អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ស្នើ​លើក​លែង​ទោស​​សកម្មជន ​៧​នាក់​​ក្នុង​​ឱកាស​បុណ្យ​​អុំទូក

0:00 / 0:00

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ស្នើសុំ​ឲ្យ​របប​លោក ហ៊ុន សែន ជួយ​​អន្តរាគមន៍​​លើកលែង​ទោស​​សកម្មជន និង​​អតីត​​បក្ស​​ប្រឆាំង​​នៅ​​មូលដ្ឋាន​​ទាំង​អស់ នៅ​ក្នុង​បុណ្យអុំទូក​ខាងមុខ ព្រោះ​ពួកគេ​ជាប់ទោស​ដោយសារតែ​ការរើសអើង​និន្នាការ​​នយោបាយ។ ការ​ស្នើ​សុំ​នេះ បន្ទាប់ពី​ទណ្ឌិត​ជាង ៥០០​នាក់ នឹង​ត្រូវ​​ស្នើសុំ​​លើក​លែង​ និង​​បន្ធូរ​បន្ថយ​​ទោស នៅ​​ក្នុង​​ពិធី​បុណ្យ​​អុំ​ទូក​​ឆ្នាំ​២០១៨ នេះ​។

មន្ត្រី​ក្រសួង​យុត្តិធម៌ បញ្ជាក់​ថា ការ​បន្ធូរបន្ថយ​ទោស និង​លើកលែងទោស គឺ​​ធ្វើ​​ឡើង​​ផ្អែក​លើ​​គោលការណ៍​​ច្បាប់ ដូច្នេះ​​លោក​​មិន​ទាន់​​ដឹង​​ថា មាន​សកម្មជន​បក្ស​ត្រូវ​បាន​ដោះលែង​ឬ​អត់​នោះ​ទេ​។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទរ័ត្ន សង្ឃឹម​ថា មេដឹកនាំ​ក្រុងភ្នំពេញ និង​​ស្ថាប័ន​​តុលាការ នឹង​​ត្រួត​ពិនិត្យ លើ​សំណើ​លើកលែងទោស​ឲ្យ​សកម្មជន និង​អតីតមន្ត្រី​គណបក្ស​សង្គ្រោះជាតិ​នៅ​តាម​មូលដ្ឋាន​ដែល​បាន​ជាប់ចោទ និង​ឃុំខ្លួន​ដើម្បី​ឲ្យ​ពួកគាត់ មាន​សេរីភាព​ឡើងវិញ ខណៈ​សកម្មជន​ដីធ្លី និង​សកម្មជន​អតីត​បក្ស​ សង្គ្រោះ​ជាតិ ត្រូវ​​បាន​​តុលាការ​​ដោះ​លែង​​ជា​​បន្ដ​បន្ទាប់ កាលពី​ប៉ុន្មាន​ខែ​មុន។

