ប្រធានគណបក្សប្រឆាំងប្រចាំស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានចូលខ្លួនទៅបំភ្លឺតាមការកោះហៅរបស់អធិការនគរបាលស្រុកមង្គលបូរី កាលពីព្រឹកថ្ងៃទី៤ មករា។ មន្ត្រីបក្សប្រឆាំងរូបនេះអះអាងថា អធិការនគរបាលស្រុកមង្គលបូរីបានបង្ខំឲ្យរូបគាត់ឲ្យផ្ដិតស្នាមមេដៃធ្វើកិច្ចសន្យាឲ្យឈប់ប្រមូលផ្ដុំសមាជិកថ្លែងសារគាំទ្រលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្ស សង្គ្រោះជាតិ វិលចូលស្រុកបន្តទៀត។ មន្ត្រីសង្គមស៊ីវិលហៅទង្វើនេះថា ជាការគំរាមកំហែងបំភ័យប្រជាពលរដ្ឋដោយខុសច្បាប់។
មន្ត្រីគណបក្សប្រឆាំងស្រុកមង្គលបូរី លោក ទួត វាសនា ថ្លែងប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី៤ មករាថ្លែងថា ការបង្ខិតបង្ខំរបស់ប៉ូលិសខេត្តនេះ ជាការដាក់គំនាបបំបិទសេរីភាពមកលើពួកគាត់កាន់តែខ្លាំង ដោយសារខ្លាចគណបក្ស សង្គ្រោះជាតិ រស់ឡើងវិញ។
លោកថា អធិការនគរបាលស្រុកមង្គលបុរីលោក ស៊ិន ណារ៉ាក់ បានបង្ខំរូបលោកឲ្យផិតស្នាមមេដៃធ្វើកិច្ចសន្យាក្នុងលក្ខខ័ណ្ឌចំនួន ៣ចំណុច រួមមាន ឲ្យឈប់ប្រមូលផ្ដុំគ្នាគាំទ្រលោក សម រង្ស៊ី វិលចូលស្រុក ឈប់ប្រមូលផ្ដុំមនុស្សគាំទ្រគណបក្ស សង្គ្រោះជាតិ ព្រោះគណបក្សនេះត្រូវបានរំលាយហើយ និងចុងក្រោយមិនឲ្យធ្វើសកម្មភាពទាំងឡាយណាដែលផ្ទុយពីច្បាប់កំណត់។
ប្រធានគណបក្សស្រុកមង្គលបុរីរូបនេះបន្ថែមទៀតថា ករណីប៉ូលិសហៅរូបលោកឲ្យធ្វើកិច្ចសន្យានេះ ដោយសារកាលពីដើមខែធ្នូកន្លងទៅ ពួកគាត់មានគ្នា ៩នាក់ បានជួបជុំគ្នាពង្រឹងសាមគ្គីភាព ដោយបានថ្លែងគាំទ្រលោក សម រង្ស៊ី ធ្វើជាប្រធានស្ដីទីគណបក្ស សង្គ្រោះជាតិ ដើម្បីរួមកម្លាំងសមាជិកស្ដារប្រជាធិបតេយ្យនៅកម្ពុជាឲ្យរស់ឡើងវិញ៖ «ខ្ញុំមិនពេញចិត្តនឹងកិច្ចសន្យារបស់ប៉ូលិសនេះទេ ព្រោះហាក់បីដូចជាការចង់ជើងមិនខ្ញុំដើរទៅណារួច ប្រៀបដូចចងគោឲ្យនៅស៊ីស្មៅមួយកន្លែងអីចឹងដែរ។ ខ្ញុំចាត់ទុកបញ្ហានេះជាការគំរាមផ្នែកនយោបាយ និងបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋធ្វើយើងមិនហ៊ានបញ្ចេញមតិ ដែលអាជ្ញាធរថាជាច្បាប់ទម្លាប់ ប៉ុន្តែច្បាប់ដែលអាជ្ញាធរនិយាយនេះ អ្វីដែលត្រូវ គេថាខុសច្បាប់ ហើយអ្វីដែលខុសគេថាល្អ នេះជាទម្លាប់របស់អាជ្ញាធរ » ។
