គណបក្ស​ភ្លើង​ទៀន និង​គណបក្ស​ឆន្ទៈ​ខ្មែរ​កំពុង​សិក្សា​ពី​ការ​បញ្ចូល​គណបក្ស​ឆន្ទៈ​ខ្មែរ ទៅ​ក្រោម​ឆត្រ​គណបក្ស​ភ្លើង​ទៀន

មេដឹកនាំ​គណបក្ស​ភ្លើង​ទៀន និង​គណបក្ស​ឆន្ទៈ​ខ្មែរ កំពុង​ជជែក​ពី​ការ​ដាក់​បញ្ចូល​គណបក្ស​ឆន្ទៈ​ខ្មែរ ឲ្យ​ស្ថិត​ក្រោម​ឆត្រ​គណបក្ស​ភ្លើង​ទៀន ដើម្បី​រួម​កម្លាំង​គ្នា​ក្នុង​ចូលរួមប្រកួតប្រជែងការបោះឆ្នោតឆ្នាំ២០២៣ខាងមុខ។ អ្នកឃ្លាំមើល​ការ​បោះ​ឆ្នោត​ថា ការ​រួបរួម​របស់​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល ទោះ​ក្នុង​រូបភាព​បែប​ណា ក៏​អាច​ធ្វើ​ឱ្យ​ពួក​គេ​មាន​កម្លាំង​នយោបាយ​ខ្លាំង​ជាង​ការ​ធ្វើ​នយោបាយ​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា។

ទោះ​គម្រោង​រួមបញ្ចូល​នៃ​គណបក្ស​ឆន្ទៈ​ខ្មែរ និង​គណបក្ស​ភ្លើង​ទៀន ស្ថិត​ក្នុង​ការ​ជជែក​នៅ​ឡើយ ប៉ុន្តែ គណបក្ស​ទាំង​ពីរ​ហាក់​បង្ហាញ​ជំហរ​កាន់​តែ​ខិត​ជិត​គ្នា ដោយ គណបក្ស​ឆន្ទៈ​ខ្មែរ​ចង់​ចូលរួម​ធ្វើ​នយោបាយ​ក្រោម​ស្លាក​គណបក្ស​ភ្លើង​ទៀន។ ទោះ​យ៉ាង​ណា គណបក្ស​ទាំង​ពីរ​នេះ ត្រូវ​ការ​ពេល​វេលា​ជជែក​គ្នា​បន្ថែម​ទៀត ពី​រូបមន្ត​នៃ​ការ​រួម​បញ្ចូល​គ្នា​នេះ។

ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ លោក គង់ មូនីកា យល់​ថា គណបក្ស​ភ្លើង​ទៀន មាន​លក្ខណៈ​សម្បត្តិ និង​ធនធាន​គ្រប់គ្រាន់ ក្នុង​ការ​ជួយ​ឲ្យ​មាន​ការ​រួបរួម ឬ​ការ​ចង​សម្ព័ន្ធភាព​នៃ​អ្នក​ប្រជាធិបតេយ្យ។ លោក​ថា គម្រោង​រួបរួម​គ្នា​នៃ​គណបក្ស​ទាំង​ពីរ មិន​ទាន់​ចេញ​ជា​រូបរាង​នៅ​ឡើយ​ទេ ត្រូវ​រង់ចាំ​ការ​ឆ្លើយ​តប​ពី​គណបក្ស​ភ្លើង​ទៀន។ លោក​បន្ត​ថា ប្រសិន​មាន​ការ​រួម​បញ្ចូល​គ្នា​មែន​នោះ គឺ​គណបក្ស​ឆន្ទៈ​ខ្មែរ ចង់​ឲ្យ​មាន​ការ​ដាក់​បញ្ជី​បេក្ខជន​រួម​គ្នា ប៉ុន្តែ​ស្ថិត​ក្នុង​ស្លាក​គណបក្ស​ភ្លើង​ទៀន៖ « យើង​ចង់​បង្ហាញ​នូវ​ជម្រើស​ថា ការ​ដាក់​បញ្ជី​រួម​គ្នា​ហ្នឹង​នៅ​ក្រោម​ឆត្រ​តែ​មួយ គណបក្ស​ភ្លើង​ទៀន​ខ្លះ​ទៅ គណបក្ស​ឆន្ទៈ​ខ្មែរ​ខ្លះ​ទៅ ឬ​មាន​គណបក្ស​ដទៃ​ផ្សេងទៀត អាច​ដាក់​បេក្ខជន​របស់​ខ្លួន​មក​ក្រោម​គណបក្ស​ភ្លើង​ទៀន​អ៊ីចឹង​ទៅ នេះ​ជា​គំនិត​របស់​យើង ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​ដឹង​ថា តើ​អាច​ធ្វើ​រួច ឬ​ក៏​យ៉ាង​ណា »