លោក អ៊ូ ច័ន្ទរ័ត្ន អះអាង​ថា សកម្មជន និង​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មូលដ្ឋាន​ទាំងនោះ គឺ​មិន​បាន​ប្រព្រឹត្ត​ខុសច្បាប់​ធ្ងន់ធ្ងរ​នោះ​ទេ ពោល​គឺ​ពួកគេ​ជាប់ទោស​ព្រោះតែ មានការ​រើសអើង​និន្នាការ​នយោបាយ​នៅ​តាម​មូលដ្ឋាន ព្រោះ​ការ​យល់​ដឹង​អំពី​លទ្ធិប្រជាធិបតេយ្យ​នៅ​មាន​កម្រិត។ លោក​ចាត់ទុកថា ការ​ចាប់ខ្លួន និង​ឃុំខ្លួន កន្លងមក​នោះ គឺ​បាន​ផ្តល់​ភាព​អយុត្តិធម៌​រួច​ទៅ​ហើយ ដូច្នេះ​គួរតែ​ជួយ​ផ្ដល់​យុត្តិធម៌ ជូន​ពួកគាត់ វិញ​តាមរយៈ​កា​របន្ធូរ​បន្ថយ​ទោស និង​លើកលែងទោស៖ «ខ្ញុំ​យល់​ឃើញ​ថា ពួកគាត់​សុទ្ធតែ​រងគ្រោះ​ដោយសារ​ការរើសអើង​នយោបាយ ការ​ស្អប់ខ្ពើម​គ្នា​ទៅវិញ​ទៅ​មក​នៅ​នឹង​មូលដ្ឋាន ដោយ​និន្នាការ​នយោបាយ​ខុសៗ​គ្នា ហើយ​អោយ​តែ​ប៉ះ ឬ​គង​សម្ដី​គ្នា​តិច​តូច​គឺ​គាត់​ប្រើប្រាស់​មធ្យោបាយ​តុលាការ ដើម្បី​ធ្វើទុក្ខបុកម្នេញ​ទៅលើ​គ្នា។ ពីមុន​យើង​ឃើញ​ហើយ​មានការ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​គ្នា​ច្រើន ដោយសារ​និន្នាការ​នយោបាយ ប៉ុន្តែ ថ្មីៗ​ដែល​គណបក្ស​សង្គ្រោះជាតិ​កើន​សំឡេង​នេះ ឃើញ​មានការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ។ ខ្ញុំ​យល់ថា ទោស​ឬ​កំហុស​មួយ​ចំនួន គឺ​វា​តិច​តូច​មែនទែន មិន​គួរ​នឹង​ជាប់ឃុំ​ឃាំង​យូរ​ដោយ​អ្នកខ្លះ​ឃុំខ្លួន​៤​ទៅ​៥​ឆ្នាំ ទេ អ្នក​​ខ្លះ​​ទៀត ៥ ទៅ​ ៦​ខែ ឬ​​ជិត​​មួយ​​ឆ្នាំ​​ក៏​​មិនទាន់​សេចក្តី​សម្រេច​ពី​តុលាការ​ផង»។

អ្នក​ជាប់ឃុំ​ជា​អតីត​សកម្មជន និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងនោះ មាន​ដូចជា អតីត​ចៅសង្កាត់​ប៉ោយ ប៉ែត ខេត្ត​បន្ទាយមានជ័យ លោក ចៅ វាសនា ជាប់ចោទ​ពី​បទ​ញុះញង់​ឲ្យ​ប្រើ​អំពើ​ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស ដោយសារ​លោក​ចូលរួម​តវ៉ា​ជាមួយ​កម្មករ​អូស​រទេះ​ទាមទារ​អោយ​មន្ត្រី​គយ​ប្រចាំ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត បញ្ឈប់​យក​ពន្ធ​ខ្ពស់​ហួសហេតុ​លើ​ការ​ដឹក​ទំនិញ​ចេញចូល​តាម​រទេះរុញ​បន្ត​ទៀត កាលពី​ខែ​ឧសភា ឆ្នាំ​២០១៥។ ក្រុមប្រឹក្សា​ជាប់ឆ្នោត​នៅ​ស្រុក​ជីក្រែង ខេត្ត​សៀមរាប លោក បាន សម្ភីរ ជាប់​ចោទ​ពី​បទ​«​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​» ដោយសារ​លោក​បាន ចែកចាយ (Share) វីដេអូ​ខ្លី​មួយ​ត​ពី​ហ្វេសប៊ុក​ឈ្មោះ Khmer Thatcher ស្ដីពី​ទុក្ខ​លំបាក​របស់​អ្នកភូមិ​ស្រែគរ នៅ​ខេត្ត​ស្ទឹងត្រែង ដែល​រងគ្រោះ​ពី​ការ​អភិវឌ្ឍ​ទំនប់​វារីអគ្គីសនី​សេសាន​ក្រោម​២ ដែល មាន​រូបថត​លោក ហ៊ុន សែន ជាមួយ​ភរិយា និង​រូប​ដាច់ដោយ​ឡែក​មួយទៀត គឺ​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ​គង់​ក្នុង​ឡាន។ វីដេអូ​នោះ មាន​សំណេរ​ថា នេះ​គឺជា​លទ្ធផល​របស់​ភេរវជន ហ៊ុន សែន និង​ស្ដេច​ក្លែងក្លាយ ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ។ រីឯ​ចៅសង្កាត់​ជាប់ឆ្នោត​នៅ​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ លោក អ៊ុក ចេត្តនី និង​ឪពុកក្មេក ជាប់​ចោទ​ថា រំលោភ​យក​ដី​ព្រៃ​ហាមឃាត់​របស់​រដ្ឋ ខណៈ​លោក​បាន​កាប់ឆ្ការ​ព្រៃ​ដាំ​ដំណាំ​នៅ​លើ​ទីតាំង​ដី​មួយ​កន្លែង​ដែល​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​សង្កាត់​លេខ១ ក្រុង​-​ខេត្ត​ព្រះសីហនុ​កាលពី​ឆ្នាំ​២០០៧។

