សកម្មជនគណបក្សភ្លើងទៀនទៅស្វែងរកកម្លាំងគាំទ្រពីពលករខ្មែរដែលកំពុងរស់នៅនិងធ្វើការក្នុងប្រទេសថៃ ស្របពេលដែលការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០២៣ ជិតមកដល់។ សកម្មជនគណបក្សភ្លើងទៀន បានផ្សព្វផ្សាយពីគោលនយោបាយរបស់បក្ស និងលើកទឹកចិត្តឲ្យពលករខ្មែរទៅចូលរួមបោះឆ្នោតនៅពេលខាងមុខ ក្នុងការស្វែងរកការគាំទ្រនេះ។
សកម្មជនគណបក្សភ្លើងទៀនបានធ្វើដំណើរពីកម្ពុជាមកប្រទេសថៃ ដើម្បីស្វែងរកការគាំទ្រពីពលករខ្មែរ ហើយពួកគាត់លើកទឹកចិត្តពលករខ្មែរនៅថៃ ឲ្យទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រឆ្នាំ២០២៣ ខាងមុខ។
ប្រធានក្រុមការងារខេត្តកោះកុង មកពីគណបក្សភ្លើងទៀន ដែលបានទៅជួបពលករខ្មែរនៅថៃ លោក ចិន សុផល ប្រាប់វិទ្យុអាស៊ីសេរី នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ថា លោកនិងក្រុមការងារមួយចំនួនទៀតមកសួរសុខទុក្ខពលករខ្មែរ និងឆ្លៀតឱកាសពង្រឹងឆន្ទៈនយោបាយរបស់គណបក្សភ្លើងទៀន ក្នុងការប្រកួតប្រជែងការបោះឆ្នោតឆ្នាំ២០២៣។ លោករីករាយពេលដែលឃើញពលករខ្មែរចេះស្រឡាញ់រាប់អានគ្នា និងមានទឹកចិត្តគាំទ្រគណបក្សភ្លើងទៀន។ លោកអំពាវនាវដល់ពលករខ្មែរនៅថៃ កុំភ្លេចទៅចូលរួមការបោះឆ្នោតនៅពេលខាងមុខ ហើយត្រូវដាស់តឿនមិត្តភ័ក្ដិសាច់ញាតិឲ្យទៅបោះឆ្នោត ដើម្បីជ្រើសរើសតំណាងរាស្ត្រដែលខ្លួនពេញចិត្ត៖
«ធ្វើម៉េចឲ្យមានការបោះឆ្នោតគ្រប់គ្នា កុំឲ្យអាក់ខាន ហើយលើកទឹកចិត្តធ្វើម៉េចឲ្យពួកគាត់គាំទ្រគណបក្សភ្លើងទៀន ដើម្បីធ្វើឲ្យមានការផ្លាស់ប្ដូរមួយ ហើយមានការគោរពសិទ្ធិមនុស្សនៅកម្ពុជា ហើយនិងឲ្យមានការអភិវឌ្ឍ មានយុត្តិធម៌ត្រឹមត្រូវស្របតាមគោលនយោបាយគណបក្សភ្លើងទៀន»។
សកម្មជននយោបាយមកពីគណបក្សភ្លើងទៀន ក៏បានស្នើឲ្យពលករខ្មែរនៅប្រទេសថៃ ទៅចូលរួមការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០២៣ ទាំងអស់គ្នា និងសុំឲ្យពលករខ្មែរគាំទ្រគណបក្សភ្លើងទៀន។
ពលករខ្មែរប្រមាណមួយរយ(១០០)នាក់មកពីតំបន់ផ្សេងៗ បានមកជួបជុំគ្នានៅខេត្តនន្ទបុរី (Non Buri) ប្រទេសថៃ ដើម្បីស្វាគមន៍ក្រុមសកម្មជនគណបក្សភ្លើងទៀន និងបានស្ដាប់សារនយោបាយរបស់គណបក្សភ្លើងទៀន ស្ដីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាធ្លាក់ចុះ ហើយគ្មានការគោរពសិទ្ធិមនុស្ស និងសេរីភាពការបញ្ចេញមតិរបស់ពលរដ្ឋ។
ពលករខ្មែរម្នាក់ ដែលចូលរួមក្នុងការជួបជុំនេះ និងជាអ្នកគាំទ្រគណបក្សភ្លើងទៀន លោក វត ជីវ័ន្ត ប្រាប់ថា លោកនឹងខំលើកទឹកចិត្តដល់ពលករខ្មែរឲ្យទៅចូលរួមការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ ដើម្បីលើកស្ទួយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោកបន្តថា លោកស្រឡាញ់គោលនយោបាយ និងការដឹកនាំរបស់គណបក្សភ្លើងទៀន ហើយជឿជាក់ថាគណបក្សភ្លើងទៀននឹងនាំមកនូវការរីកចម្រើនដល់ប្រទេស៖
