បក្ស​ប្រឆាំង​រក្សា​ក្បាល​ម៉ាស៊ីន​បក្ស​តែ​លុប​ពាក្យ​ស្លោក​តាម​ការ​ចង់​បាន​របស់​បក្ស​កាន់​អំណាច

0:00 / 0:00

គណៈកម្មាធិការ​នាយក​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​រក្សា​តំណែង​ប្រធាន​បក្ស​របស់​លោក កឹម សុខា និង​តំណែង​អនុប្រធាន​បក្ស ៣​រូប​ឲ្យ​នៅ​ដដែល តែ​គណបក្ស​នេះ​បាន​សម្រេច​លុប​ចោល​ពាក្យ​ស្លោក «ដូរ​មេ​ឃុំ​បម្រើ​បក្ស ដាក់​មេ​ឃុំ​បម្រើ​រាស្ដ្រ» ដើម្បី​សម្រួល​កុំ​ឲ្យ​បរិយាកាស​នយោបាយ​ឡើង​កម្តៅ​ខ្លាំង​នៅ​ពេល​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ខិត​ជិត​ចូល​មក​ដល់។

អ្នក​វិភាគ​នយោបាយ​សង្ស័យ​ថា ការ​សម្រេច​របស់​គណបក្ស​ប្រឆាំង​នេះ អាច​ដោយសារ​មាន​ការ​ស្រុះស្រួល​គ្នា​ខាង​ផ្នែក​នយោបាយ​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច ដើម្បី​ជូន​កាដូ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​នេះ។

គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ថា​នឹង​មិន​ផ្លាស់ប្ដូរ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​គណបក្ស​ឡើយ គឺ​លោក កឹម សុខា នៅ​តែ​ជា​ប្រធាន​គណបក្ស​ជំនួស​ឲ្យ​លោក សម រង្ស៊ី ដដែល​រហូត​ចប់​អាណត្តិ និង​មាន​អនុប្រធាន ៣​រូប​ដូច​ការ​សម្រេច​ក្នុង​អង្គ​សមាជ​កន្លង​ទៅ​ថ្មីៗ​នេះ។

ថ្លែង​នៅ​ក្រោយ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​២ មេសា អនុប្រធាន​គណបក្ស លោក អេង ឆៃអ៊ាង បញ្ជាក់​ប្រាប់​អ្នក​កាសែត​ថា ការ​សម្រេច​រក្សា​តំណែង​ទាំងនេះ គឺ​ស្រប​តាម​ប្រការ ៤៧​ថ្មី នៃ​លក្ខន្តិកៈ​គណបក្ស​ដែល​បាន​តម្កល់​ទុក​នៅ​ក្រសួង​មហាផ្ទៃ៖ « ឥឡូវ​នេះ​យើង​ធ្វើ​ស្រប ព្រោះ​តាម​ការពិត លក្ខន្តិកៈ​របស់​យើង​ក្រោយ​ធ្វើ​វិសោធនកម្ម​ហើយ​ហ្នឹង គឺ​វា​ចូល​ជា​ធរមាន​ភ្លាម​ហើយ។ អ៊ីចឹង​លោក កឹម សុខា ហ្នឹង លោក​ក្លាយ​ជា​ប្រធាន​គណបក្ស​ដោយ​ស្វ័យប្រវត្តិ អត់​មាន​ចាំបាច់​បោះឆ្នោត​អី​ទេ។ លក្ខន្តិកៈ​ចែង​អ៊ីចឹង។ ច្បាស់​អ៊ីចឹង​ហើយ ក្រសួង​មហាផ្ទៃ បាន​ទទួល​ស្គាល់​ហើយ រហូត​ដល់​ចប់​អាណត្តិ ព្រោះ​អាណត្តិ​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​ចប់​យ៉ាង​យូរ​នៅ​ថ្ងៃ​ទី​៧ ខែ​៤ ឆ្នាំ​២០១៨ »

កាល​ពី​ថ្ងៃ​ទី​២៩ មីនា គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​ថា ក្រសួង​មហាផ្ទៃ បាន​ទទួល​ស្គាល់​ដំណើរការ​សមាជ​វិសាមញ្ញ​របស់​ខ្លួន ហើយ​ក្រសួង​មហាផ្ទៃ ក៏​មិន​ជំទាស់​ការ​ធ្វើ​វិសោធនកម្ម​ប្រការ​៤៥ និង​ប្រការ​៤៧ នៃ​លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែរ។

