សាលា​ឧទ្ធរណ៍​ភ្នំពេញ​តម្កល់​សាលក្រម​ផ្ដន្ទាទោស​សកម្មជន​បក្ស​ប្រឆាំង​ជាង ១០នាក់​ឱ្យ​ជាប់​គុក ៥ឆ្នាំ​ដដែល

0:00 / 0:00

ក្រុម​គ្រួសារ មេធាវី​ការពារ​ក្ដី និង​មន្ត្រី​សិទ្ធិមនុស្ស​ចាត់​ទុក​ការ​សម្រេច​សាលាឧទ្ធរណ៍​ភ្នំពេញ​លើ​សំណុំរឿង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជាង ១០នាក់​ថា ជា​រឿង​អយុត្តិធម៌​ចំពោះ​អ្នក​អនុវត្ត​សិទ្ធិ​សេរីភាព​ក្នុង​សង្គម​ប្រជាធិបតេយ្យ។ ការ​រិះគន់​នេះ គឺ​បន្ទាប់​ពី​តុលាការ​ជាន់​ខ្ពស់​មួយ​នេះ បាន​តម្កល់​សាលក្រម​ផ្ដន្ទាទោស​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​លើ​សកម្មជន​ទាំង​នេះ​ទុក​ជា​បាន​ការ​ដដែល នៅ​ថ្ងៃ​ទី១៣ ខែកញ្ញា ។

ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាឧទ្ធរណ៍​ភ្នំពេញ​នៅ​ទី១៣ ខែកញ្ញា បាន​បើក​សវនាការ​ជំនុំជម្រះ ដោយ​សម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ផ្ដន្ទាទោស​សកម្មជន​គណបក្ស​ប្រឆាំង​ជាង ១០នាក់​ឱ្យ​ជាប់​គុក ៥ឆ្នាំ ដោយ​តម្រូវ​ឱ្យ​អនុវត្ត​ទោស ៣ឆ្នាំ ៨ខែ​ដដែល ក្នុង​សំណុំរឿង រួមគំនិតក្បត់ និង​ញុះញង់ ទាក់ទង​ការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​របស់​លោក សម រង្ស៊ី កាល​ពី​ឆ្នាំ២០១៨។ ក្រុម​គ្រួសារ និង​មេធាវី​ការពារ​ក្ដី​ឱ្យ​សកម្មជន​ទាំង​នោះ ចាត់​ទុក​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​ភ្នំពេញ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ និង​មិន​អាច​ទទួល​យក​បាន​ឡើយ។

ប្រពន្ធ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្តស្វាយរៀង ដែល​កំពុង​ជាប់​ពន្ធនាគារ​ត្រពាំង​ផ្លុង លោក យឹម សារ៉េត គឺ​លោកស្រី អ៊ុក ចន្ធី សោកស្ដាយ​ជា​ខ្លាំង​ចំពោះ​ការ​តម្កល់​សាលក្រម​ផ្ដន្ទាទោស​ប្ដី​លោកស្រី និង​សកម្មជន​បក្ស​ប្រឆាំង​ផ្សេង​ទៀត ដែល​ជា​មនុស្ស​ស្អាតស្អំ។ លោកស្រី​ចាត់​ទុក​ការ​សម្រេច​ពេល​នេះ គឺ​ជា​រឿង​អយុត្តិធម៌ ហើយ​បង្ហាញ​កាន់​តែ​ច្បាស់​ថា ប្រព័ន្ធ​តុលាការ​មិន​ឯករាជ្យ ដែល​ស្ថិត​ក្រោម​ការ​បញ្ជា​របស់​អ្នក​នយោបាយ៖ «តុលាការ​ស្រុក​ខ្មែរ​មិន​ថា តុលាការ​ជាន់​ទាប ឬ​តុលាការ​ជាន់​ខ្ពស់​ទេ គឺ​គាត់​ស្តាប់​តាម​ការ​បញ្ជា​របស់​អ្នក​នយោបាយ បើ​អ្នក​នយោបាយ​បញ្ហា​ថា មិន​ឱ្យ​ដោះលែង គឺ​មិន​ដោះលែង​ទេ គឺ​អយុត្តិធម៌​បំផុត។ បើ​តុលាការ​យក​ច្បាប់​នីតិរដ្ឋ​មក​អនុវត្ត ហើយ​ឯករាជ្យ ម្ល៉េះ​ក្រុម​គ្រួសារ​ពួក​ខ្ញុំ​បែរ​ជា​ជាប់​ឃុំ​ជាប់​ជាង ២ឆ្នាំ​យ៉ាង​នេះ​ទេ ពីព្រោះ​ពួក​គាត់​គ្មាន​ទោស​អ្វី​ទាស់​តែ​សោះ»។

លោកស្រី អ៊ុក ចន្ធី បញ្ជាក់​ថា ទោះបី​ក្រុម​គ្រួសារ​សកម្មជន​នយោបាយ​ទាំង​អស់ ទទួល​ភាព​អយុត្តិធម៌​ពី​ស្ថាប័ន​តុលាការ​ក៏​ដោយ ក៏​ពួក​លោកស្រី​នៅ​តែ​ប្ដេជ្ញា​ចិត្ត​បន្ត​ធ្វើ​សកម្មភាព​ស្វែងរក​យុត្តិធម៌​រហូត​ដោះ​លែង​ប្តី​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។

ចំណែក​មេធាវី​ការពារ​ក្តី​ឱ្យ​សកម្មជន​គណបក្ស​ប្រឆាំង​លោក សំ សុគង់ ខក​ចិត្ត ចំពោះ​ការ​សម្រេច​របស់​តុលាការ ដែល​មិន​បាន​ផ្ដល់​យុត្តិធម៌​ដល់​កូន​ក្តី​របស់​លោក ពីព្រោះ​ពួក​គាត់​ពុំ​បាន​ប្រព្រឹត្ត​អំពើ​ល្មើស​ច្បាប់​អ្វី​ឡើយ។ លោក​លើក​ឡើង​ថា បើ​ផ្អែក​លើ​អង្គហេតុ និង​ភស្តុតាង​កន្លង​មក ការ​សម្រេច​របស់​តុលាការ គឺ​មិន​សម​ហេតុផល​ក្នុង​ការ​ផ្ដន្ទាទោស​សកម្មជន​ទាំង​នោះ​ទេ។ ទោះជា​យ៉ាង​ណា​ក្ដី លោក​នឹង​ដាក់​ពាក្យ​ប្ដឹង​សាទុក្ខ​ករណី​នេះ​ទៅ​តុលាការ​កំពូល​ក្នុង​ពេល​ឆាប់ៗ ខាង​មុខ​នេះ ដើម្បី​រក​យុត្តិធម៌​ជូន​កូន​ក្តី​របស់​លោក​បន្ត​ទៀត។ ទន្ទឹម​នឹង​នេះ មេធាវី​ការពារ​ក្តី​ឱ្យ​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​ស្នើ​ដល់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ​ពិចារណា​ក្នុង​ការ​បញ្ជូន​កូនក្ដី​របស់​ខ្លួន​ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង​ត្រឡប់​មក​ពន្ធនាគារ​ព្រៃ​ស​វិញ ដោយសារ​ពួក​គេ​ជួប​បញ្ហា​សុខភាព និង​រង​ទុក្ខ​លំបាក​នៅ​ទីនោះ៖ « សាលដីកា​តម្កល់​សាលក្រម​ទុក​ជា​បាន​ការ​នេះ ក្រុម​មេធាវី​ការពារ​ក្តី​ខក​ចិត្ត ដោយសារ​ការ​ប្រកាស​នេះ​មិន​បាន​ផ្ដល់​ភាព​យុត្តិធម៌​ដល់​កូនក្តី ហើយ​សំណុំរឿង​នេះ​ពាក់ព័ន្ធ​រឿង​នយោបាយ រហូត​មក​ដល់​ពេល​នេះ​ពួក​គាត់ ( កូនក្តី ) សុទ្ធតែ​អះអាង​ថា មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​ទេ»។

ការ​ប្រកាស​សាលដីកា​នេះ គឺ​មាន​ការ​ចូលរួម​ឃ្លាំមើល​ពី​តំណាង​ទូត​ប្រទេស​ប្រជាធិបតេយ្យ តំណាង​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា ក្រុម​អង្គការ​សង្គម​ស៊ីវិល ក្រុម​មេធាវី​ការពារ​ក្តី និង​សាច់ញាតិ​របស់​ជន​ជាប់​ឃុំ​ជាង ២០នាក់។ ជាមួយ​គ្នា​នេះ ឆ្មាំ​ពន្ធនាគារ​បាន​ដឹក​ជន​ជាប់​ឃុំ ៥នាក់ តាម​រថយន្ត រួម​មាន លោក ស៊ុន ធន់ លោក សុខ ចាន់ថា លោក ជុំ ចាន់ លោក ឃឹម ភាណា និង​អតីត​មន្ត្រី​ក្រសួង​មហាផ្ទៃ​ដែល​ស្ថិត​ក្នុង​សំណុំរឿង​តែ​មួយ ដោយ​ឱ្យ​ពួក​គាត់​ចូល​ស្តាប់​ការ​សម្រេច​របស់​តុលាការ​ដែរ។ ចំណែក​ឯ​សកម្មជន ៨នាក់​ទៀត ដែល​អវត្តមាន​នៅ​ក្នុង​បន្ទប់​ប្រកាស​សាលដីកា​វិញ ដោយសារ​ពួក​គេ​មាន​បញ្ហា​សុខភាព ដែល​មិន​បាន​ដឹក​ចេញ​ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង​ខេត្ត​ត្បូង​ឃ្មុំ​ជាប់​ព្រំដែន​វៀតណាម​មក​ពន្ធនាគារ​ព្រៃ​ស​បាន​ទេ។ រីឯ​ខាង​ក្រៅ​របង​តុលាការ​វិញ គ្រួសារ និង​សាច់ញាតិ​របស់​សកម្មជន​បក្ស​ប្រឆាំង​ជា​ច្រើន​នាក់​បាន​លើក​បដា​រូបថត ប៉ុន្តែ​មិន​មាន​ការ​ប៉ះ​ទង្គិច​ជាមួយ​ប៉ូលិស ក្រុម​សន្តិសុខ​ស្លៀក​ពាក់​ឯកសណ្ឋាន និង​ស៊ីវិល ដែល​បាន​ដាក់​ឃ្លាំមើល​នៅ​ទី​នោះ​ទេ។

មក​ទល់​ពេល​នេះ មាន​សកម្មជន​គណបក្សប្រឆាំង និង​អ្នក​រិះគន់​រដ្ឋាភិបាល​ជាង ៦០នាក់​ទៀត កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ដោយសារ​តែ​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​ខ្លួន។ ពួក​គាត់​ភាគ​ច្រើន ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​កាល​ពី​ដើម​ឆ្នាំ២០២០។ តុលាការ​បាន​ចោទ​ប្រកាន់​ពួក​គេ​ដូចៗ គ្នា គឺ​ពី​បទ​រួម​គំនិត​ក្បត់ ញុះញង់​ឲ្យ​យោធិន​មិន​ស្ដាប់​បង្គាប់ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ និង​ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ជាដើម។ កាល​ពី​ខែមីនា សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្ដន្ទាទោស​ពួក​គេ​ជា​បន្ត​បន្ទាប់​ឲ្យ​ជាប់​ពន្ធនាគារ​ចន្លោះ​ពី ៥ឆ្នាំ​ទៅ ៧ឆ្នាំ។ ប៉ុន្តែ​សកម្មជន​នយោបាយ​ខ្លះ តម្រូវ​ឲ្យ​អនុវត្ត​ទោស ៣ឆ្នាំ ៨ខែ ដោយ​ទោស​នៅ​សល់​ត្រូវ​ព្យួរ។

វិទ្យុ​អាស៊ីសរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលាឧទ្ធរណ៍​ភ្នំពេញ ដើម្បី​បញ្ជាក់​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១៣ ខែកញ្ញា។

ជុំវិញ​រឿង​នេះ អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ស៊ឹង សែនករុណា មាន​ប្រសាសន៍​ថា លោក​មិន​ចម្លែក​នោះ​ទេ ចំពោះ​ការ​សម្រេច​របស់​តុលាការ​ពី​ជាន់​ទាប​រហូតដល់​ជាន់​ខ្ពស់ ដោយសារ​សំណុំ​រឿង​ក្ដីក្ដាំ​នេះ គឺ​ជា​រឿង​នយោបាយ ដូច្នេះ​លោក​យល់​ថា សកម្មជន ដែល​កំពុង​ជាប់​មិន​អាច​មាន​សេរីភាពឡើង​វិញ​បាន​ទេ បើ​ស្ថានភាព​នយោបាយ​កំពុង​ធ្លាក់​ចុះ​បែប​នេះ។ លោក​មើល​ឃើញ​ថា សកម្មភាព​របស់​សកម្មជន​បក្ស​ប្រឆាំង​កន្លង​​មក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានការអនុវត្ត​សិទ្ធិ​នយោបាយ​របស់​ខ្លួន​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ដោយ​មិន​ជា​ការ​រំលោភ​ច្បាប់​នោះ​ទេ។៖ «បើសិន​កម្ពុជា​យើង​ចង់​រួច​ផុត​ពី​ការ​រិះគន់ និង​ការ​ថ្កោលទោស​នានា ពី​សហគមន៍​អន្តរជាតិ ទាក់ទង​ការ​រំលោភបំពាន​លើ​អ្នក​នយោបាយ និង​គោល​ការណ៍​សេរី​នៃ​សង្គម​លទ្ធិ​ប្រជាធិបតេយ្យ គឺ​មាន​តែ​ការ​បញ្ចប់​នូវ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទាំង​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​លើ​សកម្មជន​បក្ស​ប្រឆាំង ការ​គំរាម​កំហែង​ផ្សេងៗ យើង​គួរ​បញ្ចប់​វា​ទៅ ហើយ​ចាប់​ផ្ដើម​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស សិទ្ធិ​នយោបាយ​ទាំង​អស់​ហ្នឹង​ឡើង​វិញ​ទៅ»។

កាលពីចុងខែសីហា អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) ថ្លែង​ក្រោយ​ពេល បិទ​បញ្ចប់​ដំណើរ​បេសកកម្ម​របស់​លោក ដោយ​ផ្ដោត​សំខាន់​លើ​ការ​ស្នើ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ពន្លឿន​ការ​កែទម្រង់​ប្រព័ន្ធ​តុលាការ ដើម្បី​ការពារ​សិទ្ធិ​សេរីភាព​ពលរដ្ឋ និង​ត្រូវ​ដោះលែង​សកម្មជន​គណបក្ស​នយោបាយ ដែល​កំពុង​ជាប់​ឃុំ​ឱ្យ​មាន​សេរីភាព​វិញ។ ជាមួយ​គ្នា​នេះ លោក​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា បើក​លំហ​សេរីភាព​សង្គម​ស៊ីវិល និង​នយោបាយ ក្នុង​នោះ​ក៏​រាប់​បញ្ចូល​ទាំង​ការ​លុបចោល និង​ការ​កែ​ទម្រង់​ច្បាប់​នានា ដែល​រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។