"ជំហាន​​ផ្ទេរ​អំណាច​ពី​លោក ហ៊ុន សែន ទៅ​លោក ហ៊ុន ម៉ាណែត លេច​ឡើង​កាន់តែ​ច្បាស់"

0:00 / 0:00

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​លើកឡើង​ថា ការតែងតាំង​លោក ហ៊ុន ម៉ាណែត ឱ្យ​កាន់​តំណែង​ដឹកនាំ​ថ្មី​មួយទៀត​នៅ​ក្នុង​បក្ស បង្ហាញ​កាន់តែ​ច្បាស់​ថា លោក​ជា​បេក្ខភាព​ឈានមុខ​គេ​ក្នុង​ការ​ស្នង​តំណែង​នាយករដ្ឋមន្ត្រី​ទៅ​ថ្ងៃ​អនាគត​។ ទោះបីជា​យ៉ាងណា គណបក្ស​កាន់អំណាច​បក​ស្រាយ​ថា ការតែងតាំង​នេះ គឺជា​រឿង​ធម្មតា ស្របតាម​រចនា​សម្ពន្ធ​គណបក្ស មិន​ពាក់ព័ន្ធ​នឹង​រឿង​ផ្ទេរ​អំណាច​អ្វី​នោះ​ទេ។

​ការ​ត្រួសត្រាយ​ផ្លូវ​ឱ្យ​លោក ហ៊ុន ម៉ាណែត ឆ្ពោះ​ទៅ​កាន់​តួនាទី​ជា​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃ​អនាគត លេចឡើង​កាន់តែ​ច្បាស់ នៅ​ពេល​លោក​ត្រូវ​បានតែងតាំង​ឱ្យ​កាន់​តំណែង​សំខាន់ៗ​នៅក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​។ អ្នក​សង្កេតការណ៍​ជឿ​ថា លោក ហ៊ុន សែន នឹង​រៀបចំ​ជំហាន​បន្តបន្ទាប់​ទៀត ដើម្បី​ឱ្យ​លោក ហ៊ុន ម៉ាណែត ក្លាយ​ជា​អនុប្រធាន​គណបក្ស ដើម្បី​មាន​ឥទ្ធិពល​គ្រប់គ្រាន់​ដើម្បី​ទទួល​មរតក​អំណាច​ពី​គាត់។

លោក អេង ឆៃអ៊ាង អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ថា ដើម្បី​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​បាន លោក ហ៊ុន ម៉ា​ណែត ត្រូវ​ឆ្លងកាត់​តួនាទី​ជា​តំណាងរាស្ត្រ​ជា​មុនសិន ខណៈ​បច្ចុប្បន្ន​លោក​ជា​នាយទាហាន មិនទាន់​បទពិសោធន៍​ការងារ​ក្នុង​ស្ថាប័ន​នីតិប្បញ្ញត្តិ​នៅឡើយ​។ ប៉ុន្តែ​លោក​ថា បញ្ហា​នេះ​អាច​ដោះស្រាយ​បាន​យ៉ាង​ងាយ គឺ​លោក ហ៊ុន ម៉ាណែត ព្យួរ​តួនាទី​យោធា​បណ្ដោះអាសន្ន​សិន រួចមក​ឈរ​ជា​តំណាងរាស្ត្រ ដើម្បី​មានឱកាស​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ​ជឿ​ថា ការ​មិន​ឯកភាព​ផ្ទៃក្នុង​ពី​សំណាក់​មន្ត្រី​ចាស់ៗ​ទៅវិញ​ទេ ទើប​ជា​ឧបសគ្គ​នៃ​ការ​ផ្ទេរ​អំណាច​ពី​លោក ហ៊ុន សែន ទៅ​លោក ហ៊ុន ម៉ាណែត៖ «ទោះបី​លោក ហ៊ុន សែន ដាក់​ឱ្យ​កូន​គាត់​ក្តី ឬ​ដាក់​ឱ្យ​អ្នកណា​ក្តី វា​មិន​សំខាន់​ទេ​។ សំខាន់​ខ្លួន​គាត់​ទេ ខ្លួន​គាត់​ត្រូវ​វិល​មក​ស្តារ​ប្រជាធិបតេយ្យ មក​ប្រកាន់​យក​នូវ​គោលការណ៍​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​ពិតប្រាកដ មាន​ការ​គោរព​សិទ្ធិមនុស្ស​ពិតប្រាកដ អាហ្នឹង​វា​ជា​ការ​ប្រសើរ​ជាង​។ ទីបំផុត​នោះ ទោះបី​កូន​គាត់​ជាប់​ធ្វើជា​នាយករដ្ឋមន្ត្រី​ក៏​វា​មានតម្លៃ​ដែរ ជាជាង​អ្វី​ដែល​គាត់​ចង់បាន​ឱ្យ​កូន​គាត់ ប៉ុន្តែ​ប្រទេស​កម្ពុជា​ដើរ​តាម​គន្លង​បែប​ផ្ដាច់ការ​អ៊ីចឹង វា​មិនល្អ​ទេ»។

