បក្ស​ប្រឆាំង​និង​អ្នក​វិភាគ​រិះគន់​លោក ហ៊ុន សែន ដែល​ថា​កម្ពុជា​មាន​សន្តិភាព​ពេញ​លេញ

ដោយ ម៉ម មុនីរតន៍
2015.12.23
កែម ឡី ៦២០ អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម លោក កែម ឡី ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៥។
Photo: RFA

លោក​នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា កម្ពុជា សព្វថ្ងៃ គឺ​មាន​សន្តិភាព​ពេញលេញ ដែល​ផ្ទុយ​ពី​មនុស្ស​មួយ​ក្រុម​ចាត់​ទុក​ថា កម្ពុជា កំពុង​មាន​វិបត្តិ​នយោបាយ។ ការ​ដៀមដាម​ជា​ថ្មី​ទៀត​ដោយ​មិន​សំដៅ​ចំ​ឈ្មោះ​របស់ លោក ហ៊ុន សែន តែ​គេ​ដឹង​ជាទូទៅ​ហើយ​ថា ទំនង​ជា​លោក​នាយក​រដ្ឋមន្ត្រី​ចង់​ថា​ឲ្យ​គណបក្ស​ជំទាស់ និង​អ្នក​វិភាគ​នយោបាយ។ គណបក្ស​ប្រឆាំង និង​អ្នក​វិភាគ​សង្គម នៅ​តែ​មើល​ឃើញ​ថា កម្ពុជា គឺ​ពុំ​ទាន់​មាន​សន្តិភាព​ពិត​ប្រាកដ​នៅ​ឡើយ​ទេ។

អ្នក​វិភាគ​នយោបាយ​មើល​ឃើញ​ថា សារ​នយោបាយ​របស់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន នេះ ប្រហែល​ជា​ចង់​សំដៅ​ទៅ​ដល់​ប្រទេស​ពុំ​មាន​សង្គ្រាម​ហើយ​មើល​ទៅ ក៏ប៉ុន្តែ​តាម​ពិត គឺ​កម្ពុជា កំពុង​មាន​បញ្ហា​ដ៏​ចាក់ស្រេះ ហើយ​ពលរដ្ឋ​ត្រូវ​រស់នៅ​ក្រោម​បន្ទាត់​នៃ​សិទ្ធិ​សេរីភាព​មាន​ការ​កំណត់​នៅ​ឡើយ​ទេ។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម លោក កែម ឡី ទទួល​ស្គាល់​ថា អ្វី​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ថ្លែង​ថា កម្ពុជា កំពុង​មាន​សន្តិភាព​នោះ ប្រហែល​ជា​ត្រូវ​ខ្លះ ក៏ប៉ុន្តែ​លោក​អះអាង​ថា បើ​ពិនិត្យ​ឲ្យ​ដិតដល់ គឺ​កម្ពុជា ពុំ​មាន​សន្តិភាព​បរិបូរណ៍​ដូច​ការ​មើល​ឃើញ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ឡើយ។ លោក កែម ឡី បន្ត​ថា ប្រជាពលរដ្ឋ​កំពុង​ប្រឈម​បញ្ហា​ជាច្រើន​នៅ​ក្នុង​សង្គម ដូចជា​សិទ្ធិ​ទទួល​បាន​នូវ​យុត្តិធម៌​ត្រូវ​បាន​រើសអើង បញ្ហា​អសន្តិសុខ ការ​រឹប​អូស​ដីធ្លី និង​រស់នៅ​ក្រោម​បន្ទាត់​នៃ​ការ​គំរាម​កំហែង ជាដើម។ ជាង​នេះ​ទៀត លោក កែម ឡី ចំអក​ឲ្យ លោក ហ៊ុន សែន ថា អ្វី​ដែល​ប្រមុខ​រដ្ឋាភិបាល​រស់នៅ​ក្នុង​ភាព​សុខសាន្ត ហើយ​ពុំ​មាន​វិបត្តិ​នោះ ក៏​ព្រោះ​លោក​នាយក​រដ្ឋមន្ត្រី​រស់នៅ​អម​ដោយ​កង​ការពារ​រាប់​មិន​អស់​ហើយ​មើល​ទៅ។ លោក​បន្ត​ថា «យើង​នៅ​ក្នុង​ផ្ទះ​យើង យើង​មាន​ទ្រព្យ​សម្បត្តិ​យើង ប៉ុន្តែ​មក​យក​ឆៅៗ ឧទាហរណ៍​ដី​សម្បទាន​សេដ្ឋកិច្ច​រស់នៅ​លើ​កោះ​អី​អ៊ីចឹងៗ គេ​មក​ឈូស​មក​ឆាយ​អ៊ីចឹង។ ដូច្នេះ​មិន​មាន​សន្តិភាព​ទេ ប៉ុន្តែ​បើ​គាត់ គាត់​មាន​សន្តិភាព ដោយសារ​គាត់​មាន​ទាហាន​ច្រើន មាន​អង្គរក្ស​ច្រើន»

ការ​រិះគន់​របស់​អ្នក​វិភាគ​នយោបាយ​នៅ​ពេល​នេះ ធ្វើ​ឡើង​ក្នុង​ពេល​ដែល​ប្រមុខ​រដ្ឋាភិបាល ចូលរួម​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​វារីអគ្គិសនី​តាតៃ​ក្នុង​ខេត្ត​កោះកុង កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣ ធ្នូ។

លោក ហ៊ុន សែន មាន​សុទិដ្ឋិនិយម​ថា នៅ​ពេល​នេះ កម្ពុជា កំពុង​ធ្វើ​ដំណើរ​លើ​ផ្លូវ​នៃ​សន្តិភាព​ដ៏​ពេញលេញ។ លោក​នាយក​រដ្ឋមន្ត្រី បាន​ដៀមដាម​ដោយ​មិន​សំដៅ​ចំ​ឈ្មោះ​ដល់​មនុស្ស​មួយ​ក្រុម ក៏ប៉ុន្តែ​ទំនង​ជា លោក ហ៊ុន សែន ចង់​ថា​ឲ្យ​គណបក្ស​ជំទាស់ និង​អ្នក​វិភាគ ដែល​ធ្លាប់​និយាយ​ថា កម្ពុជា កំពុង​មាន​វិបត្តិ​ផ្នែក​នយោបាយ។ លោក ហ៊ុន សែន បាន​ចំអក​ឲ្យ​អ្នក​រិះគន់​ថា អ្នក​ដែល​សំអាង​ថា កម្ពុជា កំពុង​មាន​វិបត្តិ​នយោបាយ​នោះ គឺ​ជា​ទំនាស់​របស់​ខ្លួន​ឯង​ប៉ុណ្ណោះ។ ដោយឡែក​ប្រជាពលរដ្ឋ​កម្ពុជា វិញ គឺ​កំពុង​ទទួល​បាន​នូវ​សន្តិភាព​យ៉ាង​ពេញលេញ។ លោក​បន្ត​ថា «ឥត​មាន​វិបត្តិ​អ្វី​ទាំងអស់។ អ្នក​ដែល​ចាត់​ទុក​ថា​វិបត្តិ គឺ​វិបត្តិ​ផ្ទាល់​ខ្លួន ឯ​អ្នក​ដែល​កំពុង​តែ​សប្បាយ​វិញ គឺ​ប្រជាជន​កម្ពុជា ពេញ​មួយ​ប្រទេស។ តែ​ប៉ុណ្ណឹង​ទេ។ អា​ហ្នឹង​វា​មាន​រឿង​អី​ឥឡូវ​ហ្នឹង។ ការ​សម្ពោធ​មិន​មែន​អាក់ខាន​តែ​មនុស្ស​ម្នាក់ ឬ​ពីរ​នាក់​ឯណា?»

ថ្វី​បើ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ពី​ការ​កសាង​សន្តិភាព និង​ការ​វិវឌ្ឍន៍​នៃ​សិទ្ធិ​សេរីភាព​បាន​ប្រសើរ​ជាង​មុន ក៏​សង្គម​ស៊ីវិល​នៅ​តែ​មើល​ឃើញ​ថា ប្រជាពលរដ្ឋ​កម្ពុជា កំពុង​រស់នៅ​ដោយ​ភាព​ភ័យ​ខ្លាច និង​ប្រយុទ្ធ​ប្រឆាំង​ដើម្បី​សិទ្ធិ​របស់​ពួក​គេ​ដ៏​លំបាក​នៅ​ឡើយ។ បន្ថែម​ពី​លើ​នេះ​ទៀត ការ​ប្រឈម​ទាំង​នេះ​នៅ​មិន​ទាន់​គិត​ដល់​ការ​រស់នៅ​ដោយ​ភាព​ភ័យ​ខ្លាច សិទ្ធិ​ចូលរួម​បាតុកម្ម​ដោយ​សន្តិវិធី និង​យុត្តិធម៌​សង្គម នៅ​តែ​អនុវត្ត​ក្នុង​កម្រិត​ស្តង់ដារ​ពីរ គឺ​អ្នក​មាន​លុយ​អាច​ឈ្នះ​ក្ដី​នៅ​តុលាការ ចំណែក​អ្នក​ក្រ​វិញ​ក្លាយ​ជា​ជន​រងគ្រោះ។

