រលកនៃការធ្វើទុក្ខបុកម្នេញមន្ត្រីគណបក្សសង្គ្រោះជាតិ នៅទូទាំងប្រទេសបានចាប់ផ្ដើមនៅតាមមូលដ្ឋាន។ លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២៥ ធ្នូ បានបង្ហោះលិខិតរបស់សមត្ថកិច្ចស្រុកស្អាង ខេត្តកណ្ដាល ដែលបានបង្ខំឲ្យមន្ត្រីគណបក្សសង្គ្រោះជាតិម្នាក់ ឈប់បង្ហោះវីដេអូស្តីអំពីការគាំទ្រ លោក សម រង្ស៊ី ធ្វើជាប្រធានស្តីទីគណបក្សដោយចោទថា វីដេអូនោះ អាចបង្កឲ្យមានបញ្ហាអសន្តិសុខសង្គម។ លោក សម រង្ស៊ី អះអាងថា ការធ្វើទុក្ខបុកម្នេញនេះ ក្រោយពេលដែល លោកបានបង្ហោះវីដេអូរបស់សកម្មជនគណបក្សសង្គ្រោះជាតិ ដែលបានជួបជុំបង្ហាញការសាមគ្គីគ្នា គាំទ្រលោក៖ «យើងខ្ញុំទាំងអស់គ្នាជាអតីតនាយប្រតិបត្តិស្រុកស្អាង។ ពួកគាត់មកពី១៦ឃុំនៅស្រុកស្អាង។ ពួកយើងទាំងអស់គ្នាសូមថ្លែងអរគុណចំពោះឯកឧត្ដមប្រធានស្តីទី សម រង្ស៊ី ដែលបានវិលត្រឡប់មកដឹកនាំគណបក្សសង្គ្រោះជាតិវិញ។ ទន្ទឹមនេះ យើងសូមប្រកាសថា យើងគាំទ្រឯកឧត្ដម សម រង្ស៊ី ជាប្រធានស្តីទីដើម្បីដឹកនាំគណបក្សសង្គ្រោះជាតិឲ្យបានរុងរឿងទៅមុខជាពិសេសទាមទារដោះលែងឯកឧត្ដម កឹម សុខា ឲ្យមានសេរីភាព»។
អាស៊ីសេរីមិនទាន់អាចទាក់ទងមន្ត្រីស្រុកស្អាងដើម្បីការសាកសួរ ចំពោះការបង្ខំឲ្យសមាជិកគណបក្សប្រឆាំងធ្វើកិច្ចសន្យាឈប់ថ្លែងសារនយោបាយគាំទ្រគណបក្សសង្គ្រោះជាតិបានទេ កាលពីថ្ងៃទី២៥ ខែធ្នូ។ ប៉ុន្តែក្នុងលិខិតសន្យានេះ ក៏បានព្រមានមន្ត្រីគណបក្សសង្គ្រោះជាតិថា បើសិនពួកគេបន្តបង្ហោះវីដេអូគាំទ្របក្សប្រឆាំងទៀត ពួកគេនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ចាប់តាំងពី លោក សម រង្ស៊ី ត្រូវបានជ្រើសរើសជាប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ កាលពីដើមខែធ្នូមក សមត្ថកិច្ចនៅតាមមូលដ្ឋានជាច្រើនខេត្ត បានកោះហៅមន្ត្រីគណបក្សសង្គ្រោះជាតិទៅសាកសួរ និងបញ្ចុះបញ្ចូលឲ្យចុះចូលជាមួយគណបក្សបក្សប្រជាជនកម្ពុជា និងបង្ខំឲ្យឈប់គាំទ្រគណបក្សសង្គ្រោះជាតិជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
