សកម្មជន​បក្ស​ប្រឆាំង​បន្ទាយមានជ័យ​ជាង​៣០​នាក់​ជួប​ជុំ​ពង្រឹង​សាមគ្គី​​ត្រៀម​​ទទួល​លោក សម រង្ស៊ី

ដោយ ថន ថារ៉ូ
2019-02-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សម រង្ស៊ី អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ដំណើរ​តាម​បណ្ដោយ​មហា​វិថី​សហព័ន្ធ​រុស្ស៊ី​ឆ្ពោះ​ទៅ​រមណីយដ្ឋាន​វត្ត​ភ្នំ នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៤។
លោក សម រង្ស៊ី អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ដំណើរ​តាម​បណ្ដោយ​មហា​វិថី​សហព័ន្ធ​រុស្ស៊ី​ឆ្ពោះ​ទៅ​រមណីយដ្ឋាន​វត្ត​ភ្នំ នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៤។
RFA

សកម្មជន​គណបក្សប្រឆាំង ប្រមាណ​៣០​នាក់​នៅ​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី២៨ កុម្ភៈ បាន​ប្រមូល​ផ្ដុំ​គ្នា​ពង្រឹង​សាមគ្គីភាព ដើម្បី​ត្រៀមខ្លួន​ទៅ​ទទួល​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ ដោយ​មិន​ខ្លាច​អាជ្ញាធរ​គំរាមកំហែង​ចាប់ខ្លួន​ពួកគាត់។

ប្រធាន​គណបក្សប្រឆាំង​ស្រុក​ស្វាយចេក លោក មិន ហរ ថ្លែងប្រាប់​អាស៊ីសេរី​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​២៨ កុម្ភៈ ថា ពួកគាត់​បាន​ជួបជុំគ្នា​នៅផ្ទះ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ភូមិ​រលួស ឃុំ​រលួស ស្រុក​ស្វាយចេក ដោយ​បាន​រួម​សាមគ្គី​គ្នា​ស្មោះស្ម័គ្រ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​ឥត​ងាករេ បើ​ទោះ​បី​ជា​កន្លងមក​មាន​ការ​គំរាមកំហែង​ពី​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​ក្ដី ក៏​ពួកគាត់​នៅតែ​សាមគ្គី​គ្នា​ស្អិតល្មួត​ដដែល​។​សកម្មជន​បក្ស​រូប​នេះ​បន្ថែម​ទៀត​ថា ពួកគាត់​ជួប​គ្នា​នេះ​ដើម្បី​ត្រៀម​កម្លាំង​ទៅ​ទទួល​លោក សម រង្ស៊ី ដែល​គ្រោង​នឹង​វិញ​ចូល​ស្រុក​ក្នុង​ពេល​ឆាប់​ខាង​មុន​នោះ៖ «ខ្ញុំ​សូម​ផ្ដាំផ្ញើ​ទៅ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ពីមុន​ដែល​យើង​បាន​ធ្លាប់​តស៊ូ​ជា​យូរយារ​ណាស់​មក​ហើយ ដូច​រូប​ខ្ញុំ​តស៊ូ​ជិត​២០​ឆ្នាំ​ហើយ គឺ​មិន​អាច​លក់​ឧត្ដមគតិ​របស់​ខ្លួន​ក្បត់​ម្ចាស់​ឆ្នោត​បានទេ ហើយ​និង​ផ្ដាំផ្ញើ​ទៅ​បងប្អូន​ឱ្យ​ទ្រាំ​តស៊ូ​បន្ថែម​ទៀត ខ្ញុំ​ជឿ​ថា យ៉ាង​ក្នុង​ឆ្នាំ​២០១៩​នេះ​យើង​មានឱកាស​ហើយ»

សកម្មជន​បក្ស​ប្រឆាំង​ម្នាក់ទៀត លោក យ៉ាត ភារម្យ ដែល​បាន​ចូលរួម​ពង្រឹង​សាមគ្គីភាព​ដែរ​អះអាង​ថា ពួកគាត់​ជួប​គ្នា​នេះ ក្នុង​គោលបំណង​ដើម្បី​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​របស់​សមាជិក​គណបក្ស​ខ្លួន​នៅ​ក្នុង​មូលដ្ឋាន​ផង និង​ក៏​ជា​ពញ្ញាក់​ស្មារតី​អ្នកស្នេហាជាតិ​ឱ្យ​មាន​ភាព​ក្លាហាន​ឡើងវិញ ដើម្បី​រួម​កម្លាំង​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឱ្យ​រស់​ឡើងវិញ។ លោក​បន្ថែម​ថា ពួកគាត់​ចង់​ជួបជុំ​ឱ្យ​បាន​ញឹកញាប់​និង​មាន​ទ្រង់ទ្រាយ​ធំ​ជាង​នេះ​ដែរ ក៏ប៉ុន្តែ​មិន​អាច​ធ្វើ​បាន​ដោយសារ​ស្ថានការណ៍​នយោបាយ​សព្វថ្ងៃ​មិន​អំណោយផល ហើយ​អាជ្ញាធរ​តែង​រឹតត្បិត​សិទ្ធិ សេរីភាព​របស់​ពួកគាត់៖ «យើង​ធ្វើ​ទៅ​មិនមែន​មានអី​ខុស​ដែរ ព្រោះ​កម្ពុជា​បាន​កំណត់​ឱ្យ​ពលរដ្ឋ​អាច​ជួបជុំគ្នា​ដែរ​តើ ដូច្នេះ​រឿង​ឈប់​គឺ​យើង​មិន​ឈប់​ទេ ធ្វើ​ត​ទៀត​រហូត ព្រោះ​ប្រទេស​មាន​ច្បាប់។ ពួក​ខ្ញុំ​ទៅ​ទទួល​លោក សម រង្ស៊ី មាន​ច្បាប់​ណា​ហាម​មិន​ឱ្យ​ពួក​យើង​ទៅ​ផង ព្រោះ​គាត់​ជា​ខ្មែរ​មួយ​រូប​ដែរ រឿង​ដែល​រដ្ឋាភិបាល​ចោទ​គាត់​ពួក​យើង​អត់​ដឹង​ទេ សំខាន់​ពួក​ខ្ញុំ​ដឹង​ថា គាត់​ជា​ប្រធាន​បក្ស​យើង​ត្រូវ​ទៅ​ទទួល​គាត់​ជា​កាតព្វកិច្ច​របស់​ពួក​យើង ព្រោះ​យើង​ជា​អ្នកគាំទ្រ​គាត់»

