សកម្មជនគណបក្សភ្លើងទៀននៅខេត្តប៉ៃលិន ចោទប្រកាន់អាជ្ញាធរក្រុងប៉ៃលិន ថាបានរឹតត្បិតសកម្មភាពធ្វើនយោបាយរបស់ពួកគេកាន់តែខ្លាំង។ ប្រតិកម្មនេះធ្វើឡើងក្រោយពេលអាជ្ញាធរក្រុងនេះបានរារាំងពួកគេលើកស្លាកគណបក្ស ដើម្បីត្រៀមចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅមិថុនាខាងមុខ។
សកម្មជនគណបក្សភ្លើងទៀន រិះគន់អាជ្ញាធរក្រុងប៉ៃលិនថា ប្រើល្បិចស្មោកគ្រោករារាំងសកម្មភាពនយោបាយពួកគេបែបនេះ ដោយសារព្រួយបារម្ភខ្លាចចាញ់ការបោះឆ្នោតនៅពេលខាងមុខ។
ប្រធានគណបក្សភ្លើងទៀន ខេត្តប៉ៃលិនលោក ខឹម មុនីកុសល ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៣ ខែមករាថា ស្របពេលដែលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាន់តែខិតជិតចូលមកដល់ គឺអាជ្ញាធរក្រុងប៉ៃលិនបានរឹតត្បិតសកម្មភាពធ្វើនយោបាយរបស់គណបក្សលោកកាន់តែខ្លាំង។ លោកបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែមករា អភិបាលរងក្រុងប៉ៃលិនលោក ចក់ ឬទ្ធី បានដឹកនាំប៉ូលិសជាច្រើននាក់រារាំងពួកលោកមិនឱ្យលើកស្លាកគណបក្សនៅលើដីកម្មសិទ្ធិរបស់សកម្មជនបក្សលោកនោះទេ បើទោះបីជាលោកបានបង្ហាញលិខិតជូនដំណឹងទៅសាលាខេត្តប៉ៃលិនក៏ដោយ។ ជាងនេះទៅទៀត លោកថា អាជ្ញាធរបានឱ្យមេភូមិដើរហាមឃាត់សកម្មជនមិនឱ្យចូលរួមជាមួយគណបក្សភ្លើងទៀនលើកស្លាកគណបក្សថែមទៀត។
លោកចាត់ទុកសកម្មជនអាជ្ញាធរក្រុងរូបនេះថា ជាការបន្ទច់បង្អាក់រារាំងសកម្មជនគណបក្សលោកមិនឱ្យធ្វើសកម្មភាពនយោបាយ បានដោយរលូនពីព្រោះព្រួយបារម្ភពីប្រជាប្រិយគណបក្សភ្លើងទៀនដែលជាឆ្អឹងទទឹងកដល់គណបក្សកាន់អំណាច៖ «ខ្ញុំថា ចុះឥឡូវស្លាកស្រាបៀ ស្លាកគណបក្សផ្សេងៗដាក់ជាប់មាត់ផ្លូវជិះម៉ូតូចឹងហ្នឹង តើវាត្រូវបច្ចេកទេសឬអត់ គាត់អត់ឆ្លើយទេ គាត់ថា បើឃើញគេខុសយើងខុសតាមគេម៉េច។ គាត់និយាយដដែលៗថា ខ្ញុំមិនសហការ ហើយអត់អនុញ្ញាតឱ្យលើក។ បើសិនជាស្ថានភាពការរឹតត្បិតការឆាឆៅបែបនេះ ខ្ញុំគិតថា បរិយាកាសការបោះឆ្នោតហ្នឹងវាមិនអាចល្អបានទេ។ អីចឹងហើយក៏សុំអំពាវនាវឱ្យអាជ្ញាធរហ្នឹងពិនិត្យឡើងវិញ កុំយកហេតុផលដែលមិនសមរម្យហ្នឹងមកគាបសង្កត់ » ។
ឆ្លើយតបនឹងការចោទប្រកាន់នេះ អភិបាលរងក្រុងប៉ៃលិនលោក ចក់ ឬទ្ធី ប្រាប់វិទ្យុអាស៊ីសេរីថា លោកមិនព្រួយបារម្ភពីប្រជាប្រិយគណបក្សភ្លើងទៀននោះទេ។លោកបន្តថា មូលហេតុដែលលោកដឹកនាំកម្លាំងទៅហាមឃាត់នោះ ដោយសារសកម្មជនគណបក្សនេះលើកស្លាកនៅកៀកផ្លូវសាធារណៈ ដោយមិនបានសហការជាមួយអាជ្ញាធរនោះទេ៖ «ខ្ញុំចង់និយាយថាអាហ្នឹងរឿងជានីតិវិធីគាត់ត្រូវជូនដំណឹងឱ្យគេអីចឹងឯងនៅក្នុងច្បាប់។ ក៏ប៉ុន្តែអ្វីដែលខ្ញុំបានធ្វើការជាមួយគាត់ ខ្ញុំអត់និយាយរឿងហ្នឹងទេ ខ្ញុំចង់និយាយថាគាត់ធ្វើហ្នឹងវា ចូលមកក្នុងចំណីផ្លូវហ្នឹងវាជ្រុលពេលវាតែមួយម៉ែត្រពីចិញ្ចើមផ្លូវហ្នឹងវាអាចថ្ងៃក្រោយទៅខ្លួនគាត់ហ្នឹងទីមួយវាប៉ះពាល់សណ្ដាប់ធ្នាប់ ទី២ខ្លួនគាត់វាត្រូវខូចស្លាករបស់គាត់ថ្ងៃក្រោយទៅអ្នកណាទទួលខុសត្រូវ។គាត់ច្បាប់ច្បាស់ជាចោទថាពួកខ្ញុំនេះទៅបំផ្លិចបំផ្លាញ ទ្រព្យរបស់គាត់ឬធ្វើឱ្យខូចស្លាករបស់គាត់ » ។
វីដេអូឃ្លិបដែលវិទ្យុអាស៊ីសេរីទទួលបាន បង្ហាញថា សកម្មជនបក្សភ្លើងទៀនជាង១០នាក់ បានលើកស្លាកគណបក្ស២កន្លែងផ្សេងគ្នា ដោយកន្លែងទី១លើកចំងាយពីផ្លូវប្រហែល៣ម៉ែត្រនៅសង្កាត់ទួលល្វាក្រុងប៉ៃលិន។គ្រានោះអភិបាលរងក្រុងរូបនេះ បានដឹកនាំប៉ូលិសប្រហែល៥នាក់ទៅដកស្លាកគណបក្សភ្លើងទៀនចេញវិញ ប៉ុន្តែក្រុមសកម្មជនទាំងនោះមិនព្រម ហើយអាជ្ញាធរក៏បញ្ឈប់រើវិញ ក្រោយពីពួកគេស្នើសុំអាជ្ញាធរលើកស្លាកឱ្យរួចសិន ចាំអាជ្ញាធរស្លៀកពាក់ឯកសណ្ឋានដកស្លាកដោយខ្លួនឯង ។មួយកន្លែងទៀតលើកស្លាកចំងាយជាង១ម៉ែត្រពីចិញ្ចើមផ្លូវនៅសង្កាត់បរយ៉ាខា គ្រានោះអាជ្ញាធរក៏បញ្ជាឱ្យដកស្លាកចេញដែរ ដោយនិយាយថា ការលើកស្លាកនេះពួកគេមិនបានសហការជាមួយអាជ្ញាធរក្រុងជាមុន។
Posted by គណបក្សភ្លើងទៀនខេត្តប៉ៃលិន on Sunday, January 23, 2022
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc)ខេត្តបាត់ដំបង និងខេត្តប៉ៃលិនលោក យិន ម៉េងលី យល់ថា អាជ្ញាធរធ្វើបែបនេះបានទំនងជាមានបញ្ជាពីថ្នាក់លើឱ្យចុះរារាំងសកម្មជនបក្សនយោបាយលើកស្លាកគណបក្ស។លោកចាត់ទុកសកម្មភាពរបស់អាជ្ញាធរបែបនេះ ថា ជាការគំរាមកំហែងបិទសិទ្ធសេរីភាពរបស់សកម្មជនគណបក្សនយោបាយដោយខុសច្បាប់៖ «មិនមែនគំរាមកំហែងតែទៅលើកគណបក្សនយោបាយទេ សូម្បីតែសង្គមស៊ីវិលក៏គេរឹតត្បិតដែរ។អីចឹងក្នុងចំណោលខេត្តទាំងអស់ខេត្តនេះគឺ មានការលំបាកជាងគេណាស់អីចឹងបានខ្ញុំគិតថាគប្បីមានអន្តរាគមន៍ណាមួយពីក្រសួងមហាផ្ទៃ ក្រសួងមហាផ្ទៃបានដឹងបញ្ហាហ្នឹងឬអត់ ហើយបើដឹងបញ្ហាហ្នឹងហើយក្រសួងមិនចាត់វិធានការ ស្មើហ្នឹងក្រសួងចូលដៃចូលជើងដែរ។ខ្ញុំក៏លើកទឹកចិត្តឱ្យអ្នកពាក់ព័ន្ធទាំងអស់ប្ដឹងរឿងហ្នឹងទៅក្រសួងមហាផ្ទៃបើយើងមិនអាចប្រឹងទៅគជបគេអត់ទទួលប៉ិចក៏គេអត់ទទួលប្ដឹងទៅអាជ្ញាធរវាជាប់ទាំងអ្នកប្រព្រឹត្តនិងអ្នករំលោភនៅទីនោះ»។
គណបក្សភ្លើងទៀន បានចុះជួបសកម្មជននៅតាមមូលដ្ឋាន និងបានលើកស្លាកគណបក្សស្ទើរតែទូទាំងប្រទេសហើយ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៥ខែមិថុនាខាងមុខ។ ចាប់តាំងពីគណបក្សនេះបានចុះជួបសកម្មជនរយៈពេលប្រមាណ២ខែមក មានប្រជាពលរដ្ឋជាច្រើនចាប់អារម្មណ៍និងបានចូលរួមធ្វើនយោបាយជាមួយគណបក្សនេះ។
ដោយឡែកនៅខេត្តប៉ៃលិនវិញ គណបក្សមួយនេះបានលើកស្លាក់ដំបូងកាលពីថ្ងៃទី២២ខែធ្នូកន្លងទៅ ហើយរហូតមកដល់ពេលនេះទើបតែលើកស្លាកបាន៧កន្លែងប៉ុណ្ណោះ គឺនៅក្រុងប៉ៃលិន ២ទីតាំងនិងនៅស្រុកសាលាក្រៅចំនួន៥កន្លែង ដោយសារអាជ្ញាធររឹតត្បិតធ្វើឱ្យពួកគេពិបាកក្នុងការលើកស្លាកនិងធ្វើសកម្មភាពនយោបាយ។ សកម្មជនគណបក្សភ្លើងទៀនខេត្តនេះក៏គ្រោងលើកស្លាកគណបក្សជាបន្តបន្ទាប់ទៀតចាប់ពីថ្ងៃទី២៤មករាតទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។