ក្រុម​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ឃ្លាំ​មើល​សាលាឧទ្ធរណ៍​ជំនុំជម្រះ​ករណី​លោក កឹម សុខា

ដោយ អាស៊ីសេរី
2017.09.26
សុខ ឥសាន សុន ឆ័យ ៦២២ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន (ឆ្វេង) និង​ប្រធាន​ក្រុម​ការងារ​គណៈកម្មការ​ចំពោះ​កិច្ច​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ថ្លែង​ក្នុង​សន្និសីទ​កាសែត​ក្រោយ​បញ្ចប់​កិច្ច​ពិភាក្សា​លើ​សំណូមពរ​របស់​សហជីព​ទាក់ទង​នឹង​សេចក្ដី​ព្រាង​ច្បាប់​សហជីព នៅ​ថ្ងៃ​ទី​១៩ មករា ឆ្នាំ​២០១៦។
Photo: RFA

ក្រុម​មេធាវី​ការពារ​ក្ដី លោក កឹម សុខា ប្រកាស​ថា ពួកគេ​នឹង​ដើរ​ចេញ​ពី​សវនាការ​នៃ​សាលាឧទ្ធរណ៍​នៅថ្ងៃទី២៦ កញ្ញា បើ​សិន​ជា​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​នៅ​តែ​មិន​ទទួល​យក​សំណើ​របស់​ពួកគេ អនុញ្ញាត​ឲ្យ​លោក កឹម សុខា ចូលរួម​ក្នុង​សវនាការ​ទេ​នោះ។ ក្រុម​មេធាវី​អះអាង​ថា ការ​ដែល​សាលាឧទ្ធរណ៍​លើក​ហេតុ​ផល សុវត្ថិភាព​របស់​លោក កឹម សុខា ដែល​មិន​អនុញ្ញាត​ឲ្យ​លោក ចូលរួម​ទេ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ ព្រោះ​ក្រមព្រហ្មទណ្ឌ តម្រូវ​ឲ្យ​ជន​ត្រូវ​ចោទ ចូលរួម​នៅ​ចំពោះ​មុខ​សវនាការ។

ក្រុម​តំណាងរាស្ត្រ និង​សកម្មជន​បក្ស​ប្រឆាំង​នឹង​នាំ​គ្នា​ទៅ​ឃ្លាំមើល​ការ​បើក​សវនាការ​ជំនុំជម្រះ ការ​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក កឹម សុខា នៅ​ថ្ងៃទី២៦ កញ្ញា។

ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្រ្គោះជាតិ លោក សុន ឆ័យ ឲ្យដឹង​កាលពី​ថ្ងៃទី២៥ កញ្ញា ថា សកម្មជន និង​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង នឹង​នាំ​គ្នា​ទៅ​ឃ្លាំមើល​សវនាការ​នេះ គឺ​ជា​សិទ្ធិ​របស់ បុគ្គល​ម្នាក់ៗ ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ មិនមែន​ទៅ​បាតុកម្ម​តវ៉ា​អ្វី​នោះ​ទេ។ លោក សុន ឆ័យ បញ្ជាក់​ទៀត​ថា លោក កឹម សុខា ពេល​នេះ​មិន​ទាន់​មាន​ទោស​អ្វី​នោះ​ទេ  ដូច្នេះ លោក ត្រូវ​ការពារ​ដោយ​ច្បាប់​ដែរ។

សវនាការ​លើ​ការ​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ ដែល​ធ្វើ​ឡើង​នៅ​សាលាឧទ្ធរណ៍​នេះ គឺ​គ្មាន​វត្តមាន​លោក កឹម សុខា នៅ​ក្នុង​សវនាការ​នោះ​ទេ ទោះ​បី​ជា​ក្រុម​មេធាវី​របស់​លោក​ទាមទារ​បែប​ណា​ក្ដី។

អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុគ័គ បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​មួយ កាលពី​ថ្ងៃ​ទី២៥ ខែ​កញ្ញា ថា ក្រសួង​មហាផ្ទៃ​បាន​សម្រេច​មិន​បញ្ជូន​លោក កឹម សុខា ពី​ពន្ធនាគារ​ត្រពាំងផ្លុង ខែត្រ​ត្បូងឃ្មុំ មក​ចូលរួម​ក្នុង​អង្គ​សវនាការ ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​ទេ ដោយ​គិត​ពី​សុវត្ថិភាព​របស់​លោក កឹម សុខា។

