មន្ត្រី​បក្ស​ភ្លើង​​ទៀន​​ថា បក្ស​​កាន់​​អំណាចប្ដឹង​បក្ស​របស់​ខ្លួន​ច្រើន​ ព្រោះ​ខ្លាច​ចាញ់​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ

ដោយ សន ចាន់រដ្ឋា
2022.05.29
មន្ត្រី​បក្ស​ភ្លើង​​ទៀន​​ថា បក្ស​​កាន់​​អំណាចប្ដឹង​បក្ស​របស់​ខ្លួន​ច្រើន​ ព្រោះ​ខ្លាច​ចាញ់​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ លោក ថាច់ សេដ្ឋា អនុប្រធាន​គណបក្ស​ភ្លើងទៀននៅ​ក្នុង​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោតឃុំសង្កាត់អាណត្តិទី៥ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុក ថាច់ សេដ្ឋា Thach Setha

មន្ត្រី​គណបក្ស​ភ្លើង​ទៀន​រិះគន់ថា ការ​ដែល​បក្ស​កាន់​អំណាច​មមាញឹក​ប្ដឹង​បក្ស​ភ្លើងទៀន​កំឡុង​ពេល​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់​នេះ ដោយសារ​តែ​ខ្លាច​ចាញ់​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ ព្រោះ​ឃើញ​ប្រជាពលរដ្ឋ​កំពុង​ផុសផុល​គាំទ្រ​គណបក្ស​ខ្លួន។​ប៉ុន្តែ​មន្ត្រី​បក្ស​ប្រជាជន​កម្ពុជា​ឆ្លើយ​តប​ថា បក្ស​កាន់​អំណាច​មិន​ដែល​ខ្លាច​ការ​ចាញ់​ឆ្នោត​ម្ដង​ណា​ឡើយ។

ចាប់​តាំង​ពី​បើក​ឱ្យ​មាន​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ឃុំ-សង្កាត់​អាណត្តិទី៥​មក  មាន​បក្ស​នយោបាយ​ជាច្រើន​ឃោសនា​ពី​គោលនយោបាយ​របស់​ខ្លួន​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ ខណៈដែល​បក្សភ្លើងទៀន​កំពុង​ទទួល​រង់​ពាក្យ​បណ្ដឹង​ពី​បក្ស​កាន់អំណាច​ក៏​កាន់​តែ​ច្រើន។

អនុប្រធាន​បក្ស​ភ្លើង​ទៀន ដែល​តែងតែ​រិះគន់​បក្ស​កាន់​អំណាច​កំឡុង​ពេល​ឃោសនា​រក​សន្លឹក​ឆ្នោត​ លោក ថាច់ សេដ្ឋា បាន​លើកឡើងថា សកម្មភាព​ប្ដឹង​ជា​ហូរហែ​របស់​បក្ស​កាន់​អំណាច​នេះ​ជា​ការ​ រំខាន​ដល់​ការ​ឃោសនា​រក​សំឡង​ឆ្នោត​របស់​បក្ស​ភ្លើង​ទៀន ស្របពេល​ដែល​សន្ទុះ​អ្នក​គាំទ្រ​មាន​ការ​កើន​ឡើង​ច្រើនលោក​បន្ត​ថា លោក​មិន​ប្ដឹង​បក​ទៅ​វិញ​នោះ​ទេ ព្រោះ​គ្មាន​ជំនឿ​លើ គ.. និង​ស្ថាប័ន​តុលាការ​ដែល​លំអៀង​ទៅ​រក​គណបក្ស​កាន់​អំណាច។