ឆ្លើយតបនឹងបញ្ហានេះ អធិការនគរបាលស្រុកមង្គលបូរី លោក ស៊ិន ណារ៉ាក់ មានប្រសាសន៍យ៉ាងខ្លីថា ករណីនេះជារឿងសម្ងាត់ ដូច្នេះលោកមិនអាចផ្ដល់សម្ភាសន៍ឲ្យអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីបានទេ៖ «បាទខ្ញុំមិនអាចឆ្លើយបានតាមទូរស័ព្ទព្រោះវាមានការងារលាក់ការមួយ ព្រោះខ្ញុំមិនអាចផ្ដល់ព័ត៌មានឲ្យបានទេ ពីព្រោះមានក្រុមអ្នកផ្ដល់ព័ត៌មានផ្សេង បើខ្ញុំឆ្លើយទៅវាខុសនឹងក្រិត ក្រមសម្រាប់អ្នកបំភ្លឺជុំវិញបញ្ហាចម្ងល់នេះ » ។
ប៉ុន្តែមន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ប្រចាំខេត្តបន្ទាយមានជ័យលោក ស៊ុំ ច័ន្ទគា លើកឡើងថា ការជុំជួបគ្នាថ្លែងសារគាំទ្រគណបក្សនយោបាយនេះ គ្រាន់តែជាការបញ្ចេញមតិរបស់ពលរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដូច្នេះមិនខុសច្បាប់នោះទេ។ លោកអះអាងថា សមត្ថកិច្ចដែលបានគំរាមកំហែងនិងរារាំង និងបង្ខំឲ្យពលរដ្ឋធ្វើកិច្ចសន្យាពាក់ព័ន្ធនឹងរឿងនេះទៅវិញទេ ជាអ្នកខុសច្បាប់ និងត្រូវទទួលទោសចំពោះមុខច្បាប់ ព្រោះជាការគំរាមកំហែងបិទសិទ្ធសេរីភាពការបញ្ចេញរបស់ពលរដ្ឋ៖ «ដូច្នេះមិនមែនចាត់ទុកថា ជាការជួបជុំផ្ដួលរំលំរដ្ឋាភិបាល ឬធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិទេ។ អ្នកដែលថារឿងនេះជាការផ្ដួលរំលំរដ្ឋាភិបាល គឺជាការរឹតត្បិតពេលហើយ ហើយការធ្វើដូច្នេះប្រទេស ដែលកាន់ប្រជាធិបតេយ្យ គេមិនដែលធ្វើបែបនេះទេ ព្រោះមានតែប្រទេសកាន់របបកុម្មុយនិស្ត និងរបបផ្ដាច់ការទេ ដែលគេធ្វើដូច្នោះ » ។
ទោះជាយ៉ាងណាលោក ទួត វាសនា និងមន្ត្រីប្រឆាំងខេត្តបន្ទាយមានជ័យលោក ជាតិ ខេមរា អះអាងថា បើទោះបីជាសមត្ថកិច្ចមានការគំរាមកំហែងមកលើពួកគាត់យ៉ាងក្ដី ក៏ពួកគាត់នៅតែរឹងមាំ ហើយពួកគាត់ក៏គ្រោងជួបជុំគ្នាទ្រង់ទ្រាយធំជាថ្មី ដើម្បីពង្រឹងសាមគ្គីភាពរបស់សមាជិកគណបក្សខ្លួនរួមគ្នាគាំទ្រលោក សម រង្ស៊ី វិលចូលស្រុកវិញក្នុងពេលឆាប់ៗ ខាងមុខ ព្រោះរបបលោក ហ៊ុន សែន បានរំលាយប្រជាធិបតេយ្យនៅកម្ពុជា ដោយការគណបក្សរបស់ពួកគាត់ចោលអស់ជាង ១ឆ្នាំហើយ ដើម្បីបានបន្តអំណាចរបស់ខ្លួនទៅមុខទៀត។ ដូច្នេះ ពួកគាត់មិនអាចនៅសំងំស្ងៀមបន្តទៀតនោះឡើយ។ ករណីលោក ទួត វាសនា មិនមែនជាករណីដោយឡែកទេ សមត្ថកិច្ចរបស់របបលោក ហ៊ុន សែន គ្រប់ខេត្តទូទាំងប្រទេស បានចាប់ផ្ដើមយុទ្ធនាការគំរាមកំហែងមន្ត្រីបក្សប្រឆាំងកុំឲ្យចេញមុខមកគាំទ្រលោក សម រង្ស៊ី ក្រោយពេលលោក សម រង្ស៊ី បានប្រកាសថា នឹងវិលត្រឡប់មកកម្ពុជាដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
