សកម្មជនគណបក្សសង្គ្រោះជាតិ មកពីតាមបណ្ដាខេត្តមួយចំនួន ប្ដេជ្ញាថា ពួកគេនឹងនៅតែចូលរួមតស៊ូមតិដោយអហិង្សា ប្រសិនបើគណបក្សប្រឆាំងពិតជារៀបចំមហាបាតុកម្មមែន។ ការបញ្ជាក់ជំហរនៅពេលនេះរបស់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ស្របពេលរដ្ឋាភិបាលព្រមានបង្ក្រាបការជួបជុំគ្រប់ទម្រង់ដែលរៀបចំដោយគណបក្សសង្គ្រោះជាតិ។
ការប្រកាសមិនដកថយរបស់សកម្មជនបក្សប្រឆាំងនេះ ខណៈដែលមន្ត្រីជាន់ខ្ពស់គណបក្សបញ្ជាក់ថា ថ្ងៃទី១៦ ខែកញ្ញា គឺជាពេលវេលាក្នុងការកំណត់ទិសដៅជាក់លាក់នៃគម្រោងធ្វើមហាបាតុកម្មហើយ។
លោក អេង ឆៃអ៊ាង តំណាងរាស្ត្រមណ្ឌលខេត្តកណ្ដាល គណបក្សសង្គ្រោះជាតិ ឲ្យដឹងនៅថ្ងៃទី១៥ កញ្ញា ថា គណៈកម្មការអចិន្ត្រៃយ៍របស់គណបក្សប្រឆាំង នឹងរៀបចំសមាសភាពគណៈកម្មការតស៊ូមតិ ហើយបន្ទាប់ពីរៀបចំគណៈកម្មការនេះរួចហើយ នឹងឈានមួយជំហានទៀតក្នុងពេលតែមួយ គឺរៀបចំគម្រោងធ្វើមហាបាតុកម្មយកតែម្ដង។ លោកបន្តថា « និយាយរួមយើងបង្កើតន ូវ រៀបចំសមាសភាព សិន ព្រោះសំខាន់កាលណាយើងចង់ធ្វើអ្វីមួយ ត្រូវមានសមាសភាព ការសិក្សា និងមាន អ្នកទទួលខុសត្រូវ ការងារផ្សេងៗ ដើម្បីសិក្សាឲ្យបានល្អិតល្អន់ »។
សកម្មជនដែលគាំទ្រគណបក្សសង្គ្រោះជាតិ មកពីតាមបណ្ដាខេត្តមួយចំនួនអះអាងថា ពួកគេសប្បាយចិត្ត ប្រសិនបើពិតជាមានមហាបាតុកម្មមែន។
រស់នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង លោក ឌុក ភឹម និយាយថា ការប្រើប្រាស់កម្លាំងប្រដាប់អាវុធក្នុងការបង្ក្រាបអ្នកតវ៉ា ទោះក្នុងទម្រង់អ្វីក៏ដោយ ស្ថានភាពនេះនឹងមិនអាចទប់ស្កាត់ការចូលរួមរបស់មហាជនបានឡើយ។ ជាងនេះទៀត អ្វីដែលពលរដ្ឋស្ម័គ្រចិត្តចូលរួមក្នុងមហាបាតុកម្មនេះ គឺបានដឹងរួចជាស្រេចទៅហើយថា អាចជួបឧបសគ្គ ប៉ុន្តែបញ្ហានេះវាពុំមែនជារនាំងឡើយ។ លោកបន្តថា « ទោះបី ត្រៀម យ៉ាងណា ក៏ខ្ញុំ នៅតែមាន ឆន្ទៈចូលរួមដែរ។ ដោយសារខ្ញុំ មានគំនិត មួយ ខ្ញុំ ចង់ផ្លាស់ប្ដូរ អ្នកដឹកនាំ ។ ខ្ញុំចង់ផ្លាស់ប្ដូរ អ្នកដឹកនាំ រកអ្នកដឹកនាំថ្មីដែលមានប្រជាធិបតេយ្យពិតប្រាកដ »។
ទាក់ទិនស្ថានភាពនយោបាយនេះដែរ ពលរដ្ឋរស់នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង វិញ គឺលោក ឈឹម សិទ្ធិ អះអាងថា បំណងនៃការចូលរួមមហាបាតុកម្មនេះ គឺពុំមានអ្នកបង្ខំឲ្យចូលរួមឡើយ។ ផ្ទុយទៅវិញ ការស្ម័គ្រចិត្តនេះ ដោយមើលឃើញពីសង្គមរស់ក្នុងភាពប្រេះឆា ដោយអ្នកដឹកនាំកំពុងធ្វើឲ្យការរស់នៅចែកវណ្ណៈគ្នារវាងអ្នកមាន និងអ្នកក្រ។ មិនតែប៉ុណ្ណោះ យុត្តិធម៌សង្គមនៅតែជាទិសដៅនៃការវាយប្រហារមកលើជនរងគ្រោះដែលជាពលរដ្ឋសាមញ្ញ គ្មានបុណ្យស័ក្ដិ ឬសែស្រឡាយក្នុងជួររដ្ឋាភិបាល។ លោកបន្តថា « នេះ បងពិចារណា មើល នេះ គ្រាន់តែ សម្បកខាងក្រៅ ទេ សម្រាប់គេអ្នកមានគេអ្នកមាន សម្រាប់អ្នកក្រពិបាកវេទនាទៅរកស៊ី ធ្វើខ្ញុំគេនៅស្រុកគេស្រុកឯង ។ មិនខ្លាចទេ ! មិនអាច ខ្មែរសម្លាប់ខ្មែរ បានទេ ខ្ញុំជឿបែបហ្នឹង »។
ជុំវិញរឿងនេះ លោក ហ៊ុន សែន បានព្រមានកាលពីថ្ងៃទី១២ កញ្ញា ថា លោកបានបញ្ជាកម្លាំងប្រដាប់អាវុធទាំងអស់ឲ្យត្រៀមបង្ក្រាប និងកម្ចាត់ចោលរាល់សកម្មភាពបាតុកម្មរបស់គណបក្សប្រឆាំង។ លោកនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា សូមអ្នកចូលរួមកុំញ៉ាម និងអាងលើបាតុកម្មឲ្យសោះ។ លើសពីនេះទៀត ប្រធានគណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា វាយពស់ត្រូវវាយក្បាលមុន បើមិនជឿសាកមើល។
គេសង្កេតឃើញថា ក្រោយពីមានសារនយោបាយដែលលោក ហ៊ុន សែន ព្រមានបានមួយថ្ងៃភ្លាម ទាំងកងទ័ពជើងគោក ក្រសួងការពារជាតិ និងគ្រប់បញ្ជាការដ្ឋាននៃកងយោធា បានប្ដេជ្ញាអនុវត្តបទបញ្ជានេះដោយម៉ឺងម៉ាត់ក្នុងការកម្ចាត់លើក្រុមអ្នកតវ៉ា។
អ្នកវិភាគនយោបាយយល់ឃើញថា សង្គ្រាមពាក្យសម្ដី និងការប្រកាន់ជំហររៀងៗខ្លួនរបស់អ្នកនយោបាយក្នុងដំណាក់កាលចុងក្រោយនេះ អាចធ្វើឲ្យកម្ពុជា ត្រូវធ្លាក់ចូលក្នុងប្រវត្តិសាស្ត្រដ៏ជូរចត់ឡើងវិញ ដែលកម្ពុជា ធ្លាប់ឆ្លងកាត់កាលពី ២០ឆ្នាំមុន។
លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម យល់ឃើញថា ប្រសិនបើគម្រោងមហាបាតុកម្មកើតឡើងដូចការគ្រោងទុកមែន រឿងនេះគឺគណបក្សសង្គ្រោះជាតិ ប្រាកដណាស់គណបក្សប្រឆាំងកំពុងធ្វើដំណើរចូលក្នុងផែនការយុទ្ធសាស្ត្រដែលគេបានព្រាងទុកជាយូរមកហើយ។ មិនតែប៉ុណ្ណោះ សភាពការណ៍លើកនេះ គឺមិនខុសពីរុញឲ្យកម្ពុជា ដើរលើផ្លូវចាស់កាលពី ២ទសវត្សរ៍មុនទៀតឡើយ។ លោកបន្តថា « ការរៀបចំ នូវកម្លាំង មហាជន អីហ្នឹង ខ្ញុំខ្លាច ចូលទៅក្នុង អន្ទាក់ របស់គេ ឬនៅក្នុងប្លង់ដែលគេបានរៀបចំហើយ ។ គណបក្សសង្គ្រោះជាតិ មិនគួរ យកផ្លូវហ្នឹងដើរ ទេក្នុងពេល ហ្នឹង »។
បើទោះជាបែបណា គណបក្សប្រឆាំងអះអាងថា ផែនការដែលបានគ្រោងទុករួចហើយនេះ គឺពុំមានការប្រែប្រួលឡើយ។ ម្យ៉ាងវិញទៀត នេះគឺជាជម្រើសចុងក្រោយ ហើយក៏ជាដំណោះស្រាយនយោបាយដែលអាចឲ្យកម្ពុជា បានវិលទៅរកសភាពការណ៍ដូចមុនថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ ឡើងវិញផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។