ក្រៅ​ពី​នេះ នៅ​មាន​សកម្មជន​បក្ស​ប្រឆាំង ជាច្រើន​ទៀត​ដូចជា សកម្មជន​នៅ​ខេត្ត​ត្បូងឃ្មុំ​លោក អ៊ីស្មាអ៊ែល បិនឧស្ម័ន មេឃុំ​សាមគ្គី នៅ​ខេត្ត​កំពង់ធំ​លោក សៀង សឿន។ សមាជិក​ឃុំ សាមគ្គី លោក ទូច ម៉ារីន មេឃុំ កៀនជ្រៃ ខេត្ត​កំពង់ចាម លោក លីម ប៊ុននី ជាដើម។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា លោក​មិន​បាន​ដឹង​ថា ក្នុង​ចំណោម​អ្នក​ទោស ដែល​ស្នើសុំ​បន្ធូរបន្ថយ​ទោស និង​លើកលែងទោស​នោះ មានឈ្មោះ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ឬ​អត់ នោះ​ទេ ព្រោះថា ទណ្ឌិត​ដែល​នឹង​ត្រូវ​បន្ធូរបន្ថយ និង​លើកលែង​ទាំងនេះ ធ្វើឡើង​ដោយ​ផ្អែកលើ​គោលការណ៍​មនុស្សធម៌ និង​គោលការណ៍​ច្បាប់៖ «ពេល​ព្រះរាជក្រឹត្យ​ចេញទៅ គឺ​អាច​ដឹង​ហើយ​ថា តើ​នរណា​ខ្លះ​ជា​សកម្មជន​នយោបាយ ជា​សមាជិក​អតីត​គណបក្ស​សង្គ្រោះជាតិ ប៉ុន្តែ​សម្រាប់​ក្រុមការងារ មិន​យកចិត្តទុកដាក់​លើ​លក្ខខណ្ឌ​ទាំងអស់​នេះ​ទេ គឺ​សំខាន់​អោយ​តែ​បំពេញ​ទៅតាម​គោលការណ៍​ច្បាប់ និង​គោលការណ៍​មនុស្សធម៌​ដែល​យើង​បាន​កំណត់»។

យ៉ាងហោចណាស់​មាន​ទណ្ឌិត​ចំនួន ៥៣២​នាក់ នឹង​ត្រូវ​ស្នើសុំ​លើកលែង និង​បន្ធូរបន្ថយ​ទោស នៅ​ក្នុង​ឱកាស​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​អកអំបុក​សំពះ​ព្រះ​ខែ នៅ​ពាក់​កណ្ដាល​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