លោក​មើល​ឃើញ​ថា ការបន្តប្តឹង​មកលើ​បក្សភ្លើងទៀន​នេះ​កាន់​តែ​ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែល​ស្អប់​ទង្វើ​អយុត្តិធម៌​នៅ​ពេល​បច្ចុប្បន្ន ហើយ​ប្រជាពលរដ្ឋ​នឹង​ សម្រេច​ជ្រើស​រើស​មេដឹកនាំ​ណាមួយ​ដែល​ត្រឹមត្រូវ​នៅ​ពេល​ខាង​មុខ។ លោកថាច់ សេដ្ឋា មើលឃើញ​ថា ការ​ដែល​មន្ត្រី​គណបក្ស​កាន់អំណាច​បន្ត​យាយី​គណបក្ស​របស់​ខ្លួន​នៅ​ពេល​នេះ​ព្រោះ​តែ​បក្ស​កាន់​អំណាច​ខ្លាច​ចាញ់​ការ​បោះឆ្នោត​ឃុំ​សង្កាត់«វា​ច្បាស់​ណាស់ ឃើញ​ថា បង្ហាញ​ពី​ការ​ភ័យខ្លាច​របស់​គណបក្ស​ប្រជាជន​មក​គណបក្ស​ភ្លើង​ទៀន​ហ្នឹង​ ដោយសារ​យើង​ឃើញ​ហើយ​តាំង​ពី​សម្លុត​បេក្ខជន […] គំរាមកំហែង​គ្រប់​បែប​សព្វ​យ៉ាង ទិញ​ឱ្យ​លាលែង​ពី​គណបក្ស [សព្វ] គ្រប់​ទាំង​អស់។ ឥឡូវ​ដល់​ពេល​បោះឆ្នោត គាត់ [បក្សប្រជាជនកម្ពុជា] ឆាឆៅ​អារឿង​ប្ដឹង​ផ្ដល់​រំខាន​ថែម​ទៀត​ អាហ្នឹង​ច្បាស់​ណាស់​ថា គាត់​បារម្ភ មើលទៅ​គាត់ភ័យ​ចំពោះ​គណបក្ស​ភ្លើងទៀន​ដែល​ឃើញ​ពលរដ្ឋ​គាំទ្រ​កាន់​តែ​ខ្លាំង»

ប្រតិកម្ម​របស់មន្ត្រី​គណបក្ស​ភ្លើងទៀន​នេះ ធ្វើ​ឡើង​ដោយសារ​តែ​មួយ​រយៈ​នេះ គណបក្ស​កាន់​អំណាច​បាន​ប្ដឹង​សកម្មជន​គណបក្ស​ភ្លើងទៀន​ជា​បន្តបន្ទាប់។ កាលពីថ្ងៃទី២៨ ខែឧសភា គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្តកំពង់ចាម​បាន​សម្រេច​ផាកពិន័យលោក គង់ រ៉ៃយ៉ា ប្រធាន​គណបក្ស​ភ្លើងទៀន​ឃុំស្ដៅ​ចំនួន៥លានរៀល (៥ ០០០ ០០០ រៀល) ពាក់ព័ន្ធ​នឹង​ការ​ចែក​ប្រាក់​ដល់​សកម្មជន​នៅស្រុកកងមាស ខេត្ត​កំពង់ចាម។