ទាក់ទង​នឹង​បញ្ហា​នេះ អធិការ​នគរបាល​ស្រុក​ស្វាយចេក លោក ជា ឈ្លូញ មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី​ថា សកម្មជន​បក្ស​ប្រឆាំង​ជួបជុំគ្នា​មិនបាន​សុំច្បាប់​ពី​អាជ្ញាធរ​ដែនដី​នោះ​ទេ ហើយ​លោក​ចាត់​ទុក​សកម្មភាព​នេះ​ថា ជា​រឿង​ខុសច្បាប់ ព្រោះ​គណបក្សប្រឆាំង​បាន​រំលាយ​អស់ហើយ៖ «បាទ​! ខ្ញុំ​ធ្វើ​យ៉ាង​ឱ្យ​ត្រូវ​ច្បាប់ បើ​សុំ​ច្បាប់​វា​ស្រ័យ​ទៅលើ​ពួកគាត់​អ្នកធ្វើ​ទេ ព្រោះ​ការ​ប្រមូល​ផ្ដុំ​គ្នា​នឹង​វា​ខុសច្បាប់​បាត់​ទៅ​ហើយ ហើយ​បើ​គាត់​ធ្វើ​គួរតែ​សុំ​អាជ្ញាធរ​ដែនដី ដូច្នេះ​រឿង​នេះ បើ​គេ​អនុវត្ត​ផ្លូវច្បាប់​ពួកគាត់​ក៏​ពិបាក​ដែរ»

កន្លងមក​អាជ្ញាធរ​ក្រុងភ្នំពេញ​រួម​ទាំង​លោក ហ៊ុន សែន ផង​តែង​គំរាមកំហែង​ដល់​មន្ត្រី​គណបក្សប្រឆាំង​ទាំងឡាយ​ណា​ដែល​ជួបជុំគ្នា​គាំទ្រ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ ​វិល​ចូល​ស្រុក​គឺជា​ការ​ញុះញង់​បង្ក​អសន្តិសុខ​ក្នុង​សង្គម។ លោក ហ៊ុន សែន ក៏បាន​គំរាម​កម្ទេច​សកម្មជន​គណបក្សប្រឆាំង​នៅ​ក្នុង​ស្រុក​ចោល​ទាំងអស់ ដោយសារ​ពួកគេ​មិន​ព្រម​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច និង​ជា​ការ​បញ្ចប់​ជីវិត​នយោបាយ​របស់​លោក សម រង្ស៊ី។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក ភុន ឈិន លើក​ឡើង​ថា ការ​ជួប​ជុំ​គ្នា​នេះ គឺជា​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ ដែល​បាន​កំណត់​ដោយ​រដ្ឋធម្មនុញ្ញ ដូច្នេះ​ពួកគាត់​មិន​ខុសច្បាប់​នោះ​ទេ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ចាត់​ទុក​ការ​ហាមឃាត់​មិន​ឱ្យ​ពួកគាត់​ជួបជុំគ្នា​គឺជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ពល​រដ្ឋ​ទៅវិញ​ទេ៖ «អីចឹង​សេរីភាព​នឹង​ជា​គោលការណ៍​ពលរដ្ឋ​ខ្មែរ​អាច​អនុវត្ត​បានជា​ទូទៅ ជា​ធម្មតា ព្រោះ​វា​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​កម្ពុជា បាន​ន័យ​ថា រដ្ឋធម្មនុញ្ញ​វា​ជា​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ គឺ​ជា​ច្បាប់​កំពូល​របស់​ប្រទេស​ទៅ​ហើយ ហើយ​មិនតែប៉ុណ្ណោះ វា​ជា​សេរីភាព​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​អន្តរជាតិ​ផង​ដែរ​បាទ»

ទោះជា​យ៉ាងណា​មន្ត្រី​គណបក្សប្រឆាំង​ទាំង​២​រូប​នេះ អះអាង​ថា បើ​ទោះ​បី​ជា​មានការ​គំរាមកំហែង​មក​លើ​ពួកគាត់​ក៏ដោយ ក៏​មិន​អាច​បំបែក​ពួកគាត់​បាន​ដែរ ដោយ​ពួកគាត់​នៅតែ​ប្រកាន់​ជំហរ​ទៅ​ទទួល​លោក សម រង្ស៊ី នៅ​គ្រប់​ទីកន្លែង បើទោះបីជា​ត្រូវ​ស្លាប់ ឬ​ត្រូវ​អាជ្ញាធរ​ចាប់​ដាក់គុក​ក៏​ពួកគាត់​មិន​ខ្លាច​ដែរ ព្រោះ​លោក សម រង្ស៊ី គឺជា​បុគ្គល​ម្នាក់​ដែល​មាន​សមត្ថភាព​អាច​សង្គ្រោះ​កម្ពុជា​ឱ្យ​រស់នៅ​ឡើងវិញ​បាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល