គណបក្ស​ភ្លើង​ទៀន​ថា ពលរដ្ឋ​មាន​សិទ្ធិ​បោះឆ្នោត ឬ​មិន​បោះឆ្នោត ខណៈ​លោក ហ៊ុន សែន ស្នើ​ពលរដ្ឋ​ឱ្យ​ទៅ​បោះឆ្នោត

0:00 / 0:00

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅតែ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​គ្រប់​អាយុ​បោះឆ្នោត​ទៅ​បោះឆ្នោត​ទាំង​អស់​គ្នា នៅ​ថ្ងៃ​ទី២៣ ខែ​កក្កដាខាង​មុខ។ ប៉ុន្តែ គណបក្ស​ភ្លើង​ទៀន លើកឡើង​ថា ពលរដ្ឋ​ចង់​​ទៅ​បោះឆ្នោត​ ឬ​មិន​ចង់​ទៅ​បោះឆ្នោត​គឺ សិទ្ធិ​សម្រេច​របស់​ពលរដ្ឋ​គ្មាន​អ្នក​ណា​អាច​បង្ខិតបង្ខំ​បាន​ទេ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់​ថ្លែង​ទាំង​មិន​បាន​មើល​ច្បាប់​ថា ការ​បោះឆ្នោត​ជា​កាតព្វកិច្ច​ដែល​របស់​ពលរដ្ឋ​។ លោក ហ៊ុន សែន ​ក៏​ឆ្លៀត​ឃោសនា​មុន​ច្បាប់​អនុញ្ញាត​ទាំង​មិន​ខ្លាច​រអា ​ដោយ​លោក​ជំរុញ​ទៅ​ពលរដ្ឋ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា។

ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​ជិត ​២​ម៉ឺន​នាក់​នៅ​ខេត្ត​កំពង់ឆ្នាំង ថ្ងៃ​ទី៨ ខែ​មិថុនា ប្រធាន​គណបក្ស​កាន់អំណាច​រូប​នេះ​​ហាក់​ដឹង​លទ្ធផល​ឆ្នោត​មុខ​ថ្ងៃ​បោះឆ្នោត​ ដោយ​លោក​រំពឹង​ថា គណបក្ស​របស់​លោក​នឹង​បន្ត​ដឹក​នាំ​ប្រទេស​ក្រោយ​បោះឆ្នោត​ថ្ងៃ​ទី២៣ ខែ​កក្កដា។

លោក ហ៊ុន សែន៖«សូម​កុំ​ភ្លេច​ទៅ​បំពេញ​កាតព្វកិច្ច ៥ឆ្នាំ​ម្ដង យើង​មាន​គណបក្ស​នយោបាយ១៨ ចូលរួម​ប្រកួត​ប្រជែង​សុំ​ទៅ​បោះឆ្នោត​សម្រាប់​ការ​ជ្រើសរើស​ការ​អនុវត្ត​ប្រជាធិបតេយ្យ​ដ៏​ទៀងទាត់​របស់​កម្ពុជា។ យ៉ាងណា​ក៏​ដោយ ជឿជាក់​ថា ទេវតា​នឹង​នៅ​ជាមួយ​ប្រជាជន​កម្ពុជា​និច្ច»។

លោក ហ៊ុន សែន ដែល​មាន​កេរ្តិ៍​ឈ្មោះ​មិន​ល្អ​ក្នុង​ការ​រៀបចំ​ការ​បោះ​ឆ្នោត ដោយ​ការ​ផ្ដួល​ដៃគូ​កាល​ពី​ឆ្នាំ២០១៨ ហើយ​ពេល​នេះ​លោក​នៅតែ​ប្រើ​ស្នៀត​ដដែល បិទ​មិន​ឱ្យ​គណបក្ស​ភ្លើង​ទៀន អាច​ចូលរួម​ប្រកួតប្រជែង​ជាមួយ​គណបក្ស​របស់​លោក​ដដែល។ គ.ជ.ប និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដែល​អ្នក​វិភាគ​ថា​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​លោក ហ៊ុន សែន បាន​រារាំង​មិន​ឱ្យ​គណបក្ស​ភ្លើង​ទៀន ដែល​ពលរដ្ឋ​គាំទ្រ​ជិត ២លាន​នាក់ ចូលរួម​ប្រកួត​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ​បាន​ទេ។

ជុំវិញ​ការ​ថ្លែង​របស់​លោក ហ៊ុន សែន ពេល​នេះ វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ណាមួយ​ពី​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ហង្ស ពុទ្ធា បាន​ទេ នៅ​ថ្ងៃ​ទី៨ ខែ​មិថុនា។