ដូច​គ្នា​នេះ​ដែរ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ចេប គឹមអ៊ាង ឲ្យ​ដឹង​ថា គណបក្ស​ទាំង​ពីរ​ត្រូវ​សិក្សា​ជា​មុន​សិន ដើម្បី​ត្រៀម​ដោះ​ស្រាយ​បញ្ហា ដែល​កើត​ឡើង​ក្រោយ​ការ​រួម​បញ្ចូល​គ្នា និង​ត្រូវ​គិតគូរ​ថា គួរ​ត្រូវ​រក្សា​ទុក​គណបក្ស​ឆន្ទៈ​ខ្មែរ​បែប​ណា។ លោក​ថា នៅ​ពេល​មាន​ការ​ព្រមព្រៀង​ជា​ឯកច្ឆន្ទ គណបក្ស​ភ្លើង​ទៀន នឹង​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ប្រាប់​សាធារណជន​បាន​ដឹង​ពី​រឿង​នេះ៖ « នីតិវិធី​ណា​មួយ​យើង​មិន​ទាន់​ច្បាស់​ទេ ពេល​យើង​សម្រេច​ជា​ផ្លូវការ​ហើយ ពេល​ហ្នឹង​បាន​យើង​ដឹង​ថា នីតិវិធី​អី​ខ្លះ ដែល​យើង​អាច​ស្រុះស្រួល​គ្នា​បាន​អាច​សម្រប​សម្រួល​គ្នា​បាន​ចំណុច​ណា​ខ្លះ យើង​ត្រូវ​រក្សា​គណបក្ស​អី​យ៉ាង​ម៉េច យើង​ត្រូវ​ជជែក​គ្នា​សិន​បាទ »

គម្រោង​រួបរួម​គ្នា​នៃ​គណបក្ស​ទាំង​ពីរ​ពេល​នេះ កើត​ចេញ​ពី​គំនិត​ផ្ដួចផ្ដើម​នៃ​គម្រោង​ការ​ចង​សម្ព័ន្ធ​នៃ​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ចំនួន៤ រួម​មាន គណបក្ស​ភ្លើង​ទៀន គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន គណបក្ស​កែទម្រង់​កម្ពុជា និង​គណបក្ស​ឆន្ទៈ​ខ្មែរ។ ដោយ​ឡែក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន និង​កែ​ទម្រង់​កម្ពុជា មិន​ទាន់​បង្ហាញ​ជំហរ​យល់​ព្រម​ជ្រក​ក្រោម​ឆត្រ​គណបក្ស​ភ្លើង​ទៀន​នោះ​ទេ ដោយ​ពួក​គេ ចង់​បាន​ការ​រួបរួម​មួយ ដែល​យក​រូបមន្ត នៃ​ការ​ចែក​មណ្ឌល​គ្នា​បោះឆ្នោត ឬ​ការ​រួម​គ្នា​បង្កើត​បក្ស​ថ្មី។

ទាក់​រឿង​នេះ អនុប្រធាន​គណបក្ស​កែ​ទម្រង់​កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន ឲ្យ​ដឹង​ថា គណបក្ស​របស់​លោក​នៅ​រក្សា​ជំហរ​នៃ​ការ​ចង់​សម្ពន្ធភាព​គ្នា​ដដែល ប៉ុន្តែ​គណបក្ស​កែ​ទម្រង់​កម្ពុជា មិន​ជ្រើសរើស​យក​ជ្រក​ក្រោម​ឆត្រ​របស់​គណបក្ស​ភ្លើង​ទៀន​នោះ​ទេ។ លោក​ឲ្យ​ដឹង​ថា ពេល​នេះ​នៅ​មាន​គណបក្ស​មួយ​ចំនួន​ទៀត ក្រៅពី​គណបក្ស​ទាំង​៤ នេះ មាន​បំណង​ចង់​ចូលរួម​ក្នុង​ការ​ចង​សម្ព័ន្ធ​នេះ​ដែរ៖ « គណបក្ស​កែ​ទម្រង់​នៅ​តែ​បើក​ចំហ​ក្នុង​ជម្រើស​បង្រួបបង្រួម ដែល​អាច​ធ្វើ​ទៅ​បាន ហើយ​សម្ព័ន្ធភាព​យើង​នៅ​តែ​ចំហ »

វិទ្យុអាស៊ីសេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​រឿង​នេះ ពី​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក យ៉េង វីរៈ បាន​ទេ នៅ​ថ្ងៃ​ទី១៦ ខែកញ្ញា។ ទោះ​យ៉ាង​ណា​ក្ដី គណបក្ស​ប្រជាធិបតេយ្យ លើក​ឡើង​តាម​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ថា ការ​ចង​សម្ពន្ធភាព​រវាង​អ្នក​ស្រឡាញ់​សេរីភាព និង​ប្រជាធិបតេយ្យ​ជា​កិច្ចការ​ដ៏​សែន​លំបាក ដែល​មាន​ការ​រំខាន និង​ទប់ស្កាត់​ពី​អ្នក​មាន​អំណាច និង​ភាព​អាត្មា​និយម ដែល​ការ​សម្លឹង​មើល​ប្រយោជន៍​នយោបាយ​ក្នុង​រយៈ​ពេល​ខ្លី។

