មេដឹកនាំគណបក្សភ្លើងទៀន ប្រាប់អ្នកគាំទ្រថា គណបក្សនេះ អាចធ្វើបាន នូវអ្វីដែលកម្មវិធីនយោបាយ និងសារនយោបាយ ដែលគណបក្សនេះបានអនុម័ត ព្រោះគណបក្សភ្លើងទៀនមានធនធានមនុស្ស និងការប្ដេជ្ញាចិត្តខ្ពស់។
អនុប្រធានគណបក្សភ្លើងទៀន លោកបណ្ឌិត សុខ ហាច ដែលជាអ្នកជំនាញសេដ្ឋកិច្ច លើកឡើងថា ដើម្បីឱ្យក្ដីសង្ឃឹមគណបក្សភ្លើងទៀន ក្លាយជាការពិតគឺទាមទារថ្នាក់ដឹកនាំនិងសមាជិកគណបក្សប្រឹងប្រែងធ្វើទាំងអស់គ្នា។

បណ្ឌិត សុខ ហាច៖«ឥឡូវយើងធ្វើបានអត់ ហេតុអីបានធ្វើបានពីព្រោះយើងនឹងមាននយោបាយមួយធ្វើម៉េចឱ្យសេដ្ឋកិច្ចខ្លាំង ហើយសេដ្ឋកិច្ចយើងមានការប្រកួតប្រជែងហ្នឹងពាក្យប្រកួតប្រជែងពាក្យបច្ចេកទេសបន្តិចហើយ ប៉ុន្តែ ដូចរាល់ថ្ងៃហើយពួកយើងសុទ្ធតែអ្នករកស៊ីខ្លះៗដែរ រកស៊ីគឺការប្រកួតប្រជែងហើយការប្រកួតប្រជែងទាល់តែ តម្លៃយើងដែលទិញមកធ្វើម៉េចឱ្យលក់ថ្លៃ»។
គណបក្សភ្លើងទៀន ដាក់អនុម័តកម្មវិធីនយោបាយ និងសារនយោបាយ ដូច្នេះ ក្នុងសមាជវិសាមញ្ញ ថ្ងៃទី១១ ខែកុម្ភៈ ធ្វើនៅខេត្តសៀមរាប ដោយមានសមាជិកនិងអ្នកគាំទ្រចូលរួមជាង ៧ពាន់នាក់។
គោលនយោបាយទាំង០៩ចំណុច ការកំណត់ការប្រកួតប្រជែងដោយស្មើភាព លើកទឹកចិត្តការបង្កើតរោងចក្រ សហគ្រាស គ្រប់ខេត្តក្រុង ពង្រឹងវិស័យទេសចរណ៍ លើកស្ទួយវិស័យកសិកម្ម ដោយពង្រឹងលទ្ធភាពនៃការផលិត កាត់បន្ថយការចំណាយរបស់កសិករ កំណត់អាណត្តិនាយករដ្ឋមន្ត្រីតែពីរអាណត្តិ មិនមន្ត្រីតុលាការ យោធា មន្ត្រីស៊ីវិល ជាប់ពាក់ព័ន្ធនឹងគណបក្សនយោបាយ លើកកម្ពស់សិទ្ធិស្ត្រី ពង្រឹងការប្រមូលពន្ធ និងលុបបំបាត់អំពើពុករលួយ ជាដើម។
ចំណែកសារនយោបាយ៥ចំណុចរបស់គណបក្សនេះ ទី១ គឺព្យាបាលអ្នកជំងឺនៅតាមមន្ទីរពេទ្យរដ្ឋដោយឥតបង់ប្រាក់ ទី២មនុស្សចាស់អាយុចាប់ពី៦៥ឆ្នាំឡើងម្នាក់ទទួលបានប្រាក់២០ម៉ឺនរៀល ទី៣កំណត់ប្រាក់ឈ្នួលកម្មករ៣០០ដុល្លារឡើងទៅ ទី៤ បញ្ចុះតម្លៃជី ប្រេង អគ្គិសនី ជូនកសិករ និងទី៥ គឺយុទ្ធនាការ១លានការងារជូនដល់យុវជន។
មុនការបោះឆ្នោតខែកក្កដា ខាងមុខនេះ គណបក្សភ្លើងទៀនបង្កើនសមាសភាពក្បាលម៉ាស៊ីនគណបក្សនេះ ដោយបង្កើតឱ្យមានអនុប្រធានចំនួន ៥រូប បន្ថែមចំនួនសមាជិកអចិន្ត្រៃយ៍ចំនួន៤១ កើនដល់ចំនួន១៧នាក់កើនដល់ចំនួន ៣២នាក់ និងបង្កើនសមាជិកពីចំនួនគណៈកម្មការនាយកចំនួន១១៧នាក់។
អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ រំពឹងថា គណបក្សនឹងអនុវត្តគោលនយោបាយទាំងនេះបានជោគជ័យនៅពេលដឹកនាំប្រទេស។ លោកឱ្យដឹងដែរថា គណបក្សភ្លើងទៀន ក៏មានគោលនយោបាយ ប្រឆាំងការឈ្លានពានពីបរទេស ប្រឆាំងអំពើពុករលួយ ប្រឆាំងការជួញដូរគ្រឿងញៀន ប្រឆាំងអំពើហិង្សា ដោះស្រាយបញ្ហានយោបាយដោយការស្រុះស្រួល ការដោះស្រាយបញ្ហាអន្តោប្រវេសន៍ និងច្បាប់សញ្ជាតិ។

លោក សុន ឆ័យ៖«សញ្ញាណនៃគណបក្សភ្លើងទៀនដើម្បីបង្ហាញរំលឹកសារនយោបាយទាំង៥ យើងនឹងលើកម្រាម៥របស់យើងជាសញ្ញា ហើយដើម្បីបញ្ជាក់ថា គណបក្សភ្លើងទៀនប្ដេជ្ញាចិត្តប្រយុទ្ធប្រឆាំងនូវរាល់អំពើពុករលួយដោយបន្តការងារបម្រើប្រជាពលរដ្ឋដោយស្អាតស្អំត្រឹមត្រូវដោយប្រើប្រាស់ស្រោមដៃពណ៌សនេះជាសញ្ញានៃគណបក្សភ្លើងទៀនពីពេលនេះតទៅ»។
ចំណែកអតីតអ្នកការពារសិទ្ធិកម្មករ លោក រ៉ុង ឈុន ដែលទើបត្រូវបានគណបក្សភ្លើងទៀន តែងតាំងជាអនុប្រធានគណបក្សនេះ លោកប្ដេជ្ញាចិត្តជួយគណបក្សភ្លើងទៀន ដើម្បីបង្កើនកម្លាំង និងសម្រេចបំណងប្រាថ្នាពលរដ្ឋខ្មែរ។ លោកបន្តទៀតថា ដើម្បីទទួលបានជោគជ័យលុះត្រាផ្ទៃក្នុងគណបក្សរឹងមាំ មានភាពស្មោះត្រង់ទើប គណបក្សភ្លើងទៀនក្លាយជានាវាយកឆ្ពោះទៅមុខ ទំលុះរលកយក្ស នឹងអាចឈានដល់គោលដៅឈ្នះឆ្នោតខែកក្កដាខាងមុខ។

លោក រ៉ុង ឈុន៖«បើផ្ទៃក្នុងយើងអត់រឹងមាំ ពេលហ្នឹងយើងមិនអាចសម្រេចបំណងប្រាថ្នាប្រជាពលរដ្ឋបានទេបាទ។ យើងទាំងអស់គ្នាត្រូវស្មោះត្រង់នឹងបក្ស មានផ្ទៃក្នុងរឹងមាំ ទី២ត្រូវស្មោះត្រង់នឹងបក្សទី៣ស្មោះត្រង់នឹងប្រជាពលរដ្ឋ»។
មេដឹកនាំគណបក្សភ្លើងទៀន បានពាក់ស្រោមដៃពណ៌សនៅដៃខាងស្ដាំ ដែលជាសញ្ញាប្រឆាំងអំពើពុករលួយ ។ គណបក្សនេះធានាថា គ្មានអំពើពុករលួយពីថ្នាក់ដឹកនាំ រហូតដល់ថ្នាក់ក្រោម។
ទាក់ទងការកំណត់គោលនយោបាយ និងសារនយោបាយរបស់គណបក្សភ្លើងទៀនពេលនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ យល់ថា ជាសិទ្ធិសេរីភាព ក្នុងការបង្ហាញឱ្យម្ចាស់ឆ្នោតជឿជាក់លើគណបក្សនេះ។ អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ ចង់ឃើញថា គណបក្សនយោបាយ ដាក់គោលនយោបាយ ដោយគ្មានការលាបពណ៌ ការបោកប្រាស់ និងប្រើសារនយោបាយដែលមិនជ្រុលនិយម។
លោក ឈឹម ផលវរុណ៖«ត្រូវតែបង្ហាញជូនប្រជាពលរដ្ឋដើម្បីប្រជាពលរដ្ឋមានជម្រើស ដើម្បីប្រជាពលរដ្ឋមានជម្រើសជាការត្រឹមត្រូវហើយ មានជម្រើសហើយមានជំនឿទុកចិត្ត ហើយគណបក្សប្រជាជនគិតគូរណាស់រឿងផ្ដល់នូវអ្វីទំនុកចិត្តហើយអ្វីប្រជាពលរដ្ឋធ្លាប់ស្គាល់គណបក្សប្រជាជនហើយជំនឿទុកចិត្តកាន់តែទុកចិត្ត ហើយគូប្រកួតផ្សេងៗទៀតក៏យើងគោរពសិទ្ធិរបស់គេឱ្យតែប្រើការប្រើសិទ្ធិសេរីភាពនិងកាតព្វកិច្ចជូនប្រជាពលរដ្ឋដោយគ្មានការបោកប្រាស់»។
បើទោះជាអ្នកនាំពាក្យបក្សកាន់អំណាចអះអាងបែបនេះក្ដី ប៉ុន្តែ លោក ហ៊ុន សែន ដែលជាប្រធានគណបក្សកាន់អំណាច តែងតែនៅតែប្រើប្រាស់វេទិកាសាធារណៈគំរាមប្រើហិង្សា និងប្រព័ន្ធតុលាការលើគណបក្សភ្លើងទៀន។ គណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន ក៏បានដាក់ចេញគោលនយោបាយ ប្តេជ្ញាតាមកម្ទេចចោលនយោបាយ និងសកម្មភាពជ្រុលនិយមគ្រប់រូបភាព ឱ្យអស់ពីសង្គមកម្ពុជា។
ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ ច្រាក់ (CHRAC) លោក រស់ សុដ្ឋា សង្កេតឃើញថា កម្មវិធីគណបក្សភ្លើងទៀនជានយោបាយល្អព្រោះអ្វីដែលគណបក្សនេះដាក់ក្នុងកម្មវិធីនយោបាយគឺជាបញ្ហាដែលកំពុងកើតឡើងក្នុងសង្គម។ លោកយល់ថា ប្រសិនបើគណបក្សភ្លើងទៀន ឈ្នះឆ្នោតគណបក្សភ្លើងទៀន អាចនឹងអនុវត្តគោលនយោបាយរបស់ខ្លួនបានព្រោះអ្វីសំខាន់គឺឆន្ទៈ ហើយធនធានមនុស្សឬធនធានថវិកា គឺជាការកើតឡើងនៅពេលក្រោយ។
លោក រស់ សុដ្ឋា៖«ចំណុចស្លាប់របស់គណបក្សក្នុងការទទួលបានការគាំទ្រមិនគាំទ្រ សំខាន់គណបក្សណាមួយនោះ គឺគិតគូរអំពីសេចក្ដីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្នមុនគិតគូររឿងផ្សេងៗទៀតរឿងធំៗរបស់ប្រទេសជាតិព្រោះគណបក្សណាមួយអាចយល់ឃើញហើយគិតគូរអំពីសេចក្ដីត្រូវការបច្ចុប្បន្នរបស់ពលរដ្ឋគណបក្សនោះច្រើនទទួលបាននូវគាំទ្រ»។
គណបក្សភ្លើងទៀន គឺជាដៃគូប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជាតិខែកក្កដា ខាងមុខ។ កាលពីការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ កន្លងទៅនេះ គណបក្សភ្លើងទៀន ទទួលបានសំឡេងទី២ ពីពលរដ្ឋ បន្ទាប់ពីបក្សកាន់អំណាច បើទោះជាគណបក្សនេះ រងការធ្វើទុក្ខបុកម្នេញ ពីអាជ្ញាធរ និងតុលាការនៃរដ្ឋាភិបាលលោក ហ៊ុន សែន យ៉ាងណាក្ដី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។