បក្ស​ប្រឆាំង​ថា អាជ្ញាធរ​នៅ​កំពង់ធំ​បន្ត​គំរាម​កំហែង និង​លួច​ដក​ស្លាក​គណបក្ស​ភ្លើងទៀន

0:00 / 0:00

សកម្មជន​គណបក្ស​ភ្លើងទៀន​នៅ​ខេត្តកំពង់ធំ​ចោទប្រកាន់​អាជ្ញាធរ​បក្ស​កាន់អំណាច​ថា នៅតែ​បន្ត​គំរាមកំហែង​មក​លើ​សមាជិក​បក្ស​ភ្លើងទៀន​តាម​មូលដ្ឋាន និង​លួច​ដក​ស្លាក​គណបក្ស​ពួកគេ​ចោល​។ មន្ត្រី​សង្គម​ស៊ីវិល​ថា អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​បើក​លំហ​ផ្នែក​នយោបាយ​ដល់​បក្ស​ក្រៅ​រដ្ឋាភិបាល​ឱ្យបាន​ទូលំទូលាយ​ជាជាង​ប្រើប្រាស់​រូបភាព​គំរាមកំហែង​។​

​សកម្មជន និង​ថ្នាក់ដឹកនាំ​បក្ស​ភ្លើងទៀន​នៅ​ខេត្តកំពង់ធំ​លើកឡើង​ថា អស់​រយៈពេល​១​ខែ​នេះ​ស្លាក​គណបក្ស​ភ្លើងទៀន​នៅក្នុង​ឃុំ​ចំនួន​៣ នៃ​ស្រុក​ស្ទោង គឺ​ឃុំ​ពពក ឃុំ​ទ្រា និង​ឃុំ​សំព្រោជ រកឃើញថា​មាន​អ្នក​លួច​វាយ​បំផ្លាញ​ ​និង​ដក​ស្លាក​បក្ស​ភ្លើងទៀន​យក​ទៅ​បោះចោល​តាមតែ​អំពើ​ចិត្ត​។ ពួកគេ​ចាត់ទុក​សកម្មភាព​ទាំងនេះ​ថា ជា​ការ​រើសអើង​នយោបាយ និង​ជា​រូបភាព​គំរាមកំហែង​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ស្មារតី​ពលរដ្ឋ​ក្នុង​មូលដ្ឋាន។

សមាជិក​ក្រុម​ប្រឹក្សាឃុំ​ជាប់ឆ្នោត​បក្ស​ភ្លើងទៀន​នៅ​ឃុំ​ពពក ស្រុក​ស្ទោង លោក គី សុលឺ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​៨ ខែកុម្ភៈ ថា នៅក្នុង​ឃុំ​ពពក មាន​ស្លាក​បក្ស​ភ្លើងទៀន​មួយចំនួន​ត្រូវ​បាន​គេ​លួច​វាយ​បំបែក ចំណែក​ស្លាក​ខ្លះទៀត​បាន​បាត់។ លោក​ថា ស្លាក​បក្ស​ភ្លើងទៀន​ទាំងនោះ លោក​បាន​លើក​កាលពីមុន​បោះឆ្នោត​ឃុំ​សង្កាត់​ ​ដោយមាន​ការ​សុំ​អនុញ្ញាត​ត្រឹមត្រូវ​ពី​អាជ្ញាធរ​មូលដ្ឋាន។

លោក គី សុលឺ៖ «ជាក់ស្ដែង​យើង​ឃើញ​មានការ​គំរាមកំហែង​គ្រប់​រូបភាព ទី​១ ដូច​មានការ​មក​លួច​ដក​ស្លាក​សញ្ញា ហើយ​បន្ទាប់មក​ទី​២​មានការ​គំរាមកំហែង​ដល់​សកម្មជន តំណាង​គណបក្ស​ភូមិ​តាម​បណ្ដា​ភូមិ​នីមួយៗ នៅក្នុង​ឃុំ​ពពក​របស់ខ្ញុំ​។ មានការ​គំរាមកំហែង​មែនទែន គំរាមកំហែង​ហើយ​ដើរ​បញ្ចុះបញ្ចូល ហើយ​បង្ខិតបង្ខំ​ឱ្យ​តំណាង​គណបក្ស​ភ្លើងទៀន​នៅ​តាម​បណ្ដា​ភូមិ​មួយចំនួន​ឱ្យ​ផ្សិត​មេដៃ​យល់ព្រម​ចុះចូល​ជាមួយ​គេ អាហ្នឹង​ជា​ការ​បង្ខិតបង្ខំ​មួយ»។