ទោះ​យ៉ាង​ណា​ក្ដី គណបក្ស​ប្រជាធិបតេយ្យ​ថា ខ្លួន​មិន​បោះបង់​គំនិត​ក្នុង​ការ​បង្រួបបង្រួម​នេះ​ឡើយ ព្រោះ​មាន​សារ​សំខាន់​ក្នុង​ការ​កសាង​លទ្ធិប្រជាធិបតេយ្យ ក្នុង​ការ​កាត់​បន្ថយ​អំណាច​គណបក្ស​ប្រជាជន។

គណបក្ស​នេះ​លើក​ឡើង​ទៀត​ថា បើ​មិន​បាន​ឈាន​ដល់​ការ​ចង​សម្ពន្ធភាព​ឆ្នាំ២០២៣ ក្នុង​ការ​ចែក​មណ្ឌល​គ្នា​ឈរ​ទេ ក៏​យ៉ាង​ហោច​ណាស់ ត្រូវ​មាន​ការ​សហការ​ក្នុង​កម្រិត​ទាប​បំផុត គឺ​ការ​កសាង​ក្រម​សីលធម៌​រួម​មួយ ដោយ​កុំ​ជេរ​ប្រមាថ​គ្នា កុំ​លាប​ពណ៌​គ្នា និង​កុំ​វាយ​ប្រហារ​គ្នា ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជាតិ ២០២៣ ខាងមុខ។

ជុំវិញ​គម្រោង​រួម​គ្នា​នៃ​ក្រៅ​រដ្ឋាភិបាល​នេះ​ដែរ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន យល់​ថា គម្រោង​ការ​រួបរួម​គ្នា​នៃ​គណបក្ស​ភ្លើង​ទៀន និង​គណបក្ស​ឆន្ទៈ​ខ្មែរ មិន​បាន​គំរាម​កំហែង​ដល់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ២០២៣ ខាង​មុខ​នោះ​ទេ៖ « ១១៨មក ក៏​នៅ​តែ​ចាញ់​គណបក្ស​ប្រជាជន​ដែរ កុំ​ឆ្ងល់! ព្រោះអី​អ្នក​ទាំង ១១៨ ចេញ​ពី​សង្គ្រោះ​ជាតិ តែ​ឥឡូវ​តែ ២រឿង​អី​ទៅ​មាន​កម្លាំង​ខ្លាំង »

ទោះ​យ៉ាង​ណា អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​របស់​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត ខុមហ្វែ្រល (COMFREL) លោក កន សាវាង្ស យល់ថា ការ​រួម​កម្លាំង​គ្នា​របស់​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល ជា​រឿង​ល្អ​ជាង​ការ​ធ្វើ​នយោបាយ​ដោយ​គណបក្ស​នីមួយៗ ទៅ​ប្រកួតប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច។ លោក​បន្ត​ថា ឆ្លង​កាត់​តាម​បទ​ពិសោធន៍​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ថ្មីៗ នេះ អាច​ធ្វើ​ឲ្យ​គណបក្ស​ក្រៅ​រដ្ឋាភិបាល មាន​ភាព​ចាស់ទំ ក្នុង​ការ​រួបរួម​គ្នា​នេះ៖ « ឆ្លង​កាត់​តាម​រយៈ​នៃ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នេះ គឺថា កម្លាំង​ខ្លួន​ឯង​របស់​គណបក្ស​ខ្លួន​ឯង​មួយៗ គឺ​អាច​ដឹង​បាន​ហើយ​ថា តើ​កម្លាំង​គេ​មាន​ប៉ុន្មាន ហើយ​ចូលរួម​ទៅ​អាច​ប្រកួតប្រជែង​បាន​អាសនៈ​ទេ ហើយ​បើ​ចូល​យ៉ាង​ម៉េចៗ គឺ​ថា អាច​ដឹង​បាន​ហើយ​ក្នុង​ចំណុច​ហ្នឹង​បាទ »

កាល​ពី​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី៥ គណបក្ស​ក្រៅ​រដ្ឋាភិបាល បាន​ខកខាន​ក្នុង​ការ​រួបរូម​គ្នា ដែល​បាន​ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច​ទទួល​សំឡេង​ឆ្នោត​យ៉ាង​ច្រើន​ពី​ពលរដ្ឋ។ ក្នុង​ចំណោម​គណបក្ស​នយោបាយ ដែល​កើត​ចេញ​ពី​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ មាន​តែ​គណបក្ស​ភ្លើង​ទៀន​ទេ ដែល​ទទួល​បាន​គាំទ្រ​ច្រើន​ជាង​គេ​ដោយ​មាន​ពលរដ្ឋ​បោះ​ឆ្នោត​ឲ្យ​ជាង ៦០ម៉ឺន​នាក់ និង​ទទួល​កៅអី​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ២.០០០ កន្លែង​ទូទាំង​ប្រទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។