គណបក្ស​ប្រជាជន​កម្ពុជា​បាន​តែងតាំង​លោក ហ៊ុន ម៉ាណែត ជា​អនុប្រធាន​គណៈ​ចលនា​មហាជន នៅ​ថ្ងៃ​ទី​២៣ ធ្នូ បន្ថែម​លើ​តួនាទី​ជាន់ខ្ពស់​មួយ​ចំនួន​ទៀត​ដែល​លោក​កំពុង​មាន​ស្រាប់​នៅ​ក្នុង​គណបក្ស។ គណៈ​ចលនា​មហាជន​នេះ គឺជា​អង្គការ​ចាត់តាំង​ដែល​ទទួលខុសត្រូវ​សំខាន់​ក្នុងការ​ឃោសនា​ផ្សព្វផ្សាយ​អំពី​គោលនយោបាយ ធ្វើ​យ៉ាងណា​ឱ្យ​មហាជន​យល់ដឹង ជឿជាក់ និង​ដើរ​តាម​ការដឹកនាំ​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​។ អង្គការ​ចាត់តាំង​មួយ​នេះ មាន​អ្នកស្រី ម៉ែន សំអន ជា​ប្រធាន ហើយ​មាន​វិសាលភាព​ការងារ​គ្របដណ្ដប់​ទូទាំង​ប្រទេស។

អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច លោក សុខ ឥសាន ពន្យល់​ថា ការតែងតាំង​លោក ហ៊ុន ម៉ាណែត ជា​អនុប្រធាន​គណៈ​ចលនា​មហាជន គឺ​ដោយសារ​លោក​ជា​ប្រធាន​ចលនា​យុវជន​របស់​បក្ស ដែល​ស្ថិត​ក្នុង​រចនាសម្ពន្ធ​របស់​អង្គការ​ចាត់តាំង​មួយ​នេះ​។ លោក​អះអាង​ថា ការតែងតាំង​ឱ្យ​ស្រប​តាម​រចនា​សម្ពន្ធ​នៅ​ក្នុង​បក្ស​នេះ គឺជា​រឿង​ធម្មតា និង​មាន​គោលដៅ​ធ្វើ​ឱ្យ​គណៈ​ចលនា​មហាជន​កាន់​តែ​មាន​ភាព​រឹងមាំ​។ មន្ត្រី​ជាន់ខ្ពស់​បក្ស​កាន់អំណាច​រូប​នេះ​ច្រានចោល​មតិ​ដែល​ថា ការតែងតាំង​នេះ ជា​ជំហាន​ឆ្ពោះ​ទៅ​រក​ការ​ផ្ទេរ​អំណាច​ពី​លោក ហ៊ុន សែន ទៅ​លោក ហ៊ុន ម៉ាណែត៖ «​ការ​កសាង​ធនធានមនុស្ស​ដើម្បី​បន្តវេន​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​មុខសញ្ញា​បេក្ខភាព​នាយករដ្ឋមន្ត្រី​អាស្រ័យ​ទៅ​លើ​មហាសន្និបាត​ដែល​ជា​អង្គការ​កំពូល​របស់​គណបក្ស មិន​អាច​នរណា​មួយ​ដាក់​បានទេ ហើយ​មុខសញ្ញា​នេះ​មិនមែន​មានតែ​ម្នាក់​ទេ មាន​ច្រើន​នាក់»។

