គណបក្សកាន់អំណាចចោទប្រកាន់ គណបក្សនយោបាយមួយ ក្នុងចំណោមគណបក្សនយោបាយទាំង៦របស់អតីតមន្ត្រីបក្សប្រឆាំងថា យកលុយពីលោក សម រង្ស៊ី ធ្វើសកម្មភាពនយោបាយ។ អ្នកវិភាគយល់ថា ការចោទប្រកាន់នេះជាការបង្ហាញឲ្យឃើញថាបក្សកាន់អំណាចនៅតែបារម្ភពីប្រជាប្រិយភាពលោក សម រង្ស៊ី។
មន្ត្រីជាន់ខ្ពស់ គណបក្សប្រជាជនកម្ពុជា ថា លោក សម រង្ស៊ី បានឲ្យមនុស្សជំនិតរបស់ខ្លួនមកបង្កើតគណបក្សនយោបាយ។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថា លោក សម រង្ស៊ី ផ្ញើលុយជាង២០ម៉ឺនដុល្លារដែលបានពីការលក់នាឡិការបស់លោក សម រង្ស៊ី មកឲ្យគណបក្សនោះ ធ្វើសកម្មភាពនៅក្នុងប្រទេស។ ទោះយ៉ាងណា លោកមិនបញ្ជាក់ថា ជាគណបក្សមួយណានោះទេ៖«យើងទទួលព័ត៌មានថា គេយកមកផ្ដល់ឲ្យគណបក្សនៅក្នុង ប៉ុន្តែមិនដឹងគណបក្សណាប៉ុន្តែខ្ញុំ យល់ថា ក្រុមឧទ្ទាមក្រៅច្បាប់ក៏ចេះដែរ កាលណាឲ្យលុយមកគេមិនមែន យកលុយ សម រង្ស៊ី ឲ្យមកគេយកទៅដាក់បង្វែរទៅកន្លែងៗផ្សេងដែលអាចចូល»។
លោក សុខ ឥសាន លើកឡើងទៀតថា គណបក្សនេះមានភាពឆ្លាតវៃក្នុងការប្រើប្រាស់ថវិកានោះដែលទទួលបានពីលោក សម រង្ស៊ី ប៉ុន្តែលោកថា ការស្រាវជ្រាវបែបណាគឺជាការងាររបស់ស្ថាប័នពាក់ព័ន្ធ។
វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការបញ្ជាក់ពីការស៊ើបអង្កេតពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាននៅឡើយទេនៅថ្ងៃទី១៥ ខែតុលា។
វិទ្យុអាស៊ីសេរីក៏មិនអាចសុំប្រតិកម្មពីអនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង និងអ្នកស្រី មូរ សុខហួរ បាននៅឡើយដែរ។
ការចោទប្រកាន់របស់មន្ត្រីបក្សកាន់អំណាចបែបនេះ ខណៈច្បាប់ស្ដីពីគណបក្សនយោបាយហាមឃាត់មិនឲ្យគណបក្សនយោបាយណាមួយយកលុយពីបរទេស ឬទណ្ឌិតនោះទេ។ ច្បាប់ស្ដីពីគណបក្សនយោបាយថ្មីចែងថាគណបក្សនយោបាយទាំងឡាយណាមានជាប់ទាក់ទងនឹងទណ្ឌិតនឹងត្រូវរំលាយចោល។
ជុំវិញការចោទប្រកាន់របស់លោក សុខ ឥសាន បែបនេះ ស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក ដែលគណបក្សនេះមិនទាន់ត្រូវបានក្រសួងមហាផ្ទៃទទួលស្គាល់ជាផ្លូវការនៅឡើយនោះបានឲ្យវិទ្យុអាស៊ីសេរីដឹងថា គណបក្សរបស់លោកមិនជាប់ពាក់នឹងលោក សម រង្ស៊ី នោះទេ។ លោកយល់ថាការចោទប្រកាន់បែបនេះជាការលាបពណ៌ហើយលោកក៏មិនចាប់អារម្មណ៍និងព្រួយបារម្ភនោះដែរ។ លោកបន្តទៀតថា ពេលមានបក្សនយោបាយ ឬអ្នកនយោបាយណាចេញមកប្រកួតប្រជែ ងពិតប្រាកដគណបក្សកាន់អំណាចតែងតែចេញជាប្រតិកម្មរកលេសរំខានដាក់បន្ទុកលើគូបដិបក្ខនេះគឺជារឿងធម្មតានោះទេ។
