ថ្នាក់ដឹកនាំបក្សភ្លើងទៀនជួបឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបជជែកពីរឿងបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

ដោយ ជី វីតា
2022.05.24
ថ្នាក់ដឹកនាំបក្សភ្លើងទៀនជួបឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបជជែកពីរឿងបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ភ្លើងទៀន​ដឹក​នាំ​ដោយ​លោក សុន ឆ័យ ( រាប់ពីស្តាំនៅជួរទី៣ )បាន​ជួប​ជា​មួយ​ឯកអគ្គ​រដ្ឋទូត​សហ​ភាព​អឺរ៉ុប​អ្នកស្រី ខារមែន ម៉ូរ៉េណូ (Carmen Moreno) ឯកអគ្គរដ្ឋទូត​បារាំង​លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូត​អាឡឺម៉ង​លោក គ្រីស្ទីន ប័រហ្គ័រ (Christian Berger) ប្រធាន​ការិយាល័យ​ ស្ថានទូត​សាធារណៈ​រដ្ឋឆែក អ្នកស្រី កាមីឡា អូតូសុន (Camilla Ottoson)​និង​តំណាង​ស្ថានទូត​ស៊ុយអែត នៅ​ស្ថានទូត​បារាំង​ប្រចាំ​ទីក្រុងភ្នំពេញ ​នា​​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៣ ខែឧសភា ឆ្នាំ២០២២។
រូប៖ ស្ថានទូតបារាំង

ថ្នាក់​ដឹក​នាំ​បក្ស​ភ្លើង​ទៀន ជួប​ជា​មួយ​ឯក​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប សមាជិក​មួយចំនួន ដើម្បី​ជជែក​ពី​បញ្ហា​បោះ​ឆ្នោត​ ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ និង​លទ្ធិប្រជាធិបតេយ្យ​នៅ​ កម្ពុជា​មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា​ ការ​យក​ចិត្ត​ទុក​ដាក់​ទាក់​ទង​ការបោះឆ្នោត​ ពី​សំណាក់​សហភាព​អឺរ៉ុប គឺ​មាន​សារ​សំខាន់​ សម្រាប់​ដំណើរ​ការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ភ្លើងទៀន ដឹក​នាំ​ដោយ​លោក សុន ឆ័យ បាន​ជួប​ជា​មួយ​ឯកអគ្គ​រដ្ឋទូត​សហ​ភាព​អឺរ៉ុប​អ្នកស្រី ខារមែន ម៉ូរ៉េណូ (Carmen Moreno) ឯកអគ្គរដ្ឋទូត​បារាំង​លោក ហ្សាក់ ប៉ឺឡេ​ (Jacques Pellet) ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​លោក គ្រីស្ទីន ប័រហ្គ័រ (Christian Berger) ប្រធាន​ការិយាល័យ​ ស្ថានទូត​សាធារណៈ​រដ្ឋ​ឆែក អ្នកស្រី កាមីឡា អូតូសុន (Camilla Ottoson)​និង​តំណាង​ស្ថានទូត​ស៊ុយអែត នៅ​ស្ថានទូត​បារាំង​ប្រចាំ​ទីក្រុងភ្នំពេញ ​នា​​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៣ ខែឧសភា ឆ្នាំ២០២២។ក្នុង​ជំនួប​នេះ​មន្ត្រី​បក្ស​ភ្លើង​ទៀន​និង​ សហភាព​អឺរ៉ុប​បាន​ជជែក​គ្នា​អំពី​បញ្ហា​ប្រឈម​នៃ​ដំណើរ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ ឃុំ​សង្កាត់ និង​លទ្ធិប្រជាធិបតេយ្យ​នា​ពេល​អនាគត។

