ពលរដ្ឋចង់ឃើញរដ្ឋាភិបាលដោះលែងអ្នកទោសនយោបាយជាប់ពន្ធនាគារមុនថ្ងៃចូលឆ្នាំខ្មែរ
2024.04.02
ពលរដ្ឋមួយចំនួនចង់ឃើញរដ្ឋាភិបាលដោះលែងអ្នកទោសនយោបាយ ដែលកំពុងជាប់ពន្ធនាគារ មុនថ្ងៃចូលឆ្នាំខ្មែរ។ ពួកគាត់ថា ការចាប់ខ្លួនអ្នកនយោបាយ និងសកម្មជនសង្គមកន្លងទៅនេះ ពុំផ្ដល់គំរូល្អ ការអភិវឌ្ឍជាតិឡើយ ផ្ទុយទៅវិញ បង្កឱ្យមានការការបែកបាក់ផ្ទៃ ក្នុងជាតិ និងនាំឱ្យកម្ពុជាធ្លាក់ទៅក្នុងការដឹកនាំបែបផ្ដាច់ការ។
បុណ្យប្រពៃណីខ្មែរ ជិតខិតមកដល់ ប្រជាពលរដ្ឋ និងមន្ត្រីក្រាកៗ ក្នុងជួររដ្ឋាភិបាល កំពុងត្រៀមជួបជុំគ្រួសារ និងដើរលេងសប្បាយ។ ក៏ប៉ុន្តែ អ្នកនយោបាយ បក្សប្រឆាំង និងសកម្មជនសង្គម មួយចំនួន ដែលធ្លាប់ចេញមុខតវ៉ា រឿងអយុត្តិធម៌និងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ហាក់មានវាសនាខុសពីមន្ត្រីរដ្ឋាភិបាល ដោយអ្នកខ្លះ កំពុងជាប់ពន្ធនាគារ និងឃ្លាតឆ្ងាយពីសាច់ញាតិបងប្អូន។
ពលរដ្ឋរស់នៅភ្នំពេញ លោក ម៉ៅ ឆន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១ ខែមេសា ថា ជាច្រើនឆ្នាំង មកនេះ ប្រជាពលរដ្ឋ អ្នកនយោបាយ និងសកម្មជនសង្គម ភាគច្រើន បន្តរងភាពអយុត្តិធម៌ជាញឹកញាប់។ លោកបន្តថា ករណីនេះ អ្នកខ្លះជាប់ពន្ធនាគារ៤ ទៅ៥ឆ្នាំ ទាំងអយុត្តិធម៌ ដោយពុំបានជួបមុខគ្រួសារ ពេលបុណ្យទានម្ដងៗ។
លោក ម៉ៅ ឆន៖ «ខ្ញុំឃើញ ឱ្យមានការដោះលែង អ្នកទោសមនសិការ និងអ្នកទោសដែលពួកគាត់ជាប់ពាក់ព័ន្ធ រឿងអយុត្តិធម៌នៅក្នុងសង្គម ជាពិសេស អ្នកមានបញ្ហារំលោភបំពាន់ដីធ្លី និងអ្នកនយោបាយ គឺគួរតែត្រូវបានដោះលែងនៅក្នុងថ្ងៃចូលឆ្នាំខ្មែរនេះ»។
ពលរដ្ឋរូបនេះ ក៏ចង់ឃើញ អ្នកនយោបាយ ទាំងបក្សកាន់អំណាច និងបក្សប្រឆាំង គួរតែនាំគ្នា គិតគូរ រកដំណោះស្រាយ ពីបញ្ហាប្រទេសជាតិ ជាជាង ធ្វើទុក្ខបុកម្នេញគ្នា ហើយបញ្ឈប់ការ ចាត់ទុកខ្មែរគ្នាឯងជាសត្រូវ ព្រោះបញ្ហានេះ ពុំផ្ដល់គំរូល្អនោះទេ គឺមានតែនាំពលរដ្ឋទៅរកភាពអយុត្តិធម៌។
ពលរដ្ឋម្នាក់ទៀត រស់នៅខេត្តកំពង់ឆ្នាំង លោក ស្ងួន ញៀន លើកឡើងថា មានតែអ្នករងភាពអយុត្តិធម៌ ពីការដឹកនាំបច្ចុប្បន្នទេ ទើបយល់ពីការឈឺចាប់ នៃការព្រាត់ប្រាស សាច់ញាតិបងប្អូន។ ដូច្នេះ លោកថា ដើម្បីផ្ដល់យុត្តិធម៌ដល់ពលរដ្ឋ រដ្ឋាភិបាល គួរតែធ្វើការកែសម្រួលប្រព័ន្ធតុលាការ ដោយឈរលើគោលការណ៍យុត្តិធម៌។
