បក្ស​ប្រឆាំង​បដិសេធ​ព័ត៌មាន​ដែល​ថា​មន្ត្រី​ខ្លួន​ជិត​៣​ពាន់​នាក់​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច

ដោយ ហេង រស្មី
2018-12-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​ប្រតិបត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ រាជធានី​ភ្នំពេញ ​លោក ម៉ន ផល្លា។ RFA
ប្រធាន​ប្រតិបត្តិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ រាជធានី​ភ្នំពេញ ​លោក ម៉ន ផល្លា។ RFA
Photo: RFA

មន្ត្រី​ជាន់ខ្ពស់ និង​សមាជិក​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះជាតិ​បដិសេធ​ព័ត៌មាន​ពី​ការ​អះអាង​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថា មាន​មន្ត្រី​បក្ស​ប្រឆាំង​ជិត ៣ពាន់​នាក់ ចុះចូល​ជាមួយ​គណបក្ស​កាន់អំណាច។

អតីត​ចៅ​សង្កាត់​រង​គណបក្ស​សង្គ្រោះជាតិ​មកពី​សង្កាត់​បឹងទំពុន២ ខណ្ឌ​មានជ័យ លោក ខឿន វីរ៉ាត់ ដែល​ពេល​នេះ​លោក​សុខចិត្ត​មក​រត់​ម៉ូតូ​កង់​បី ប្រាប់​ថា លោក សុខ ឥសាន មន្ត្រី​នាំ​ពាក្យ​គណបក្ស​កាន់អំណាច​ថា កុំ​ព្យាយាម​ធ្វើ​របាយការណ៍​ភូត​កុហក​ទៅ​ថ្នាក់ដឹកនាំ​គណបក្ស​នេះ​ឲ្យ​សោះ។

លោក​ថា សមាជិក​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់​ជិត​ទាំងអស់​មិន​បាន​ក្បត់​ឆន្ទៈ​ពលរដ្ឋ​បាន​ដែល​បាន​បោះឆ្នោត​ឲ្យ​ពួកគេ​នោះ​ទេ៖ «អ្វី​ដែល​ខ្ញុំ​ជម្រាប​ជូន​លោក សុខ ឥសាន វិញ សូម​គាត់​កុំ​ធ្វើ​របាយការណ៍​កុហក​ថ្នាក់ដឹកនាំ​បន្ត​ទៀត ពីព្រោះ​វា​ជា​ចំណុច​គ្រោះថ្នាក់​ដែល​ធ្វើ​ឲ្យ​មេដឹកនាំ​ធ្វើការ​សម្រេច​ទៅ​ខុស ហើយ​ក្នុងនាម​គាត់​ជា​មន្ត្រី​ជាន់ខ្ពស់​គួរតែ​និយាយ​អ្វី​ដែល​ពិត កុំ​និយាយ​អ្វី​ដែល​ជា​ចំណុច​មិន​ពិត»

ប្រតិកម្ម​បែបនេះ​ដោយសារតែ លោក សុខ ឥសាន បាន​សរសេរ​អះអាង​លើ​ប្រព័ន្ធ​តេឡេក្រាម នៅ​ថ្ងៃ​ទី​២៧ ធ្នូ ថា ក្នុងចំណោម​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់​គណបក្ស​សង្គ្រោះជាតិ​ទាំង ៥.០០៧​នាក គឺ​មាន​មនុស្ស​ជាង ២.៦០០​នាក់​បាន​មក​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។

