ប្រជាពលរដ្ឋនិងសង្គមស៊ីវិលរិះគន់ អភិបាលខេត្តបាត់ដំបងថា យកវេទិកាបុណ្យវិសាខបូជា ឆ្លៀតឱកាសនិយាយលើកសរសើរពីគុណបំណាច់របស់បក្សកាន់អំណាច ដើម្បីកេងចំណេញនយោបាយនៅមុនការបោះឆ្នោតខិតជិតចូលមកដល់។ ពួកគេថា អាជ្ញាធរពុំគួរឃោសានយោបាយ នៅក្នុងពិធីបុណ្យទានដូច្នេះទេ។
ពលរដ្ឋនិងមន្ត្រីសង្គមស៊ីវិលលើកឡើងថា អាជ្ញាធរគួរតែយកថ្ងៃបុណ្យវិសាខបូជា អប់រំដល់ប្រជាពលរដ្ឋឱ្យធ្វើអំពើល្អជួយដល់សង្គមជាតិប្រសើរជាងនិយាយលើកតម្កើងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីកេងចំណេញនយោបាយនៅមុនការបោះឆ្នោតបែបនេះ។
អតីតអ្នកទោសមនសិការដែលកំពុងភៀសខ្លួននៅក្រៅប្រទេសលោកស្រី សាត ផា យល់ឃើញថា ប្រជាពលរដ្ឋសព្វថ្ងៃកំពុងក្រលំបាក និងមិនទាន់មានសន្តិភាពពេញលេញនោះទេ។ លោកស្រីបញ្ជាក់ថា ការលើកឡើងរបស់អភិបាលខេត្តបាត់ដំបងលោក សុខ លូ ជារឿងមិនទាន់ត្រឹមត្រូវឡើយ។ លោកស្រីបន្ថែមថា ការដឹកនាំរបស់រាជរដ្ឋាភិបាលសព្វថ្ងៃ គឺកាន់តែផ្ដាច់ការទៅៗ ដែលធ្វើឲ្យប្រជាពលរដ្ឋស្ទើរគ្រង់ទីកន្លែងជួបតែទឹកភ្នែក ដោយសារអ្នកមានលុយមានអំណាចរំលោភយកដីធ្លី និងចាប់សាច់ញាតិរបស់ពួកគាត់ដាក់ពន្ធនាគារដោយអយុត្តិធម៌៖« ប្រជាពលរដ្ឋយំស្រែកមានការឈឺចាប់ដើម្បីជាតិ ដើម្បីរកលុយទិញអង្ករ ទិញម្ហូបអត់បានផង។ តើគាត់មានសន្តិភាពមកពីកន្លែងណាទៅ ? ខ្ញុំគិតថា គាត់និយាយ គាត់មានមាត់ចេះតែនិយាយទៅ គាត់ថា ប្រជាពលរដ្ឋគាំទ្រពួកគាត់ តាមអង្គប្រជុំនីមួយៗ គាត់សុទ្ធតែជួលទេ ប្រជាពលរដ្ឋទៅគាំទ្រគាត់ គាត់យកលុយទៅជះជួលប្រជាពលរដ្ឋទៅទេ គឺប្រជាពលរដ្ឋដឹងថា ទុក្ខលំបាកដែលប្រទេសកំពុងរងទុក្ខហើយ គឺប្រទេសយើងកូវីដប្រជាពលរដ្ឋធ្លាក់ខ្លួនក្រ »។
ស្រដៀងគ្នានេះដែរ ប្រជាពលរដ្ឋម្នាក់ទៀតនៅខេត្តបាត់ដំបង និយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា សព្វថ្ងៃនេះមានតែអ្នកមានលុយនិងមានអំណាចប៉ុណ្ណោះ ដែលរស់នៅមានសុខសន្តិភាព។ ពលរដ្ឋរួបនេះបន្តថា រីឯអ្នកក្រីក្ររស់នៅលំបាកវេទនា និងមានជីវភាពកាន់តែក្រ៖ « និយាយទៅគ្នាគេ គេយល់ឃើញថា សន្តិភាពហ្នឹងឯង ហើយយើងអ្នកអត់នៅតែអត់ នៅតែខ្វះខាតហ្នឹង។ គេមាន គេមានទៅ យើងឯណេះក្រ។ ហើយណាមួយទៀតពិបាកនិយាយ យើងនិយាយទៅចេះតែខ្លាច។ ហើយថ្ងៃនេះអត់នៅផ្ទះ មកវិញឃើញមេឃុំគេឲ្យបានសារុងពីរដែរថ្ងៃនេះ » ។