អង្គការ​ក្រុម​ការងារ​ដើម្បី​ដោះស្រាយ​ទំនាស់ ហៅ​កាត់​ថា អេ.ស៊ី.ធី (ACT) បាន​ចេញ​ផ្សាយ​នូវ​របាយការណ៍​របស់​ខ្លួន​កាល​ពី​ពេល​ថ្មីៗ​ថា សិទ្ធិ​សេរីភាព​នៅ​កម្ពុជា នៅ​តែ​ស្ថិត​ក្រោម ៥០​ភាគរយ បាន​ន័យ​ថា ការ​អនុវត្ត​សិទ្ធិ​សេរីភាព​នៅ​រួម​តូច​នៅ​ឡើយ។

ទាក់ទិន​រឿង​នេះ មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ចាត់​ទុក​សារ​នយោបាយ​របស់ លោក ហ៊ុន សែន នៅ​ពេល​នេះ ថា​ជា​រឿង​ត្រឹមត្រូវ​មួយ​ផ្នែក ក៏ប៉ុន្តែ​អ្វី​ដែល​នៅ​តែ​ជា​ការ​ប្រឈម​នៅ​ឡើយ​នោះ គឺ​ថា​ការ​ចាស់​ទុំ​ផ្នែក​នយោបាយ ដែល​កម្ពុជា នៅ​តែ​ធ្វើ​ដំណើរ​លើ​ផ្លូវ​ដ៏​វែង​ឆ្ងាយ និង​លំបាក​ដូច​មុន​ដដែល។ លោក​បន្ត​ថា «គណបក្ស​សង្គ្រោះ​ជាតិ យើង​យល់​ឃើញ​ថា មិន​មាន​វិបត្តិ​នយោបាយ​មែន ក៏ប៉ុន្តែ​ស្ថានភាព​នយោបាយ ហាក់​ដូចជា​ពុំ​ទាន់​បាន​អនុវត្ត​ឲ្យ​បាន​ពេញលេញ​តាម​គោលការណ៍​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ»

បើ​ទោះ​ជា​លោក​នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា កម្ពុជា ពុំ​មាន​វិបត្តិ​នយោបាយ​ក៏ដោយ​ចុះ ហើយ​ការ​ដែល​មនុស្ស​មួយ​ក្រុម​និយាយ​ថា កម្ពុជា មាន​វិបត្តិ​នោះ គឺ​លោក ហ៊ុន សែន ចាត់​ទុក​ថា វា​ជា​ទំនាស់​បុគ្គល​ប៉ុណ្ណោះ និង​ពុំ​មាន​ការ​ព្រួយ​បារម្ភ​អ្វី​ឡើយ។ សម្រាប់​អ្នក​វិភាគ​វិញ​មើល​ឃើញ​ថា វា​មិន​ដូច្នេះ​ឡើយ។ មាន​សំណុំ​រឿង​ជាច្រើន​ដែល​កំពុង​ប្រឈម​តាម​ផ្លូវ​នយោបាយ​នៅ​ពេល​នេះ ដែល​បង្ក​ឲ្យ​ក្លាយ​ទៅ​ជា​វិបត្តិ​នោះ គឺ​មន្ត្រី​ក្នុង​បក្ស​ជំទាស់ និង​សកម្មជន កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ ហើយ​មួយ​ចំនួន​ទៀត ត្រូវ​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ។

កាល​ពី​ចុង​ខែ​តុលា បាតុកម្ម​បាន​ផ្ទុះ​ឡើង ដែល​បាតុកម្ម​នៅ​ពេល​នោះ​ទាមទារ​ដក លោក កឹម សុខា ចេញ​ពី​កៅអី​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា។ ក្នុង​ពេល​ជាមួយ​គ្នា​នោះ តំណាង​រាស្ត្រ ២​រូប ត្រូវ​បាន​បាតុករ​វាយ​ធ្វើ​បាប​នៅ​មុខ​វិមាន​រដ្ឋសភា ហើយ​ចុង​ក្រោយ គឺ​លោក សម រង្ស៊ី ត្រូវ​បាន​សភា​បញ្ចប់​ងារ​ជា​តំណាង​រាស្ត្រ​ថែម​ទៀត​ផង។ អ្នក​វិភាគ​នយោបាយ ចាត់​ទុក​ថា ទាំង​នេះ គឺ​ជា​វិបត្តិ​រហូត​បង្ក​ឲ្យ​សហគមន៍​អន្តរជាតិ​បញ្ចេញ​សកម្មភាព និង​បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​បរិបទ​នយោបាយ​នៅ​កម្ពុជា ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។