«ចំពោះខ្ញុំបាទមានការរំពឹងមួយរយភាគរយឲ្យតែគណបក្សភ្លើងទៀនដូចថាមានការសាមគ្គីគ្នា ហើយបានណែនាំបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលចំណាកស្រុកនៅប្រទេសថៃហ្នឹងក៏បានណែនាំគាត់ទៅចុះបោះឆ្នោត។ ខ្ញុំបាទក៏មានសេចក្ដីសោមនស្សរីករាយដែលបានបងប្អូនមកកុះករ»។
ស្រដៀងគ្នានេះដែរ ពលករខ្មែរម្នាក់ទៀត ដែលកំពុងធ្វើការនៅប្រទេសថៃ លោក អ៊ុន សុណា ឲ្យដឹងថា លោក និងពលករខ្មែរ ដែលមកជួបជុំពេលនេះ គឺចង់ឲ្យមានការផ្លាស់ប្ដូរប្រកបដោយលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា។ លោកបន្តថា លោកចង់ឃើញថ្នាក់ដឹកនាំយកចិត្តទុកដាក់លើសុខទុក្ខរបស់ពលរដ្ឋ ជាពិសេសពលករចំណាកស្រុក៖
«ជាសកម្មជនមួយរូបដែលធ្វើការក្នុងប្រទេសថៃ ដើម្បីជួយជំរុញពលករយើងនៅក្នុងប្រទេសថៃហ្នឹង ឲ្យគាំទ្រលទ្ធិប្រជាធិបតេយ្យ ឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាន ផ្លាស់ប្ដូរតាមរយៈការបោះឆ្នោតមិនមែនផ្លាស់ប្ដូរតាមរយៈអំពើហិង្សាទេ។ អ៊ីចឹងខ្ញុំមានអារម្មណ៍សប្បាយចិត្ត ដែលថ្ងៃនេះបានមកជួបបងប្អូនពលករដ៏ច្រើន»។
បន្ទាប់ពីការជួបជុំនេះ ពលករខ្មែរក៏បានជជែកសួរសុខទុក្ខគ្នាទៅវិញទៅមកប្រកបដោយភាពរីករាយ ហើយបានហូបនាំបញ្ចុក ដែលពួកគាត់ចាត់ទុកថា ជាអាហារសាមគ្គីមួយរបស់ខ្មែរតាំងពីយូរលង់មកហើយ។
ជុំវិញរឿងនេះដែរ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា លើកឡើងថា ការស្វែងរកសំឡេងគាំទ្ររបស់គណបក្សភ្លើងទៀន នៅប្រទេសថៃ ហើយមានពលករមកចូលរួមស្ដាប់ នោះជាសិទ្ធិរបស់ពលរដ្ឋគ្រប់រូបអាចប្រើបានគ្រប់ទីកន្លែង។ លោកបន្តថា សូម្បីតែគណបក្សកាន់អំណាច ក៏មានការឃោសនារកការគាំទ្រពីពលរដ្ឋនៅក្រៅប្រទេសដែរ៖
«ជារឿងធម្មតាទេគណបក្សមួយៗ គាត់មានសិទ្ធិក្នុងការធ្វើការជួបជុំ ការគាងគរ ការគាំទ្រអាហ្នឹងវាជាសេរីភាពរបស់ពួកគាត់ហើយ ក្នុងប្រទេសក្រៅប្រទេស។ ទោះបីជាបក្សកាន់អំណាចក្នុងពេលបច្ចុប្បន្នគាត់ក៏ស្វះស្វែងរកការគាំទ្រពីក្រៅប្រទេសដែរ។ ទោះបីថានៅក្នុងប្រទេសគាត់មានអ្នកគាំទ្រ ហើយឈ្នះឆ្នោតក្នុងការដឹកនាំប្រទេសហើយក៏ដោយ អាហ្នឹងវាជាសិទ្ធិសេរីភាពរបស់គណបក្សនយោបាយមួយៗណាបាទ»។
សកម្មជនបក្សប្រឆាំងឲ្យដឹងថា មានសកម្មជនគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅភៀសខ្លួនក្នុងប្រទេសថៃជិតសែសិប (៣៦) នាក់។ របាយការណ៍របស់អង្គការសង់ត្រាល់ ឲ្យដឹងថា ពលករខ្មែរ ដែលកំពុងរស់នៅ និងធ្វើការក្នុងប្រទេសថៃ ទាំងស្របច្បាប់ និងមិនស្របច្បាប់មានជាងពីរលាន(២.០០០.០០០) នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។