ប្រធាន​គ្រប់គ្រង​ផ្នែក​អង្កេត​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍ថា កន្លង​មក កា​បន្ធូរបន្ថយ​ទោស និង​លើកលែងទោស​នេះ មានការ​រិះគន់​ថា ជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ខ្លាំង និង​មិនសូវ​អនុវត្ត​តាម​ច្បាប់​នោះ​ទេ។ លោក ស្នើ​សុំ​អោយ​អាជ្ញាធរ ពង្រឹង​អនុវត្ត​យន្តការ បន្ធូរបន្ថយ​ទោស និង​លើកលែងទោស​នេះ ប្រកបដោយ​តម្លាភាព យុត្តិធម៌ គ្មាន​រើសអើង​និន្នាការ​នយោបាយ និង​ធ្វើ ទៅតាម​ច្បាប់​កំណត់៖ «ជា​សង្គម​ស៊ីវិល យើង​ចង់​ឃើញ​ធ្វើ​យ៉ាងណា យន្តការ​បន្ធូរ​បន្ថយ​​ទោស​នេះ ត្រូវ​អនុវត្ត​ទៅតាម​ច្បាប់ ហើយ​នឹង​អនុវត្ត​ឲ្យ​​បាន​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់ ចំពោះ​ទណ្ឌិត អ្នកទោស និង​ជនជាប់ចោទ​ទាំងអស់​ព្រោះ​កន្លង​មក យើង​ឃើញ​មាន​ករណី​ពិសេស​ដែរ​ទាក់ទង​នឹង​ការ​សម្របសម្រួល​ផ្នែក​​នយោបាយ​​​អី គឺ​​ឃើញ​​ថា មានការ​​លើក​លែង​ទោស​​ដល់​​សកម្មជន នយោបាយ ក្នុង​ករណី​ពិសេស។ អ៊ីចឹង​​​ក្នុង​​​ករណី​​​នេះ បើ​​យើង​បន្ត​​អនុវត្ត​​នូវ​​វប្បធម៌​​បែប​នេះ និង​បន្ត​អនុវត្ត​តាម​ផ្លូវច្បាប់ ក៏​វា​ជា​ការ​ល្អ​ហើយ​បាទ»។

នៅ​មុន និង​ក្រោយ តុលាការ​កំពូល រំលាយ​គណបក្សប្រឆាំង គឺ​​មេឃុំ​ ​ចៅសង្កាត់ និង​​មន្ត្រី​គណបក្ស​ សង្គ្រោះ​ជាតិ ត្រូវ​បាន​អាជ្ញាធរ​របប​លោក ហ៊ុន សែន តាម​ធ្វើទុក្ខបុកម្នេញ​គ្រប់​រូបភាព ដូចជា​ការ​តាមដាន​គ្រប់​សកម្មភាព ការ​ប្រើ​លុយ​ទិញ​ឲ្យ​ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច ហើយ​បើ​ទិញ​និង​បញ្ចុះបញ្ចូល​មិនបាន​​នោះ គឺ​​ពួក​គេ​​​គំរាមកំហែង ហើយ​​​បើ​​​គំរាម​​​នៅ​​តែ​​​មិន​​ខ្លាច​​​នោះ គឺ​ដំណាក់កាល​ចុងក្រោយ​រក​លេស​ចោទប្រកាន់ និង​ចាប់ខ្លួន​តែម្ដង។ ក្រៅពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​នយោបាយ​នោះ របប​លោក​ហ៊ុន សែន ក៏បាន​ធ្វើ​ទុក្ខបុកម្នេញ និង​​​គំរាមកំហែង​​ធ្ងន់ធ្ងរ​​​លើ​​​អង្គការ​​​សង្គម​​ស៊ីវិល ប្រព័ន្ធ​​ផ្សព្វផ្សាយ​​​ឯករាជ្យ។

ការ​ចាប់​ខ្លួន និង​ផ្ដន្ទាទោស​សកម្មជន និង​មន្ត្រី​គណបក្សប្រឆាំង ត្រូវ​​​បាន​​​គេ​​​ចាត់​​ទុក​ថា ជា​​រឿង​​នយោបាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។