បក្ស​ភ្លើងទៀន​តែងតាំង​ថ្នាក់ដឹកនាំ​មួយ​ភាគ​ធំ​ថែម​ទៀត ក្រោយ​មន្ត្រី​មួយ​ចំនួន​ចូល​ទៅ​បក្ស​ឆន្ទៈ​ខ្មែរ

ដោយ ខាន់ លក្ខិណា
2024.01.22
បក្ស​ភ្លើងទៀន​តែងតាំង​ថ្នាក់ដឹកនាំ​មួយ​ភាគ​ធំ​ថែម​ទៀត ក្រោយ​មន្ត្រី​មួយ​ចំនួន​ចូល​ទៅ​បក្ស​ឆន្ទៈ​ខ្មែរ សមាជវិសាមញ្ញរបស់គណបក្សភ្លើងទៀន កាលពីថ្ងៃទី២១ ខែ​មករា ឆ្នាំ២០២៤។
រូប​៖ តេឡេក្រាមគណបក្សភ្លើងទៀន

គណបក្ស​ភ្លើងទៀន​តែងតាំង​សមាសភាព​ថ្នាក់ដឹកនាំ​មួយ​ភាគ​ធំ​បន្ថែម​ទៀត ដើម្បី​បំពេញ​កន្លែង​ទំនេរ និង​បំពេញ​បែបបទ​ដាក់​ទៅ​ក្រសួង​មហាផ្ទៃ បន្ទាប់​ពី​អ្នកដឹកនាំ​កំពូលៗ​ច្រើន​រូប បាន​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ឆន្ទៈ​ខ្មែរ ត្រៀម​ចូលរួម​បោះឆ្នោត​ព្រឹទ្ធសភា។

សេចក្ដី​ប្រកាស​ព័ត៌មាន ស្ដីពី​សមាជ​វិសាមញ្ញ​របស់​គណបក្ស​ភ្លើងទៀន ដែល​មាន​លោក ទាវ វណ្ណុល ជា​ប្រធាន នៅ​ថ្ងៃទី​២១ មករា នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស ដែល​មាន​អ្នកចូលរួម​ប្រមាណ​១០០​នាក់ បាន​ឱ្យ​ដឹង​ថា គណបក្ស​នេះ​សម្រេច​បាន​លទ្ធផល​ជ្រើសតាំង​បំពេញ​បន្ថែម​សមាជិក គណៈកម្មាធិការ​នាយក ១៣​រូប និង​បន្ថែម​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ២​រូប។

សមាជ​គណបក្ស​ភ្លើងទៀន ក៏​បាន​ជ្រើសតាំង​លោកស្រី គុណ លំអង និង​លោក ជា គឹមលី ជា​អនុប្រធាន ព្រមទាំង​ជ្រើសតាំង​លោក ជា ប៉ូច ជា​អគ្គហិរញ្ញិក និង​លោក ហេង សាវឿន ជា​ស្នងការ​គណនេយ្យ។

អគ្គលេខាធិការ​គណបក្ស​ភ្លើងទៀន លោក លី សុធារ៉ាយុត្តិ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២១ មករា ថា ការ​តែងតាំង​នេះ ជា​ការ​បំពេញបន្ថែម​នូវ​ថ្នាក់ដឹកនាំ​និង​តាម​តម្រូវការ​ក្រសួងមហាផ្ទៃ ដែល​ទាមទារ​ឱ្យ​គណបក្ស​ភ្លើងទៀន​ធ្វើ​បច្ចុប្បន្ន ភាព​អំពី​សមាសភាព​ថ្នាក់ដឹកនាំ បន្ទាប់​ពី​ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើងទៀន​មួយ​ចំនួន​បាន​ចាក​ចេញ ទៅ​បំពេញ​បេសកកម្ម​នៅ​គណបក្ស​ឆន្ទៈ​ខ្មែរ​ដែល​ជា​គណបក្ស​ក្នុង​សម្ព័ន្ធភាព ដើម្បី​ត្រៀមខ្លួន​ចូលរួម​បោះឆ្នោត​ព្រឹទ្ធសភា។

ការ​រុះរើ និង​ជ្រើសតាំង​ក្បាលម៉ាស៊ីន​ដឹកនាំ​គណបក្ស​ភ្លើងទៀន​នៅ​ពេល​នេះ គឺ​ដើម្បី​បំពេញ​ជំនួស​តួនាទី​របស់​លោក​បណ្ឌិត សុក ហាច លោក សុន ឆ័យ លោក ហុង សុខហួរ លោក សេង ម៉ារឌី និង លោក គីមសួរ ភីរិទ្ធ ជាដើម ដែល​ទៅ​កាន់​តំណែង​កំពូលៗ​នៅ​គណបក្ស​ឆន្ទៈ​ខ្មែរ​ដែល​ធ្វើ​សមាជ​មួយ​ថ្ងៃ​មុន​សមាជ​របស់​គណបក្ស​ភ្លើងទៀន។

សមាជ​របស់​គណបក្ស​ឆន្ទៈ​ខ្មែរ កាល​ពី​ថ្ងៃ​ទី២០ មករា បាន​ជ្រើសតាំង​លោក សុក ហាច ជា​ប្រធាន រីឯ​អតីត​ប្រធាន​គណបក្ស​នេះ គឺ​លោក គង់ មុនីកា កាន់​តំណែង​ជា​អគ្គលេខាធិការ​នៅ​ពេល​លោក ហុង សុខហួរ លោក សុន ឆ័យ និង លោក សេង ម៉ារឌី ក្លាយជា​អនុប្រធាន ហើយ​លោក គីមសួរ ភីរិទ្ធ ជា​ប្រធាន​ក្រុមប្រឹក្សាវិន័យ។

ការ​រុះរើ និង​ជ្រើសតាំង​ក្បាលម៉ាស៊ីន​ដឹកនាំ​គណបក្ស​ភ្លើងទៀន និង​គណបក្ស​ឆន្ទៈ​ខ្មែរ​នៅ​គ្រា​នេះ​កើត​មាន​ឡើង​នៅ​ពេល​គណបក្ស​ភ្លើងទៀន ជួប​ឧបសគ្គ​ត្រូវ​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត (..) ហាម​មិន​ឱ្យ​ចូលរួម​បោះឆ្នោត ព្រោះតែ​បាត់​ឯកសារ​ដើម​របស់​គណបក្ស​ហើយ​មេដឹកនាំ​គណបក្ស​ភ្លើងទៀន​ក៏​នាំគ្នា​ផ្លាស់​ទៅ​ដឹកនាំ​គណបក្ស​ឆន្ទៈ​ខ្មែរ ដើម្បី​សង្គ្រោះ​ឱកាស​ចូលរួម​បោះឆ្នោត​ព្រឹទ្ធសភា​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២៤៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា ការ​ជីក​ព្រែក​ហ្វូណន​ជា​សិទ្ធិ​អធិបតេយ្យ​របស់​កម្ពុជា គ្មាន​ការ​ចាំ​បាច់​បំភ្លឺ​គ្រប់​រឿង​ដល់​វៀតណាម​ទេ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។