តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​កំពូល​ប្រឆាំងសាល​ដីកា​រំលាយ​បក្ស

ដោយ ហេង សកល
2017-12-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ូ ច័ន្ទរ័ត្ន ថ្លែង​ពេល​ជួប​ប្រជុំ​គ្នា ពង្រឹង​គណបក្ស​នៅ​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម នៅ​ថ្ងៃទី១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ូ ច័ន្ទរ័ត្ន ថ្លែង​ពេល​ជួប​ប្រជុំ​គ្នា ពង្រឹង​គណបក្ស​នៅ​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម នៅ​ថ្ងៃទី១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។
Photo Provided

តំណាងរាស្ត្រ​រដ្ឋ​សភា​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​ខែត្រ​តាកែវ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​កំពូល នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​ធ្នូ ដើម្បី​ប្រឆាំង​នឹង​សាលដីកា​រំលាយ​គណបក្ស​ប្រឆាំង និង​ស្នើ​តុលាការ​កំពូល​ទប់ស្កាត់​កុំ​ឱ្យ​ស្ថាប័នរដ្ឋ​យក​អាសនៈ​របស់​បក្ស​ប្រឆាំង​គ្រប់​ជាន់​ថ្នាក់​ទៅ​បែង​ចែក​គ្នា​បន្ត​ទៀត។

អ្នក​តំណាងរាស្ត្រ​ជាប់ឆ្នោត​មណ្ឌល​ខែត្រ​តាកែវ លោក អ៊ូ ច័ន្ទរ័ត្ន អះអាង​ថា គោលបំណង​នៃ​ពាក្យ​បណ្ដឹង​នេះ គឺ​ចង់​រក្សា​អាសនៈ​ក្រុមប្រឹក្សា​រាជធានី-​ខេត្ត ក្រុង-ស្រុក ខណ្ឌ និង​ឃុំ-សង្កាត់ របស់​បក្ស​ប្រឆាំង​ដែល​គណបក្ស​កាន់​អំណាច​យក​ទៅ​បែងចែក​គ្នា​ស្រេច​តែ​ចិត្ត។

​សំណើ​សុំ​រក្សា​សិទ្ធិ​ធ្វើ​នយោបាយ​សម្រាប់​ក្បាល​ម៉ាស៊ីន​ថ្នាក់ដឹកនាំ​គណបក្ស​ប្រឆាំង​ទាំង ១១៨​នាក់ ដែល​តុលាការ​កំពូល​ហាម​ឃាត់​សិទ្ធិ​ធ្វើ​នយោបាយ ៥​ឆ្នាំ និង​សុំ​អោយ​តុលាការ​កំពូល​ជំនុំជម្រះ​សា​ជា​ថ្មី​ឡើង​វិញ​ជុំវិញ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។

​លោក អ៊ូ ច័ន្ទរ័ត្ន ឲ្យ​អាស៊ីសេរី ឲ្យ​ដឹង​ថា លោក​បាន​បញ្ជូន​ពាក្យ​បណ្ដឹង​ចូល​ដល់​ដៃ​តុលាការ​កំពូល រួច​រាល់​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​ធ្នូ នេះ។ លោក​អះអាង​ថា លោក​បាន​ពឹង​ពាក់​មេធាវី​សម្រាប់​ការពារ​រឿង​ក្ដី​នេះ និង​អាច​បន្ថែម​មេធាវី​បន្ថែម​ទៀត​នៅ​ពេល​រឿង​ក្ដី​នេះ​ត្រូវ​ដំណើរការ៖ «យើង​អត់​ទាន់​បាន​ទទួល​ដំណឹង​ទេ។ ប្រហែល​ជា​អាច​​នៅ​ឆ្លង​កាត់​ការ​ពិភាក្សា​នៅ​ក្នុង​តុលាការ​ក៏​មិន​ដឹង​អី​មិន​ដឹង។ ខ្ញុំ​សង្ឃឹម​ថា នឹង​ទទួល​បាន​ការ​ឆ្លើយ​តប​វិញ​តាម​រយៈ​មេធាវី។ យើង​មាន​អ្នក​តំណាងរាស្ត្រ​រួម​មាន​អតីត​អ្នក​តំណាងរាស្ត្រ អតីត​សមាជិក​អចិន្ត្រៃយ៍៨ ទៅ ៩​នាក់ ទាំង​សមាជិក​ព្រឹទ្ធ​សភា​ផង​អី​ផង ហើយ​និង​គណៈកម្មការ​នាយក ​​សមាជិក​គណៈកម្មការ​នាយក មាន​ទាំង​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ប៉ុន្មាន​នាក់ អតីត​ហ្នឹង ហើយ​និង​ឃុំ សរុប​មាន​ទាំង​អស់ ២១​នាក់»