លោក ខៀវ សុភ័គ បាន​បញ្ជាក់​ថា អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​ទទួល​លិខិត​ពី​សាលា​ឧទ្ធរណ៍​រួចហើយ ដោយ​លិខិត​នោះ​បញ្ជាក់​ថា វត្តមាន ឬ​អវត្តមាន​លោក កឹម សុខា នៅ​ក្នុង​សវនាការ​មុន​អង្គ​សេចក្ដី​មិន​សំខាន់​ទេ ហើយ​ក៏​មិន​ខុស​នីតិវិធី​ដែរ ដោយសារ​តែ​មិនមែន​ជា​សំណុំ​រឿង​អង្គ​សេចក្ដី។

លោក ខៀវ សុភ័គ ឲ្យ​សារព័ត៌មាន​ក្នុង​ស្រុក​ដឹង​ដូច្នេះ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ក្រុម​មេធាវីការពារ​ក្តី​ឱ្យ​លោក កឹម សុខា បាន​ដាក់​លិខិត​ទៅ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​សភា​ស៊ើបសួរ នៃ​សាលាឧទ្ធរណ៍​កាល​ពីថ្ងៃទី២២ កញ្ញា ដោយ​ស្នើ​សុំ​ឲ្យ​មាន​វត្តមាន​លោក កឹម សុខា នៅ​ចំពោះ​មុខ​សភា​ស៊ើប​សួរ​នៅ​ថ្ងៃទី២៦ កញ្ញា វេលា​ម៉ោង​៨ព្រឹក។

ការ​ស្នើ​សុំ​នេះ ដោយ​ក្រុម​មេធាវី​សំអាង​លើ​គោលការណ៍​នីតិ​ព្រហ្មទណ្ឌ គឺ​ត្រូវ​ធ្វើ​ឡើង​តាម​គោល ការណ៍​ចំពោះ​មុខ។ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានីភ្នំពេញ បាន​សម្រេច​ចេញដីកា​សម្រេច​ឃុំ​ខ្លួន​កូន​ក្ដី​របស់​ខ្លួន គឺ​លោក កឹម សុខា ដោយ​សំអាង​ក្នុង​ចំណុច ថា ការ​ឃុំ​ខ្លួន​គឺ​ដើម្បី​រក្សា​ជន​ត្រូវ​ចោទ ទុក​ជូន​តុលាការ​បន្ត​ចាត់​ការ​គ្រប់​នីតិវិធី និង​ចំណុច ថា បើ​ជន​ត្រូវ​ចោទ​នៅ​ក្រៅ​ឃុំ អាច​គេចវេះ​មិន​ចូលខ្លួន​តាម​ការ​កោះហៅ។ ក្រុម​មេធាវី​បញ្ជាក់​ថា គ្មាន​ហេតុផល​ណាមួយ ត្រូវ​បាន​លើក​ក្នុង​ការរារាំង​មិន​អនុញ្ញាត​ឲ្យ កូនក្ដី​របស់​ខ្លួន ចូលរួម​ក្នុង​សវនាការ​ឡើយ។

មេធាវី​មួយ​រួប​ក្នុង​ចំណោម​មេធាវី​លោក កឹម សុខា ដទៃ​ទៀត លោក​មេធាវី សុំ សុគង់ បញ្ជាក់​ថា ក្រុម​មេធាវី នឹង​ចូលរួម​សវនាការ​នៅ​ថ្ងៃទី២៦ កញ្ញា ប៉ុន្តែ​ជជែក​ពាក់ព័ន្ធ​នឹង​រឿង​គោល​ការណ៍​ចំពោះ​មុខជន​ត្រូវ​ចោទ​តែ​ប៉ុណ្ណោះ ពោល​គឺ​មិន​ជជែក​អំពី​នីតិវិធី​សុំ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​ឡើយ។

ទាក់ទង​នឹង​ការ​ឃុំ​ខ្លួន​លោក កឹម សុខា វិញ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​សរសេរ​នៅ​ក្នុង​ប្រព័ន្ធ​តេឡេក្រាម (Telegram) ថា ថ្នាក់​ដឹកនំា​បក្សប្រឆាំង​បាន​ប្រជុំ​ដាក់​ផែនការ​ឲ្យ​គណៈកម្មការ​ប្រតិបត្តិ​បក្ស​គ្រប់​ខែត្រ​ក្រុង​លើក​បដា​តវ៉ា​ឲ្យ​តុលាការ​ដោះលែង​លោក កឹម សុខា នៅ​ទូទាំង​ប្រទេស​នោះ គឺ​ស​បញ្ជាក់​ថា គណបក្ស​សង្រ្គោះជាតិ​ទាំងមូល​កំពង់​ដើរ​ចូល​ជុច​ហើយ ពោល​គឺ​ចូលរួម ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​ដូច​លោក កឹម សុខា ដែរ។ លោក​បញ្ជាក់​ទៀតថា បើ​អញ្ចឹង​មែន​នោះ គណបក្ស​ប្រឆាំង​នឹង​ត្រូវ​ប្រឈម​មុខ​ចំពោះ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ហើយ​រឹត​តែ​ត្រូវ​ទទួល​ខុសត្រូវ​ខ្លួនឯង មិន​ត្រូវ​បន្ទោស​អ្នកដទៃ ឬ​បក្ស​ដទៃ​បាន​ទេ។

ឆ្លើយ​តប​និង​ការ​លើក​ឡើង​នេះ ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្រ្គោះជាតិ លោក សុខ ឆ័យ អះអាង​ថា ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​គ្មាន​ចំណុច​ណាមួយ​ដែល​ចែង​ថា ការ​តវ៉ា​ទាមទារ​ឲ្យ ដោះលែង​លោក កឹម សុខា ហើយ​ត្រូវ​ជាប់​ទោស​នោះ​ទេ។ ជាង​នេះ​ទៅ​ទៀត មក​ទល់​ពេល​នេះ លោក កឹម សុខា ក៏​មិន​ទាន់​មាន​ទោស​អ្វី​ដែរ គ្រាន់​តែ​ជាប់ចោទ​តែ​ប៉ុណ្ណោះ។

មាត្រា​៣៨​នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា ច្បាប់​រ៉ាប់រង​មិន​ឲ្យ​មាន​ការ​រំលោភបំពាន​លើ​រូបរាង​កាយ​បុគ្គល​ណា​ឡើយ។ ច្បាប់​ការពារ​ជីវិត កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ។ ការ​ចោទ​ប្រកាន់ ការ​ចាប់ខ្លួន ការ​ឃាត់​ខ្លួន ឬ​ការ​ឃុំ​ខ្លួន​ជន​ណាមួយ​នឹង​អាច​ធ្វើ​ទៅ​កើត លុះត្រាតែ​អនុវត្ត​ត្រឹមត្រូវ​តាម​បញ្ញត្តិ​ច្បាប់។ ការ​បង្ខិតបង្ខំ ការ​ធ្វើ​បាប​លើ​រូបរាង​កាយ ឬ​ប្រព្រឹត្តិកម្ម​ណាមួយ​ដែល​បន្ថែម​ទម្ងន់​ទណ្ឌកម្ម អនុវត្ត​ចំពោះ​ជន​ជាប់​ឃុំឃាំង ឬ​ជាប់​ពន្ធនាគារ ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​ឡើយ។

ក្រុម​មេធាវី​របស់​លោក កឹម សុខា អះអាង​ថា ពួកគាត់​​នៅថ្ងៃទី២៦ កញ្ញា នេះ លើក​ស្នើ​សុំ​ឱ្យ​ក្រុមប្រឹក្សាជំនុំជម្រះ​សម្រេច​ពន្យារ​ពេល​សវនករ​នៅ​ពេល​ក្រោយ ដោយ​ស្នើសុំ​ឱ្យ​មាន​វត្តមាន​លោក កឹម សុខា ចូលរួម ប៉ុន្តែ​ប្រសិនបើ​តុលា​កា​នៅ​តែ​បន្ត​សវនាការ​ជុំវិញ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​ទៀត​នោះ​ក្រុម​មេធាវី និង​ពិភាក្សា​គ្នា ថា​តើ​ត្រូវ​បន្ត​សវនាការ ឬ​ធ្វើ​ពហិការ​មិន​ចូល​រួម​សវនាការ​បន្ត​ទៀត?

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។