ទាក់ទង​រឿង​បោះឆ្នោត​នេះ​ដែរ គណបក្ស​ភ្លើង​ទៀន លើកឡើង​ថា តាម​គោលការណ៍​នៃ​ការ​បោះ​ឆ្នោត ដោយសេរី​ ត្រឹមត្រូវ និង​យុត្តិធម៌ការបោះឆ្នោត​គឺ​ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋមិនមែន​ជា​កាតព្វកិច្ច​ទេ។ សេចក្ដីថ្លែងការណ៍​របស់​គណបក្ស​ភ្លើង​ទៀន ចុះ​កាល​ពី​ថ្ងៃ​ទី៧ ខែ​មិថុនា លើក​ឡើង​ទៀត​ថា ប្រជាពលរដ្ឋ មាន​សិទ្ធិ​ពេញលេញ ស្របតាម​ច្បាប់ និង​រដ្ឋធម្មនុញ្ញ ក្នុង​ការ​សម្រេចចិត្ត តាម​ឆន្ទៈ និង​សតិសម្បជញ្ញៈ​ពិតប្រាកដ​ របស់​ខ្លួន ក្នុង​ការ​ចូលរួម ឬ​មិន​ចូលរួម នៃ​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ ដោយ មិន​ត្រូវ​បាន​ស្ថិត​នៅ​ក្រោម​ការ​គាប​សង្កត់ ការ​បង្ខិតបង្ខំ ការ​គំរាម​កំហែង ឬ​ការ​ញុះញង់​ពី​សំណាក់​បុគ្គល ឬ​គណបក្ស នយោបាយ​ណា​មួយ​នោះ​ឡើយ។

ចំណែក​ក្រុម​ប្រជាពលរដ្ឋ​មួយ​ចំនួន​អះអាង​ថា ពួក​គេ​នឹង​មិន​ទៅ​ចូលរួម​បោះ​ឆ្នោត​នៅ​ខែកក្ដដា​ខាង​មុខ​នេះ​ទេ ដោយសារ​តែ​គ្មាន​គណបក្ស​ភ្លើង​ទៀន ដែល​ពួក​គាត់​ស្រឡាញ់។

ស្រដៀង​គ្នា​នឹង​ការ​លើក​ឡើង​របស់​គណបក្ស​ភ្លើង​ទៀន​ដែរ អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​របស់​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត ខុមហ្វែ្រល (COMFREL) លោក កន សាវាង្ស ថ្លែង​ថា ការ​បោះ​ឆ្នោត គឺ​ជា​សិទ្ធិ​គឺ​ជា​ការ​លើក​ឡើង​ត្រឹមត្រូវ ព្រោះ​ផ្អែក​តាម​ច្បាប់ ពលរដ្ឋ​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ថា ទៅ​បោះ​ឆ្នោត​មិន​ទៅ​បោះ​ឆ្នោត ព្រោះ​ការបោះឆ្នោត​មិនមែន​ជា​កាតព្វកិច្ច ដែល​ពលរដ្ឋ​ត្រូវ​តែ​បំពេញ​ខាន​មិន​បាន​នោះ​ឡើយ។ ចំពោះ​អវត្តមាន​គណបក្ស​ប្រឆាំង​ជា​ថ្មី​គឺ គណបក្ស​ភ្លើងទៀន មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ថា​លោក​សោកស្ដាយ ដែល​ពលរដ្ឋ​ជិត ២លាន​នាក់​បាត់បង់​ជម្រើស​របស់​ខ្លួន។

លោក កន សាវាង្ស៖«អ៊ីចឹង​ប្រជាពលរដ្ឋ​អាច​ប្រើប្រាស់​សិទ្ធិ​ខ្លួន​ឯង​ចូលរួម​ក៏​បាន ឬ​ក៏​សម្រេច​ចិត្ត​ដោយ​ប្រការ​ណាមួយ​ក៏​បាន​អាស្រ័យ​ទៅ​លើ​ខ្លួន​ជា​អ្នក​សម្រេច​បាទ។ ខ្ញុំ​ក៏​មិន​ដឹង​ថា តើ​ការ​លើកឡើង​អំពី​រឿង​ទៅ​បោះឆ្នោត​ជា​កាតព្វកិច្ច ខ្ញុំ​មិន​ដឹង​ទេ គ្រាន់តែ​ខ្ញុំ​ដឹង​ថា នៅ​ក្នុង​ច្បាប់​អត់​បាន​ចែង​ការ​បោះឆ្នោត​ជា​កាតព្វកិច្ច​ទេ គឺ​ចែង​ត្រឹម​តែ​សិទ្ធិ​ទេ​បាទ»។

កាល​ពី​ពេល​ថ្មីៗ​​ នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​បង្ហាញ​ការ​ខក​ចិត្ត​ដែល​គណបក្ស​​ភ្លើង​ទៀន បាត់បង់​សិទ្ធិ​ចូលរួម​ក្នុង​ការបោះឆ្នោត​នា​ពេល​ខាង​មុខ។ រីឯ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោទែរ៉េស បាន​លើកឡើង​ជាថ្មី​ម្ដង​ទៀត​ថា ភាព​ពហុបក្ស និង​ប្រការ​ដែល​អ្នកបោះឆ្នោត​មាន​សិទ្ធិ​អាច​ជ្រើសរើស​គណបក្ស​ដែល​ខ្លួន​ពេញចិត្ត គឺ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ធ្វើ​ឱ្យ​ដំណើរ​ការ​បោះឆ្នោត​អាច​ទុកចិត្ត​បាន និង​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុង​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​ត្រូវ​បាន​ធានា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។