ចាប់តាំង​ពី​មាន​វត្តមាន​បក្ស​ភ្លើងទៀន ចូលរួម​ការបោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​មក សមាជិក​បក្ស​ភ្លើងទៀន​តាម​មូលដ្ឋាន សង្កេត​ឃើញ​ថា បក្ស​ប្រឆាំង​មួយ​នេះ ពិបាកធ្វើ​សកម្ម​ភាព​ចុះ​ជួប​ប្រជាពលរដ្ឋ ដោយសារ​តែ​មាន​អាជ្ញាធរ​ចាំ​តាម​ឃ្លាំមើល និង​ប្រើប្រាស់​រូបភាព​គំរាមកំហែង​តាមរយៈ​សួរនាំ និង​បញ្ចុះបញ្ចូល​ទិញ​ទឹកចិត្ត​ពលរដ្ឋ​ឱ្យមក​ចូលរួម​ជាមួយ​បក្ស​កាន់អំណាច​។​

​ស្រដៀង​គ្នា​នេះ​បេក្ខភាព​ក្រុមប្រឹក្សា​ស្រុក​ស្ទោង ខេត្តកំពង់ធំ មកពី​បក្ស​ភ្លើងទៀន លោក ណូ ថែ មាន​ប្រសាសន៍​ថា មាន​ស្លាក​បក្ស​ភ្លើងទៀន​មួយចំនួន​នៅក្នុង​ស្រុក​ស្ទោង​ ​នៅក្នុង​ឃុំ​ពពក ឃុំ​ទ្រា និង​ឃុំ​សំព្រោជ ត្រូវ​គេ​លួច​ដក​និង វាយ​បំផ្លាញ​ចោល។ លោក​បន្ត​ថា លោក​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​តាម​ឃុំ​នីមួយៗ​ហើយ ប៉ុន្តែ ពុំ​មាន​អាជ្ញាធរ​ណា​ហ៊ាន​ទទួល ពាក្យបណ្ដឹង​របស់​លោក​នោះ​ទេ។ ដូច្នេះ​លោក​ទទូច​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​គួរតែ​សហការ​ល្អជា​មួយ​បក្ស​ភ្លើងទៀន ដើម្បី​ធានា​នូវ​ការ​ចូល​ផ្នែក​នយោបាយ​ដោយ​ពុំ​មាន​ការរើសអើង។

លោក ណូ ថែ៖ «សំណូមពរ​ឱ្យ​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​ទាំងអស់​ឱ្យ បើក​លំហ​សេរីភាព​នយោបាយ​ចំពោះ​គណបក្ស​ភ្លើងទៀន​ឱ្យ​មាន​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​ឈរ​ឈ្មោះ​បោះឆ្នោត​នៅ​ថ្ងៃទី​២៣ កក្កដា ខាងមុខ»។

ជុំវិញ​រឿង​នេះ មេឃុំ​សំព្រោជ ស្រុក​ស្ទោង លោក ពៀច ពោល ច្រាន​ចោល​ចំពោះ​ការចោទប្រកាន់​នេះ​ថា ជា​រឿង​មិន​ពិត​ ​ទោះជា​យ៉ាងណា​ ​លោក​ថា​ ​បើសិន​ជា​មាន​ករណីនេះ​មែន​លោក​នឹង​ដោះស្រាយ​តាម​ទិដ្ឋភាព​ជាក់ស្ដែង។

លោក ពៀច ពាល៖ «វា​អត់​មាន​ទេ​នៅ​ឃុំ​សំព្រោជ​នោះ ក្មួយ​ឯង​កុំ​ចេះតែ​ជឿ​អានេះ ដើរ​និយាយ​ឱ្យ​កើត​តែ​រឿង អា​រឿង​ពិត​វា​អត់​មាន អ៊ីចឹង​បាន​ចង់​និយាយ​ថា ណា​ដែល​និយាយ​ឱ្យ​ក្មេង​ឯង​ថា អ៊ីចឹង ចង់​យក​អានោះ​ឯង​មក ចង្អុល​ថា ធ្លាក់​ណា​ដែល​គេ​វាយ ហើយ​រស់នៅ​ជាមួយ​គណបក្ស​ប្រជាជន​គេ​បំភិតបំភ័យ​បែប​ណា​ខ្លះ​សកម្មជន​គាត់​ដែល​នៅ​ជាមួយ វា​សុទ្ធតែ​បង សុទ្ធតែ​ប្អូន​ស៊ី​បាយ​ជាមួយគ្នា ទៅ​វត្ត​ជាមួយគ្នា ពេល​បុណ្យទាន​មួយ​លើកៗ ម៉េច​បាន​និយាយ​បង្ខូច​គណបក្ស​ប្រជាជន​បែប​នោះ»។

