ប្រធានគណបក្សភ្លើងទៀនក្រុងប៉ោយប៉ែតលោក ចៅ វាសនា អះអាងថា អាជ្ញាធរបានបង្ខំខ្លួនឱ្យចុះចូលជាមួយគណបក្សកាន់អំណាចដោយសន្យាថា នឹងផ្ដល់តំណែងតួនាទីក្នុងជួររដ្ឋាភិបាល។មន្ត្រីសង្គមស៊ីវិលថា ការផ្លាស់ប្ដូរនិន្នាការនយោបាយឬងាកទៅគាំទ្រគណបក្សណាមួយផ្សេងគឺជាសិទ្ធិ និងសេរីភាពរបស់បុគ្គលម្នាក់ៗតែវាក៏មិនគួរកើតឡើងក្រោមការបង្ខិតបង្ខំនិងការគំរាមកំហែងនោះទេ។
មន្ត្រីគណបក្សភ្លើងទៀននៅខេត្តបន្ទាយមានជ័យលោក ចៅ វាសនា បញ្ជាក់ថា គោលជំហរនិងឆន្ទៈរបស់លោកគឺនៅតែមិនចុះចូលជាមួយគណបក្សកាន់អំណាចឡើយ ទោះបីជាមានការបង្ខំគំរាមកំហែង ឬយកលាភសក្ការៈបុណ្យស័ក្ដិមកទិញទឹកចិត្តយ៉ាងណាក្ដី។
ប្រធានគណបក្សភ្លើងទៀនក្រុងប៉ោយប៉ែត លោក ចៅ វាសនា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២២ ខែមិថុនាថា លោកត្រូវបានមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលម្នាក់ដែលលោកសុំមិនបញ្ចេញឈ្មោះ និងតួនាទីបានមកបញ្ចុះបញ្ចូលឱ្យលោកចុះចូលជាមួយគណបក្សកាន់អំណាច ដើម្បីប្ដូរយកសុវត្ថិភាពនិងតំណែងក្នុងជួររដ្ឋាភិបាល។ លោកបន្តថា មន្ត្រីរូបនេះបានបង្ហើបឱ្យដឹងថា មានអ្នករៀបគម្រោងចាត់ការលោកដែលអាចមានគ្រោះថ្នាក់ដល់អាយុជីវិតប្រសិនបើលោកនៅតែបន្តសកម្មភាពជាមួយគណបក្សភ្លើងទៀន។ លោកបញ្ជាក់ថា បើទោះមានការគំរាមកំហែងបែបនេះក្ដីក៏លោកមិនក្បត់ឆន្ទៈ និងឧត្ដមគតិទៅចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាដើម្បីប្ដូរយកតួនាទីខ្យល់នោះទេ។
លោក ចៅ វាសនា៖ «ហើយបើខ្ញុំទៅចុះចូលមិនមែនខូចឈ្មោះមួយថ្ងៃនេះទេ!មួយជីវិតខ្ញុំគឺមានឈ្មោះជាអ្នកក្បត់ឆន្ទៈ អ្នកក្បត់ឧត្ដមគតិខ្លួនឯង។ អ៊ីចឹងខ្ញុំ គឺខ្ញុំទៅមិនរួច តួនាទីអីក៏ខ្ញុំអត់ចង់បានដែរ។ ហើយតួនាទីហ្នឹងខ្ញុំឃើញហើយ គណបក្សប្រឆាំងតាំងពីដើម រហូតដល់ឥឡូវហ្នឹងចូលទៅគឺតួនាទីគេឱ្យហើយ ប៉ុន្តែតួនាទីទាំងអស់ហ្នឹងមិនអាចយកទៅបម្រើប្រជាពលរដ្ឋបាន ឬក៏ទៅធ្វើអីតាមតួនាទីដែលខ្លួនឯងមានហ្នឹងបានទេ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ដើម្បីសុំការបកស្រាយបានទេ នៅថ្ងៃទី២២ ខែមិថុនា ដោយលោកអះអាងថា កំពុងជាប់ប្រជុំ។
ទោះជាបែបនេះក្ដីបុគ្គលមួយចំនួនដែលចុះចូលជាមួយគណបក្សកាន់អំណាចបានទម្លាយថា ពួកគេទទួលរងការគំរាមកំហែងចាប់ដាក់ពន្ធនាគារ និងអាយុជីវិតដោយមិនលើកលែងសូម្បីតែសមាជិកគ្រួសាររបស់ពួកគេដែលមិនដឹងអី។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថាការបង្ខិតបង្ខំដាក់សម្ពាធ និងគំរាមកំហែងនរណាម្នាក់ឱ្យគាំទ្រគណបក្សណាមួយគឺជាការរំលោភសិទ្ធិបុគ្គល និងគោលការណ៍ច្បាប់។ លោកបន្តថា ប្រសិនតួអង្គបោះឆ្នោត និងអ្នកនយោបាយរងការគំរាមកំហែងតាមរូបភាពផ្សេងៗបែបនេះវានឹងធ្វើឱ្យប៉ះពាល់ដល់គោលការណ៍សេរីត្រឹមត្រូវ និងយុត្តិធម៌ក្នុងដំណើរការបោះឆ្នោតជ្រើសរើសមេដឹកនាំតាមលទ្ធិប្រជាធិបតេយ្យនៅខែកក្កដា ខាងមុខ។
លោក នី សុខា៖ «បើសិនជាការបង្ខិតបង្ខំហ្នឹងមានជាសញ្ញាទៅដល់ការគំរាមកំហែងទៀតអាហ្នឹងវាពាក់ព័ន្ធទៅនឹងការរំលោភគោលការណ៍ច្បាប់ហើយ។ អ៊ីចឹងបើមានការរំលោភគោលការណ៍ច្បាប់អាហ្នឹងវាស្ថិតនៅក្នុងករណីដែលជនម្នាក់ទៀត(ជនរងគ្រោះ)មានសិទ្ធិក្នុងការប្ដឹងដើម្បីស្វែងរកយុត្តិធម៌ ដើម្បីដោះស្រាយរកយុត្តិធម៌»។
វិធីអូសទាញសមាជិកគណបក្សប្រឆាំងដោយការគំរាមកំហែងចាប់ដាក់ពន្ធនាគារការគំរាមផ្តាច់ជីវិតនិងការផ្ដល់តំណែងតួនាទីក្នុងជួររដ្ឋាភិបាលត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែនប្រើប្រាស់ដើម្បីរំលាយដៃគូប្រកួតប្រជែងដែលជំនួសដោយការរំលាយដែលលោកធ្លាប់ធ្វើដាក់គណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧ ហើយទទួលរងការរិះគន់ពីសហគមន៍អន្តរជាតិជាបន្តបន្ទាប់។
ចំពោះលោក ចៅ វាសនា វិញលោកនៅតែមិនចុះញ៉មដោយរក្សាជំហររឹងមាំដដែល ដើម្បីតស៊ូជាមួយគណបក្សភ្លើងទៀនក្នុងការជំរុញឲ្យមានដំណើរការប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
