រដ្ឋធម្មនុញ្ញត្រូវបានប្រកាសឱ្យប្រើប្រាស់កាលពីថ្ងៃទី២៤ ខេកញ្ញា ឆ្នាំ១៩៩៣ ដែលមកទល់នឹងពេលនេះ ច្បាប់កំពូលរបស់ជាតិមួយនេះ មានអាយុកាល ២៥ ឆ្នាំហើយ។ ក្នុងរយៈពេលនេះ រដ្ឋធម្មនុញ្ញត្រូវបានរបបដឹកនាំជាបន្តបន្ទាប់ ធ្វើវិសោធនកម្មចំនួន ៩ ដងរួចទៅហើយ។ ថ្វីដ្បិតតែមានការកែប្រែច្រើនដងក្តី អ្នកជំនាញវាយតម្លៃថា ច្បាប់កំពូលមួយនេះមិនត្រូវបានយកទៅអនុវត្តដើម្បីជាប្រយោជន៍ជាតិឱ្យបានត្រឹមត្រូវនៅឡើយទេ ផ្ទុយទៅវិញ ការកែប្រែជាច្រើនដងនេះ គឺដើម្បីពង្រឹងអំណាចរបស់ក្រុមអ្នកដឹកនាំទៅវិញទេ។
អ្នកជំនាញ មន្ត្រីអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ យល់ឃើញស្របគ្នាថា រដ្ឋធម្មនុញ្ញរបស់កម្ពុជា មិនត្រូវបានគោរព និងអនុវត្តឱ្យបានពេញលេញនៅឡើយទេ នៅក្នុងរយៈពេល ២៥ ឆ្នាំកន្លងទៅនេះ។ លើសពីនេះ ច្បាប់កំពូលរបស់ជាតិមួយនេះ បែរជាត្រូវបានកែប្រែជាច្រើនលើកច្រើនសារទៅតាមចិត្តរបស់ក្រុមអ្នកនយោបាយបក្សកាន់អំណាចទៅវិញ។ បន្ថែមពីលើនេះ រដ្ឋអំណាចបានបង្កើតច្បាប់ និងមាត្រាច្បាប់ថ្មីៗជាច្រើន ដែលប្រាសចាកពីខ្លឹមសារនៃរដ្ឋធមនុញ្ញទៀតផង ដែលបន្តិចម្តងៗធ្វើឱ្យកម្ពុជាប្រែក្លាយជារបបដឹកនាំបែបផ្តាច់ការលែងគោរពច្បាប់។
អ្នកវិភាគនយោបាយ បណ្ឌិត ឡៅ ម៉ុងហៃ កត់សម្គាល់ថា រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ ជារដ្ឋធមនុញ្ញដ៏ល្អ កើតឡើងក្រោយសន្តិសញ្ញាសន្តិភាពក្រុងប៉ារីសឆ្នាំ ១៩៩១។ លោកថា ច្បាប់កំពូលរបស់ជាតិមួយនេះ បានកំណត់យ៉ាងច្បាស់អំពីតួនាទី និងភារកិច្ចរបស់ស្ថាប័នកំពូលៗរបស់ជាតិ ព្រមទាំងមានការបែងចែកអំណាចដាច់ពីគ្នារវាងស្ថាប័នកំពូលទាំង ៣ របស់ជាតិ គឺសភា រដ្ឋាភិបាល និងតុលាការ ដើម្បីចៀសវាងនូវការរំលោភអំណាចណាមួយកើតឡើង។ លោកថា រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ ក៏បានធានាយ៉ាងច្បាស់អំពីការគោរពសិទ្ធិមនុស្ស និងការធានានូវសិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ។
ទោះជាយ៉ាងណា លោកថា រដ្ឋធម្មនុញ្ញនេះមិនត្រូវបានរដ្ឋអំណាចគោរព និងអនុវត្តតាមឱ្យបានត្រឹមត្រូវនោះទេ ផ្ទុយទៅវិញបែរជាមានការកែប្រែជាច្រើនលើកច្រើនសារ សម្រាប់ផលប្រយោជន៍នយោបាយរបស់ក្រុមអ្នកកាន់អំណាចទៅវិញ។ បន្ថែមពីលើនេះ មានច្បាប់មួយចំនួន ដូចជា ច្បាប់សហជីព ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល វិសោធនកម្មច្បាប់គណបក្សនយោបាយ ច្បាប់ប្រមាថព្រះមហាក្សត្រ និងច្បាប់ដទៃមួយចំនួនទៀត សុទ្ធសឹងតែប្រាសចាកពីខ្លឹមសារនៃរដ្ឋធមនុញ្ញដើម។ លោកថា នេះជាការរំលោភអំណាច និងជាការកាត់បន្ថយសិទ្ធិសេរីភាពរបស់ពលរដ្ឋ គណបក្សនយោបាយ និងក្រុមអង្គការសង្គមស៊ីវិល៖ «ការកែប្រែផង និងការអនុវត្តជាក់ស្តែងផង មិនគោរពគោលការណ៍ ស្មារតី និងពាក្យពេចន៍ដែលចែងក្នុងរដ្ឋធម្មនុញ្ញហ្នឹង នេះគឺបើកច្រកឱ្យមានការរំលោភអំណាចកាន់តែច្រើនទៅ ហើយនិងកាត់បន្ថយនូវសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល ជាអាទិ៍»។
លោកកត់សម្គាល់ថា នៅរយៈពេលចុងក្រោយនេះ ការរំលោភរដ្ឋធមនុញ្ញខ្លាំងជាងគេ គឺការរំលាយគណបក្សសង្រ្គោះជាតិ រួចយកអាសនៈសភារបស់គណបក្សប្រឆាំងទៅចែកឱ្យគណបក្ស ដែលមិនជាប់ឆ្នោត ដែលជារឿងខុសច្បាប់កំពូល និងអយុត្តិធម៌ជាទីបំផុត។ ចំណែកការតែងតាំងនាយករដ្ឋមន្ត្រី មុនសភាបើកសម័យប្រជុំលើកដំបូង កាលពីពេលថ្មីៗ ក៏ជាការរំលោភរដ្ឋធមនុញ្ញដូចគ្នា។ លោកអះអាងថា ស្ថាប័នដែលធានាឱ្យមានការអនុវត្តរដ្ឋធម្មនុញ្ញឱ្យបានត្រឹមត្រូវនោះ គឺក្រុមប្រឹក្សាធម្មនុញ្ញ ប៉ុន្តែដោយសារស្ថាប័នកំពូលមួយនេះស្ថិតក្រោមសម្ពាធនយោបាយរបស់នាយករដ្ឋមន្ត្រី ទើបស្ថាប័ននេះមិនអាចបំពេញតួនាទីរបស់ខ្លួនបានដោយឯករាជ្យ។
ចំណែក ប្រធានគ្រប់គ្រងការិយាល័យឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ លីកាដូ (LICADHO) លោក អំ សំអាត វិញ ក៏យល់ឃើញស្រដៀងគ្នានេះដែរ។ លោកថា រដ្ឋធម្មនុញ្ញកម្ពុជាមិនទាន់ត្រូវបានគោរពពេញលេញឡើយ ហើយបែរជាមានការបន្ថែម និងកែប្រែខ្លឹមសារដើម ជាច្រើនលើកច្រើនសារទៅវិញ។ លោកកត់សម្គាល់ថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនាពេលកន្លងទៅ គឺដើម្បីតែផលប្រយោជន៍នយោបាយប៉ុណ្ណោះ មិនមែនឈរលើផលប្រយោជន៍ជាតិជាធំឡើយ។ លោកថា កាន់តែធ្ងន់ធ្ងរជាងនេះ គឺការបង្កើតច្បាប់ និងមាត្រាថ្មីៗ ជាច្រើន ដែលមិនស្របនឹងរដ្ឋធម្មនុញ្ញ ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការចូលរួមជីវភាពសង្គម និងនយោបាយ តួយ៉ាងដូចជា ច្បាប់បោះឆ្នោត ច្បាប់សហជីព និងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាដើម។ លោកកត់សម្គាល់ថា នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាជ្ញាធរបានរឹតត្បិតយ៉ាងខ្លាំងទៅលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ការជួបប្រជុំ ការប្រមូលផ្តុំ និងការធ្វើបាតុកម្មដោយសន្តិវិធីរបស់ពលរដ្ឋ ដែលនេះ គឺជាការអនុវត្តផ្ទុយនឹងរដ្ឋធមនុញ្ញ៖ «យើងចង់សំណូមពរឱ្យពិនិត្យឡើងវិញទៅលើរដ្ឋធម្មនុញ្ញ និងអនុវត្តយ៉ាងណាឱ្យបានពេញលេញទៅតាមរដ្ឋធម្មនុញ្ញ ជាពិសេសទាក់ទងនឹងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋដែលបានចែងក្នុងរដ្ឋធម្មនុញ្ញហ្នឹង។ ម្យ៉ាងទៀត រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូល ដូច្នេះមុននឹងធ្វើវិសោធនកម្មគួរតែមានការសិក្សាឱ្យបានច្បាស់លាស់ ហើយធ្វើដើម្បីជាប្រយោជន៍ដល់ប្រទេសជាតិ និងពលរដ្ឋ»។
មន្ត្រីនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ច្រានចោលការលើកឡើងនេះ ដោយលោកអះអាងថា របបក្រុងភ្នំពេញគោរពរដ្ឋធមនុញ្ញយ៉ាងខ្ជាប់ខ្ជួន។ លោកថា ក្នុងរយៈពេល ២៥ឆ្នាំកន្លងទៅនេះ រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានខិតខំពង្រឹងការអនុវត្តច្បាប់ និងនីតិរដ្ឋ ស្របតាមខ្លឹមសារនៃរដ្ឋធមនុញ្ញ។ លោកថា ចំណុចមួយក្នុងរដ្ឋធម្មនុញ្ញដែលរបបដឹកនាំក្រុងភ្នំពេញមិនអាចអនុវត្តបាន គឺការបង្កើតសមាជជាតិ ដោយសារព្រឹត្តិការណ៍នេះមានលក្ខណៈស្មុគស្មាញ និងគ្មានរចនាសម្ព័ន្ធរៀបចំត្រឹមត្រូវ។ ទាក់ទងនឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជិត ១០ ដងនោះវិញ លោកអះអាងថា នេះជាការបញ្ចៀសវិបត្តិរដ្ឋធម្មនុញ្ញ និងធ្វើឡើងដើម្បីជាផលប្រយោជន៍ជាតិ៖ «រដ្ឋធម្មនុញ្ញ គឺត្រូវតែមានច្បាប់ ដើម្បីថែរក្សាឱ្យឆ្លើយតបនឹងសភាពការណ៍ ឆ្លើយតបនឹងសេចក្តីត្រូវការរបស់មហាជនយើង ដើម្បីវិវឌ្ឍន៍ទៅតាមទិសដៅសេរីពហុបក្ស។ ដូច្នេះ វិសោធនកម្មមួយចំនួនធ្វើឱ្យវិបត្តិរដ្ឋធម្មនុញ្ញត្រូវបានបញ្ចប់មកដល់ពេលឥលូវ ដូច្នេះគោលបំណងរបស់រដ្ឋធម្មនុញ្ញ គឺរក្សាសន្តិភាព ស្ថេរភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង»។
ស្រដៀងគ្នានេះ មន្ត្រីនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង ថ្លែងថា រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ត្រូវបានបង្កើតឡើងក្រោមស្មារតីស្រឡាញ់ជាតិ និងបង្រួបបង្រួមជាតិ ក្រោយកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសឆ្នាំ១៩៩១ ក៏ប៉ុន្តែដោយសារការខ្វែងគំនិតគ្នាខាងនយោបាយ ទើបការអនុវត្តរដ្ឋធម្មនុញ្ញនេះជួបការលំបាកច្រើន ដែលតម្រូវឱ្យមានការកែប្រែជាច្រើនដង។ លោកថាការធ្វើវិសោធនកម្មនេះ ដើម្បីដោះស្រាយការលំបាកនៃការអនុវត្តលិទ្ធិប្រជាធិបតេយ្យ និងធ្វើឱ្យប្រជាធិបតេយ្យកម្ពុជាកាន់តែមានការរីកចម្រើនទៅមុខ។
ផ្ទុយពីការអះអាងរបស់មន្ត្រីនាំពាក្យរដ្ឋសភា និងមន្ត្រីនាំពាក្យរបបលោក ហ៊ុន សែន បណ្ឌិត ឡៅ ម៉ុង ហៃ ជឿជាក់ថា ការកែប្រែរដ្ឋធម្មនុញ្ញជិត ១០ដងនេះ គ្មានមូលហេតុអ្វីផ្សេង ក្រៅពីរឿងពង្រឹងអំណាចរបស់ក្រុមអ្នកកាន់អំណាចនោះឡើយ៖ «កែប្រែដើម្បីពង្រឹងអំណាច ឬក៏ទ្រទ្រង់អំណាចឱ្យខ្លួនឯងតទៅទៀត វាគ្មានជារឿងកែលម្អអ្វីឱ្យយន្តការ ឬក៏ស្ថាប័នមានដំណើរការអ្វីឱ្យល្អប្រសើរ មានប្រសិទ្ធភាព ខ្ញុំអត់ជឿទេ ព្រោះហេតុការណ៍ជាក់ស្តែង វាអត់ឃើញអ៊ីចឹង។ ឧទាហរណ៍ដូចជា រឿងរដ្ឋាភិបាលត្រូវទទួលខុសត្រូវនៅចំពោះមុខសភាជាដើម។ កាលពីនៅមានគណបក្សប្រឆាំងនោះ គេកោះហៅ ដូចជាតិចណាស់ ដែលទៅឆ្លើយឆ្លងនៅចំពោះមុខសភាពេញអង្គហ្នឹង វាមានត្រឹមតែគណៈកម្មការហ្នឹង ហើយសម្ងាត់ អត់មានអ្នកណាចូលស្តាប់បានទៅទៀត»។
ប្រជាពលរដ្ឋមួយរូបនៅខេត្តតាកែវ យល់ឃើញថា ការកែប្រែរដ្ឋធម្មនុញ្ញជាច្រើនលើកច្រើនសារកន្លងទៅនេះ មិនបានផ្តល់ផលប្រយោជន៍អ្វីដល់សង្គមជាតិឡើយ ផ្ទុយទៅវិញផលប្រយោជន៍បានតែទៅលើក្រុមមេដឹកនាំ និងអ្នកមានអំណាចប៉ុណ្ណោះ។ លោកមើលឃើញចំណុចពីរដែលរដ្ឋធម្មនុញ្ញមិនត្រូវបានគោរព និងអនុវត្តពីសំណាក់របបដឹកនាំរបស់លោក ហ៊ុន សែន។ ទីមួយ គឺការគំរាមរំលាយរបបរាជានិយមទៅជាសាធារណរដ្ឋវិញពីសំណាក់លោក ហ៊ុន សែន កាលពីឆ្នាំ២០០៤ កន្លងទៅ ប្រសិនបើព្រះមហាក្សត្រមិនព្រមឡាយព្រះហស្ថលេខាលើច្បាប់ធម្មនុញ្ញបន្ថែមដ៏ចម្រូងចម្រាស់ទេនោះ។ ទីពីរ គឺការបង្កើតច្បាប់ជាច្រើនទៀតដែលមានចរឹតរឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ដូចជា ច្បាប់សហជីព និងច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាលជាដើម ដែលរបបដឹកនាំបច្ចុប្បន្ន ប្រើប្រាស់ជាលេសដើម្បីរាំងខ្ទប់មិនឱ្យពលរដ្ឋប្រមូលផ្តុំ ជួបប្រជុំ ឬធ្វើបាតុកម្មដោយសន្តិវិធីបានដូចពីមុនឡើយ។ ពលរដ្ឋរូបនោះថ្លែងទៀតថា លោកតឹងទ្រូងណាស់ នៅពេលឃើញអំណាចរដ្ឋទាំងអស់ ត្រូវស្ថិតនៅក្នុងដៃមនុស្សតែម្នាក់ គឺលោក ហ៊ុន សែន ធ្វើឱ្យតុល្យភាពអំណាចនៃស្ថាប័នកំពូលរបស់ជាតិត្រូវបាត់បង់ ហើយដែលបញ្ហានេះកំពុងរុញច្រានកម្ពុជាទៅជាប្រទេសកាន់អំណាចតវង្សត្រកូល ផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ៖ «ពិបាកនិយាយតែម្តងស្រុកខ្មែរយើង បើយើងមើលទៅច្បាប់ វាល្អហើយ ដូចមាត្រា ៣៨ នៃរដ្ឋធម្មនុញ្ញអ៊ីចឹង បាននិយាយច្បាស់ហើយថា ច្បាប់ហ្នឹងរ៉ាប់រងមិនឱ្យមានការរំលោភបំពានលើរូបរាងកាយ ការពារអាយុជីវិត កិត្តិយស សេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ។ ការចោទប្រកាន់ ចាប់ខ្លួន ឃាត់ខ្លួន និងឃុំខ្លួន កើតឡើងលុះត្រាតែអនុវត្តត្រឹមត្រូវទៅតាមច្បាប់ ប៉ុន្តែមួយរយៈកន្លងទៅនេះ យើងមើលទៅវាអត់អ៊ីចឹងផង គឺឱ្យតែផ្ទុយពីគំនិតបក្សរបស់ខ្លួន ឬក្រុមគ្រួសាររបស់ខ្លួនហ្នឹង ចេះតែចោទថា គេក្បត់ជាតិ ក្បត់អីអ៊ីចឹងទៅ ជាបក្សប្រឆាំងអ៊ីចឹងទៅ។ ដូច្នេះ យើងពិបាកណាស់ ពិបាកនឹងថ្លែងថា រដ្ឋាភិបាលហ្នឹងគោរពច្បាប់មែនទែន»។
អ្នកវិភាគនយោបាយចាស់វស្សាបណ្ឌិត ឡៅ ម៉ុងហៃ អះអាងថា នៅពេលដែលរដ្ឋាភិបាលលែងគោរពច្បាប់ នោះអំណាចផ្តាច់ការនឹងកើតឡើង ហើយនិន្នការបែបនេះកំពុងកើតមានហើយនៅកម្ពុជា។ លោកជំរុញឱ្យរបបដឹកនាំបច្ចុប្បន្ន វិលទៅរកការគោរព និងអនុវត្តរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ វិញ និងបញ្ឈប់ការអនុវត្តវិសោធនម្មរដ្ឋធម្មនុញ្ញ និងច្បាប់ទាំងឡាយណា ដែលប្រាសចាកពីខ្លឹមសារនៃរដ្ឋធម្មនុញ្ញដើម និងដែលមានចរឹតរឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋតទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