​លោក​បន្ត​ថា បើ​ទោះ​ជា​ដឹង​ថា តុលាការ​មិន​ឯករាជ្យ ប៉ុន្តែ​នៅ​តែ​ទាមទារ​ឲ្យ​តុលាការ​កំពូល ពិចារណា​ឡើង​វិញ​ជុំវិញ​ការ​សម្រេចចិត្ត​រំលាយ​គណបក្ស​ប្រឆាំង ដែល​អាច​ធ្វើ​ឲ្យ​មាន​ការ​អន្តរាយ​ដល់​ប្រទេស​ជាតិ។

តុលាការ​កំពូល កាល​ពី​ថ្ងៃ​ទី​១៦ វិច្ឆិកា បាន​ប្រកាស​សាលដីកា​ស្ថាពរ​ដោយ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ហាមឃាត់​សមាជិក​គណៈកម្មការ​នាយក​នៃ​គណបក្ស​នេះ​ចំនួន ១១៨​នាក់​ទៀត​ឲ្យ​ឈប់​ធ្វើ​នយោបាយ ៥​ឆ្នាំ។ សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល​នេះ ត្រូវ​រង​ការ​ថ្កោលទោស​ពី​មតិ​ជាតិ និង​អន្តរជាតិ​យ៉ាង​ធ្ងន់ធ្ងរ ថា​ជា​ការ​សម្រេចចិត្ត​របស់​អ្នកដឹកនាំ​ទាញ​ឲ្យ​ប្រទេស​កម្ពុជា ចាក​ឆ្ងាយ​ពី​លទ្ធិប្រជាធិបតេយ្យ និង​ងាក​ទៅ​រក​ប្លុក​កុំមុយនិស។

លោក អ៊ូ ច័ន្ទរ័ត្ន អះអាង​ថា លោក​មិន​ទទួលស្គាល់​សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល​ក្នុង​ការ​រំលាយ​បក្ស​ប្រឆាំង​នោះ​ទេ។ ការ​សម្រេច​ក្ដី​​កន្លង​មក លោក​ថា ជា​រឿង​នយោបាយ​សុទ្ធសាធ។

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ហៅ​ការ​ដាក់​ពាក្យ​ប្ដឹង​របស់​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​នេះ​ថា​ជា​ការ​ប្ដឹង​ឥតប្រយោជន៍ ព្រោះ​សាលដីកា​ស្ថាពរ​ជា​ការ​បិទ​ផ្លូវ​តវ៉ា៖ «វា​អត់​បាន​ការ ព្រោះ​សាលដីកា​ស្ថាពរ​តុលាការ​កំពូល ជា​ដីកា​ដែល​បិទ​ផ្លូវ​តវ៉ា ដែល​មាន​ចែង​ក្នុង​ច្បាប់​រួច​ហើយ។ ដូច្នេះ គាត់​ដាក់​ជា​សិទ្ធិ​របស់​គាត់ ក៏ប៉ុន្តែ​គឺ​ការ​បដិសេធ​មិន​ទទួល​ពាក្យ​បណ្ដឹង​ជា​សិទ្ធិ​របស់​តុលាការ តាម​គោលការណ៍​ច្បាប់។ ទោះបី​ដាក់​ក្នុង​នាម​អី​ក៏ដោយ ក្នុង​ផ្លូវ​ច្បាប់​បិទ​ផ្លូវ​តវ៉ា​រួច​ទៅ​ហើយ»