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​ លោក សុន ឆ័យ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ក្រោយ​ជំនួប​នោះ ថា​លោក​បាន​លើក​ឡើង​ពី​ភាព​មិន​ឯករាជ្យ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (..) តាមរយៈ​ការ​ជ្រើសរើស​មន្ត្រី​ថ្នាក់​ខេត្ត និង​ឃុំ​សង្កាត់​ដែល​ភាគ​ច្រើន​មក​ពី​គណបក្ស​កាន់​អំណាច​ និង​បញ្ហា​ធ្វើ​ទុក្ខបុកម្នេញ​បំភិត​បំភ័យ​មក​លើ​សកម្មជន​បក្ស​ភ្លើង​ទៀន​ជា​ពិសេស​ការ​ចេញដីកា​កោះ​ហៅ និង​ការ​ចាប់​ខ្លួន​ជា​ហូរហែ។ លោក​ក៏​ស្នើ​ដល់​សហគមន៍​អឺរ៉ុប​ឱ្យ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​និង​ភាគី​ពាក់ព័ន្ធ​ជួយ​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ ដើម្បី​ធានា​ការបោះឆ្នោត​ខាង​មុខ​នេះ​ឱ្យ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌ ដែរ៖ «​គណបក្ស​ភ្លើង​ទៀន​អាច​ទទួល​បាន​មេ​ឃុំ ចៅ​សង្កាត់​ហ្នឹង តើមាន​បញ្ហា​អ្វី​ខ្លះ​ដែល​សហគមន៍​អឺរ៉ុប​អាច​ជួយ​បាន យើង​ជម្រាប​ទៅ​គាត់​ថាទី១ ត្រូវ​ឱ្យ​មាន​ការ​បោះ​ឆ្នោត​ត្រឹម​ត្រូវ​សិន ហើយ​ឆន្ទៈ​របស់​ពលរដ្ឋ​ត្រូវ​គោរព​នឹងធា​នា កុំ​មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត ទីពីរ​នៅ​ពេល​យើង​ក្លាយ​ជា​មេ​ឃុំ ចៅសង្កាត់​ឱ្យ​ទាំង​អស់​គ្នា​ត្រូវ​គោរព​ទៅ​លើ​គោល​ការណ៍​ច្បាប់ កុំ​មាន​ការ​បំភិតបំភ័យ ការ​រើស​អើង​ដោយ​ធ្វើ​មិច​ឱ្យ​មាន​មេ​ឃុំ ចៅ​សង្កាត់​អាច​បំពេញ​ភារ​កិច្ច​តាម​គោល​ការណ៍​នយោបាយ​របស់​គណបក្ស​ដែល​បាន​ដាក់​ចេញ​ទាំង​ប្រាំពីរ​ចំណុច»

លោក សុន ឆ័យ ឱ្យ​ដឹង​ទៀត​ថា​ សភាព​អឺរ៉ុប​ចង់​ឃើញ​ប្រទេស​កម្ពុជា​គោរព​សិទ្ធិ​មនុស្ស និង​មាន​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ​តាម​រយៈ​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​ព្រោះ​កន្លង​ទៅ​ពួក​គេ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ពង្រឹង​សមត្ថភាព​ផ្តល់​សេវា​សាធារណៈ​ដល់​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន។ ទោះ​យ៉ាង​ណា លោក ​ថា​សហភាព​អឺរ៉ុប សន្យា​ជួយ​អន្តរាគមន៍​សំណើ​តាម​លទ្ធភាព៖ «សហគមន៍​អឺរ៉ុប​ពេល​នេះ​ហាក់​ដូច​ជា​សម្ដែង​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ការ​ចូល​រួម​បោះ​ឆ្នោត​របស់​គណបក្ស​ភ្លើង​ទៀន វា​ការ​លើក​ទឹក​ចិត្ត​មួយ​ក្នុង​ការ​តស៊ូ​ទាមទារ​លទ្ធិ​ប្រជាធិបតេយ្យ និង​​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នេះ។ ការ​យក​យោបល់​របស់​គណបក្ស​ភ្លើង​ទៀន​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ផ្សេងៗ​ដល់​កម្ពុជា វា​គឺ​ជា​កត្តា​លើក​ទឹក​ចិត្ត​ធំ​ណាស់​ដែល​ប្រទេស​ជា​មិត្ត​ចង់​បាន​នូវ​យោបល់​ទាំង​សង​ខាង គឺ​យោបល់​រាជ​រដ្ឋាភិបាល និង​យោបល់​គណបក្ស​ភ្លើងទៀន​ដែរ»

ថ្មីៗនេះ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​បាន​ជួប​ជា​មួយ​ថ្នាក់​ដឹកនាំ​គ..ប ដើម្បី​ស្នើ​ដល់​ស្ថានប័ន​មួយ​នេះ​ឱ្យ​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ដក​សិទ្ធិ​បេក្ខជន​នៃ​គណបក្ស​នយោបាយ​មួយ​ចំនួន​ការ​ទទួល​ស្គាល់​អ្នក​សង្កេត​ការណ៍​សង្គម​ស៊ីវិល​និង​នីតិវិធី​ចែក​រំលែក​ព័ត៌មាន​លើ​កំណត់​ហេតុ​រាប់​សន្លឹក​ឆ្នោត​ទម្រង់​១១០២ ជា​មួយ​តំណាង​គណបក្ស​នយោបាយ​នៅ​ថ្ងៃ​បោះឆ្នោត​ ជាដើម។ សហភាព​អឺរ៉ុប​បញ្ជាក់​ថា​ បើ​ទោះ​ពួក​គេ​មិន​បាន​ស្នើ​សុំ​ដាក់​អ្នក​សង្កេត​ការណ៍​សម្រាប់​ការ​បោះឆ្នោត​ក្តី ក៏​សហភាព​អឺរ៉ុប និង​ស្ថាន​ទូត​នៃ​រដ្ឋ​ជា​សមាជិក​នៅ​ក្នុង​ប្រទេស នឹង​បន្ត​ចូល​រួម​ជា​មួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ដើម្បី​ដោះ​ស្រាយ​រាល់​បញ្ហា​ដែល​អាច​ជា​ការ​រួម​ចំណែក​ដល់​ដំណើរ​ការបោះឆ្នោត​កាន់​តែ​ប្រសើរ​ឡើង សម្រាប់​ការបោះឆ្នោត​នា​ពេល​ខាង​មុខ​នេះ។ វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (..) លោក ហង្ស ពុទ្ធា និង​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន ដើម្បី​បញ្ជាក់​ជុំ​វិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៣ ខែឧសភា។

សហភាព​អឺរ៉ុប​បាន​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចំនួន ២០% ពី​កម្ពុជា​ជា​ផ្លូវការ កាលពី​ខែសីហា ឆ្នាំ២០២០ ក្រោយពី​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​បរាជ័យ​ក្នង​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ឡើងវិញ។ ថ្មីៗនេះ​ទៀតសោត សមាជិក​សភា​អឺរ៉ុប​ដ៏​ច្រើន​លើសលប់​បាន​បោះឆ្នោត​អនុម័ត​ញត្តិ​រួម​មួយ​ស្ដីពី​ដំណោះស្រាយ​បញ្ហា​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ខ្លឹមសារ​ញត្តិ​នោះ មាន​ដូចជា​ការ​ថ្កោលទោស​រដ្ឋាភិបាល​លោក ហ៊ុន សែន ការ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់​ការ​យាយី​គ្រប់​រូបភាព​លើ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ ការ​ដោះលែង​អ្នកជាប់ឃុំ​នយោបាយ និង​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​មិន​ត្រឹមត្រូវ​លើ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​​ករណី​ឃាតកម្ម​លើ​អ្នក​បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល ជាដើម។ ជាពិសេស​ សភា​អឺរ៉ុប​បាន​ជំរុញ​ឱ្យ​ស្ថាប័ន​អឺរ៉ុប​អនុម័ត​វិធានការ​នានា​ប្រឆាំង​នឹង​ក្រុម​មេដឹកនាំ​កម្ពុជា ក្នុង​នោះ​រួម​ទាំង ការ​ព្យួរ​ទាំងស្រុង​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ផង​ដែរ ប្រសិនបើ​មាន​ការ​រំលាយ​បក្ស​ប្រឆាំង​ទៀត ឬ​ក៏​រក​ឃើញ​ថា ការ​បោះឆ្នោត​ខាងមុខ​នេះ​មាន​ភាព​អយុត្តិធម៌។

