គណបក្ស​ប្រឆាំង​ចោទ​របប​ភ្នំពេញ​ថា មិន​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​២៣ តុលា

គណបក្ស​សង្គ្រោះជាតិ និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ចេញ​សេចក្ដីថ្លែងការណ៍​ស្ដីពី​ការអនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា។ គណបក្ស​ប្រឆាំង​ចោទ​ថា របប​ក្រុងភ្នំពេញ ថា មិនបាន​គោរព​កិច្ចព្រមព្រៀង​សន្តិភាព ២៣ តុលា។ ចំណែក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​វិញ អំពាវនាវ​ឱ្យ​មានការ​គោរព​កិច្ចព្រមព្រៀង ២៣ តុលា ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA។

គណបក្ស​សង្គ្រោះ​ជាតិ​ថា ២៨​ឆ្នាំ​មកនេះ របប​ក្រុងភ្នំពេញ មិន​បាន​គោរព និង​មិន​បាន​អនុវត្ត តាម​ស្មារតី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ពេញ​លេញ​ទេ ហើយ​គោលការណ៍​គ្រឹះ នៃ​កិច្ចព្រមព្រៀង​នេះ គឺ​សិទ្ធិមនុស្ស និង​សេរីភាព​ពលរដ្ឋ ត្រូវ​បាន​របប​ក្រុងភ្នំពេញ​ជាន់​ឈ្លី និង​រំលោភ​បំពាន។

បក្ស​ប្រឆាំង អះអាង​ទៀត​ថា របប​ក្រុងភ្នំពេញ បាន​បំពាន​គោលការណ៍​អធិបតេយ្យ ឯករាជ្យ បូរណភាព​ទឹកដី​កម្ពុជា ដែល​ចែង​ក្នុង​កិច្ចព្រមព្រៀង ២៣ តុលា ដោយសារ របប​ក្រុងភ្នំពេញ បង្កើត​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ និង​ការ​ចុះ​ហត្ថលេខា​ទទួលស្គាល់​ការ​បោះបង្គោល​ព្រំដែន ៨៤​ភាគរយ កាល​ពី​ពេល​ថ្មីៗ​នេះ។

មិន​តែ​ប៉ុណ្ណោះ បក្ស​ប្រឆាំង​ថា ស្មារតី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ត្រូវ​បាន​បំផ្លាញ​ចោល​ទាំងស្រុង ដោយសារ របប​ក្រុងភ្នំពេញ បាន​ធ្វើ​ឱ្យ​ជាតិខ្មែរ​បែកបាក់ រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ បំបិទ​សេរីភាព​ពលរដ្ឋ ដោយសារតែ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការបោះឆ្នោត​ក្លែងក្លាយ​ឆ្នាំ​២០១៨​។ ទង្វើ​នេះ ត្រូវ​បាន​បក្ស​ប្រឆាំង ហៅថា​ជា​ការ​ដឹកនាំ​ទៅ​រក​របប​ឯក​បក្ស​ជាថ្មី ដូច​សម័យ​អតីតកាល ហើយ​ផ្ទុយ​ទាំងស្រុង ទៅ​នឹង​រដ្ឋធម្មនុញ្ញ​។ ជាង​នេះ​ទៅ​ទៀត គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ការណ៍​ដែល​របប​ក្រុងភ្នំពេញ សម្រេច​លុបចោល​ថ្ងៃ​ឈប់សម្រាក ប៉ះចំ​ថ្ងៃ​ខួប​រំលឹក​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ក៏​កាន់តែ​បង្ហាញ​ឱ្យ​ឃើញ​ការ​មិន​ឱ្យ​តម្លៃ​ទៅលើ​កិច្ចព្រមព្រៀង​នេះ ពី​សំណាក់​របប​លោក ហ៊ុន សែន។

គណបក្ស​ប្រឆាំង​អំពាវនាវ​ឱ្យ​ប្រទេស​ម្ចាស់​ហត្ថលេខី ត្រូវ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន និង​អនុវត្ត​ឱ្យ​បាន​ពេញលេញ​នៃ​ស្មារតី​កិច្ចព្រមព្រៀង​នេះ ដោយ​ត្រូវ​ពិភាក្សា​ជាបន្ទាន់ ដើម្បី​ធានា​ការ​ប្ដេជ្ញា​ចិត្ត​របស់​សហគមន៍​អន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ ក្នុង​ការ​ស្ដារ និង​រក​ដំណោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា។

ចំណែក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​វិញ បញ្ជាក់​ថា ២៨​ឆ្នាំ ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស កម្ពុជា​កំពុង​ប្រឈម​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប។ បក្ស​នេះ ព្រួយ​បារម្ភ​ពី​ជីវភាព​របស់​កម្មករ នៅ​ពេល​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​។ ដូច្នេះ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន អំពាវនាវ​ឱ្យ​រដ្ឋាភិបាល និង​សហភាព​អឺរ៉ុប ស្វែងរក​ដំណោះស្រាយ​រក្សា EBA​។ គណបក្ស​នេះ យល់ថា ការ​រក្សា EBA និង​លើកកម្ពស់​នយោបាយ គឺជា​ស្មារតី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា។

ឆ្លើយតប នឹង​សេចក្ដីថ្លែងការណ៍​របស់​គណបក្ស​នយោបាយ​ទាំង​២ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា គណបក្ស​កាន់អំណាច បាន​អនុវត្ត​ស្មារតី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​២៣ តុលា បាន​ត្រឹមត្រូវ​ណាស់។

សម្រាប់​អ្នកវិភាគ​នយោបាយ​វិញ មើល​ឃើញ​ខុស​ពី​នេះ។ អ្នកស្រី ធីតា ឃឹះ សង្កេត​ឃើញ​ថា រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ រដ្ឋាភិបាល​ហាក់​បាន​ដើរ​ឆ្ងាយ ពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​២៣ តុលា ឆ្នាំ​១៩៩១​។ អ្នកស្រី ថា ការ​គំរាមកំហែង និង​រឹតត្បិត​សេរីភាព​ពលរដ្ឋ ជា​ការ​អនុវត្ត​ផ្ទុយ​ពី​ខ្លឹមសារ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​២៣ តុលា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។