មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន ថា ក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ ដែលបានចុះចូលជាមួយគណបក្សកាន់អំណាច នឹងបន្តកាន់តំណែងរហូតដល់ឆ្នាំ ២០២២ ខាងមុខ។ មេឃុំជាប់ឆ្នោតមួយរូបនៃគណបក្សសង្គ្រោះជាតិ ផ្តាំទៅលោក ហ៊ុន សែន វិញថា រូបគេធ្វើនយោបាយដើម្បីបម្រើពលរដ្ឋ មិនមែនដើម្បីតួនាទីឡើ។
មេដឹកនាំរបបឯកបក្សលោក ហ៊ុន សែន អះអាងថា គណបក្សសង្គ្រោះជាតិនឹងមិនអាចរស់ឡើងវិញឡើយ ដូច្នេះមេឃុំ ចៅសង្កាត់ និងក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ ដែលមិនបានចុះចូលជាមួយលោក នឹងគ្មានផ្លូវបានតំណែងវិញជាដាច់ខាត។ លោកបានធានាថា អ្នកដែលចូលរួមជាមួយបក្សកាន់អំណាច នឹងបន្តកាន់តំណែងរហូតដល់ចប់អាណត្តិ និងអាចឈរឈ្មោះជាថ្មីទៀតក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០២២ ខាងមុខ៖ «សុំកុំដេកយល់សប្តិទាំងថ្ងៃត្រង់ ថានឹងបានវិលត្រឡប់មកធ្វើជាមេឃុំឡើងវិញ។ សូមកុំយល់សប្តិឱ្យសោះ ប្រឹងរកស៊ីទៅ ក្រែងលោវាដាច់ពោះងាប់»។
បុរសខ្លាំងរូបនេះក៏បានបញ្ជាក់ដែរថា លោកកំពុងរៀបចំបន្ថែមអាសនៈក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីឱ្យមានចំនួនកាន់តែច្រើនសម្រាប់សមាជិកគណបក្សសង្គ្រោះជាតិដែលមកចុះចូលជាមួយលោក។
ក្រោយរំលាយគណបក្សសង្គ្រោះជាតិ លោក ហ៊ុន សែន បានបើកច្រកឱ្យមន្ត្រីគណបក្សនេះមកចុះចូលជាមួយគណបក្សរបស់លោក តាមរយៈការលួងលោមទិញទឹកចិត្ត និងការគំរាមកំហែងតាមគ្រប់រូបភាព រហូតដល់មានមន្ត្រីគណបក្សសង្គ្រោះជាតិខ្លះ បង្ខំចិត្តរត់ភៀសខ្លួនទៅក្រៅប្រទេស ដើម្បីគេចចេញពីការតាមធ្វើទុក្ខបុកម្នេញនេះ។
អតីតចៅសង្កាត់នគរធំ ក្រុងសៀមរាប លោក សៀក ចំណាប់ ប្រតិកម្មថា មន្ត្រីគណបក្សសង្គ្រោះជាតិ ពិតប្រាកដមិនបានទៅចុះចូលជាមួយគណបក្សកាន់អំណាច ជាថ្នូរនឹងការទទួលបានតំណែង ឬរក្សាតួនាទីរបស់ខ្លួនឡើយ។ លោកបន្តថា តំណែងមេឃុំ ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សសង្គ្រោះជាតិ គឺកើតចេញពីឆន្ទៈរបស់ពលរដ្ឋជាអ្នកបោះឆ្នោតឱ្យ មិនមែនជាការផ្ដល់ឱ្យដោយលោក ហ៊ុន សែន ដែលបានលួចយកពីពួកលោក តាមរយៈការរំលាយគណបក្សសង្គ្រោះជាតិនោះទេ៖ «សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់របស់គណបក្សសង្គ្រោះជាតិ នៅតែមានជំហររឹងមាំមួយ គឺពួកយើងមិនមានការឱនលំទោនចំពោះបុគ្គលដែលគាត់បានលួចតំណែងពួកយើងទៅទេ ព្រោះតំណែងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំងនេះ ជាតំណែងដែលបានមកពីការបោះឆ្នោត ដែលប្រជាពលរដ្ឋគាត់បានផ្ញើសេចក្ដីទុកចិត្តបោះឱ្យពួកយើងខ្ញុំ»។
