យុវជន និងអ្នកវិភាគថា សៀវភៅ“កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត” ជា ការផ្សព្វផ្សាយពីគុណសម្បត្តិរបស់លោក មុនពេលស្នងតំណែងពីលោក ហ៊ុន សែន។ ពួកគេថា ការសិក្សា និងតួនាទីរបស់លោក ហ៊ុន ម៉ាណែត បានមកដោយសារឥទ្ធិពលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាឪពុក មិនមែនបានមកដោយសារសមត្ថភាពរបស់លោកឡើយ។
សៀវភៅ ដែលមានចំណងជើងថា “កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត” ចងក្រងដោយអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ឆាយ សុផល បោះពុម្ភផ្សាយលើកទី១ នៅខែកក្កដា មានកម្រាស់៣០៥ទំព័រ ចែកចេញជា ៣ជំពូក ដែលជំពួកនីមួយៗ រៀបរាប់ពី ក្រុមគ្រួសារ និងចរិតលោក ហ៊ុន ម៉ាណែត រម្លឹករឿងអតីតកាល និងដំណើរឆ្ពោះទៅបន្តវេន។
ក្នុងជំពូកទី៣ ស្ដីពី “ដំណើរឆ្ពោះទៅបន្តវេន” សៀវភៅនេះរៀបរាប់ពីជីវិត និងការសិក្សារបស់លោក ហ៊ុន ម៉ាណែត នៅសហរដ្ឋអាមេរិក សកម្មភាពដោះស្រាយបញ្ហាមួយចំនួនរបស់លោក ហ៊ុន ម៉ាណែត ដូចជា នៅបឹងទន្លេសាប បញ្ហាជម្ងឺកូវីដ១៩ លើកស្ទួយវិស័យអប់រំ កងទ័ព ការភ្នាល់ជាមួយលោក សម រង្ស៊ី អារម្មណ៍របស់លោក ពេលក្លាយជាបេក្ខជននាយករដ្ឋមន្ត្រី និងរៀបរាប់ពីតំណែង គ្រឿងឥស្សរិយយស ដែលទទួលបានពីរដ្ឋាភិបាលឪពុកលោក។
យុវជន សកម្មជនបរិស្ថាន និងអ្នកវិភាគថា សៀវភៅស្ដីពីលោក ហ៊ុន ម៉ាណែត នេះ បោះពុម្ពឡើង ដើម្បីប្រមូលការគាំទ្រពីមហាជន ជាពិសេសយុវជន ឱ្យស្វែងយល់ពីប្រវត្តិ និងលក្ខណៈសម្បត្តិរបស់លោក ហ៊ុន ម៉ាណែត មុនពេលលោកក្លាយជានាយករដ្ឋមន្ត្រី។
យុវជនរស់នៅខេត្តសៀមរាប លោក ថៃ រិទ្ធិសែន ប្រាប់វិទ្យុអាស៊ីសេរីថា លោកខកចិត្ត នៅពេលអានសៀវភៅនេះចប់ ព្រោះសៀវភៅនេះមិនបានបង្ហាញ ពីចំណេះដឹង បទពិសោធន៍ ឬដំណើរជីវិតតស៊ូអ្វីឡើយ ក្រៅពីអួតសរសើរលោក ហ៊ុន ម៉ាណែត។ លោកយល់ឃើញថា ជីវិតការសិក្សា និងតំណែងតួនាទីនៅក្នុងសង្គមរបស់លោក ហ៊ុន ម៉ាណែត គឺបានមកដោយសារឥទ្ធិពលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាឪពុក មិនមែនបានមកដោយសារសមត្ថភាពរបស់លោកឡើយ។ យុវជនរូបនេះបន្តថា ក្នុងនាមជាបេក្ខជនបន្តវេនតំណែងកំពូល លោក ហ៊ុន ម៉ាណែត គួរសាងស្នាដៃ តាមរយៈការដោះស្រាយបញ្ហារ៉ាំរៃក្នុងសង្គមវិញ ដើម្បីឱ្យមហាជនមានទំនុកចិត្ត៖ «ទាក់ទងនឹងការអានសៀវភៅនេះ ខ្ញុំអានហើយ មានតែខាតបង់ពេលវេលា ខាតបង់លុយកាក់ខ្ញុំ។ មែនទែនទៅ ៩ដុល្លា៥កាក់ ( ៩ដុល្លា ៥០សេន ) ខ្ញុំធ្វើការ២ថ្ងៃទើបបានលុយទិញសៀវភៅហ្នឹង។ អ៊ីចឹង២ថ្ងៃខ្ញុំសុខចិត្តផ្ដាច់ពីមាត់ពីក ដើម្បីទិញសៀវភៅហ្នឹង ហើយខ្ញុំគិតថាសៀវភៅហ្នឹងវាល្អ ប៉ុន្តែសរសេរមកអួតតែពីខ្លួនឯង ធ្វើបាត់បង់នូវអាតម្លៃសៀវភៅផង។ ប្រសិនបើសរសេរតែរបៀបហ្នឹង ខ្ញុំមើលទៅវាអត់មានអីរីកចម្រើនដល់សង្គមជាតិ បើសរសេរអួតតែខ្លួនឯងអ៊ីចឹងនោះ»។
