នាវាចម្បាំងចិន ៤គ្រឿងនឹងចូលរួមធ្វើសមយុទ្ធយោធា «នាគមាស» នៅកម្ពុជា
2024.05.10
ប្រទេសចិនកុម្មុយនិស្តនឹងបញ្ជូនកងទ័ពជើងទឹករួមទាំងនាវាចម្បាំង ២គ្រឿងបន្ថែមទៀតមកកាន់កម្ពុជា ដើម្បីត្រៀមហ្វឹកហ្វឺន និងធ្វើសមយុទ្ធជាមួយកងទ័ពជើងទឹកកម្ពុជាចាប់ពីពាក់កណ្ដាលខែឧសភានេះ។ អ្នកជំនាញព្រមានថា សកម្មភាពកម្ពុជា និងចិនបង្កើនសមយុទ្ធយោធាកាន់តែខ្លាំងឡើងបែបនេះ កម្ពុជានឹងទទួលបានលទ្ធផលអវិជ្ជមានធំធេងជាមួយប្រទេសក្នុងតំបន់ និងអន្តរជាតិ។
ក្រសួងការពារចិននៅថ្ងៃទី៩ ខែឧសភា ប្រកាសថា ចិននឹងបញ្ជូននាវាចម្បាំងកងទ័ពជើងទឹកចិនចំនួន ២គ្រឿងដែលមានឈ្មោះ ឈីជីគ័ង (Qijiguang) និងជីងកាងស៊ាន (Jinggangshan) ដើម្បីបំពេញទស្សនកិច្ចនៅកម្ពុជា និងប្រទេសទីម័រខាងកើត ឬទីម័រឡេស្តេ (Timor-Leste) ចាប់ពីដើមខែឧសភា ដល់ពាក់កណ្ដាលខែមិថុនា។
ក្រសួងការពារចិនឱ្យដឹងថា ការបញ្ជូននាវា ២គ្រឿងមកកម្ពុជានេះ គឺជាផ្នែកមួយដែលកងទ័ពជើងទឹកចិនបានកំណត់ទុកសម្រាប់កម្មវិធីហ្វឹកហ្វឺននៅលម្ហសមុទ្រជាមួយកងទ័ពជើងទឹកកម្ពុជា និងកងទ័ពនៃប្រទេសក្នុងតំបន់ដើម្បីធ្វើសមយុទ្ធយោធារួមគ្នា។
នេះជាលើកទីមួយហើយដែលប្រទេសចិនកុម្មុយនិស្តប្រកាសជាចំហក្នុងការបញ្ជូននាវាចម្បាំងរបស់ខ្លួន ដើម្បីត្រៀមធ្វើសមយុទ្ធយោធាជាមួយកងទ័ពកម្ពុជា បន្ទាប់ពីនាវាចម្បាំងរបស់ចិនចំនួន ២គ្រឿងផ្សេងទៀតបានចូលចតនៅមូលដ្ឋានកងទ័ពជើងទឹករាមដោយស្ងាត់ៗ និងកំពុងបន្តមានវត្តមានចាប់តាំងពីខែធ្នូ ឆ្នាំ២០២៣ រហូតមក។ នាវាចម្បាំងចិនពីរគ្រឿងដែលកំពុងចតនៅកំពង់ផែរាមស្រាប់នេះ ត្រូវគេជឿថា ជានាវាចម្បាំងល្បឿនលឿនខ្នាតតូចទម្ងន់ ១.៥០០តោន ប្រភេទបាញ់មីសីល និងមានបំពាក់គ្រាប់បាញ់នាវា និងអាចដឹកឧទ្ធម្ភាគចក្របាន។
កងទ័ពកម្ពុជា និងចិន គ្រោងចាប់ផ្ដើមធ្វើសមយុទ្ធយោធា «នាគមាស» ប្រចាំឆ្នាំ២០២៤ រួមគ្នាចាប់ពីពាក់កណ្ដាលខែឧសភា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០។ សមយុទ្ធយោធា «នាគមាស» លើកទី៦ នេះ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងអំពើភេរវកម្មរួម និងការសង្គ្រោះមនុស្សធម៌» ធ្វើឡើងស្របពេលដែលស្ថានភាពជម្លោះភូមិសាស្ត្រនយោបាយកាន់តែឡើងកម្ដៅ ហើយរឿងរ៉ាវចម្រូងចម្រាសនៅមូលដ្ឋានទ័ពជើងទឹករាម