តុលាការ​កំពូល​តម្កល់​ការ​សម្រេច​របស់​ក្រសួង​មហាផ្ទៃ​ករណី​មិន​ចុះ​បញ្ជី​ឲ្យ​គណបក្ស​បេះដូង​ជាតិ​ទុក​ជា​បាន​ការ

0:00 / 0:00

ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​សោកស្ដាយ​ដែល​តុលាការ​កំពូល​សម្រេច​បដិសេធ​បណ្តឹង​របស់​គណបក្ស​នេះ​ជុំវិញ​ករណី​ក្រសួងមហាផ្ទៃ​មិន​ព្រម​ចុះបញ្ជី​ឱ្យ​គណបក្ស​នេះ​។ ប៉ុន្តែ​អ្នកនាំពាក្យ​រដ្ឋាភិបាល ចាត់ទុក​ថា ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​ជា​មនុស្ស​ទុច្ចរិត​ដែល​ព្យាយាម​យក​រឿង​តុលាការ​ប្រឡូកប្រឡាក់​នឹង​រឿង​នយោបាយ។

តុលាការ​កំពូល​នៅ​ថ្ងៃទី​២៤ ខែធ្នូ បាន​ជំនុំ​ជម្រះ​បណ្តឹង​គណបក្ស​បេះដូង​ជាតិ ដោយ​បាន​ធ្វើ​សេចក្តី​សម្រេច​បដិសេធ​បណ្តឹង​របស់​គណបក្ស​បេះដូង​ជាតិ និង​សម្រេច​តម្កល់​សេចក្តី​សម្រេច​របស់​ក្រសួង​មហាផ្ទៃ ស្ដីពី​ការ​បដិសេធ​ការ​សុំ​ចុះបញ្ជី​ឲ្យ​គណបក្ស​នេះ​ទុក​ជា​បាន​ការ។

ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក ហៅ​ការ​សម្រេច​បែប​នេះ​ថា អយុត្តិធម៌​ចំពោះ​គណបក្ស​បេះដូង​ជាតិ។ ទោះ​យ៉ាងណា​លោក​ថា លោក​ព្រម​ទទួល​យក​ការ​សម្រេច​នេះ​ទាំង​ក្តី​សោកស្ដាយ ព្រោះ​លោក​អស់​ផ្លូវ អស់ជម្រើស​ដើម្បី​តវ៉ា តតាំង តាមច្បាប់​ទៀតហើយ​។ ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​រូប​នេះ ថា នេះ​ជា​រឿង​ក្តី​នយោបាយ ដូច្នេះ​គឺ​អាស្រ័យ​លើ​ឆន្ទៈ​អ្នកនយោបាយ​មាន​អំណាច មិនមែន​អាស្រ័យ​លើ​ហេតុផល អំណះអំណាង​នៃ​អង្គហេតុ​និង​អង្គច្បាប់​នោះ​ឡើយ។

ជុំវិញ​ករណី​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន និយាយ​ថា ការ​ស្វែងរក​យុត្តិធម៌​តាមផ្លូវ​តុលាការ​របស់​គណបក្ស​បេះដូង​ជាតិ គឺ​រឿង​ត្រឹមត្រូវ ។ ទោះ​យ៉ាងណា លោក​ចោទ​លោក សៀម ភ្លុក ថា ជា​មនុស្ស​ទុច្ចរិត ដែល​យក​រឿង​នយោបាយ​មក​ជាប់​ទាក់ទង​រឿង​ផ្លូវច្បាប់​នេះ៖ «លោក សៀម ភ្លុក ជា​មនុស្ស​ទុច្ចរិត អ្វី​ដែល​គាត់​និយាយ​ដែល​ខ្ញុំ​ថា គាត់​ទុច្ចរិត​ហ្នឹង គាត់​យក​រឿង​នយោបាយ​មក​និយាយ គាត់​យក​ទិដ្ឋភាព​នយោបាយ​មក​បកស្រាយ​នៃ​ការចោទប្រកាន់​ក្រសួងមហាផ្ទៃ​អំពី​ការ​បន្លំ​មេដៃ»។

មុន​ពេល​គណបក្ស​បេះដូង​ជាតិ​ចាញ់ក្ដី​ក្រសួង​មហាផ្ទៃ​នៅ​តុលាការ​កំពូល​ពេលនេះ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក សេង ហៀង បាន​ចេញ​ដីកា​កោះហៅ​សមាជិក​គាំទ្រ​គណបក្ស​បេះដូង​ជាតិ​ចំនួន​ពីរ​នាក់ គឺ​លោក ស៊ីម ធាំ នៅ​ស្រុក​សូទ្រនិគម ខេត្តសៀមរាប និង​លោក ជា អ៊ាន នៅ​ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង ឱ្យ​ចូល​បំភ្លឺ​ពី​រឿង​ក្លែងបន្លំ​ស្នាម​មេដៃ កាល​ពី​ពេល​ថ្មីៗ​នេះ​។

អ្នកវិភាគ​នយោបាយ​បណ្ឌិត សេង សារី សង្កេតឃើញ​ថា មន្ត្រី​រដ្ឋាភិបាល​តែង​ចាត់ទុក​អ្នកណា​មិន​គាំទ្រ​ឬ​ប្រឆាំង​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​មនុស្ស​ទុច្ចរិត។ លោក​បន្ត​ទៀត​ថា ចំពោះ​លោក​ សៀម ភ្លុក ដែល​យល់ព្រម​ទទួលយក​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល គឺ​ស្មើនឹង​ការ​ទទួល​យក​ថា គណបក្ស​បេះដូង​ជាតិ​មាន​កំហុស ដូច​ការ​ចោទប្រកាន់៖ «ការប្រកាស​ជំហរ​នេះ​ជា​ជំហរ​មួយ​ត្រឹមត្រូវ​ដោយ​គាត់​ (​ លោក សៀម ភ្លុក​ ) ដោយ​គាត់​សំអាង​លើ​ផ្លូវ​ច្បាប់ ប៉ុន្តែ​បើជា​ជំហរ​នយោបាយ​គាត់​ត្រូវតែ​បន្ត​ធ្វើ​ការ​តស៊ូ​ទៀត បើសិន​គាត់​មាន​កត្តា​ទាំង​ហ្នឹង​កត្តា​សេដ្ឋកិច្ច ពេលវេលា ឬ​កត្តា​ទី​៣​បន្ទាប់បន្សំ​ខ្ញុំ​គិតថា គាត់​គួរ​បន្ត​ការ​តស៊ូ»។

ក្រសួង​បាន​បដិសេធ​ចុះបញ្ជី​ឲ្យ​គណបក្ស​បេះដូង​ជាតិ ដោយ​សំអាង​ហេតុ​ថា មានការ​ផ្ដិតមេដៃ​ជំនួស ក្លែងបន្លំ​អត្តសញ្ញាណ​បុគ្គល ការ​ផ្ដិតមេដៃ​ធ្វើ​ឲ្យ​ខូចគុណភាព​ដើម្បី​បង្កើន​បរិមាណ​ចំនួន​អ្នកគាំទ្រ និង​លក្ខន្តិកៈ​គណបក្ស​ផ្ទុយ​នឹង​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ កាលពី​ទី​៨ វិច្ឆិកា​កន្លងទៅ​។ ទោះ​យ៉ាងណា​មុន​ការ​សម្រេច​បែបនេះ ក្រសួង​មហាផ្ទៃ​បាន​ទាមទារ​ឲ្យ​កែសម្រួល​លក្ខន្តិកៈ​ចំនួន​៣​លើក ប៉ុន្តែ​ក្រសួង​មិន​បាន​ជូនដំណឹង​ពី​ករណី​ស្នាម​មេដៃ​នោះ​ទេ​។ លោក សេង សារី យល់​ថា គណបក្ស​បេះដូង​ជាតិ គួរ​បន្ត​ការ​តស៊ូ​ក្នុង​ការ​ទាមទារ​រក​យុត្តិធម៌​តទៅទៀត ដោយ​ការស្វែងរក​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ និង​ការ​តស៊ូ​មតិ​ដែល​មាន​ការចូលរួម​ពី​អ្នកគាំទ្រ​គណបក្ស​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។