ប្រតិកម្មរបស់ប្រជាពលរដ្ឋបែបនេះ ធ្វើឡើងក្រោយពេលអភិបាលខេត្តបាត់ដំបងលោក សុខ លូ បានមានប្រសាសន៍នៅចំពោះមុខប្រជាពលរដ្ឋប្រមាណ២ពាន់នាក់នៅក្នុងពិធីបុណ្យវិសាខបូជានៅក្រុងបាត់ដំបងនៅព្រឹកថ្ងៃទី១៥ ខែឧសភាថា ក្រោយពីរបបខ្មែរក្រហមបានដួលរលំមក ពលរដ្ឋខ្មែរអាចជួបជុំយ៉ាងកុះករធ្វើពិធីវិសាខបូជាបែបនេះបាន គឺដោយសារសន្តិភាព។ លោកបន្តថា ដូច្នេះប្រជាពលរដ្ឋកុំភ្លេចចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានដឹកនាំកម្ពុជាឱ្យមានសុខសន្តិភាពដូចសព្វថ្ងៃនេះ៖ « នាំឲ្យប្រទេសជាតិយើងខេត្តបាត់ដំបងមានការរីកចម្រើនមកដល់ថ្ងៃនេះ។ នេះយើងគ្រាន់តែនិយាយមួយផ្នែកអំពីការដឹកនាំប្រទេសជាតិពីសង្គ្រាមមកសន្តិភាព ក៏ដោយសារថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់យើង ជាពិសេសសម្ដេចតេជោ ហ៊ុន សែន។ ខ្ញុំករុណាតែងតែជម្រាបជូននៅផ្ទះយើងមានឪពុកម្ដាយជាព្រះរស់របស់យើង។ ដែលសម្រាប់យើងទាំងអស់គ្នាគឺមានសម្ដេចតេជោ ហ៊ុន សែន ជាព្រះធ្វើឲ្យយើងរស់» ។
ជុំវិញរឿងនេះនាយកផ្នែកទទួលបន្ទុកទូទៅនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត យល់ថា បើទោះបីជារដ្ឋាភិបាលសព្វថ្ងៃបានចូលរួមបញ្ចប់សង្គ្រាមស៊ីវិល ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១មក ក៏ដោយ ក៏ការមានសន្តិភាពពិតប្រាកដទៅបាន ទាល់តែប្រជាពលរដ្ឋមានយុត្តិធម៌ពេញលេញដែរ៖ «សង្គមដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ អញ្ចឹងសន្តិភាពពេញលេញ គឺសន្តិភាពទាំងផ្លូវកាយទាំងផ្លូវចិត្ត។ អញ្ចឹងគឺទាក់ទងនឹងពាក្យថា សន្តិភាពពេញលេញ គឺក្រៅតែអំពីសន្តិភាពដែលយើងបញ្ចប់សង្គ្រាម គឺធ្វើម៉េចឲ្យមានការគោរពទៅតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងគោលការណ៍គោរពសិទ្ធិមនុស្ស។ បើសិនជានៅមានការរំលោភបំពានទាក់ទងទៅនឹងបញ្ហាសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យមានការដើរថយក្រោយ ហើយមានការរឹតត្បិតទៅលើសេរីភាពក្នុងការបញ្ចេញមតិ សេរីភាពជាមូលដ្ឋាន ឬក៏ភាពអយុត្តិធម៌ផ្សេងៗកើតឡើង នោះមិនទាន់មានសន្តិភាពទេ » ។
ថ្ងៃបុណ្យវិសាខបូជាគឺជាថ្ងៃដែលពុទ្ធបរិស័ទខ្មែរ និងពលរដ្ឋជាតិសាសន៍ដទៃទៀតក្នុងសាកលលោក ដែលកាន់ព្រះពុទ្ធសាសនា ប្រារព្ធធ្វើឡើងដើម្បីរំឭកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធបរមគ្រូទ្រង់ប្រសូតិ ទ្រង់ត្រាស់ដឹង និងព្រះអង្គទ្រង់យាងចូលកាន់បរិនិព្វាន។ ថ្ងៃនេះអ្នកដែលកាន់សាសនាព្រះពុទ្ធនាំគ្នាទៅវត្តអារាម រក្សាសីល ខិតខំធ្វើសេចក្ដីល្អ វៀរចាកអំពើអាក្រក់ និងព្យាយាមដុះខាត់ជម្រះចិត្តឲ្យស្អាត ដើម្បីសុំសេចក្ដីសុខដល់ខ្លួន ក្រុមគ្រួសារ និងពិភលោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។