អាជ្ញាធរខេត្តកណ្ដាលនៃរបបក្រុងភ្នំពេញ បានកោះហៅសកម្មជនគណបក្សសង្គ្រោះជាតិ ចំនួន ៨នាក់ មកសាកសួរនៅការិយាល័យប៉ូលិស នៅថ្ងៃទី២០ ធ្នូ នេះ ក្រោយពីសកម្មជនទាំងនោះបានជួបប្រជុំគ្នា ក្នុងគោលបំណងបង្ហាញជំហររបស់ខ្លួន តាមមូលដ្ឋានគាំទ្រលោក សម រង្ស៊ី ជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។
អតីតប្រធានឃុំអរិយក្សត្រជាប់ឆ្នោតខាងគណបក្សសង្គ្រោះជាតិ តែក្រោយមកបានបាត់បង់តួនាទីដោយសាររបបក្រុងភ្នំពេញរំលាយគណបក្សប្រឆាំង អ្នកស្រី ទូច សាវុធ បានបញ្ជាក់ប្រាប់អាស៊ីសេរីថា អ្នកស្រីនឹងសកម្មជន ៧នាក់ផ្សេងទៀត ត្រូវប៉ូលិសប៉ុស្តិ៍ឃុំអរិយក្សត្រ ខេត្តកណ្ដាល កោះហៅតាមទូរស័ព្ទដោយគ្មានលិខិតអញ្ជើញដើម្បីឲ្យចូលឆ្លើយបំភ្លឺ ទាក់ទិននឹងការជួបប្រជុំគ្នារបស់សកម្មជនគណបក្សប្រឆាំងកាលពីព្រឹកថ្ងៃពុធ។
អ្នកស្រីបានបញ្ជាក់ថា អ្នកស្រីនិងសកម្មជនផ្សេងទៀតបានអះអាងថា នឹងចូលខ្លួនបំភ្លឺតាមការកោះអញ្ជើញនេះដោយសារតែអ្នកស្រីគិតថា មិនបានធ្វើសកម្មភាពអ្វីដែលផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ៖ «នេះជាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិប្រសិនបើការបញ្ចេញមតិរបស់ខ្ញុំវា ប៉ះពាល់ដល់សន្តិសុខសង្គម ឬមួយមានអ្វីប៉ះពាល់ដល់ការញុះញង់អាហ្នឹង បានខ្ញុំមានការព្រួយបារម្ភ។ សម្ដីរបស់ខ្ញុំអត់មានអ្វីធ្វើអោយមានហិង្សា ឬប៉ះពាល់ដល់សន្តិសុខផង»។
កាលពីថ្ងៃទីពុធ ទី១៨ធ្នូ សកម្មជនគណបក្សសង្គ្រោះជាតិចំនួន ៨នាក់ ដែលរួមមានប្រធានឃុំ និងជំទប់ឃុំជាប់ឆ្នោតខាងគណបក្សប្រឆាំងនៅឃុំអរិយក្សត្រ បានជួបប្រជុំគ្នាមួយនៅស្រុកល្វាឯមខេត្តកណ្ដាល ក្នុងគោលបំណងដើម្បីសំដែងការគាំទ្ររបស់ពួកគេចំពោះថ្នាក់ដឹកនាំគឺលោក សម រង្ស៊ី។
ការជួបប្រជុំនេះត្រូវបានក្រុមអាជ្ញាធររបបក្រុងភ្នំពេញបានដឹងដំណឹងនេះ រួចហើយបានកោះហៅពួកគេមកឆ្លើយបំភ្លឺដោយពុំមានឯកសារត្រឹមត្រូវ។
ប្រធានប៉ុស្តិ៍ប៉ូលិសឃុំអរិយក្សត្រ លោក អាន ពេញ មិនអាចសុំដើម្បីសេចក្ដីអត្ថាធិប្បាយបំភ្លឺបានទាក់ទិននឹងការកោះហៅសកម្មជនទាំងនោះទេ។
របបក្រុងភ្នំពេញមួយរយះចុងក្រោយនេះ ហាក់បីដូចជាបន្ទន់ឥរិយាបថថា នឹងបើកលំហលទ្ធិប្រជាធិបតេយ្យឡើងវិញ។ ក៏ប៉ុន្តែការធ្វើទុក្ខបុកម្នេញសេរីភាពជួបប្រជុំនៅតែបន្តកើតមានឡើងនៅឡើយ។
អនុប្រធានគណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង មានប្រសាសន៍ថា សេរីភាពជួបប្រជុំនៅកម្ពុជាត្រូវបានរឹតបន្តឹងក្រោមរបបផ្ដាច់ការរបស់លោក ហ៊ុន សែន។ លោកបានទទូចអោយអង្គការសិទ្ធិមនុស្សជួយឃ្លាំមើល និងជួយការពារសិទ្ធិប្រជាពលរដ្ឋដែលបានគាំទ្រគណបក្សប្រឆាំង៖ «នេះបង្ហាញឲ្យឃើញថា ប្រទេសកម្ពុជាអត់មានលទ្ធិប្រជាធិបតេយ្យអត់មានលំហសេរីភាព ដូចអ្វីដែលលោក ហ៊ុន សែន អះអាងទេ។ គ្រាន់តែសកម្មជនគណបក្សសង្គ្រោះជាតិ គាត់ជួបប្រជុំគ្នា ជជែកគ្នាក៏ត្រូវទទួលរងនូវការគំរាមកំហែងការយាយីពីអាជ្ញាធរមូលដ្ឋាន ពីប៉ូលិសដែលផ្ទុយពីអ្វីដែលរបបលោក ហ៊ុន សែន បង្អួតក្អេងក្អាងប្រាប់មតិសាធារណៈជាដើម អាហ្នឹងវាផ្ទុយគ្នាទាំងស្រុងតែម្ដង»។
លោក សម រង្ស៊ី ត្រូវបានតំណាងសាខាគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសតែងតាំងជាប្រធានស្តីទីកាលពីដើមនខែធ្នូ។
អនុប្រធានគណបក្សសង្គ្រោះជាតិពីររូបកាលពីពេលថ្មីៗនេះ គឺអ្នកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង បានសរសេរលិខិតតាមរយៈសារអេឡិចត្រូនិកមួយច្បាប់ ពន្យល់ទៅកាន់សហគមន៍អន្តរជាតិ អំពីមូលហេតុ និងដំណើរការនៃការប្រកាសតែងតាំងលោក សម រង្ស៊ី ឲ្យធ្វើជាប្រធានស្តីទីគណបក្សសង្គ្រោះជាតិជាផ្លូវការ។
អ្នកវិភាគបានបង្ហាញពីមន្ទិលសង្ស័យអំពីចេតនានៃរបបលោក ហ៊ុន សែន ដែលតែងតែអះអាងថាចង់បើកលំហសេរីភាពឡើងវិញ ក៏ប៉ុន្តែការអនុវត្តជាក់ស្ដែងនៅតែបង្ហាញការរឹតត្បិតដដែល៕