សហគមន៍​អន្តរជាតិ រិះគន់​ចំណាត់​ការ​របស់​តុលាការ​កំពូល ដែល​បាន​រំលាយ​បក្ស​ប្រឆាំង និង​ហាម​ឃាត់​មេដឹកនាំ​បក្ស​នេះ​មិន​ឲ្យ​ធ្វើ​នយោបាយ។ អាមេរិក និង​សហគមន៍​អឺរ៉ុប​ចាត់​ទុក​សាលដីកា​តុលាការ​ជា​ការ​សម្លាប់​លទ្ធិប្រជាធិបតេយ្យ និង​ដើរ​ចេញពី​គន្លង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១។ សហរដ្ឋអាមេរិក ប្រកាស​ដាក់ទណ្ឌកម្ម​បិទ​ទិដ្ឋាការ​សម្រាប់​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា និង​ក្រុម​គ្រួសារ មិន​ឲ្យ​ចូល​ទឹកដី​សហរដ្ឋអាមេរិក និង​ផ្តាច់​ជំនួយ​សម្រាប់​ការ​បោះឆ្នោត។ ចំណែក​ប្រទេស​ស៊ុយអែត បាន​ប្រកាស​ឈប់​ផ្ដល់​ជំនួយ​ទាំងអស់​សម្រាប់​កម្ពុជា។ ប្រទេស​អូស្ត្រាលី ក៏​ព្រមាន​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត ឆ្នាំ​២០១៨ ខណៈ​ដែល​សហភាព​អឺរ៉ុប ក៏​បាន​ព្រម​ថា នឹង​ពិនិត្យ​មើល​ការ​អនុគ្រោះ​ពន្ធ​នាំចូល​សម្លៀក​បំពាក់​ជាមួយ​ប្រទេស​កម្ពុជា ឡើង​វិញ។

​អ្នកវិភាគ​នយោបាយ លោក​បណ្ឌិត ឡៅ ម៉ុងហៃ លើក​ឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ បាន​បោះបង់​ចោល​ការ​តវ៉ា​ផ្នែក​ផ្លូវ​ច្បាប់​តាំង​ពី​មុន​ដំបូង ដូច្នេះ​សម្រាប់​ការ​ដាក់​ពាក្យបណ្ដឹង​នេះ នឹង​មិន​ទទួល​បាន​ផល​វិជ្ជមាន​សម្រាប់​គណបក្ស​ប្រឆាំង​នោះ​ទេ៖ «នៅ​ពេល​ដែល​តុលាការ​អញ្ជើញ​ឲ្យ​ខាង​ភាគី​ជាប់​ចោទ​ហ្នឹង​ទៅ​ការពារ​ខ្លួន នៅ​ថ្ងៃ​គេ​បើក​សវនាការ យើង​អត់​ទៅ។ ឥឡូវ​ហ្នឹង​ដល់​គេ​សម្រេច​ហើយ​បាន​យើង​ទៅ។ អា​ហ្នឹង​គឺ​យើង​ហ្នឹង​ដូច​ស៊ីចង្វាក់​ខ្លួន​ឯង ហើយ​ម្យ៉ាង​ទៀត ច្បាប់​ដែល​យើង​មិន​ទទួល​ស្គាល់​ហ្នឹង យើង​ទៅ​តវ៉ា។ ដូច្នេះ​គឺ​យើង​ទទួល​ស្គាល់​ច្បាប់​ទាំង​អស់​នោះ​ហើយ​ការ​សម្រេច​របស់​តុលាការ នីតិវិធី​របស់​តុលាការ។ … ខ្ញុំ​ថា​អត់​ល្អ​ទេ ខ្លួន​ឯង​ពិត​ជា​ស៊ីចង្វាក់​ខ្លួន​ឯង​ណា»

​បើទោះ​ជា​បែប​ណា អ្នកតំណាងរាស្ត្រ​ជាប់ឆ្នោត​មណ្ឌល​ខែត្រ​តាកែវ លោក អ៊ូ ច័ន្ទរ័ត្ន យល់​ថា ទង្វើ​របស់​លោក​ជា​ការ​សម្ដែង​មតិ​ផ្ទាល់​ខ្លួន​ថា លោក​មិន​ពេញចិត្ត​នឹង​ការ​សម្រេច​របស់​តុលាការ​កំពូល និង​​ជា​ការ​សម្រេច​ចិត្ត​ដ៏​ខុសឆ្គង។ លោក​ថា លោក​ជា​អ្នក​ប្ដឹង តុលាការ​ជា​អ្នក​សម្រេច ឯ​ពលរដ្ឋ​ម្ចាស់​ប្រទេស​ជា​អ្នក​វិនិច្ឆ័យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល