ស្ថាបនិកគណបក្សបេះដូងជាតិសោកស្ដាយដែលតុលាការកំពូលសម្រេចបដិសេធបណ្តឹងរបស់គណបក្សនេះជុំវិញករណីក្រសួងមហាផ្ទៃមិនព្រមចុះបញ្ជីឱ្យគណបក្សនេះ។ ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាល ចាត់ទុកថា ស្ថាបនិកគណបក្សបេះដូងជាតិជាមនុស្សទុច្ចរិតដែលព្យាយាមយករឿងតុលាការប្រឡូកប្រឡាក់នឹងរឿងនយោបាយ។
តុលាការកំពូលនៅថ្ងៃទី២៤ ខែធ្នូ បានជំនុំជម្រះបណ្តឹងគណបក្សបេះដូងជាតិ ដោយបានធ្វើសេចក្តីសម្រេចបដិសេធបណ្តឹងរបស់គណបក្សបេះដូងជាតិ និងសម្រេចតម្កល់សេចក្តីសម្រេចរបស់ក្រសួងមហាផ្ទៃ ស្ដីពីការបដិសេធការសុំចុះបញ្ជីឲ្យគណបក្សនេះទុកជាបានការ។
ស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក ហៅការសម្រេចបែបនេះថា អយុត្តិធម៌ចំពោះគណបក្សបេះដូងជាតិ។ ទោះយ៉ាងណាលោកថា លោកព្រមទទួលយកការសម្រេចនេះទាំងក្តីសោកស្ដាយ ព្រោះលោកអស់ផ្លូវ អស់ជម្រើសដើម្បីតវ៉ា តតាំង តាមច្បាប់ទៀតហើយ។ ស្ថាបនិកគណបក្សបេះដូងជាតិរូបនេះ ថា នេះជារឿងក្តីនយោបាយ ដូច្នេះគឺអាស្រ័យលើឆន្ទៈអ្នកនយោបាយមានអំណាច មិនមែនអាស្រ័យលើហេតុផល អំណះអំណាងនៃអង្គហេតុនិងអង្គច្បាប់នោះឡើយ។
ជុំវិញករណីនេះ អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន និយាយថា ការស្វែងរកយុត្តិធម៌តាមផ្លូវតុលាការរបស់គណបក្សបេះដូងជាតិ គឺរឿងត្រឹមត្រូវ ។ ទោះយ៉ាងណា លោកចោទលោក សៀម ភ្លុក ថា ជាមនុស្សទុច្ចរិត ដែលយករឿងនយោបាយមកជាប់ទាក់ទងរឿងផ្លូវច្បាប់នេះ៖ «លោក សៀម ភ្លុក ជាមនុស្សទុច្ចរិត អ្វីដែលគាត់និយាយដែលខ្ញុំថា គាត់ទុច្ចរិតហ្នឹង គាត់យករឿងនយោបាយមកនិយាយ គាត់យកទិដ្ឋភាពនយោបាយមកបកស្រាយនៃការចោទប្រកាន់ក្រសួងមហាផ្ទៃអំពីការបន្លំមេដៃ»។
មុនពេលគណបក្សបេះដូងជាតិចាញ់ក្ដីក្រសួងមហាផ្ទៃនៅតុលាការកំពូលពេលនេះ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោក សេង ហៀង បានចេញដីកាកោះហៅសមាជិកគាំទ្រគណបក្សបេះដូងជាតិចំនួនពីរនាក់ គឺលោក ស៊ីម ធាំ នៅស្រុកសូទ្រនិគម ខេត្តសៀមរាប និងលោក ជា អ៊ាន នៅស្រុកព្រះស្ដេច ខេត្តព្រៃវែង ឱ្យចូលបំភ្លឺពីរឿងក្លែងបន្លំស្នាមមេដៃ កាលពីពេលថ្មីៗនេះ។
អ្នកវិភាគនយោបាយបណ្ឌិត សេង សារី សង្កេតឃើញថា មន្ត្រីរដ្ឋាភិបាលតែងចាត់ទុកអ្នកណាមិនគាំទ្រឬប្រឆាំងគណបក្សប្រជាជនកម្ពុជា គឺជាមនុស្សទុច្ចរិត។ លោកបន្តទៀតថា ចំពោះលោក សៀម ភ្លុក ដែលយល់ព្រមទទួលយកសេចក្តីសម្រេចរបស់តុលាការកំពូល គឺស្មើនឹងការទទួលយកថា គណបក្សបេះដូងជាតិមានកំហុស ដូចការចោទប្រកាន់៖ «ការប្រកាសជំហរនេះជាជំហរមួយត្រឹមត្រូវដោយគាត់ ( លោក សៀម ភ្លុក ) ដោយគាត់សំអាងលើផ្លូវច្បាប់ ប៉ុន្តែបើជាជំហរនយោបាយគាត់ត្រូវតែបន្តធ្វើការតស៊ូទៀត បើសិនគាត់មានកត្តាទាំងហ្នឹងកត្តាសេដ្ឋកិច្ច ពេលវេលា ឬកត្តាទី៣បន្ទាប់បន្សំខ្ញុំគិតថា គាត់គួរបន្តការតស៊ូ»។
ក្រសួងបានបដិសេធចុះបញ្ជីឲ្យគណបក្សបេះដូងជាតិ ដោយសំអាងហេតុថា មានការផ្ដិតមេដៃជំនួស ក្លែងបន្លំអត្តសញ្ញាណបុគ្គល ការផ្ដិតមេដៃធ្វើឲ្យខូចគុណភាពដើម្បីបង្កើនបរិមាណចំនួនអ្នកគាំទ្រ និងលក្ខន្តិកៈគណបក្សផ្ទុយនឹងច្បាប់ស្ដីពីគណបក្សនយោបាយ កាលពីទី៨ វិច្ឆិកាកន្លងទៅ។ ទោះយ៉ាងណាមុនការសម្រេចបែបនេះ ក្រសួងមហាផ្ទៃបានទាមទារឲ្យកែសម្រួលលក្ខន្តិកៈចំនួន៣លើក ប៉ុន្តែក្រសួងមិនបានជូនដំណឹងពីករណីស្នាមមេដៃនោះទេ។ លោក សេង សារី យល់ថា គណបក្សបេះដូងជាតិ គួរបន្តការតស៊ូក្នុងការទាមទាររកយុត្តិធម៌តទៅទៀត ដោយការស្វែងរកអន្តរាគមន៍ពីសហគមន៍អន្តរជាតិ និងការតស៊ូមតិដែលមានការចូលរួមពីអ្នកគាំទ្រគណបក្សនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