ជុំវិញ​រឿង​នេះ មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​អង្កេត និង​តស៊ូ​មតិ​នៃ​អង្គ​ការ​ ខុមហ្រ្វែល (Comfrel) លោក កន សាវាង្ស លើក​ឡើង​ថា បើ​ការបោះឆ្នោត​ជ្រើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ដំណើរ​ការ​ស្រប​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​គឺ​មាន​សារៈ​សំខាន់​គោលការណ៍​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​មូល​ដ្ឋាន។ ប៉ុន្តែ​លោក​សង្កេត​ឃើញ​ថា ខណៈ​ការ​បោះឆ្នោត​ខិត​ជិត​មក​ដល់​ សកម្មជន​គណបក្ស​ភ្លើង​ទៀន​ជា​ច្រើន​នាក់ រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ជា​បន្តបន្ទាប់។ លោក កន សាវាង្ស ថា​សហភាព​អឺរ៉ុប​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ទាក់​ទង​បញ្ហា​បោះឆ្នោត​ដូច្នេះ​ពួក​គេ​ត្រូវ​ស្វែង​យល់​ពី​ភាគី​ពាក់​ព័ន្ធ​ ដូច​ជា​គណបក្ស​នយោបាយ អង្គការ​សង្គម​ស៊ីវិល​ ជា​ដើម ដើម្បី​ផ្ទៀងផ្ទាត់​ព័ត៌មាន​ច្បាស់លាស់៖ «​ការ​សម្រេច​ជំហរ​របស់​សហគមន៍​អឺរ៉ុប​កន្លង​មក​នេះ តែង​តែ​បង្ហាញ​អំពី​ការ​ជួយ​ដល់​កម្ពុជា រួម​ទាំង​ស្នើ​សុំ​ឱ្យ​ស្តា​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើងវិញ ក្រោយ​ពេល​គណបក្ស​នយោបាយ​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កាល​ឆ្នាំ២០១៧ ហើយ​នៅតែ​មាន​ការ​ស្នើ​និង​ទាម​ទារ​ដដែល»

រហូត​មក​​​ដល់​ពេល​នេះ សកម្ម​ជន​គណបក្ស​ភ្លើង​ទៀន​ចំនួន​ ៥នាក់​ ហើយ​ត្រូវ​អាជ្ញាធរ​រដ្ឋាភិបាល លោក ហ៊ុន សែន ចាប់​ដាក់​ពន្ធនាគារ ​និង​មួយ​ចំនួន​ទៀត​ត្រូវ​កោះ​ហៅ​ពី​បទ​ញុះញង់ ក្លែង​បន្លំ​ឯកសារ​​​សាធារណៈ​ និង​ប្រើ​ប្រាស់​ឯក​សារ​ក្លែង និង​រួម​គំនិត​ក្បត់ជាដើម។ ទន្ទឹម​នឹង​នេះ​សកម្ម​ជន និង​បេក្ខជន​គណបក្ស​នេះ​មួយ​ចំនួន​ទៀត​បាន​ទទួល​រង​ការ​ធ្វើ​​​បំភិតបំភ័យ បំបាក់​ស្មារតី​​​​​ពី​​​សំណាក់​​​​អាជ្ញា​ធរ​ និង​​​​​ជន​មិន​​​​ស្គាល់​​​​មុខ ស្ទើរ​គ្រប់​រូបភាព។ ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល និង​​អ្នក​​សង្កេត​ការណ៍​បោះឆ្នោត​វាយ​តម្លៃ​​ថា ​បើ​បរិយាកាស​​នយោបាយ ​​នៅ​តែ​​ស្ថិត​​ក្នុង​​ភាព​​អាប់​អួ​​បែប​នេះ​ នឹង​​មិន​​អាច​​ធានា​​ថា ការ​​បោះ​ឆ្នោត​​នៅ​​ពេល​​ខាង​​មុខ ​ប្រកប​​ដោយ​សេរី ​ត្រឹមត្រូវ ​និង​​យុត្តិធម៌​​នោះ​​ទ។ បញ្ហា​នេះ​កម្ពុជា​អាច​ប្រឈម​ការរិះគន់​កាន់​តែ​ខ្លាំង និង​រង​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ​បន្ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សភា​អឺរ៉ុប ជំរុញ​ឱ្យ​​សើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅសល់៨០% និង​ដាក់​ទណ្ឌកម្ម​ជាក់លាក់​លើ​រដ្ឋាភិបាល​កម្ពុជា
អត្ថបទពេញនិយម
នយោបាយ
អ្នកឃ្លាំមើល​ចាត់​ទុក​ដំណើរ​ទស្សនកិច្ច​លោក ហ៊ុន សែន ទៅ​ចិន​ គឺ​ជា​ការ​ពង្រឹង​អំណាច និង​ស្វែង​រក​កម្ចី​ពី​ចិន​បន្ថែម
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។