សកម្មជនគណបក្សប្រឆាំងនៅខេត្តបាត់ដំបងចាប់ផ្ដើមធ្វើយុទ្ធនាការជួបជុំគ្នាជាថ្មីដើម្បីពង្រឹងសាមគ្គីភាពក្នុងជួរគណបក្សជាធ្លុងមួយ បន្ទាប់ពីស្ងាត់អស់មួយរយៈ ដោយសារខ្លាចអាជ្ញាធរធ្វើទុក្ខបុកម្នេញនោះ។ ការជួបជុំគ្នានេះក៏មានថ្លែងសារនយោបាយគាំទ្រការដឹកនាំគណបក្សរបស់ខ្លួនឲ្យរស់ឡើងវិញ ក្រោមពាក្យស្លោកលោក កឹម សុខា និងលោក សម រង្ស៊ី ជាមនុស្សតែមួយ។ ប៉ុន្តែអ្នកនាំពាក្យរបបលោក ហ៊ុន សែន ហាក់មិនចាប់អារម្មណ៍នឹងការជួបជុំគ្នានេះទេ។
ប្រធានគណបក្សសង្គ្រោះជាតិ ក្រុងបាត់ដំបង ដែលរបបលោក ហ៊ុន សែន រំលាយចោល លោក យួម ដូង ឲ្យអាស៊ីសេរីដឹងនៅថ្ងៃទី១៦ ធ្នូ ថា ការជួបជុំគ្នានេះ ក្នុងគោលបំណងដើម្បីពង្រឹងសាមគ្គីភាពផង នឹងជាការគាំទ្រលោក សម រង្ស៊ី ធ្វើជាប្រធានស្ដីទីគណបក្ស ដើម្បីធ្វើសកម្មភាពនយោបាយស្តារប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញផង។
លោក យួម ដូង អះអាងទៀតថា មានតែគណបក្សសង្គ្រោះជាតិមួយគត់ ដែលអាចប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចបាន ដូច្នេះបានជាពួកគាត់នៅថ្នាក់មូលដ្ឋានរួមគ្នាជាធ្លុងមួយប្រឆាំងនឹងអ្នកចូលរួមធ្វើនយោបាយជាមួយគណបក្សកាន់អំណាច ដោយអវត្តមានលោក សម រង្ស៊ី និងលោក កឹម សុខា ដឹកនាំគណបក្សប្រឆាំងនោះ៖ «សម្រាប់ខ្ញុំនិងមន្ត្រីបក្សដទៃទៀតថា លុយកាក់និងតួនាទីមិនសំខាន់ទេ សំខាន់ឲ្យជាតិរស់ ឲ្យប្រទេសមានប្រជាធិបតេយ្យពេញលេញពិតប្រាកដមិនមែនប្រជាធិបតេយ្យលេងសើចដូចសព្វថ្ងៃនេះទេ ហើយនេះក៏ជាសិទ្ធរបស់ពលរដ្ឋតាមរដ្ឋធម្មនុញ្ញ»។
មួយរយៈចុងក្រោយនេះ មន្ត្រីគណបក្សសង្គ្រោះជាតិខេត្តបាត់ដំបងបានផុលផុស ក្នុងការជួបជុំគ្នាជាក្រុមនៅតាមស្រុកនីមួយៗ ហើយបានថតឃ្លិបវីដេអូបង្ហោះតាមហ្វេសប៊ុក (Facebook) ជាបន្តបន្ទាប់។ នៅព្រឹកថ្ងៃទី១៦ ធ្នូ សកម្មជនគណបក្សប្រឆាំងស្រុករុក្ខគិរី ប្រមាណ២០នាក់បានថ្លែងសារនយោបាយព្រមៗគ្នាថា គណបក្សសង្គ្រោះជាតិជាក្ដីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ ហើយពួកគាត់គាំទ្រឲ្យគណបក្សនេះដើម្បីដឹកនាំប្រទេសនៅពេលខាងមុខ៖ «ជយោ ! គណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា គឺជាមនុស្សតែមួយ»។
អ្នកនាំពាក្យរបបលោក ហ៊ុន សែន គឺលោក ផៃ ស៊ីផាន មានប្រសាសន៍ប្រាប់អាស៊ីសេរីថា លោកមិនភ្ញាក់ផ្អើលនឹងការជួបគ្នានេះទេ ព្រោះលោកថា ជាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ របស់ប្រជាពលរដ្ឋ។ ទោះជាយ៉ាងណាសំនួរសួរថា ហេតុអ្វីបានអាជ្ញាធរធ្វើទុក្ខបុកម្នេញមន្ត្រីគណបក្សប្រឆាំងនៅមុនបោះឆ្នោត៖ «កុំឲ្យគេប៉ះពាល់ដល់សន្តិសុខជាតិកុំឲ្យប៉ះពាល់ដល់ការងារប្រទេសជាតិនឹងជារឿងផ្ទៃក្នុងរបស់គេ។ បាទកាលណាគាត់រៀបចំគម្រោងដែលរំខានដល់ការបោះឆ្នោត អានឹងត្រូវមានការគ្រប់គ្រងដោយដែនសមត្ថកិច្ច តែឥឡូវការបោះឆ្នោតបានកន្លែងផុតហើយ»។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបាត់ដំបងលោក យិន ម៉េងលី លើកឡើងថា មន្ត្រីបក្សប្រឆាំងជួបជុំគ្នាបានដោយសារអាជ្ញាធរមូលដ្ឋានបន្ធូរបន្ថយឲ្យបក្សប្រឆាំង ដែលខុសពីមុនការបោះឆ្នោតមានការរឹតត្បិតយ៉ាងខ្លាំង។ លោកថា នេះប្រហែលដោយសារមានសេចក្ដីប្រកាសពីក្រសួងមហាផ្ទៃ កាលពីថ្មីនេះ ដែលបានបើកសិទ្ធិឲ្យមន្ត្រីអង្គការសង្គមស៊ីវិលនិងសហគមន៍នានាអាចជួបជុំគ្នាធ្វើសកម្មភាពបានដោយមិនចាប់សុំច្បាប់៖ «សាររបស់គាត់គ្រាន់តែថា គាត់គាំទ្រនូវការដឹកនាំរបស់លោក សម រង្ស៊ី ហើយគាត់មិនចូលរួមសុំសិទ្ធិធ្វើនយោបាយពីរដ្ឋាភិបាលឡើងវិញទេ នេះជាសិទ្ធិរបស់គាត់ ជាសេរីភាពរបស់គាត់ដូចជាអត់មានប៉ះពាល់សន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈតម្រូវឲ្យគាត់ធ្វើទៅតាមផ្លូវច្បាប់ដូចអត់មានអីទេ»។
លោក យិន ម៉េងលី កត់សំគាល់ទៀតថា ទោះបីជាគណបក្សប្រឆាំងរំលាយអស់ជាងមួយឆ្នាំហើយក្ដី ក៏ប៉ុន្តែមន្ត្រីគណបក្សនៅក្នុងខេត្តនេះ ភាគច្រើននៅតែសាមគ្គីគ្នាស្មោះស្ម័គ្រជាមួយគណបក្សសង្គ្រោះជាតិបានល្អនៅឡើយ៕
