មន្រ្តីបក្សប្រឆាំង និងអ្នកវិភាគយល់ថា លោក ហ៊ុន ម៉ាណែត កំពុងផ្ញើសារពង្រឹងកងទ័ព ដើម្បីធានាឱ្យសម្រេចបាននូវផែនការផ្ទេរអំណាចពីឪពុកដោយគ្មានការរារាំងនិងជោគជ័យនាពេលខាងមុខ ហើយមិនមែនដោយសារក្រោមហេតុផលដើម្បីសង្គមជាតិនោះទេ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន ម៉ាណែត បានផ្ញើសារដាស់តឿនដល់កងទ័ពឱ្យប្តូរផ្តាច់ការពារសន្តិសុខ សុវត្ថិភាព និងអាយុជីវិតរបស់ថ្នាក់ដឹកនាំប្រទេសជាចាំបាច់។
ក្រោយក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីភ្លាម លោក ហ៊ុន ម៉ាណែត បានផ្ញើសារក្រើនរំលឹកជាថ្មីថា កិច្ចការសំខាន់បំផុតរបស់កងទ័ពជើងគោក គឺត្រូវការពារសន្តិសុខ សុវត្ថិភាព និងអាយុជីវិតរបស់ថ្នាក់ដឹកនាំប្រទេស ខណៈអ្នកឃ្លាំមើលយល់ថា តួនាទីរបស់កងទ័ព គឺត្រូវស្មោះត្រង់ និងត្រូវការពារជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជន។ មន្រ្តីគណបក្សប្រឆាំង និងអ្នកវិភាគមើលឃើញថា សាររបស់លោក ហ៊ុន ម៉ាណែត គឺជាសញ្ញាពង្រឹងអំណាចគ្រួសារ និងបក្ខពួកផ្នែកយោធាបន្ថែមទៀត ដើម្បីជួយការពារទង្វើមិនគប្បីកន្លងមកតែប៉ុណ្ណោះ។
អតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិនៅខេត្តសៀមរាបលោក អ៊ុំ សំអាន ថ្លែងថា ការដែលលោក ហ៊ុន ម៉ាណែត ទើបក្លាយជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត ហើយបញ្ចេញសារក្រើនរំលឹកដល់កងទ័ពឱ្យការពារសុវត្ថិភាព អាយុជីវិតថ្នាក់ដឹកនាំប្រទេស គឺជាចេតនាដើម្បីពង្រឹងអំណាចគ្រួសាររបស់លោក ដោយសារកំពុងភ័យខ្លាចនឹងស្រមោលនៃអំពើអាក្រក់របស់ខ្លួនដែលធ្វើបាបពលពរដ្ឋជាបន្តបន្ទាប់ និងទប់ស្កាត់ការងើបប្រឆាំងពីផ្ទៃក្នុងបក្ស ដើម្បីធានាការផ្ទេរតំណែងពីឪពុកទៅឱ្យកូនដោយជោគជ័យ ហើយបញ្ហានេះនឹងគ្រោះថ្នាក់ដល់ជាតិធ្ងន់ធ្ងរ។ លោកយល់ថា បើលោក ហ៊ុន ម៉ាណែត និងបក្ខពួកជាមេដឹកនាំល្អ និងប្រទេសមានសន្តិភាព ស្ថេរភាពនយោបាយពេញលេញដូចការអះអាងកន្លងមកនោះ ពួកគេមិនគួរភ័យខ្លាចអំពីសុវត្ថិភាពផ្ទាល់ខ្លួនរហូតដល់បញ្ចេញសារបែបនេះទេ៖ «ពួកគាត់និយាយថា ការពារសន្តិភាព គឺការពារអំណាចរបស់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ហ្នឹងគ្រាន់តែជាលេសរបស់គាត់ដើម្បីពង្រឹងអំណាចថា ការពារសន្តិភាព ការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំចឹងទៅ។ ត្រកូល ហ៊ុន យកលុយទៅដើម្បីបង្កើតអង្គរក្សការពារខ្លួន ហើយពង្រឹងអំណាចគាត់ត្រូវប្រើកណ្តាប់ដៃដែកបង្រ្កាបទាំងក្នុងជួរបក្ស និងទាំងប្រជាពលរដ្ឋ ដល់ចឹងមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ការបំផ្លាញប្រជាធិបតេយ្យ រៀបចំការបោះឆ្នោតក្លែងក្លាយ»។
ការលើកឡើងនេះ គឺបន្ទាប់ពីលោក ហ៊ុន ម៉ាណែត ដែលមានតួនាទីជាមេបញ្ជាការកងទ័ពជើងគោក បានថ្លែងដាស់តឿនថា ការការពារសន្តិសុខ សុវត្ថិភាព និងអាយុជីវិតថ្នាក់ដឹកនាំប្រទេស គឺជាភារកិច្ចចាំបាច់បំផុតរបស់កងទ័ពជើងគោក។ ការថ្លែងនេះ គឺនៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី២៦ និងបើកវគ្គបន្តជំនាន់ទី២៧ នៅមជ្ឈមណ្ឌលបញ្ជាការដ្ឋានអង្គរក្សភ្នំស្រង់ ខេត្តកំពង់ស្ពឺ កាលពី២៥ ខែធ្នូ។ លោកបញ្ជាក់ថា មូលហេតុដែលការពារសន្តិសុខ និងអាយុជីវិតថ្នាក់ដឹកនាំជាតិ គឺជាកិច្ចការចាំបាច់បំផុតនោះ ពីព្រោះវា គឺជាកត្តាកំណត់ជោគវាសនា និងភាពនឹងនរទាំងបច្ចុប្បន្ន និងអនាគតរបស់ជាតិ។ លោកថា ការថ្លោះធ្លោយណាមួយ គឺអាចនឹងបង្កឥទ្ធិពលប៉ះពាល់ធ្ងន់ធ្ងរដល់លំនឹងនៃស្ថិរភាពសង្គម-សេដ្ឋកិច្ច សន្តិភាព និងការអភិវឌ្ឍជាតិ ក៏ដូចជាតំបន់ទាំងមូលផងដែរ។
ការប្រកាសបែបនេះ ធ្វើឡើងក្រោយពេលគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៤ ខែធ្នូ បានសម្រេចជាឯកច្ឆ័ន្ទជ្រើសតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត តាមផែនការនិងការចង់បានរបស់លោក ហ៊ុន សែន។ ប៉ុន្តែការត្រៀមស្នងតំណែងពីឪទៅកូននេះ ត្រូវបានពលរដ្ឋមួយចំនួនរិះគន់ថា ផ្តល់គម្រូអាក្រក់ដល់សង្គម ហើយពួកគាត់ គ្មានជំនឿថា លោក ហ៊ុន ម៉ាណែត អាចដើរចាកឆ្ងាយពីគន្លងផ្តាច់ការរបស់ឪលោកនោះទេ។
ទាក់ទងរឿងនេះ អ្នកសិក្សាការអភិវឌ្ឍសង្គមលោកបណ្ឌិត សេង សារី មានប្រសាសន៍ថា តាមច្បាប់ កងអង្គរក្សមានតួនាទី និងភារកិច្ចការពារសន្តិសុខ សុវត្ថិភាពដល់ថ្នាក់ដឹកនាំ ប៉ុន្តែសាររបស់លោក ហ៊ុន ម៉ាណែត ពេលនេះហាក់ផ្ទុយពីការអះអាងរបស់មន្រ្តីរដ្ឋាភិបាល ជាពិសេសឪពុករបស់លោក ដែលតែងតែប្រកាសស្ទើរគ្រប់កន្លែងថា ប្រទេសកម្ពុជាមានសន្តិភាពហើយ។ លោកយល់ថា សារនោះ ក៏ទំនងបង្កប់ន័យថា សន្តិភាពបច្ចុបន្បន្ននេះ ដែលឪពុករបស់គាត់បានសាងមកមិនទាន់មានសុវត្ថិភាពពេញលេញនៅឡើយ៖ «មានហេតុផលមួយចំនួនដែលយើងអាចធ្វើការសន្និដ្ឋានបាន គឺទីមួយអំណាចគណបក្សប្រជាជនពេញដៃគាត់គ្រប់គ្រងបានទាំងអស់ ទីពីរគឺមេទ័ព និងកងកម្លាំងប្រដាប់អាវុធទាំងអស់ សុទ្ធសឹងជាសមាជិកគណបក្សកាន់អំណាច គាត់ជាមន្រ្តីរាជការផង គាត់ជាសមាជិកគណបក្សផង ហើយវាផ្ទុយពីច្បាប់ទៅទៀត ច្បាប់ថា កងទ័ពជាកម្លាំងអព្យាក្រិត្យ ការពារជាតិ មិនមែនការពារគណបក្សនយោបាយទេ ទីបីឃើញថា គ . ជ . ប គ្រប់គ្រងដោយគណបក្សប្រជាជន ហើយគណបក្សប្រឆាំងដែលជាកម្លាំងគំរាមកំហែងដល់អំណាចគណបក្សកាន់អំណាចហ្នឹងក៏កំពុងមានសញ្ញាបែកបាក់ទៅទៀត»។
លោកបណ្ឌិត សេង សារី សង្កេតឃើញរូបភាពនៃការផ្ទេរអំណាចពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅកូនប្រុសច្បងរបស់គាត់លោក ហ៊ុន ម៉ាណែត អាចនឹងកើតឡើងនៅឆ្នាំ២០២៣ខាងមុខនេះ ដូច្នេះការបញ្ចេញសារទៅកាន់កងអង្គរក្សអាចបញ្ជាក់កាន់តែច្បាស់បន្ថែមទៀតថា ធ្វើឡើងដើម្បីធានាដល់ការផ្ទេរអំណាចដោយរលូតផងដែរ។
លោកបញ្ជាក់ថា ពេលនេះ ផ្ទៃក្នុងបក្សកាន់អំណាច និងជួរកងទ័ពលែងជាឆ្អឹងទទឹងកដល់ផែនការផ្ទេរអំណាចរបស់លោក ហ៊ុន សែន តទៀតហើយ ប៉ុន្តែប្រសិនបើករណីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឯករាជ្យ ជំហានសំខាន់បំផុត គឺអាស្រ័យលើពលរដ្ឋម្ចាស់ឆ្នោតជាអ្នកសម្រេច តើពួកគេគាំទ្រផែនការស្នងតំណែងពីឪពុកទៅកូននេះឬយ៉ាងណា?៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។