លោក អេង ឆៃអ៊ាង បញ្ជាក់​ថា ការ​ប្រជុំ​គណៈកម្មាធិការ​នាយក​គណបក្ស​ដើម្បី​ជ្រើសរើស​ក្បាល​ម៉ាស៊ីន​ដឹកនាំ​បក្ស​ថ្មី​នេះ គឺ​តម្រូវ​តាម​ការ​ចង់​បាន​របស់​ក្រសួង​មហាផ្ទៃ។ លោក​បញ្ជាក់​ថា ក្រៅ​ពី​បន្ត​តំណែង​ប្រធាន និង​អនុប្រធាន​បក្ស​ឲ្យ​នៅ​ដដែល សមាជិក​ដែល​បាន​ចូលរួម​ប្រជុំ​គណៈកម្មាធិការ​នាយក​ទាំងអស់​ក៏​បាន​សម្រេច​ឯកច្ឆន្ទ​ដក​ចំណង​ជើង «ដូរ​មេ​ឃុំ​បម្រើ​បក្ស ដាក់​មេ​ឃុំ​បម្រើ​រាស្ដ្រ» ចេញ​ពី​គោល​នយោបាយ​អាទិភាព ៥​ចំណុច​ដែរ។

លោក អេង ឆៃអ៊ាង ពន្យល់​ថា ការ​សម្រេច​ដក​ពាក្យ​ស្លោក​នេះ គឺ​ដោយសារ​គណបក្ស​ចង់​ឲ្យ​មាន​ការ​សម្របសម្រួល ហើយ​ពាក្យ​ស្លោក​នេះ​ទៀតសោត ក៏​មិន​សំខាន់​ក្នុង​ការ​ប្រកួត​ប្រជែង​សម្រាប់​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ឡើយ។ អនុប្រធាន​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ទៀត​ថា គណបក្ស​ក៏​មិន​ទទួល​ខុស​ត្រូវ​ដែរ​ប្រសិន​បើ​សកម្មជន​បន្ត​យក​ពាក្យ​ស្លោក​នេះ​ទៅ​ឃោសនា​បោះឆ្នោត​នា​ពេល​ខាង​មុខ។

គណបក្ស​ប្រជាជន​កម្ពុជា ចាត់​ទុក​ពាក្យ​ស្លោក «ដូរ​មេ​ឃុំ​បម្រើ​បក្ស ដាក់​មេ​ឃុំ​បម្រើ​រាស្ដ្រ» ដែល​គណបក្ស​សង្គ្រោះ​ជាតិ ប្រើប្រាស់​តាំង​ពី​ឆ្នាំ​២០១២ ថា​មាន​ចរិត​ញុះញង់ បង្ក​ហេតុ និង​ប្រមាថ​មើលងាយ​យ៉ាង​ធ្ងន់ធ្ងរ​ដល់​មន្ត្រី​ឃុំ-សង្កាត់​នៅ​ទូទាំង​ប្រទេស។ គណបក្ស​កាន់​អំណាច​តែងតែ​ព្រមាន​ប្ដឹង​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​តុលាការ ប្រសិន​បើ​នៅ​តែ​រឹង​ទទឹង​មិន​ព្រម​លុប​ចោល​ពាក្យ​ស្លោក​នោះ។

អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត មាស នី សង្ស័យ​ថា ការ​សម្រេច​លុប​ចោល​ពាក្យ​ស្លោក​របស់​គណបក្ស​ប្រឆាំង​ពេល​នេះ អាច​ដោយសារ​មាន​ការ​ស្រុះស្រួល​គ្នា​ដ៏​សម្ងាត់​មួយ​រវាង​គណបក្ស​ទាំង​ពីរ ដើម្បី​ជូន​ជា​កាដូ​គ្នា​ក្នុង​ឱកាស​ឆ្នាំ​ថ្មី៖ « ការ​ទុក​ក្បាល​ម៉ាស៊ីន​ដឹកនាំ​បក្ស​ឲ្យ​នៅ​ដដែល មាន​រឿង​ពីរ។ ទី​១ សង្គ្រោះ​ជាតិ អាច​នៅ​បន្ត​តស៊ូ​មតិ​ជាមួយ​គណបក្ស​កាន់​អំណាច ឬ​ក៏​សង្គ្រោះ​ជាតិ ប្រហែល​ជា​មាន​ការ​ជជែក​គ្នា​ក្រៅ​ផ្លូវការ​ខ្លះ​ជាមួយ​គណបក្ស​កាន់​អំណាច ដែល​យើង​អត់​បាន​ដឹង​ដើម្បី​ដោះដូរ »