លោក ស្ងួន ញៀន៖ «តុលាការសព្វថ្ងៃនេះ គឺកៀបសង្កត់គ្រប់បែបយ៉ាង លើអ្នកការពារដីធ្លី ព្រៃឈើ និងធនធានធម្មជាតិ និងអង្គការសង្គមស៊ីវិលផងដែរ។ ជាក់ស្ដែង តុលាការអត់បានយកហេតុពិត ឬស៊ើបអង្កេតឱ្យបានច្បាស់លាស់ ក្នុងនាមជាអ្នកយុត្តិធម៌ទេ។ អ៊ីចឹងហើយ ខ្ញុំយល់ឃើញថា តុលាការ សព្វថ្ងៃនេះ មិនមានយុត្តិធម៌ទេ»។
មកទល់ពេលនេះ មានសកម្មជនគណបក្សប្រឆាំង និងអ្នករិះគន់រដ្ឋាភិបាលជាង ៥០នាក់ កំពុងជាប់ឃុំក្នុងពន្ធនាគារដោយសារតែការអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន។ តុលាការបានចោទប្រកាន់ពួកគេដូចៗគ្នា គឺពីបទរួមគំនិតក្បត់ ញុះញង់ឲ្យយោធិនមិនស្ដាប់បង្គាប់ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមជាដើម។
ក្រុមអង្គការជាតិ-អន្តរជាតិ រួមទាំងក្រុមប្រទេសប្រជាធិបតេយ្យធំៗ ថ្កោលទោសជាបន្តបន្ទាប់ថា ការចាប់ឃុំខ្លួនទាំងនេះ គឺជារឿងនយោបាយ និងធ្វើឡើងដោយគ្មានមូលដ្ឋានច្បាប់ និងទាមទារឲ្យដោះលែងពួកគេវិញជាបន្ទាន់ និងឥតលក្ខខណ្ឌ។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន និង ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន ប៉ូណា ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេនៅថ្ងៃទី០១ ខែមេសា។
ទោះយ៉ាងណា កាលពីថ្ងៃទី២៩ ខែមីនា កន្លងទៅនេះ ក្រសួងយុត្តិធម៌ ប្ដេជ្ញាចិត្តមិនគេចវេះក្នុងការដោះស្រាយបញ្ហាជូនពលរដ្ឋឡើយ ហើយ ក្រសួងបើកទទួលគ្រប់ពាក្យបណ្ដឹងពីពលរដ្ឋដែលអះអាងថា គ្មានភាពយុត្តិធម៌។
ដោយឡែក ប្រជាពលរដ្ឋ ភាគច្រើនហាក់អស់ជំនឿលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ក្រោយពី សកម្មជនសិទ្ធិមនុស្ស និងអ្នកនយោបាយភាគច្រើន តែងតែរងការធ្វើទុក្ខបុកម្នេញ តាមរយៈប្រព័ន្ធតុលាការ ក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ។ ពលរដ្ឋចង់ឃើញរដ្ឋាភិបាលដោះស្រាយបញ្ហាទាំងនេះប្រកបដោយយុត្តិធម៌ ដើម្បីពួកគាត់ អាចជួយជុំគ្រួសារឡើងវិញ។