ស្រដៀងគ្នានេះ ដែរ គណបក្សកម្ពុជានិយមរបស់លោក លោក យ៉ែម បុញ្ញឬទ្ធិ ក៏អះអាងថា គ្មានប្រភពលុយពីក្រៅប្រទេសនោះទេ។ ស្ថាបនិកគណបក្សនេះ គឺលោក អូក អ៊ី ប្រាប់ថា គណបក្សរបស់លោកគ្មានទំនាក់ទំនងជាមួយលោក សម រង្ស៊ី ឬក្រុមលោក សម រង្ស៊ី ឡើយ៖ «ពាក់ព័ន្ធនឹងពាក្យ ចោទប្រកាន់ ហ្នឹងខាងយើងអត់មានទេ ព្រោះខាងយើងអត់មានទំនាក់ទំនងអីជាមួយអ្នកខាងស្រុកអីទេ»។
រីឯប្រធានគណបក្សឆន្ទៈខ្មែរលោក គង់ មូនីកា ថា លោកមិនចាប់អារម្មណ៍ចំពោះការចោទប្រកាន់របស់លោក សុខ ឥសាន នោះទេ។ លោកអះអាងថា គណបក្សរបស់លោកកើតចេញពីក្រុមយុវជននៃអ្នកបន្តវេនហើយក៏គ្មានទំនាក់ទំនងនិងក្រុមលោក សម រង្ស៊ី ដែរ៖ «គណបក្សឆន្ទៈខ្មែរមានគោលនយោបាយថ្មីដាច់ដោយឡែកយើងមិនខ្វល់អ្នកណានិយាយយ៉ាងណាទេ យើង មិនមាន ខ្នងបង្អែក ពីគណបក្សណាមួយឡើយ»។
អ្នកវិភាគនយោបាយថា គណបក្សកាន់អំណាចបន្តព្រួយបារម្ភពីប្រជាប្រិយភាពរបស់លោក សម រង្ស៊ី និងបក្សសង្គ្រោះជាតិ។
បណ្ឌិត សេង សារី យល់ថាការចោទប្រកាន់របស់លោក សុខ ឥសាន ពេលនេះជាការបង្ហាញឲ្យឃើញថាគណបក្សកាន់អំណាចមិនត្រឹមទប់ស្កាត់មិនឲ្យមេដឹកនាំគណបក្សសង្គ្រោះជាតិចូលរួមប្រកួតក្នុងឆាកនយោបាយប៉ុណ្ណោះទេ សូម្បីតែគណបក្សនយោបាយដែលកើតចេញពីគណបក្សនេះក៏ត្រូវគណបក្សប្រជាជនកម្ពុជាបង្អាក់មិនឲ្យកើតចេញរួចដែរ៖«គណបក្សកាន់អំណាច នៅតែបារម្ភពីឥទ្ធិពលនយោបាយគណបក្សសង្គ្រោះជាតិជាពិសេសផ្នែកឯកឧត្តម សម រង្ស៊ី អំពីតួនាទីនៃ ការចូលរួម ការបោះឆ្នោត ហើយ អាចទាក់ទង ការគាំទ្រខ្លាំងពីបណ្ដាពលរដ្ឋដែលគាំទ្រគណបក្សសង្គ្រោះជាតិ និងពលរដ្ឋដែលរងគ្រោះដោយអំពើអយុត្តិធម៌ និងវិសមភាពសង្គមផ្សេងៗ»។
អ្នកវិភាគយល់ថា លោក សម រង្ស៊ី នៅតែមានឥទ្ធិពលនយោបាយ ដែលអាចធ្វើឲ្យគណបក្សថ្មីនៃអតីតមន្ត្រីបក្សប្រឆាំងទទួលបានគាំទ្រពីពលរដ្ឋ ឬសកម្មជនបក្សប្រឆាំងប្រសិនគណបក្សនោះមានការគាំទ្រក្នុងទម្រង់ណាមួយពីលោក សម រង្ស៊ី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។