និងគម្រោងព្រែកជីកហ្វូណនដែលរងការចោទប្រកាន់ថា អាចសម្រួលវត្តមានយោធាចិន ធ្វើឱ្យបណ្ដាប្រទេសក្នុងតំបន់ និងអាមេរិកនៅតែបង្កើនការព្រួយបារម្ភ។ សមយុទ្ធនេះនឹងរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងនៅលើផ្ទៃសមុទ្រ និងដែនអាកាសកម្ពុជាក្នុងតំបន់ខេត្តព្រះសីហនុ។
ក្រសួងការពារចិនបញ្ជាក់ថា ប្រតិបត្តិការបញ្ជូននាវាចម្បាំងរបស់ខ្លួនមកកម្ពុជានេះ គឺជាកិច្ចសហប្រតិបត្តិការជាក់ស្ដែង ដើម្បីជួយពង្រឹងសមត្ថភាពកងទ័ពជើងទឹកកម្ពុជា និងក្នុងគោលដៅរួមចំណែកកសាងសហគមន៍លម្ហសមុទ្រអនាគតរួមគ្នា។
ជុំវិញសកម្មភាពកម្ពុជា និងចិនបង្កើនសកម្មភាពលើកិច្ចសហប្រតិបត្តិការការពារជាតិ និងការធ្វើសមយុទ្ធយោធារួមគ្នានេះ អ្នកជំនាញផ្នែកភូមិសាស្ត្រយល់ថា ការចោទប្រកាន់របស់អាមេរិកចំពោះវត្តមាននៃយោធាចិនតាំងមូលដ្ឋាននៅកំពង់ផែកងទ័ពជើងទឹករាម កាន់តែមានទម្ងន់ ហើយបណ្ដាប្រទេសក្នុងតំបន់ និងអាមេរិក នឹងឆ្លើយតបនឹងកម្ពុជា។
អ្នកតាមដានភូមិសាស្ត្រតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី ព្រមានថា ការបញ្ជូននាវាចម្បាំងរបស់ចិន ២គ្រឿងបន្ថែមទៀតមកកម្ពុជានេះ ផលប៉ះពាល់ដែលកម្ពុជាទទួលបានជំហានដំបូង គឺកម្ពុជាអាចនឹងត្រូវបណ្ដាប្រទេសក្នុងតំបន់អាស៊ានដែលជាសម្ពន្ធមិត្តជាមួយអាមេរិក ទាត់ចេញ ឬកាត់បន្ថយលើកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងសង្គមជាមួយកម្ពុជា។
លោក សេង វណ្ណលី៖ «មួយទៀតវាមានផលប៉ះពាល់ក្នុងរយៈពេលវែង ប្រសិនជាកំណើននៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាចចិន (China) និងអាមេរិក (US) ក៏ដូចជាសម្ពន្ធមិត្តអាមេរិកដូចជា ជប៉ុន (Japan) ហ្វីលីពីន (Philippines) និងអូស្ត្រាលី (Australia) ជាដើម កាន់តែកើនឡើងវានឹងបង្កហានិភ័យដល់អធិបតេយ្យភាព និងសន្តិសុខជាតិ។ ឧទាហរណ៍ក្នុងករណីដែលសេណារីយ៉ូសង្គ្រាមកើតឡើងក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) កម្ពុជាដែលត្រូវបានគេចោទប្រកាន់ថា ជាមូលដ្ឋានទ័ពរបស់ខ្លួនដល់ការឈរជើងរបស់ចិន នឹងរងហានិភ័យពីការវាយកម្ទេចពីបរទេស»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត និងអ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សុន្ទរី ដើម្បីសាកសួរបញ្ហានេះបានទេនៅថ្ងៃទី៩ ខែឧសភា។