ចៅសង្កាត់ជាប់ឆ្នោតវ័យក្មេងរូបនេះ បន្តថា លោក ហ៊ុន សែន ដណ្តើមយកអាសនៈក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សសង្គ្រោះជាតិ ដើម្បីយកទៅចែកឱ្យសមាជិករបស់ខ្លួន ដែលបាក់ទឹកចិត្តដោយសារពលរដ្ឋលែងគាំទ្រ។ លោកអំពាវនាវដល់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិទាំងអស់ រក្សាជំហរឱ្យបានរឹងមាំក្នុងនាមជាអ្នកស្រឡាញ់ និងចង់បានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ កុំលុះតាមការអូសទាញរបស់គណបក្សកាន់អំណាច។
តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាអតីតសមាជិកគ.ជ.ប លោក រ៉ុង ឈុន ថ្លែងថា អាសនៈក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សសង្គ្រោះជាតិ កើតចេញពីឆន្ទៈពិតប្រាកដរបស់ពលរដ្ឋ មិនអាចយកទៅបែងចែកឱ្យគណបក្សដទៃ ដូចដែលរបបក្រុងភ្នំពេញបានធ្វើនោះឡើយ។ លោកជំរុញឱ្យរបបនេះ ពិចារណាឡើងវិញរឿងដកហូតអាសនៈក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សប្រឆាំងនេះ ហើយលោកនៅតែទាមទារឱ្យរបបក្រុងភ្នំពេញស្តាតប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ ដើម្បីបញ្ចៀសទណ្ឌកម្មទាំងឡាយដែលអាចនឹងកើតមានឡើងនៅពេលខាងមុខ៖ «វាសំខាន់ទាល់តែមានការផ្ដល់ឱ្យព្រមគ្នា ពីព្រោះវាស្ថិតនៅក្នុងចំណុចដែលសហភាពអឺរ៉ុបបានដាក់ឱ្យរដ្ឋាភិបាលដោះស្រាយ ដូចជា ការដោះលែងលោក កឹម សុខា ការលើកលែងទោស លោក សម រង្ស៊ី ការផ្តល់សិទ្ធិឱ្យដល់អ្នកទាំង ១១៨ នាក់ ការផ្តល់តំណែងក្រុមប្រឹក្សាឃុំសង្កាត់ឱ្យមកវិញ ផ្តល់ឱ្យគណបក្សសង្គ្រោះជាតិមានដំណើរការឡើងវិញ សព្វបែបយ៉ាងហ្នឹង។ ទាំងនេះវាស្ថិតនៅក្នុងចំណុចដែលសហភាពអឺរ៉ុបបានផ្តល់ឱ្យកម្ពុជាដោះស្រាយដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA»។
អាសនៈក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សសង្គ្រោះជាតិ ចំនួន ៥.០០៧អាសនៈ ដែលបានមកពីការបោះឆ្នោតឃុំ-សង្កាត់ ត្រូវបាត់បង់ទាំងស្រុង ក្រោយពេលរបបក្រុងភ្នំពេញរំលាយគណបក្សនេះ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ។ ចំណែកអាសនៈសភា និងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទាំងអស់ របស់គណបក្សប្រឆាំង ក៏ត្រូវរលាយទៅតាមនោះដែរ។ ចំណាត់ការបែបនេះ ត្រូវបានវាយតម្លៃថា ជាការបំផ្លាញចោលទាំងស្រុងនូវលទ្ធិប្រជាធិបតេយ្យ ដែលចាក់ឫសគល់នៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៣មក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
