បក្សប្រឆាំងគ្រោងស្នើឱ្យអាមេរិកការពារសន្តិសុខលោក សម រង្ស៊ី ពេលវិលទៅកម្ពុជា
2019.09.19

គណបក្សប្រឆាំងគ្រោងសំណូមពរឱ្យសហរដ្ឋអាមេរិកជួយការពារសន្តិសុខលោក សម រង្ស៊ី ពេល វិលត្រឡប់ចូលកាន់ប្រទេសកម្ពុជាវិញនៅក្នុងថ្ងៃទី៩ ខែ វិច្ឆិកាខាងមុខនេះ។ មន្ត្រីរបបក្រុងភ្នំពេញថា សហរដ្ឋអាមេរិកគ្មានឥទ្ធិពលមកលើរដ្ឋាភិបាលកម្ពុជារបស់លោក ហ៊ុន សែន ទេ។
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ គ្រោងជួបជាមួយសមាជិកសភាព្រឹទ្ធសភា មន្ត្រីក្រសួងការបរទេស មន្ត្រីក្រសួងការពារជាតិនៅមន្ទីរបញ្ចកោណសហរដ្ឋអាមេរិក និងជាមួយប្រជាពលរដ្ឋនៅក្នុងបណ្ដារដ្ឋមួយចំនួន និងប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសកាណាដាផងដែរ នៅក្នុងដំណើរទស្សនកិច្ចរយៈពេល ១០ថ្ងៃ នៅលើទឹកដីសហរដ្ឋអាមេរិកនិងប្រទេសកាណាដា។
មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ នៅសហរដ្ឋអាមេរិក លោក ប៉ុន សៅរី ប្រាប់អាស៊ីសេរីថាគណបក្សប្រឆាំងមានគម្រោងស្នើសុំឱ្យសហរដ្ឋអាមេរិកជួយការពារសន្តិសុខដល់លោក សម រង្ស៊ី នៅពេលលោកគ្រោងវិលត្រឡប់ចូលកាន់ប្រទេសកម្ពុជា។ លោកបញ្ជាក់ថា គណបក្សក៏បានស្នើឱ្យសមាជិកសភា និងព្រឹទ្ធិសភាសហរដ្ឋអាមេរិកឱ្យបង្កើតគណៈកម្មការត្រួតពិនិត្យ និងជួយតាមដានលើដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ផងដែរ៖ «អ្វីទាំងអស់ដែលយើងប្រឹងធ្វើ និងការពិភាក្សារបស់ប្រធានស្ដីទីលោក សម រង្ស៊ី និងថ្នាក់ដឹកនាំយើងហ្នឹង គឺដើម្បីបុព្វហេតុ និងលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្សការធ្វើឱ្យមានការផ្លាស់ប្ដូរជាវិជ្ជមាននៅកម្ពុជា។ ការនាំមកនូវសន្តិភាពប្រាកដដោយចិរភាព ហើយនិងដើម្បីផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋខ្មែរទាំងអស់ ហើយយើងនឹងសំណូមពរឱ្យសហរដ្ឋអាមេរិកទាំងអស់ជួយធ្វើយ៉ាងណាជំរុញទៅលើកត្តាទាំងអស់នេះ»។
អាជ្ញាធរក្រុងភ្នំពេញបានបញ្ជាដល់កងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ឱ្យត្រៀមចាប់ខ្លួនលោក សម រង្ស៊ី ក្រោយពេលទទួលដំណឹងនៃការវិលត្រឡប់របស់លោក សម រង្ស៊ី។ចំណែកឯក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា បានផ្ញើដីកាបង្គាប់ឱ្យចាប់ខ្លួនទៅបណ្ដាប្រទេសដែលជាសមាជិកនៅក្នុងតំបន់អាស៊ាន ដើម្បីឱ្យត្រៀមចាប់ខ្លួនលោក សម រង្ស៊ី។
អ្នកនាំពាក្យរបបក្រុងភ្នំពេញលោក ផៃ ស៊ីផាន បញ្ជាក់ថា គម្រោងសុំអន្តរាគមន៍របស់គណបក្សសង្គ្រោះជាតិចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិកនេះ គ្រាន់តែជាល្បែងភូតកុហកមហាជនតែប៉ុណ្ណោះ។ លោកបញ្ជាក់ថា សហរដ្ឋអាមេរិកគ្មានឥទ្ធិពលណាមួយមកបង្គាប់បញ្ជារដ្ឋាភិបាលកម្ពុជាឱ្យធ្វើតាមអ្វីដែលខ្លួនចង់បាននោះទេ៖ «យើងអត់មានការព្រួយអារម្មណ៍ទេពីព្រោះអ្វីៗ ស្ថិតនៅលើការអនុវត្តច្បាប់ពីព្រោះមិនមែនជារឿងនយោបាយ។ សហរដ្ឋអាមេរិកគ្រាន់តែជាការបញ្ចេញអារម្មណ៍តែគ្មានឥទ្ធិពលណាមកបង្គាប់បញ្ជាកម្ពុជាទេ»។
អ្នកហ៊ាននិយាយរិះគន់ឥតសំចៃលើរបបក្រុងភ្នំពេញដែលកំពុងភៀសខ្លួននៅក្រៅប្រទេសលោក គឹម សុខ មានប្រសាសន៍ថា សហរដ្ឋអាមេរិកអាចជាសាក្សីដឹងឮនៅក្នុងដំណើរនិវត្តន៍របស់លោកសម រង្ស៊ី។ លោកមានជំនឿថា សហរដ្ឋអាមេរិកមិនអាចអន្តរាគមន៍ជាក់ស្ដែងប្រសិនបើមានហេតុការណ៍ណាមួយកើតមានឡើងធ្ងន់ធ្ងរនៅពេលនោះ៖ «ដំណាក់កាលនេះបើចង់ឱ្យសហរដ្ឋអាមេរិក ឬក៏រដ្ឋបាលសហរដ្ឋអាមេរិកយកចិត្តទុកដាក់លើវិបត្តិនយោបាយនៅក្នុងប្រទេសកម្ពុជា កាន់តែខ្លាំងទាល់តែលោក សម រង្ស៊ី ចូលស្រុកប្រាកដមែន ហើយដំណើរចូលស្រុករបស់គាត់ទាក់ទាញការអមដំណើរដោយផ្ទាល់ពីសមាជិកសភា ជាន់ទាប និងព្រឹទ្ធសមាជិកអាមេរិកដែរ។បែបនេះបើចង់ ឬមិនចង់ រដ្ឋបាលនៃសហរដ្ឋអាមេរិកនឹងតាមដានយ៉ាងយកចិត្តទុកដាក់ហើយជំរុញល្បឿនសន្ទុះនៃការវែកផ្លូវរកដំណោះស្រាយនៃវិបត្តិនយោបាយនៅប្រទេសកម្ពុជាដែរ»។
មេដឹកនាំគណបក្សប្រឆាំងបានប្រកាសថា ដំណើរវិលចូលប្រទេសកម្ពុជាលើកនេះគឺដើម្បីឱ្យមានការផ្លាស់ប្ដូរមួយយ៉ាងពិតប្រាកដនៅកម្ពុជា ដោយសារតែគណបក្សប្រឆាំងអះអាងថា របបក្រុងភ្នំពេញដែលដឹកនាំដោយលោក ហ៊ុន សែន រយៈពេលជាង៤០ឆ្នាំមកនេះ បានរងការរិះគន់ជាអន្តរជាតិថា បានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ រហូតដល់សហគមន៍អឺរ៉ុបព្រមានពីការដកហូតប្រព័ន្ធអនុគ្រោះ ពន្ធ EBA និង GPS ពីសហរដ្ឋអាមេរិក៕