ទោះជាយ៉ាងណា កាលពីថ្ងៃទី៨ ខែឧសភា អ្នកនាំពាក្យក្រសួងការពារលោក ឈុំ សុជាត បានបកស្រាយថា វត្តមាននាវាចម្បាំងចិនចំនួន ២គ្រឿងកំពុងមានវត្តមាននៅមូលដ្ឋានកងទ័ពជើងទឹករាមមិនមែនជាការតាំងមូលដ្ឋានទ័ពចិនឡើយ។ លោកបញ្ជាក់ថា ការចូលចតនាវាចម្បាំងចិននេះ ដើម្បីត្រៀមធ្វើសមយុទ្ធ «នាគមាស» រវាងកងទ័ពកម្ពុជា និងចិនប្រចាំឆ្នាំរួមគ្នា។ លោក ឈុំ សុជាត អះអាងថា វត្តមាននាវាចិន ២គ្រឿងនៅកំពង់ផែរាម គឺជាការឯកភាពគ្នារវាងក្រសួងការពារជាតិកម្ពុជា-ចិន ដោយចិននឹងបណ្ដុះបណ្ដាលជំនាញបច្ចេកទេសក្នុងការប្រើប្រាស់នាវា និងបច្ចេកវិទ្យាថ្មីៗផ្សេងទៀតដល់កងទ័ពជើងទឹកកម្ពុជា ដែលលោកថា ជាការ «រួមចំណែកក្នុងការធ្វើទំនើបកម្មកងទ័ពជើងទឹកកម្ពុជាឱ្យកាន់តែខ្លាំងក្លា»។ លោក ឈុំ សុជាត អះអាងបន្តថា ការចូលចតនៃនាវាចម្បាំងរបស់ចិននេះ ក៏ជាការធ្វើ «តេស្ដសាកល្បង» ចំពោះកំពង់ផែរាមដែលភាគីចិនជួយសាងសង់ឱ្យកម្ពុជា ហើយកម្ពុជាក៏គ្រោងនឹងទិញនាវាបែបនេះ ដើម្បីបម្រើឱ្យវិស័យយោធានាពេលខាងមុខ។
អនុប្រធានគណៈកម្មាធិការការពារជាតិនៃរដ្ឋសភាអាមេរិក (House Armed Services Committee) លោក រ៉ប់ វ៉ីតត៍មេន (Rep. Rob Wittman, R-VA) និងអតីតអ្នកការទូតអាមេរិក លោក ក្រេក សីងហ្គលថុន (Craig Singleton) លើកឡើងក្នុងអត្ថបទចុះផ្សាយក្នុងទស្សនាវដ្ដី DefenseNews កាលពីដើមខែឧសភា ថា នាវាចម្បាំងចិនដែលចូលចតនៅកំពង់ផែរាមកាលពីពេលថ្មីនេះ កត់សម្គាល់ឱ្យឃើញពីការសម្ពោធក្រៅផ្លូវការនៃមូលដ្ឋានកងទ័ពជើងទឹកទីមួយរបស់ចិនក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) និងជាមូលដ្ឋានទ័ពទីពីររបស់ចិននៅលើពិភពលោក។ មន្ត្រីអាមេរិកាំងទាំងពីររូបនេះ ពន្យល់ថា ការបញ្ជូននាវាចម្បាំងរបស់ចិនមកកម្ពុជានេះ តម្រូវឱ្យរដ្ឋាភិបាលអាមេរិកកាំងឆ្លើយតបដ៏ស្វាហាប់មួយ ព្រោះវាជាសញ្ញាឱ្យដឹងពីរបៀបដែលចិនមានផែនការពង្រីកទីតាំងឈរជើងយោធារបស់ខ្លួនជាសាកល ដើម្បីរារាំងកងទ័ពអាមេរិកមិនឱ្យអន្តរាគមន៍ក្នុងពេលមានវិបត្តិនៅកោះតៃវ៉ាន់ (Taiwan)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