លោក សុខ ឥសាន ថែមទៀត​ចំអក​ថា បក្ស​ប្រឆាំង​បាន​បែកបាក់​រួច​ទៅ​ហើយ​ដោយ​សារ​ភាគី​លោក សម រង្សី ប្រធាន​ស្ដីទី​គណបក្ស និង​លោក កឹម សុខា ប្រធាន​បក្ស​មាន​មតិ​ផ្ទុយ​គ្នា។ ទោះបីជា​យ៉ាងណា មន្ត្រី​បក្ស​ប្រឆាំង​អះអាង​ថា ពួកគេ​នៅតែ​មាន​ជំហរ​រឹងមាំ​ដដែល។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះជាតិ ខេត្ត​បាត់ដំបង​លោក ជា ជីវ និយាយ​ថា សម្ដី​របស់​លោក សុខ ឥសាន ជា​ការ​បំភ្លៃ​ព័ត៌មាន ព្រោះ​សមាជិក​ក្រុមប្រឹក្សា​បក្ស​ប្រឆាំង​តិចតួច​ណាស់​ដែល​ត្រូវ​បក្ស​កាន់អំណាច​គំរាមកំហែង​និង​អូសទាញ​ឲ្យ​ក្បត់​ឆន្ទៈ​ម្ចាស់​ឆ្នោត។ លោក​យល់ថា មូលហេតុ​ដែល​គណបក្ស​កាន់អំណាច​បន្ត​ភូត​កុហក​ពី​តួលេខ​នេះ ដើម្បី​បំភ័ន្ត​ភ្នែក​មហាជន និង​អន្តរជាតិ​ប៉ុណ្ណោះ៖ «គាត់​ចង់​បំប៉ោង​ព័ត​មាន​នេះ​ទៅ​ថ្នាក់ដឹកនាំ​ក៏​ដូចជា​ប្រជាពលរដ្ឋ​អោយ​យល់ថា មាន​គណបក្ស​សង្គ្រោះ​ជាតិ​ចុះចូល​ច្រើន​ដើម្បី​បំភ័ន្ត​សាធារណមតិ​ជាតិ ហើយ​ទី​ពីរ​ដើម្បី​កុំ​ឲ្យ​សម្ពាធ​សហគមន៍​អឺរ៉ុប ក៏​ដូចជា​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ​ដាក់​សម្ពាធ​មក​លើក​គាត់ ជាពិសេស EBAហ្នឹង​បាទ»

ទោះ​មានការ​ធ្វើទុក្ខបុកម្នេញ​បែបនេះ​មក​លើ​គណបក្សប្រឆាំង​ក្តី មន្ត្រី​ជាន់ខ្ពស់ គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ លោក ម៉ន ផល្លា ជា​ប្រធាន​ប្រតិបត្តិ​របស់​គណបក្ស​សង្គ្រោះជាតិ រាជធានី​ភ្នំពេញ ឲ្យ​ដឹង​ថា កម្លាំង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​សមាជិក​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​នៅតែ​រឹងមាំ​ដដែល។ លោក ម៉ន ផល្លា ប្រាប់​ទៅ​លោក សុខ ឥសាន វិញ​ថា សមាជិក​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​ប្រឆាំង​ដែល​ទៅ​ចុះចូល​ជា​បក្ស​កាន់អំណាច​មិនបាន ១០​ភាគ​នោះ​ទេ៖ «អ្វី​ដែល​យើង​មាន​អំណះអំណាង​ខ្ញុំ​ចង់​បញ្ជាក់​ថា អ្នក​ដែល​ចុះចូល​មួយ​ចំនួន​តូច​ភាគច្រើន​អ្នក​ដែល​ឈរ​លេខ​រៀង​បម្រុង​ឆ្ងាយៗ ហើយ​មួយ​ចំនួន​ទៀត​គ្រាន់តែ​ជា​សកម្មជន​ដែល​យើង​នៅ​មាន​កម្លាំង​រឹងមាំ មាន​ស្មារតី​ល្អ»

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ ប្រកាស​ថា នឹង​ចូល​ប្រទេស​កម្ពុជា​វិញ​នៅ​ដើម​ឆ្នាំ​២១០៩​ខាងមុខនេះ សមាជិក​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តាម​បណ្តា​ខេត្ត​នានា​បាន​នាំគ្នា​បង្ហោះ​សារ​ជា​វីដេអូ​តាម​ហ្វេសប៊ុក (Facebook) បង្ហាញ​ការ​គាំទ្រ​លោក សម រង្ស៊ី និង​អះអាង​ថា យល់ព្រម​ចូល​គុក​បើ​មានការ​ចាប់ខ្លួន​លោក សម រង្ស៊ី ក្នុង​ពេល​ត្រឡប់​ចូល​មក​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល