ថ្នាក់​ដឹកនាំ​បក្ស​ភ្លើង​ទៀន​ស្នើ​ទូត​ប្រទេស​សេរី​ជួយ​ជំរុញ​បើក​លំហ​សិទ្ធិមនុស្ស និង​នយោបាយ​មុន​បោះ​ឆ្នោត

ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន​បាន​ស្នើ​ឱ្យ​ទូត​ប្រទេស​ប្រជាធិបតេយ្យ ជួយ​ជំរុញ​រដ្ឋាភិបាល​កម្ពុជា បើក​លំហ​សិទ្ធិមនុស្ស និង​នយោបាយ​មុន​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ក្នុង​ពេល​ខាង​មុខ។ ការ​ស្នើ​សុំ​នេះ​ធ្វើ​ឡើង ស្រប​ពេល​ដែល​អនុប្រធាន​គណបក្ស​ភ្លើងទៀន បាន​ជួប​ពិភាក្សា​ជា​មួយ​បណ្ដា​មន្ត្រី​ទូត​ប្រទេស​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី២៨ ខែ​កុម្ភៈ និងថ្ងៃទី១ ខែ​មីនា​នេះ។

អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន ៣រូប រួមមាន លោក សុន ឆ័យ លោក រ៉ុង ឈុន និង​បណ្ឌិត សុខ ហាច បាន​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​ស្ថាន​ទូត​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន ឱ្យ​ជួយ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា បើក​លំហ​សិទ្ធិមនុស្ស និង​នយោបាយ ដើម្បី​ធានា​ឱ្យ​ការ​បោះឆ្នោត​ថ្នាក់​ជាតិ ក្នុង​ខែកក្កដា​ខាង​មុខ​នេះ ប្រកប​ដោយ​ភាព​ត្រឹមត្រូវ និង​យុត្តិធម៌ ស្រប​ពេល​រដ្ឋាភិបាល​លោក ហ៊ុន សែន កំពុង​បង្កើន​ការ​គំរាម​កំហែង និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ឥត​ឈប់ឈរ ទៅ​លើ​ក្រុម​អ្នក​រិះគន់​រួម​ទាំង​បក្ស​ភ្លើង​ទៀន​ផង។ មន្ត្រី​ទូត​ប្រទេស​ប្រជាធិបតេយ្យ​ដែល ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន​បាន​ជួប​ពិភាក្សា​ទាំង​នោះ​មាន​ដូចជា ឯក​អគ្គរដ្ឋទូត​បារាំង​លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) និង​ឯកអគ្គ​រដ្ឋ​ទូត​អាល្លឺម៉ង់ លោក ស្តេហ្វាន ម៉េសស៊ើរឺ (Stefan Messerer) កាល​ពីថ្ងៃទី២៨ ខែ​កុម្ភៈ និង​អនុ​ប្រធាន​បេសកកម្ម​ការទូត​អាមេរិក លោក ម៉ៃឃើល ដែលតា (Michael DeTar) កាល​ពី​ថ្ងៃទី១ ខែ​មីនា។

អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក រ៉ុង ឈុន ប្រាប់​វិទ្យុអាស៊ីសេរី​ថា កិច្ច​ពិភាក្សា​រវាង​ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន និង​តំណាង​ទូត​ប្រទេស​ប្រជាធិបតេយ្យ បាន​ផ្ដោត​សំខាន់​លើ​ស្ថានភាព​សិទ្ធិមនុស្ស និង​នយោបាយ​នៅ​កម្ពុជា។ លោក​បន្ថែម​ថា ដោយសារ​តែ​រដ្ឋាភិបាល នៅ​តែ​មិន​ទាន់​បើក​លំហ​ការ​ប្រកួត​ប្រជែង​នយោបាយ ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​នៅ​ឡើយ​នោះ ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន​បាន​ស្នើ​ឱ្យ​អង្គ​ទូត​ទាំង​នោះ ជំរុញ​ឱ្យ​រដ្ឋាភិបាល​លើក​កម្ពស់​ការ​គោរព​សិទ្ធិមនុស្ស និង​បញ្ឈប់​ការ​គំរាម​កំហែង​ទៅ​លើ​សកម្មជន​នយោបាយ​ដែល​មាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល។

លោក រ៉ុង ឈុន៖ «យើង​ចង់​ជម្រាប​ទៅ​ស្ថានទូត​ថា ស្ថានភាព​យើង​មើល​ឃើញ​ថា​ជា​សារ​ថ្មី​មួយ គំរាម​កំហែង​ទៅ​ដល់​សកម្មជន​នយោបាយ ក៏​ដូចជា​អ្នក​ដឹកនាំ​នយោបាយ​នៅ​ក្រៅ​រដ្ឋាភិបាល គេ​ចង់​ស្នើ​ឱ្យ​អង្គ​ទូត​ទាំង​អស់​ហ្នឹង ត្រូវ​តែ​ជួយ​ជំរុញ ធ្វើ​ម៉េច​ឱ្យ​កម្ពុជា​ហ្នឹង​ត្រូវ​តែ​ផ្ដល់​សេរីភាព បើក​លំហ ដើម្បី​ធ្វើ​ម៉េច​ឱ្យ​ដំណើរ​ការ​បោះឆ្នោត​ថ្ងៃ២៣ កក្កដា មាន​សេរី ត្រឹមត្រូវ យុត្តិធម៌ ទៅ​តាម​ច្បាប់​ដែល​មាន​ចែង»។

