គណបក្សភ្លើងទៀនទទូចសាជាថ្មីឱ្យក្រសួងមហាផ្ទៃ ដោះស្រាយរឿងឯកសារបញ្ជាក់ការចុះបញ្ជីផ្លូវការរបស់គណបក្សនេះ ដើម្បីត្រៀមខ្លួនទុកជាមុន សម្រាប់ចូលរួមការបោះឆ្នោតនៅលើកក្រោយទៀត។
សំណើជាថ្មីទៀតរបស់គណបក្សភ្លើងទៀននេះ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បដិសេធមិនជួបជាមួយមន្ត្រីតំណាងគណបក្សភ្លើងទៀន ដែលចង់ជួបជជែករកដំណោះស្រាយបញ្ហាឯកសារចុះបញ្ជីគណបក្សនេះ។
គណបក្សភ្លើងទៀនបានត្រឹមសោកស្ដាយនៅពេលបរាជ័យមិនអាចសុំជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បាន។
បើទោះជាយ៉ាងណាគណបក្សនេះរំពឹងថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទាំងនៅក្នុងអាណត្តិចាស់ គឺ លោក ស ខេង និងរដ្ឋមន្ត្រីនៃរដ្ឋាភិបាលថ្មីអាណត្តិទី៧ នឹងជួយផ្ដល់ដំណោះស្រាយពាក់ព័ន្ធនឹងឯកសារលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃរបស់គណបក្សភ្លើងទៀន។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភីរិទ្ធ ថ្លែងថា គណបក្សមានហេតុផលគ្រប់គ្រាន់ ដែលបញ្ជាក់ថា គណបក្សពិតជាបាត់ច្បាប់ដើមឯកសារបញ្ជាក់ការចុះបញ្ជីផ្លូវការ ដែលក្រសួងមហាផ្ទៃចាំបាច់ត្រូវរកដំណោះស្រាយផ្ដល់ឯកសារចម្លង ដែលអាចជំនួសច្បាប់ដើម និងអាចបានការទទួលស្គាល់ដោយគ.ជ.ប។ លោកសង្ឃឹមថា ក្រសួងមហាផ្ទៃនឹងងាកមកជជែក និងផ្តល់លទ្ធភាពតាមផ្លូវច្បាប់ដល់គណបក្សភ្លើងទៀន។
លោក គីមសួរ ភីរិទ្ធ៖ «វាមិនសំខាន់រឿងគណបក្សភ្លើងទៀនទេ សំខាន់រឿង ដំណើរការលទ្ធិប្រជាធិបតេយ្យក្នុងសភាក្នុងស្រុកយើង ព្រោះគណបក្សភ្លើងទៀនជាគណបក្សនយោបាយមួយ ហើយគណបក្សភ្លើងទៀនតំណាងពលរដ្ឋជិត២លាននាក់ ដែលបោះឆ្នោតឱ្យ ហើយត្រូវបានគេរារាំងមិនឱ្យចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិ ដើម្បីឱ្យមានសំឡេងជួយការពារជនរងគ្រោះនៅវេទិកាសភា។ អ៊ីចឹងទេរឿងដំណើរការប្រជាធិបតេយ្យវានឹងងាកចេញពីគន្លងត្រឹមត្រូវហើយវានឹងបាត់បង់»។
កាលពីថ្ងៃទី២ ខែសីហា គណបក្សភ្លើងទៀនបានស្នើសុំជួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ប៉ុន្តែត្រូវបានក្រសួងមហាផ្ទៃបដិសេធមិនទទួលលិខិត ដោយប្រាប់ឱ្យរង់ចាំរហូតដល់មានរដ្ឋាភិបាលថ្មី។
សេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀនចេញនៅថ្ងៃទី៣ ខែសីហា បញ្ជាក់ថា នេះមិនមែនជាលើកទី១ ទេ ដែលក្រសួងមហាផ្ទៃបដិសេធសំណើរបស់គណបក្ស ដែលសុំជួបរដ្ឋមន្ត្រីក្រសួងនេះ។
បើទោះជាយ៉ាងណាគណបក្សនេះបញ្ជាក់ដែរថា នឹងតែបន្តដាក់សំណើទៅក្រសួងមហាផ្ទៃ ដោយសង្ឃឹមថា ក្រសួងមហាផ្ទៃនៃរដ្ឋាភិបាលថ្មីនឹងជួយដោះស្រាយបញ្ហានេះបាន និងផ្ដល់ឯកសារ ដែលគណបក្សភ្លើងទៀនអាចប្រើប្រាស់សម្រាប់ការបោះឆ្នោតទាំងថ្នាក់ជាតិ និងក្រោមជាតិ។
គណបក្សភ្លើងទៀនបញ្ជាក់ថា បានបាត់ច្បាប់ដើមនៃប្រកាសលេខ ១៩៣ ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៩៨ របស់ក្រសួងមហាផ្ទៃស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយក្នុងអំឡុងឆ្នាំ២០១៧ នៅពេលដែលទីស្នាក់ការកណ្ដាលគណបក្សភ្លើងទៀនស្ថិតនៅខាងក្រោមទីស្នាក់ការអតីតគណបក្សសង្គ្រោះជាតិ។