ទាក់ទង​នឹង​បបញ្ហានេះ អ្នកនាំពាក្យ​បក្ស​ប្រជាជនកម្ពុជា​លោក សុខ ឥសាន ​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា បញ្ហា​នេះ​គ្រាន់​តែ​ជា​វោហារសព្ទ​នយោបាយ​ប៉ុណ្ណោះ  ព្រោះ​លោក​ថា គណបក្ស​ប្រជាជន​មិន​មាន​ការ​ភ័យ​បារម្ភ​ខ្លាច​ចាញ់​ការ​បោះឆ្នោត​នោះ​ទេ។ ចំណែក​ការប្ដឹង​របស់​បក្សប្រជាជន​មក​លើ​បក្ស​ភ្លើងទៀន លោក​ថា ព្រោះតែ​សកម្មជន​ទាំង​នោះ​ប្រព្រឹត្ត​ខុស​នឹង​នីតិវិធី​ច្បាប់លោក​បន្ត​ថា សម្រាប់​បក្ស​ប្រជាជន​ដែល​កាន់​អំណាច​មក​ជា​យូរ​ហើយ​នោះ មិនដែល​ខ្លាច​ក្នុង​ការ​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​នោះទេ៖ «វាជា​គំនិត និង​ការ​យល់​ឃើញ​របស់​គេ ក៏ប៉ុន្តែ​ចំពោះ​គណបក្ស​ប្រជាជន​មិន​ដែល​ខ្លាច​គណបក្ស​ណា​ទេ ព្រោះ​គណបក្ស​ប្រជាជន​ឈ្នះឆ្នោត​រហូត​រឿង​អី​ត្រូវ​ខ្លាច​ តែ​បើ​ខ្លាច​រត់​ក្រាប​លូន​ហើយ!.អ៊ីចឹង​ដូច​មេបក្ស​ប្រឆាំង ឃើញ​រត់​ដល់​ស្រុក​បារាំង​ គេច​ទៅ​ស្រុក​បារាំង​រហូត​អាហ្នឹង​ហ៊ាន​អី? ហើយ​មួយ​ទៀត​បែក​បាក់​ខ្ទិចខ្ទី​អស់​ហើយ​ ហើយមក​បង្កើត​បក្ស​មក​ថ្មីៗ​អាហ្នឹង​បក្ស​ហ៊ាន​ហី

ជុំវិញរឿងនេះ ​អ្នកសម្របសម្រួល​ផ្នែក​អង្កេត​ និង​តស៊ូ​មតិនៃអង្គការ​ខុមហ្វ្រែល លោក កន សាវាង្ស មានប្រសាសន៍ថា នេះជារឿង​ប្រវត្តិសាស្រ្ត​មួយមិន​ធ្លាប់​មាន​ដែល​បក្ស​កាន់​អំណាច​ព្យាយាម​ធ្វើ​ទុក្ខបុម្នេញ និង​ចាប់កំហុសលើ​បក្ស​ប្រឆាំង​ដែល​ជា​ដៃគួរ​ប្រកួត​ប្រជែង​ជា​មួយ បក្សខ្លួន។

លោកបន្តថា ការប្ដឹង​របស់​បក្ស​កាន់​អំណាច​កន្លងមក​នេះ​មិនមែន​ជា​បញ្ហា​សម្រាប់​បក្ស​ប្រឆាំង​មួយ​នេះ​ទេ តែ​ផ្ទុយ​ទៅ​វិញ​វា​កាន់​តែ​ធ្វើ​ឱ្យ​បក្ស​មួយ​នេះ​រឹងមាំ ហើយមាន​ការ​ប្រឹង​ប្រយ័ត្ន​ជាង​មុន

លោក​បន្ត​ថា ប៉ុន្តែ​អ្វី​ដែល​សំខាន់ គឺ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ត្រូវតែ​កាត់ក្ដី​ឱ្យ​មាន​តម្លាភាព​គ្រប់​គណបក្ស​នយោបាយ៖ «បើ​ស្ថាប័ន..ដោះស្រាយ​ឈរ​លើ​គោលការណ៍​តម្លាភាព ឯករាជ្យ ដោះ​ស្រាយ​ក្នុង​ស្តង់ដា​តែ​មួយ មិន​ដោះ​​ស្រាយ​ក្នុង​ស្ដង់ដាពីរ នោះ​មានន័យ​ថា ដំណើរការ​នៃការ​ពង្រឹង​ច្បាប់​នោះគឺវា​អាច​នឹង​រុញច្រាន​ឱ្យ​គ្រប់​គណបក្ស​នយោបាយ​មាន​បទពិសោធ​ក្នុង​ការ​អនុវត្ត​នៅ​ក្នុង​ដំណើរ​រឿង​ណា​មួយ​ដែល​គិត​ឃើញ​ថាមិន​ត្រឹមត្រូវ [ដែល] ច្បាប់​មិន​បាន​ចេញ​ក្នុង​នីតិវិធី​មិន​ត្រូវ​បាន​អនុញាត ហើយវា​ក៏ជា​បទពិសោធ​មួយ​សម្រាប់​ឱ្យ​គណបក្ស​នយោបាយ​ទាំងអស់»