ការ​ជ្រើសរើស​ប្រធាន និង​អនុប្រធាន​បក្ស ព្រម​ទាំង​ការ​យក​មក​ប្រើប្រាស់​ឡើង​វិញ​នូវ​ពាក្យ​ស្លោក «ដូរ​មេ​ឃុំ​បម្រើ​បក្ស ដាក់​មេ​ឃុំ​បម្រើ​រាស្ដ្រ» នៅ​ក្នុង​សមាជ​វិសាមញ្ញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​២ មីនា បន្ទាប់​ពី​ការ​លាលែង​ពី​ប្រធាន​បក្ស​របស់​លោក សម រង្ស៊ី នោះ ត្រូវ​បាន​ក្រសួង​មហាផ្ទៃ ប្រកាស​ថា ការ​ជ្រើសរើស​មេ​ដឹកនាំ​ថ្មី​បក្ស​ប្រឆាំង​នេះ​ធ្វើ​ខុស​លក្ខន្តិកៈ​បក្ស ដែល​តម្កល់​ទុក​នៅ​ក្នុង​ក្រសួង​កាល​ពី​ឆ្នាំ​២០១៣ រីឯ​ពាក្យ​ស្លោក​ក៏​ផ្ទុយ​នឹង​ស្មារតី​រដ្ឋធម្មនុញ្ញ ច្បាប់​គណបក្ស​នយោបាយ និង​ច្បាប់​បោះឆ្នោត។

ទោះ​ជា​យ៉ាង​ណា​ក្ដី មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ត្រេកអរ​នៅ​ពេល​គណបក្ស​ប្រឆាំង​លុប​ចោល​ពាក្យ​ស្លោក​នេះ។ លោក​ចាត់​ទុក​ថា ពាក្យ​ស្លោក «ដូរ​មេ​ឃុំ​បម្រើ​បក្ស ដាក់​មេ​ឃុំ​បម្រើ​រាស្ដ្រ» ជះ​ឥទ្ធិពល​ដល់​ការ​អនុវត្ត​ច្បាប់។ មន្ត្រី​គណបក្ស​កាន់​អំណាច​ដដែល​នេះ​បន្ត​ថា ការ​រក្សា​ក្បាល​ម៉ាស៊ីន​ដឹកនាំ​របស់​បក្ស​ប្រឆាំង​នៅ​ដដែល ដោយ​សម្រេច​លុប​ពាក្យ​ស្លោក​សម្រាប់​ឃោសនា​បោះឆ្នោត​នោះ​ចោល គឺ​ពុំ​មាន​ការ​ដោះដូរ​អ្វី​រវាង​គណបក្ស​ទាំង​ពីរ​ឡើយ៖ « ព្រោះ​ការ​សម្រេច​រៀបចំ​ជា​ថ្មី​សមាសភាព​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ វា​ទំនាស់​ជាមួយ​លក្ខន្តិកៈ​របស់​គាត់​ទេ បើ​សិន​ណា​គាត់​ដោះដូរ គាត់​លុប​ចោល​លទ្ធផល​សមាជ​វិសាមញ្ញ​របស់​គាត់​ហើយ បាន​សេចក្ដី​ថា គាត់​ងាក​មក​អនុវត្ត​ប្រការ​៤៧ របស់​លក្ខន្តិកៈ​ហ្នឹង​ហើយ បញ្ហា​លុប​ចោល​ពាក្យ​ស្លោក​របស់​គាត់ អា​ហ្នឹង​គឺ​ការ​ពង្រឹង​អនុវត្ត​ច្បាប់​ទាំងអស់​គ្នា »

គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ថា លទ្ធផល​នៃ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​នាយក​គណបក្ស​កាល​ពី​ថ្ងៃ​ទី​២ មេសា នោះ គណបក្ស​នឹង​ធ្វើ​ជា​លិខិត​ជូន​ដំណឹង​ទៅ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ច័ន្ទ ទី​៣ មេសា នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។