលាយគណបក្ស សង្គ្រោះជាតិ និងចាប់ឃុំខ្លួនមេដឹកនាំគណបក្ស គឺលោក កឹម សុខា។
មកល្ងាចនេះ អ្នកចូលរួមក្នុងបាតុកម្មភ្លើងទៀន រាប់ពាន់នាក់មកជាបន្តបន្ទាប់ ហើយសុទ្ធសឹងតែជាប្រជាពលរដ្ឋខ្មែរមកពីបណ្ដាប្រទេសនានា ជុំវិញពិភពលោក ដូចជា សហរដ្ឋអាមេរិក អូស្ត្រាលី បារាំង អូទ្រីស អាល្លឺម៉ង់ ហ្វាំងឡង់ ហ្វីលីពីន ជប៉ុន ហើយបាតុករច្រើនលើសលុបជាងគេនោះ គឺពលករខ្មែរ ដែលរស់នៅក្នុងប្រទេសកូរ៉េខាងត្បូងនេះតែម្ដង។
បាតុកម្មភ្លើងទៀនរបស់អ្នកប្រជាធិបតេយ្យខ្មែរ ដែលយកគំរូតាមមហាបាតុកម្មភ្លើងទៀនរបស់អ្នកប្រជាធិបតេយ្យប្រទេសកូរ៉េនេះ គឺដើម្បីបង្ហាញការប្ដេជ្ញាចិត្ត និងការតស៊ូ ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស នៅកម្ពុជាឡើងវិញ។
នៅខណៈនេះ អ្នកយកព័ត៌មានអាស៊ីសេរីពីររូប គឺលោក ជុន ច័ន្ទបុត្រ និងលោក ជី វិតា កំពុងមានវត្តមាននៅទីលានបាតុកម្មភ្លើងទៀនខាងមុខសាលាក្រុងក្វាងជូ ដើម្បីរាយការណ៍ព័ត៌មានជូនលោកអ្នកនាង។ ដើម្បីដឹងលំអិតពីស្ថានភាពបាតុកម្មនេះ ហើយថា តើអ្នកចូលរួមចង់បញ្ចេញសារអ្វីខ្លះ?
សូមស្ដាប់សេចក្ដីរាយការណ៍ផ្ទាល់ពីលោក ជុន ច័ន្ទបុត្រ និងលោក ជី វិតា ពីទីក្រុងក្វាងជូ ដូចតទៅ