វិទ្យុអាស៊ីសេរីនៅមិនទាន់អាចសុំការឆ្លើយតបរឿងនេះពីអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បាននៅឡើយទេ នៅល្ងាចថ្ងៃទី៣ ខែសីហា។
តែទោះជាយ៉ាងណា ការមិនអើពើនឹងសំណើរបស់គណបក្សភ្លើងទៀន ពីសំណាក់ក្រសួងមហាផ្ទៃ និងការរារាំងគណបក្សនេះមិនឱ្យចូលរួមការបោះឆ្នោតជាតិកន្លងទៅអាចជាប់ទាក់ទងនឹងការចោទប្រកាន់របស់លោក ហ៊ុន សែន ដែលថាគណបក្សភ្លើងទៀនមានចេតនាមិនចូលរួមការបោះឆ្នោតដោយខ្លួនឯង ដោយយកលេសថា បាត់ឯកសារដើមចុះបញ្ជីគណបក្ស និងដើម្បីតែចង់បង្ហាញអន្តរជាតិថា ការបោះឆ្នោតជាតិពុំសេរី ត្រឹមត្រូវ និងយុត្តិធម៌។
យ៉ាងនេះក្ដី លោក គីមសួរ ភីរិទ្ធ មិនឆ្លើយតបនឹងការលើកឡើងនេះឡើយ ដោយគ្រាន់តែថា មន្ត្រីគណបក្សភ្លើងទៀនភាគច្រើនជាពុទ្ធសាសនិក ដែលមិនបានភូតភរ កុហកក្នុងរឿងនេះទេ។
ទាក់ទងនឹងរឿងនេះ មន្ត្រីនៃអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល (COMFREL)លោក កន សាវាង្ស លើកឡើងថា អ្នកដែលទទួលខុសត្រូវរឿងផ្ដល់ឯកសារ និងបញ្ជាក់ឯកសារចម្លងឱ្យបានស្របច្បាប់ឱ្យគណបក្សភ្លើងទៀនបានគឺមានតែក្រសួងមហាផ្ទៃមួយគត់។ លោកថា បើតាមនីតិវិធី ក្រសួងមហាផ្ទៃត្រូវតែធានាថា ឯកសារ ដែលខ្លួនបានចេញគឺអាចប្រើការបានស្របតាមច្បាប់។ លើសពីនេះ លោក កន សាវង្ស ថា ទាំងគណបក្សភ្លើងទៀន ក្រសួងមហាផ្ទៃ និង គ.ជ.ប ត្រូវតែជជែកគ្នាសម្របសម្រួលដោះស្រាយបញ្ហានេះ ដើម្បីបញ្ចៀសការអនុវត្តច្បាប់មានស្តង់ដារ ២ ព្រោះកន្លងទៅគឺស្ថាប័ន គ.ជ.ប ជាអ្នកបដិសេធការចុះបញ្ជីគណបក្សភ្លើងទៀននេះ។
លោក កន សាវង្ស៖ «អ៊ីចឹងសំខាន់គឺការសម្របសម្រួលថា តើធ្វើម៉េច ដើម្បីឱ្យមានភាពស្របច្បាប់ទាក់ទងនឹងបញ្ជីហ្នឹងអាចប្រើការបាន។ ក្រសួងមហាផ្ទៃ ដែលជាសេនាធិការជាអំណាច ហើយក្រសួងផ្សេងៗត្រូវតែអនុវត្តតាម ទទួលស្គាល់នូវអ្វី ដែលជាលិខិតហ្នឹង។ ឧទាហរណ៍អត្តសញ្ញាណប័ណ្ណដែលហួស ឬបានបាត់ អ៊ីចឹងកាត់ទៅធ្វើថ្មីវិញ ហើយអាថ្មីហ្នឹងយកទៅប្រើប្រាស់ដោយក្រសួងអ្នកចេញហើយ ស្ថាប័នបន្ទាប់មិនអាចបដិសេធបានទេថា អាហ្នឹងមិនត្រឹមត្រូវ»។
គណបក្សភ្លើងទៀនបានខកខានចូលរួមការបោះឆ្នោតជាតិ កាលពីថ្ងៃទី២៣ ខែកក្កដា កន្លងទៅដោយ គ.ជ.ប បានតម្រូវឱ្យគណបក្សភ្លើងទៀន ភ្ជាប់សេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃមួយច្បាប់ ដោយមាននីត្យានុកូលកម្ម ដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ខណ្ឌ ចំនួនមួយច្បាប់។ ដោយឡែកខាងក្រសួងមហាផ្ទៃមិនបានអនុញ្ញាតឱ្យគណបក្សភ្លើងទៀន ថតចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនោះទេ ដោយចេញត្រឹមលិខិតបញ្ជាក់ទទួលស្គាល់គណបក្សភ្លើងទៀនថា ពិតជាបានចុះបញ្ជីនៅក្រសួងមហាផ្ទៃតែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