ចាប់តាំងពីរដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន បើកយុទ្ធនាការជាប្រព័ន្ធគាស់រម្លើងប្រជាធិបតេយ្យកាលពីឆ្នាំ២០១៧ ដើម្បីធានាការផ្ទេរអំណាចឱ្យកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ឡើងធ្វើជានាយករដ្ឋមន្ត្រីក្រុមអ្នកនយោបាយបក្សប្រឆាំង សកម្មជនសង្គម និងក្រុមអ្នករិះគន់រដ្ឋាភិបាល ភាគច្រើន រស់នៅ ព្រាត់ប្រាសគ្រួសារ ដោយសារតែ អ្នកខ្លះ ជាប់ពន្ធនាគារ ខ្លះ រត់ទៅនៅក្រៅប្រទេស និងពលរដ្ឋខ្លះទៀតគេលួចធ្វើឃាត។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ប្រាប់វិទ្យុអាស៊ីសេរីថា ទោះបីជា ច្បាប់ មិនបើកផ្លូវឲ្យអ្នកទោសនយោបាយ ឬអ្នកទោសមនសិការ ដែលមិនទាន់មានសាលក្រម អាចស្នើសុំបន្ធូរបន្ថយ និងលើកលែងទោស ឬលើកលែងការចោទប្រកាន់បានមែន តែបើមានឆន្ទៈនយោបាយ ឬ ចង់ឲ្យស្ថានភាពនយោបាយធូរស្រាល រដ្ឋាភិបាលនៅតែអាចធ្វើបាន តាមរយៈរូបភាពផ្សេងៗបាន។
លោក សន ជ័យ៖ «អាចថារូបភាព ដែលរដ្ឋាភិបាលស្នើទៅព្រះមហាក្សត្រ ហើយនិងមធ្យោបាយផ្សេងៗទៀត ដែលគេអាចធ្វើទៅបាន នៅក្នុងក្របខណ្ឌច្បាប់។ ទោះបីយើងមើលទៅសម្រាប់អ្នកទោសមនសិការ ឬក៏អ្នកទោសនយោបាយ ក៏នៅតែមានច្រកចេញដែរ បើសិនគេហៅ ថា ជាការចង់បន្ធូរបន្ថយនូវបរិយាកាសនយោបាយ ជាពិសេសសំណុំរឿងទាក់ទងនឹងអ្នកនយោបាយ។ អ្នកដែលត្រូវគេឃុំខ្លួនបណ្ដោះអាសន្នអ្វីជាដើមហ្នឹង គួរតែមានច្រកចេញដែរ មិនអត់ទេ ដរាបណាភាគីអនុវត្តច្បាប់ហ្នឹង មានឆន្ទៈពិតប្រាកដ»។
ជំពូកទី២ នៃព្រះរាជក្រឹត្យស្ដីពីការបន្ធូរបន្ថយទោស និងលើកលែងទោស បានចែងថា ការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ត្រូវធ្វើឡើងចំនួន៥ដងក្នុងមួយឆ្នាំ តែត្រូវស្ថិតក្នុងពិធីបុណ្យចំនួន៥ រួមមាន ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧មករា, ពិធីបុណ្យចូលឆ្នាំខ្មែរ, ពិធីបុណ្យវិសាខបូជា, ពិធីបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ។
នៅចុងឆ្នាំ២០២៣កន្លងទៅ មានទណ្ឌិត ត្រូវបានដោះលែង និងបន្ធូរបន្ថយទោស ជាង៨០០ (៩០២) នាក់ ដែលក្នុងនោះមានស្រី៦១នាក់ ក្នុងឱកាសបុណ្យជាតិចំនួន២ គឺបុណ្យឯករាជ្យជាតិ និងបុណ្យអុំទូក។ ក៏ប៉ុន្តែ នៅក្នុងចំណោមអ្នកទោសទណ្ឌទាំងនោះ ពុំឃើញមានអ្នកទោសនយោបាយ ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។