ទោះជា​បែបនេះ​ក្ដី​ ​អ្នកនាំពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដហុក​ (Adhoc) លោក សឹង សែនករុណា លើកឡើង​ថា បញ្ហា​ការ​គំរាម ការ​វាយ​បំផ្លាញ​ស្លាក​គណបក្ស​ក្រៅ​រដ្ឋាភិបាល​នេះ វា​បាន​កើតមាន​ជា​ញឹកញាប់​មុន​ការបោះឆ្នោត​។ លោក​បន្ត​ថា ជា​ក្ដី​បារម្ភ បើសិនជា​សកម្មភាព​នេះ​នៅតែ​បន្ត​កើតមាន​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ស្មារតី​អ្នក​នយោបាយ និង​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​។ ដូច្នេះ​លោក​ថា​អាជ្ញាធរ​ពាក់ព័ន្ធ​គួរតែ​បើក​ចិត្ត​ទូលាយ​ក្នុង​ការ​សហការ​ល្អ ជាមួយ​បក្ស​ក្រៅ​រដ្ឋាភិបាល ដោយ​ពុំ​មាន​ការរើសអើង​នយោបាយ។

លោក សឹង សែនករុណា៖ «ចង់​មិន​ចង់​ធ្វើ​ឱ្យ​ប៉ះពាល់​សតិអារម្មណ៍​ប្រជាពលរដ្ឋ​ក្នុង​ការ​ចូលរួម​បោះឆ្នោត​នៅ​ពេល​ខាង​មុននឹង​ហើយ​។ អ៊ីចឹង​បញ្ហា​ទាំងនេះ​ស្ថាប័ន​ពាក់ព័ន្ធ​គប្បី​ចុះ​ប្រមូល​ព័ត៌មាន និង​ស្រាវជ្រាវ​ឱ្យ​បាន​ច្បាស់លាស់ ហើយ​ដើម្បី​ទប់ស្កាត់​អំពី​ករណីនេះ​កុំឱ្យ​កើតឡើង​បន្ត​ទៀត បើ​មិន​ដូច្នោះ​ទេ បញ្ហា​នេះ​មិនអាច​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​ទេ អ៊ីចឹង​វា​កាន់តែ​រីក​ដាល​ទៅ​ធ្វើ​ឱ្យ​ស្ថានភាព​កាន់តែ​អាប់អួរ ធ្វើ​ឱ្យ​បរិយាកាស​នយោបាយ​មិនល្អ​ប្រសើរ​ទេ»។

សន្ទស្សន៍​ប្រជាធិបតេយ្យ​ឆ្នាំ​២០២២ ទើបនឹង​ចេញផ្សាយ​ដោយ​អង្គភាព​ស៊ើបអង្កេត​សេដ្ឋកិច្ច​ (Economist Intelligence Unit EIU) ​ដែល​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​ (UK) ​បង្ហាញ​ថា កម្ពុជា​នៅតែ​បន្ត​ជាប់​ឈ្មោះ​ជា​ប្រទេស​មាន​របប​ដឹកនាំ​តាម​បែប​ផ្ដាច់ការ​ (Authoritarianism) ​ក្នុងចំណោម ១៦៧​ប្រទេស​នៅ​លើ​សាកលលោក ដោយសារតែ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បើក​យុទ្ធនាការ​គាស់​រម្លើង​ប្រជាធិបតេយ្យ​តាមរយៈ​ការ​រម្លាយ គណបក្ស​សង្គ្រោះ​ជាតិ​នៅមុន​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ និង​ការ​រឹតត្បិត​លើ​អ្នកនយោបាយ​បក្ស​ប្រឆាំង​ជា​បន្តបន្ទាប់។

អ្នកឃ្លាំមើល​បញ្ហា​នយោបាយ​ថា បក្ស​កាន់អំណាច គួរតែ​ផ្លាស់ប្ដូរ​ឥរិយាបថ​ក្នុង​ការ​ដឹកនាំ​តាមរយៈ​គំរាមកំហែង​មក​លើ​បក្ស​ប្រឆាំង ហើយ​ងាក​មក​គោរព​សិទ្ធិមនុស្ស​និង​បើក​លំហ​ដល់​អ្នកនយោបាយ​បក្ស​ប្រឆាំង ដើម្បី​ផ្ដល់​នូវ​លទ្ធភាព​ពេញលេញ​ក្នុង​ការ​ឈរឈ្មោះ​បោះឆ្នោត​ថ្នាក់​ជាតិ​ខាងមុខ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។