កាលពី​ខែ​មិថុនា លោក ហ៊ុន សែន បាន​តែងតាំង​កូនប្រុស​ច្បង​គឺ​លោក ហ៊ុន ម៉ាណែត ឱ្យ​ធ្វើ​ជា​ប្រធាន​យុវជន​គណបក្ស ដឹកនាំ​សមាជិក​ជំនាន់​ក្រោយ​ដែល​ភាគច្រើន ជា​កូនចៅ ឬ​សែស្រឡាយ​មន្ត្រី​ចាស់ៗ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​។ ពេលនោះ គណបក្ស​នេះ​ក៏បាន​តែងតាំង​កូនចៅ​មន្ត្រី​ជាន់ខ្ពស់ និង​ក្រុម​មនុស្ស​ជំនិត​របស់​លោក ហ៊ុន ម៉ាណែត ចំនួន​២៣ នាក់​ទៀត ឱ្យ​ធ្វើ​ជា​សមាជិក​គណៈអចិន្ត្រៃយ៍​យុវជន អម​ជាមួយ​លោក ម៉ាណែត ផង​ដែរ​។ ក្រៅ​ពី​នេះ លោក ហ៊ុន ម៉ាណែត មាន​តួនាទី​ជាន់ខ្ពស់​មួយទៀត​នៅ​ក្នុង​បក្ស គឺជា​សមាជិក​គណៈអចិន្ត្រៃយ៍ ស្ថិត​ក្នុងចំណោម​ថ្នាក់​ដឹកនាំ​កំពូល​ទាំង​៣៤ រូប​របស់​គណបក្ស​កាន់អំណាច។

ដោយឡែក ក្នុង​ជួរ​កងទ័ព​វិញ លោក ហ៊ុន ម៉ាណែត ដែល​បច្ចុប្បន្ន​មាន​វ័យ​៤៣ ឆ្នាំ គឺ​ជា​ឧត្តមសេនីយ៍​ផ្កាយ​៣ កាន់​តួនាទី​ជា​អគ្គមេបញ្ជាការ​រង​កង​យោពលខេមរភូមិន្ទ ជា​មេបញ្ជាការ​កងទ័ពជើងគោក ជា​មេបញ្ជាការ​កងកម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​ជា​មេ​បញ្ជាការរង​កង​អង្គរក្ស​លោក ហ៊ុន សែន។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា ការតែងតាំង​លោក ហ៊ុន ម៉ាណែ​​ត ឱ្យ​កាន់​តំណែង​សំខាន់​ជា​បន្តបន្ទាប់​បែបនេះ គឺជា​ការ​រំលេច​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​អំពី​តួអង្គ​អ្នកដឹកនាំ​នយោបាយ​ថ្មី​នៃ​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​ថ្ងៃ​អនាគត​។ លោក​បន្ត​ថា នេះ​ក៏​ជា​ការ​បើកឱកាស​ឱ្យ លោក ហ៊ុន ម៉ាណែត បាន​ខិត​ទៅ​ជិត​ពលរដ្ឋ ដើម្បី​បង្ហាញ​ស្នាដៃ និង​ទាក់ទាញ​ការ​គាំទ្រ​ផង​ដែរ៖ «ការរៀបចំ​តាម​យន្តការ​ផ្ទៃក្នុង​បក្ស វា​មិន​មាន​ជា​ឧបសគ្គ​អ្វី​នោះ​ទេ ដោយសារតែ​ឪពុក​លោក​ជា​នាយករដ្ឋមន្ត្រី​ស្រាប់​។ អ៊ីចឹង​ការរៀបចំ ការ​ចង្អុល​បង្ហាញ​តួនាទី​មួយ​ចំនួន​ហ្នឹង គឺជា​ការ​រំលេច​តួអង្គ​នេះ​ហើយ វា​ជា​ជណ្ដើរ​ឡើង​ទៅ​ហើយ​។ ក៏ប៉ុន្តែ​បញ្ហា​ប្រឈម​សម្រាប់​តួអង្គ​នយោបាយ​ម្នាក់ៗ​នោះ គឺ​សំខាន់​ទៅលើ​ការ​កសាង​នូវ​សមិទ្ធផល និង​ស្នាដៃ​ដើម្បី​កៀរគរ​ការ​គាំទ្រ​ពី​មហាជន នោះ​ទើប​ជា​កិច្ចការ​មួយ​ដែល​ពិបាក»។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​កាលពី​ខែ​មិថុនា​ថា លោក​គាំទ្រ​បេក្ខភាព​លោក ហ៊ុន ម៉ាណែត និង​កំពុង​ជួយ​ជ្រោមជ្រែង​កូនប្រុស​ច្បង​រូប​នេះ ឱ្យ​ឈោង​ចាប់​តួនាទី​ជា​នាយករដ្ឋមន្ត្រី​ទៅ​ថ្ងៃ​អនាគត​។ ប៉ុន្តែ ក្រោយ​មក លោក ហ៊ុន សែន ស្រាប់តែ​ប្រកាស​ថា មនុស្ស​ជំនិត​របស់​លោក​ម្នាក់​ដែល​កំពុង​កាន់​តំណែង​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច គឺ​លោក អូន ព័ន្ធមុនីរ័ត្ន ក៏​ជា​បេក្ខភាព​ដ៏​មាន​សក្ដានុពល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ។

ក្រុម​អ្នកសង្កេតការណ៍ វាយ​តម្លៃ​ថា នេះ​គ្រាន់តែ​យុទ្ធសាស្ត្រ​រុញ​ទូក​បណ្ដោយ​ទឹក ឬ​ជា​ល្បិច​ពង្វាង​ដាន​របស់​លោក ហ៊ុន សែន ដើម្បី​កុំ​ឱ្យ​ប្រជាពលរដ្ឋ​ចាប់អារម្មណ៍​នឹង​តួអង្គ​លោក ហ៊ុន ម៉ាណែត តែ​ប៉ុណ្ណោះ​។ អ្នកសង្កេតការណ៍​លើកឡើង​ទៀត​ថា គណបក្ស​ប្រជាជន​កម្ពុជា​មាន​កំណើត​ចេញ​ពី​គណបក្ស​កុម្មុយនិស្ត ដូច្នេះ​ការសម្រេច​លើ​បេក្ខភាព​ណា​ម្នាក់ មាន​ការ​រៀបចំ​ទុកជាមុន​រួចស្រេច​ទៅ​ហើយ រីឯ​មហាសន្និបាត​បក្ស ធ្វើឡើង​គ្រាន់តែ​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ​។ ក្នុង​បរិបទ​បែបនេះ លោក ហ៊ុន ម៉ាណែត នឹង​ក្លាយ​ជា​បេក្ខភាព​ឈានមុខ​គេ​នៃ​ការ​ស្នង​តំណែង ពីព្រោះ​លោក​កំពុង​ទទួល​បាន​ការ​គាំទ្រ និង​ជួយ​ជ្រោមជ្រែង​ពី​លោក ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ផង និង​ជា​នាយករដ្ឋមន្ត្រី​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។