ទោះជា​យ៉ាងណា អ្នកនាំ​ពាក្យ​គណៈកម្មការជាតិ​រៀបចំ​ការ​បោះឆ្នោត​ហៅកាត់​ថា..ប លោក ហង្ស ពុទ្ធា ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃទី២៩ ខែឧសភាថា ប៉ុន្មាន​ថ្ងៃចុងក្រោយ​នេះ បក្ស​កាន់​អំណាច  ប្ដឹង​គណបក្ស​ភ្លើងទៀន​ជា​ច្រើន​ករណី  ដែល​ការ​បោះឆ្នោត​អាណត្តិមុនៗ​មិន​ធ្លាប់​មាន។ លោកថា គ..ក៏​បាន​ព្យាយាម​ដោះស្រាយ​ជា​បន្តបន្ទាប់​ ហើយ​ស្នើឱ្យ​បក្ស​នយោបាយ​ធ្វើ​ពាក្យ​បណ្ដឹង​បើ​សិន​ជា​ទទួល​បាន​ការ​ធ្វើទុក្ខ​បុក​ម្នេញ និង​រំលោភ​លើ​នីតិវិធី​រៀបចំការ​បោះឆ្នោត៖ «...​ស្នើ​សុំ​ឱ្យ​ឃើញ​ថា រំលោភ​ដាក់​ពាក្យ​បណ្ដឹង​មក​ជៀស​វាង​ការ​បង្កើត​ភាសា ​ឬ​បរិយាកាស​ដែល​ចង់​ចំណេញ​គណបក្ស​នយោបាយអ៊ីចឹង​គណបក្ស​ណាក៏​ដោយ​ បើសិន​ជា​យល់​ថា​ ខ្លួន​ត្រូវ​គេ​រំលោភ​ ខ្លួន​ត្រូវ​គេ​គំរាម​ហើយ គឺត្រូវ​ធ្វើ​ការ​ដាក់​ពាក្យ​បណ្ដឹង​នោះ​បាន​ ...​មាន​មូលដ្ឋាន​ក្នុង​ការ​ពិនិត្យ​ពិចារណា​បន្ត​ទៀត»

លោក ហង្ស ពុទ្ធា ​ឱ្យដឹងថា មកដល់ពេលនេះ​មាន​ពាក្យ​បណ្ដឹង​ជាង​២០​ករណី​ហើយ​ដែល​បក្ស​ប្រជាជន​កម្ពុជា បាន​ប្ដឹង​មកលើ​សមាជិក​បក្ស​ភ្លើង​ទៀន ហើយ​ពាក្យ​បណ្ដឹង​ទាំង​នោះ ​ជុំវិញ​ការ​ប្រើ​សា​រនយោបាយ​កំឡុង​ពេល​ឃោសនា​រក​សន្លឹក​ឆ្នោត​ និង​សកម្មភាព​មិន​ប្រក្រតី​មួយ​ចំនួន​នៅ​តាម​មូលដ្ឋានចំណែក​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​ការ​បោះឆ្នោត​មើល​ឃើញ​ថា ការធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​បក្ស​កាន់​អំណាច កំពុង​តែ​រំលោភ​សិទ្ធិ​នយោបាយ​ នឹង​ធ្វើឱ្យការ​បោះឆ្នោត​ខាងមុខ​មិន​ប្រកប​ដោយ​សេរី​និង​យុត្តិធម៌​ត្រឹម​ត្រូវ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ហ៊ុន សែន និង​លោក សេង សារី បន្ត​ឆ្លើយឆ្លង​គ្នា​លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​សារ​បែក​ធ្លាយ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។