ប្រធានចលនាយុវជនសង្គ្រោះជាតិ នៅប្រទេសជប៉ុនលោក ហៃ វណ្ណា គ្រោងនាំគ្នាតវ៉ាប្រឆាំងវត្តមានលោក ហ៊ុន សែន និងគណៈប្រតិភូរបបក្រុងភ្នំពេញ នៅប្រទេសជប៉ុន។ លោក ហៃ វណ្ណា ថា ការជួបជុំតវ៉ានេះ នឹងធ្វើនៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភាស្អែក ស្របពេលដែលលោក ហ៊ុន សែន និង មន្ត្រីរបបនេះជាច្រើនរូបទៀត កំពុងចូលរួមសន្និសីទអន្តរជាតិលើកទី២៥ ស្ដីពីអនាគតរបស់អាស៊ី នៅទីក្រុងតូក្យូ។
លោក ហៃ វណ្ណា ថា ប្រជាពលរដ្ឋកម្ពុជា ជាពិសេសយុវជន នឹងគ្មានអនាគតល្អ និងយូរអង្វែងទេ បើមានមេដឹកនាំផ្ដាច់ការដូចលោក ហ៊ុន សែន សព្វថ្ងៃ៖ «តវ៉ានេះ យើងចង់ប្រាប់ទៅមហាជន ជាពិសេសពលរដ្ឋជប៉ុន និងកាសែតនីកេជប៉ុន ឱ្យដឹងថា ជនផ្ដាច់ការដូចលោក ហ៊ុន សែន មិនគួរណាកាសែតជប៉ុន អញ្ជើញមកជប៉ុនជាលើកទីពីរទៀតទេ។ យើងនៅតែប្រកាន់ជំហរថា យើងជាពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន មិនទទួលស្គាល់ដាច់ខាត ការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលជាការបោះឆ្នោតក្លែងក្លាយ»។
លោក ហៃ វណ្ណា បានអំពាវនាវឱ្យពលរដ្ឋខ្មែរដែលនិយមប្រជាធិបតេយ្យ នៅទីក្រុងតូក្យូ ចូលរួមលើកបដាតវ៉ា នៅទីតាំងចំនួនបី ទីតាំងទី១ នៅមុខសណ្ឋាគារ ដែលរៀបចំសន្និសីទនោះ កន្លែងទី២ នៅមុខក្រសួងការបរទេសជប៉ុន និងទីបី នៅមុខរដ្ឋសភា។
មន្ត្រីរបបលោក ហ៊ុន សែន ដែលធ្លាប់តែគំរាមយុវជន និងពលករនៅក្រៅប្រទេស កុំឱ្យតវ៉ាប្រឆាំងរបបក្រុងភ្នំពេញ និងគំរាមលែងបន្តទិដ្ឋាការ និងចាប់ខ្លួនបើអ្នកទាំងនោះហ៊ានតវ៉ា លើកនេះថ្លែងថា លោកមិនចាប់អារម្មណ៍នឹងការតវ៉ានេះទេ។ មន្ត្រីនាំពាក្យរបបលោក ហ៊ុន សែន លោក ផៃ ស៊ីផាន ចាត់ទុកក្រុមអ្នកតវ៉ាទាំងនោះ ជាក្រុមភាគតិច ដែលមានសិទ្ធិបញ្ចេញមតិ នៅក្រៅប្រទេសដោយគ្មានការហាមឃាត់អ្វីនោះឡើយ។ លោក ផៃ ស៊ីផាន ចាត់ទុកសេរីភាពនៃការតវ៉ានោះថា បង្ហាញឱ្យឃើញថា ប្រទេសកម្ពុជាអនុវត្តលទ្ធិប្រជាធិបតេយ្យ និងគ្មានអ្នកណាភ័យខ្លាច ក្នុងការបញ្ចេញយោបល់អ្វីនោះឡើយ។ ម្យ៉ាងទៀតលោក អះអាងថា លោក ហ៊ុន សែន មិនចាំបាច់ឱ្យក្រុមភាគតិចទទួលស្គាល់នោះទេ៖ «មិនចាំបាច់ពួកគាត់ ទទួលស្គាល់ទេ ព្រោះមានច្រើនភ្លូកទឹកភ្លូកដី គេទទួលស្គាល់សម្ដេចព្រះមហាសេនាបតីតេជោ ហ៊ុន សែន ដូច្នេះមិនចាំបាច់ពួកគាត់ទទួលស្គាល់ទេ។ ក្រុមហ្នឹងគ្មានសិទ្ធិបោះឆ្នោតផងហ្នឹង មិនបានមកបោះឆ្នោតផង !»។
កន្លងមកមន្ត្រីនាំពាក្យរបបនេះ បានគំរាមពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូង មិនឱ្យចូលរួមក្នុងបាតុកម្ម ឬការតវ៉ាណាមួយ ប្រឆាំងរបបនេះនោះទេ។ បើហ៊ានធ្វើ គឺនឹងប្រឈមនឹងការលែងបន្តទិដ្ឋាការការងារ ឱ្យអ្នកទាំងនោះ នឹងព្រមានចាប់ខ្លួន ពេលអ្នកទាំងនោះ វិលត្រឡប់មកស្រុកខ្មែរវិញថែមផង។
ប៉ុន្តែ ទោះជាមានសារគំរាមបែបនេះ ក៏យុវជនខ្មែរ នៅក្រៅប្រទេស នៅតែចូលរួមតវ៉ា ដោយសារពួកគេអះអាងថា នៅប្រទេសសេរី ពួកគេមានសិទ្ធិគ្រប់គ្រាន់ ក្នុងការតវ៉ា ដោយសន្តិវិធី ហើយអាជ្ញាធរនៃប្រទេសទាំងនោះ ជួយសម្រួលការតវ៉ានោះថែមទៀតផង ដែលខុសពីការតវ៉ានៅកម្ពុជា ដែលរងការបង្ក្រាបយ៉ាងចាស់ដៃ។
លោក ហ៊ុន សែន និងគណៈប្រភិភូនៃរបបនេះប្រមាណ ៥០នាក់ កំពុងចូលរួមសន្និសីទអន្តរជាតិលើកទី២៥ ស្ដីពីអនាគតរបស់អាស៊ី ដែលប្រារព្ធធ្វើឡើងពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន៕