ស្រដៀងគ្នានេះដែរ ស្ថាបនិកចលនាមាតាធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គាន់សាឡេស ដេវីដសុន (Alejandro Gonzalez-Davidson) ឱ្យដឹងថា សៀវភៅ "កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត" ដែលលោកបានអានមកនេះឃើញថា លោក ហ៊ុន ម៉ាណែត កំពុងចម្លងនយោបាយបែបប្រជាភិថុតិដើម្បីកុហកទៅកាន់មហាជន ខណៈលោកមិនទាន់មានស្នាដៃ ឬគុណសម្បត្តិធំដុំណាមួយលើឆាកនយោបាយ ជាពិសេសក្នុងជួរគណបក្សប្រជាជនកម្ពុជារបស់ឪពុកលោកនៅឡើយទេ៖ «សៀវភៅមួយហ្នឹង គ្រាន់តែជាសៀវភៅមួយទៀត ក្នុងចំណោមច្រើនវិធីហ្នឹង ដើម្បីពង្វក់ប្រជាជន បោកប្រាស់ប្រជាជនថា ហ៊ុន ម៉ាណែត ហ្នឹងជាមនុស្សពោរពេញដោយសមត្ថភាព ខណៈពេលដែល ហ៊ុន ម៉ាណែត ហ្នឹង បទពិសោធន៍នយោបាយក៏គ្មាន បទពិសោធន៍ក្នុងវិស័យយោធាក៏គ្មាន បទពិសោធន៍ក្នុងវិស័យឯកជន ឬសង្គមស៊ីវិលក៏គ្មានដែរ។ គាត់គ្រាន់តែត្រូវឪពុករបស់គាត់ ដែលជាមនុស្សហិង្សានិយមហ្នឹង ជ្រើសរើស ហ៊ុន ម៉ាណែត ជាអ្នកបន្តវេន មិនមែនត្រៀមកាន់អំណាចដោយសារប្រជាជនជ្រើសរើសគាត់ទេ ហើយក៏មិនមែនដោយសារគាត់ឆ្លាត ឬមានស្នាដៃអ្វីឡើយ»។
ជុំវិញរឿងនេះដែរ អ្នកវិភាគនយោបាយលោក គឹម សុខ ថ្លែងថា តាមការវិភាគលើមាតិកា សៀវភៅនេះ បង្ហាញថា លោក ហ៊ុន ម៉ាណែត កំពុងធ្វើនយោបាយប្រើផ្លូវកាត់ តាមរយៈឥទ្ធិពលឪពុក ដែលជានាយករដ្ឋមន្ត្រី។ លោកបន្តថា សៀវភៅនេះនឹងធ្វើឱ្យពលរដ្ឋមើលឃើញកាន់តែច្បាស់ថា បេក្ខជនបន្តវេននាយករដ្ឋមន្ត្រីរូបនេះ ជាបុគ្គលមានតែទ្រឹស្ដី តែខ្វះសមត្ថភាព៖ «ខ្ញុំគិតថាលោក ហ៊ុន ម៉ាណែត ឱ្យគេនិពន្ធតែមួយក្បាលហ្នឹងបានហើយ វាអាចទាញគាត់ឱ្យធ្លាក់តិចតួច។ ប៉ុន្តែបើ ២ក្បាល ៣ក្បាល ដល់១០ក្បាលទៀត គឺគេស្គាល់ថា ហ៊ុន ម៉ាណែត អត់បានការអីសោះតែម្ដង។ ពីព្រោះគឺជារបៀបនៃសំណេរបែបបញ្ចើចបញ្ចើ ចរិតបុគ្គលផ្ទាល់ខ្លួន អត់មានលក្ខណសម្បត្តិដែលបង្ហាញអំពីគុណសម្បត្តិជាតិរបស់ ហ៊ុន ម៉ាណែត សូម្បីតែបន្តិច នៅពេលដែល ហ៊ុន ម៉ាណែត អត់មានខ្លួនឯងផង»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងលោក ហ៊ុន ម៉ាណែត និងអ្នកនិពន្ធសៀវភៅនេះ គឺលោក ឆាយ សុផល ដើម្បីឆ្លើយតបរឿងនេះបាននៅឡើយទេ។
ប៉ុន្តែលោក ឆាយ សុផល បានប្រាប់ទូរទស្សន៍ក្នុងស្រុកថា ការចងក្រងសៀវភោនេះ ដើម្បីបង្ហាញ ពីសកម្មភាពសង្គម ប្រវត្តិតស៊ូសិក្សារបស់លោក ហ៊ុន ម៉ាណែត នៅក្រៅប្រទេស និងកត់ត្រាទុកនូវអ្វីដែលលោក ហ៊ុន ម៉ាណែត បាននិយាយ និងសន្យាមុនពេលលោក ឡើងកាន់ដំណែងបន្តពីឪពុកលោក គឺលោក ហ៊ុន សែន។ លោកមិនបានបញ្ជាក់ថា ថវិកាសរសេរសៀវភៅនេះ លោកបានមកពីប្រភពណានោះទេ៖ «អ៊ីចឹងសៀវភៅនេះអាចឆ្លុះបញ្ចាំងបានថា តើការសន្យារបស់គាត់ ( ហ៊ុន ម៉ាណែត ) នៅក្នុងសង្គមកន្លងមក តើដូចអ្វីដែលគាត់កំពុងតែកាន់តំណែង បានកាន់តំណែង និងបន្តកាន់តំណែង»។
លោក ឆាយ សុផល ក៏ធ្លាប់និពន្ធ និងបោះពុម្ពផ្សាយស្នាដៃ ដែលទាក់ទងនឹងលោក ហ៊ុន សែន និងប្រពន្ធកូនរបស់លោកជាច្រើនផ្សេងទៀតដែរ មានដូចជា “ហ៊ុន សែន អំណាច និងនយោបាយក្នុងប្រវត្តិសាស្ត្រខ្មែរជាង៤០ឆ្នាំ” ប៊ុន រ៉ានី ភរិយាបុរសខ្លាំង” “បងប្អូនទាំងបី ឈាមថ្មីក្នុងចំណោមអ្នកបន្តវេន” និងស្នាដៃមួយចំនួនទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។