លោក រ៉ុង ឈុន បន្ថែម​ថា អង្គ​ទូត​នៃ​ប្រទេស​ប្រជាធិបតេយ្យ​ទាំង​នេះ បាន​ឆ្លើយ​តប​ជា​វិជ្ជមាន​ចំពោះ​ការ​លើក​ឡើង​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន ហើយ​ពួកគេ​ក៏​កំពុង​យក​ចិត្ត​ទុក​ដាក់ សង្កេត​មើល​ការ​វិវត្ត​នយោបាយ​នៅ​កម្ពុជា​ផង​ដែរ។

ការ​ស្នើ​សុំ​ទាំង​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន នា​រយៈ​ពេល​ចុង​ក្រោយ​នេះ បង្កើន​ការ​គំរាម​កំហែង និង​បន្ត​រឹតត្បិត​លំហ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​កាន់​តែ​ខ្លាំង តាម​រយៈ​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ជា​អាវុធ។ ករណី​ទាំង​នោះ រួម​មាន​ការ​ចាប់​ឃុំ​ខ្លួន​មេ​សហជីព កាស៊ីណូ​ណាហ្គាវើលដ៍ (Naga World) កញ្ញា ឈឹម ស៊ីថរ ការ​ចាប់​ឃុំ​ខ្លួន​អនុប្រធាន​បក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ការ​រឹប​អូស​ទ្រព្យ​សម្បត្តិ ឧត្ដម​ក្រុម​ប្រឹក្សា​គណបក្ស​ភ្លើង​ទៀន លោក គង់ គាំ និង​អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ស៊ុន ឆ័យ ជា​ដើម។ ជាមួយ​គ្នា​នេះ លោក ហ៊ុន សែន ក៏​បាន​បញ្ជា​យ៉ាង​តក់​ក្រហល់​ឱ្យ​ក្រសួង​ព័ត៌មាន​បិទ​មិន​ឱ្យ​សារព័ត៌មាន​ឯករាជ្យ​ក្នុង​ស្រុក វីអូឌី មិន​ឱ្យ​ដំណើរការ​កាល​ពី​ខែ​កុម្ភៈ។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់​ទង ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ដើម្បី​បក​ស្រាយ​បាន​នោះ​ទេ​នៅ​ថ្ងៃទី២ ខែ​មីនា ដោយ​ទូរស័ព្ទ​ហៅ​ចូល តែ​ពុំ​មាន​អ្នក​ទទួល។ ទោះ​ជា​យ៉ាង​ណា អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន អះអាង​ថា ការ​ចោទ​ប្រកាន់​ទៅ​លើ​សកម្មជន​គណបក្ស​ភ្លើង​ទៀន និង​ការ​បិទ​វិទ្យុ​វីអូឌី កន្លង​មក គឺ​គ្រាន់​តែ​ជា​ការ​អនុវត្ត​ច្បាប់​តែ​ប៉ុណ្ណោះ។

លោក ផៃ ស៊ីផាន៖ «បញ្ហា​ដែល​កើត​ឡើង​ពាក់​ព័ន្ធ​នឹង​មេ​ដឹកនាំ​បក្ស​ប្រឆាំង ជា​ពិសេស​ថ្មី​នេះៗ​ជា​មួយ​មេ​ដឹក​នាំ​បក្ស​ភ្លើង​ទៀន​នេះ វា​តែ​រឿង​គាត់ តែ​រឿង​ផ្ទៃ​ក្នុង​ប្រទេស​កម្ពុជា មាន​ពាក់ព័ន្ធ​អី​អាមេរិក មាន​ពាក់ព័ន្ធ​អី​បារាំង»។

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ តែង​លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា​ប្រើ​ប្រព័ន្ធ​តុលាការ​ជា​អាវុធ ដើម្បី​ជា​លេស​គំរាម​កំហែង​ទៅ​លើ​សកម្មជន​ស៊ីវិល និង​អ្នក​ដែល​មាន​និន្នាការ​នយោបាយ​ផ្ទុយ​ពី​រដ្ឋាភិបាល​តែ​ប៉ុណ្ណោះ និង​មិនមែន​ជា​ការ​អនុវត្ត​ច្បាប់​សោះ​ឡើយ។ អង្គភាព​ស៊ើប​អង្កេត​សេដ្ឋកិច្ច (Economist Intelligence Unit EIU) ដែល​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស (UK) បាន​ដាក់​ចំណាត់​ថ្នាក់​កម្ពុជា​ទាប​បំផុត​ខាង​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ ឬ​ជា​ប្រទេស​ដឹកនាំ​បែប​ផ្ដាច់​ការ។

បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ អង្គការ​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ តែង​តែ​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​លំហ​ប្រជាធិបតេយ្យ មុន​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ក្នុង​ខែកក្កដា ដើម្បី​ធានា​ឱ្យ​ការ​បោះឆ្នោត​ប្រកប​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ បើ​ពុំ​នោះ​ទេ កម្ពុជា​នឹង​បាត់​បង់​ផល​ប្រយោជន៍​សេដ្ឋកិច្ច ហើយ​នឹង​ទទួល​រង​ទណ្ឌកម្ម​ជា​បន្ត​បន្ទាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។